សិក្សាចំណុចសំខាន់ៗទាំង ៥ នេះសិន មុននឹងចាប់ផ្តើមដំណើរការអាជីវកម្មរបស់អ្នក

មានមនុស្សជាច្រើន ប្រាថ្នាចង់ប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន។ ប៉ុន្តែការបើកដំណើរការអាជីវកម្មមួយ ពុំមែនជារឿងងាយស្រួលនោះទេ។ មុខជំនួញថ្មីៗជាច្រើន អាចមានការខាតបង់ ឬដួលរលំទៅវិញ ដោយសារតែកត្តាផ្សេងៗដូចជា កង្វះខាតនៃបទពិសោធន៍អាជីវកម្ម មូលធននៅមានកម្រិត ឬក៏អសមត្ថភាពក្នុងការគ្រប់គ្រងការទូទាត់បញ្ជីជាដើម។ ដើម្បីបើកដំណើរការអាជីវកម្មណាមួយ អ្នកត្រូវសិក្សាចំណុចសំខាន់ៗទាំង ៥ នេះសិន៖ 

១.​ គម្រោងអាជីវកម្ម 

អ្វីដែលចាំបាច់បំផុតសម្រាប់សហគ្រិន នោះគឺគម្រោងអាជីវកម្ម។ វាជាអ្វីដែលអ្នកត្រូវបង្កើត មុនពេលអ្នកបើកក្រុមហ៊ុន។ គម្រោងអាជីវកម្ម ដើរតួជាអ្នកណែនាំបង្ហាញផ្លូវក្នុងពេលធ្វើការសម្រេចចិត្តដែលពាក់ព័ន្ធទៅនឹងអាជីវកម្មរួមមាន ការចែងពីបេសកកម្ម គោលដៅ និងគុណតម្លៃរបស់ក្រុមហ៊ុន។  ជាពិសេសនោះ វាក៏ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់នូវការតម្រែតម្រង់ទិសដៅ ការកាត់បន្ថយភាពច្រំដែរ កម្រិតគ្រោះថ្នាក់ថយចុះ កាត់បន្ថយផែនការផ្លាស់ប្ដូរ ភាពខ្ជះខ្ជាយអប្បបរមា កំណត់ស្ដង់ដាដើម្បីសម្របសម្រួលក្នុងការត្រួតពិនិត្យ។

តើអ្វីជាផែនការ? ហើយអ្វីទៅជាផែនការអាជីវកម្ម? (គម្រូសង្ខេប)

២. មូលធន 

រាល់មុខជំនួញ និងអាជីវកម្មទាំងអស់ មិនថាតូចក្ដីធំក្ដី គឺសុទ្ធតែតម្រូវឱ្យមានដើមទុនទាំងអស់។ អ្នកត្រូវស្វែងយល់ និងគិតឱ្យបានច្បាស់លាស់ អំពីរបៀបទ្រទ្រង់ហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុន ដែលអ្នកត្រៀមបើក។ អ្នកត្រូវចងចាំថា មូលធនរបស់អ្នកនឹងត្រូវប្រើប្រាស់ទៅលើការចំណាយប្រតិបត្តិការនានា សម្រាប់ដំណើរការក្រុមហ៊ុន មុនពេលដែលប្រាក់ចំណូលអាចរត់មករកអ្នក។ មួយវិញទៀត អ្នកគួរមានប្រាក់បម្រុងគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុន ដើម្បីជៀសវាងពីបញ្ហាផ្សេងៗក្នុងដំណើរការអាជីវកម្ម។ 

សិក្សាគន្លឹះសំខាន់ៗទាំង៥នេះ ដើម្បីឱ្យ​ការវិនិយោគ​​ទទួលបាន​ភាពជោគជ័យ​

៣. យុទ្ធសាស្ត្រទីផ្សារ 

ជាធម្មតា អតិថិជននឹងមិនរត់មករកផលិតផល ឬសេវាកម្មរបស់អ្នកឡើយ ប្រសិនបើពួកគេមិនដឹងពីព័ត៌មានរបស់ក្រុមហ៊ុនអ្នក។ ម្ចាស់អាជីវកម្មទាំងឡាយ ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច ត្រូវការបង្កើតយុទ្ធសាស្ត្រទីផ្សារ ដើម្បីផ្សព្វផ្សាយពីក្រុមហ៊ុនរបស់អ្នក និងបង្កើតមូលដ្ឋានអតិថិជនដែលជាគោលដៅ យ៉ាងមានប្រសិទ្ធិភាព។ អ្នកអាចបង្កើតជាខិត្តបណ្ណផ្សព្វផ្សាយ ផ្ទាំងពាណិជ្ជកម្ម ឬធ្វើយុទ្ធនាការទាក់ទាញអតិថិជនទំនើបៗ តាមរយៈក្រុមហ៊ុនទីផ្សារអាជីព។

យុទ្ឋសាស្រ្តសំខាន់ៗ ចំនួន៦ ដើម្បីឲ្យអាជីវកម្មខ្នាតតូចរបស់អ្នកចូលក្នុងទីផ្សារប្រកួតប្រជែង

៤. សមាជិកក្រុម 

ដើម្បីដំណើរការអាជីវកម្មឱ្យបានរលូននិងជោគជ័យ សហគ្រិនត្រូវមានក្រុមការងារមួយដែលមានសមត្ថភាព។ តែក្នុងន័យនេះ យើងមិនសំដៅទៅលើតែបុគ្គលិកអ្វីនោះទេ ក៏ប៉ុន្តែវាអាចជាដៃគូប្រកបការងារ ជាមួយអ្នកក្រៅក្រុមហ៊ុនដូចជា អ្នកផលិត ឬអ្នកចែកចាយ ដែលអ្នកពឹងផ្អែកលើដើម្បីធ្វើការបង្កើត រកទីផ្សារ និងចែកចាយសេវា ឬផលិតផលរបស់អ្នក។  

តើអ្វីទៅជាដំណើរការនៃការគ្រប់គ្រងធនធានមនុស្ស?

៥. ភាពមានទំនុកចិត្ត 

ការដែលម្ចាស់អាជីវកម្មមានទំនុកចិត្ត ជាគុណសម្បតិ្តដ៏មានសារៈសំខាន់ ដើម្បីដំណើរក្រុមហ៊ុន ឬមុខជំនួញទៅមុខ។ ប្រសិនបើអ្នកមិនជឿជាក់លើខ្លួនឯងទេ តើអតិថិជនអាចជឿជាក់លើអ្នកដែរឬទេ? ប្រាកដណាស់ អតិថិជនគ្រប់រូបនឹងជ្រើសរើសម្ចាស់អាជីវកម្មដែលមើលទៅមានលក្ខណៈអាជីព មានភាពប្រកួតប្រជែង និងជឿជាក់លើអ្វីដែលខ្លួនធ្វើ។

ការពិត ៩យ៉ាង ដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អម្នាក់

សរុបសេចក្ដីមក អ្វីដែលអ្នកត្រូវការសម្រាប់ការបើកដំណើរការអាជីវកម្មមានដូចជា គម្រោងអាជីវកម្មសម្រាប់ធ្វើផែនការក្រុមហ៊ុន មូលធនសម្រាប់ទ្រទ្រង់ក្រុមហ៊ុន សមាជិកក្រុមប្រកបដោយសមត្ថភាព យុទ្ធសាស្ត្រទីផ្សារសម្រាប់ទាក់ទាញអតិថិជន និងភាពជឿជាក់លើអ្វីដែលអ្នកធ្វើ។ 


អត្ថបទទាក់ទង

រឿង ៥យ៉ាង ដែលអ្នកត្រូវដឹងក្នុងពិភពអាជីវកម្ម

Leave a Reply

Your email address will not be published. Required fields are marked *