តើអ្វីជាផែនការ? ហើយអ្វីទៅជាផែនការអាជីវកម្ម? (គម្រូសង្ខេប)

ផែនការ គឺជាដំណើរការនៃការកំណត់គោលដៅអង្គភាព និងសម្រេចចិត្តនូវវិធីដែលល្អបំផុត ដើម្បី សម្រេចគោលដៅទាំងនោះ​​​។ ផែនការត្រូវបានបង្កើតឡើង ពីព្រោះបើគ្មានផែនការទេ​ យើងមិនអាចធ្វើអ្វីមួយឲ្យមានប្រសិទ្ឋភាព និងប្រសិទ្ឋផលបានឡើយ (Efficiently and Effectively)។

វាក៏ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់នូវការតម្រែតម្រង់ទិសដៅ ការកាត់បន្ថយភាពច្រំដែរ កម្រិតគ្រោះថ្នាក់ថយចុះ កាត់បន្ថយផែនការផ្លាស់ប្ដូរ ភាពខ្ជះខ្ជាយអប្បបរមា កំណត់ស្ដង់ដាដើម្បីសម្របសម្រួលក្នុងការត្រួតពិនិត្យ។

 

វិធីសាស្រ្តក្នុងការធ្វើផែនការមាន២គឺ៖

  • វិធីសាស្រ្តពីលើទៅក្រោម៖ អ្នកគ្រប់គ្រងថ្នាក់កំពូល កំណត់គោលដៅរួមនិងបន្ទាប់មកអនុញ្ញាតអ្នកថ្នាក់​ ទាបបង្កើតផែនការនៅក្នុងលក្ខខណ្ឌទាំងនោះ។
  • វិធីសាស្រ្តពីក្រោមឡើងលើ៖ ផែនការត្រូវបានគ្រោងបង្កើតអ្នកគ្រប់គ្រងថ្នាក់ទាបដោយគ្មាន លក្ខខណ្ឌច្រើន ហើយបន្ទាប់មកបញ្ចួនជាបន្តបន្ទាប់ ដាក់ឆ្លងតាមឋនានុក្រម ទៅកាន់អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ។
ផែនកាត្រៀមបម្រុង គឺជាការលៃលកដោះស្រាយជាមួយការផ្លាស់បប្ដូរបរិយាកាសយ៉ាងឆាប់រហ័សអ្នកគ្រប់គ្រងអាចដំណើរការ​ នៅក្នុងផែនការត្រៀមបំរុង។
មធ្យោបាយក្នុងការធ្វើផេនការមាន៥គឺ៖
  • ថវិការ Budgets
  • តារាងសកម្មភាព Action plan
  • គំរូ Standard
  • គោលនយោបាយ Policy
  • ទំរង់បែបបទ Procedure
ការជះឥទ្ធិពលផ្ទាល់ គឺដែលកើតឡើងនៅ៖
ខាងក្នុងអង្គភាព
  • ម្ចាស់អង្គភាព ឬ ម្ចាស់ភាគហ៊ុន
  • លទ្ធភាពរបស់ធនធានមនុស្ស
  • ធនបំរុង ឬ មូលធនបំរុងរបស់អង្គភាព
  • របៀបរបបនៃការគ្រប់គ្រង-វប្បធម៍របស់អង្គភាព
  • ជំនាញបច្ចេកទេស,គំនិតផ្ដួចផ្ដើម,ការជំរុញលើកទឹកចិត្ត
ខាងក្រៅអង្គភាព
  • អតិថិជន​ និង ចំណង់ចំណូលចិត្តរបស់អ្នកទិញ
  • អ្នកផ្គត់ផ្គង់ និង អ្នករកស៊ីជាមួយគ្នា
  • គូប្រគូតប្រជែង
ការជះឥទ្ធិពលប្រយោលគឺជាកាជះឥទ្ធិពលដែលបណ្ដាលមកពីកត្តា៖
  • កត្តាសង្គម(មនុស្សជាតិ សាសនា ទំនៀទំលាប់ ប្រពៃណី…..ល)
  • កត្តាសេដ្ឋកិច្ច
  • កត្តានយោបាយ
  • កត្តាវិទ្យាសាស្រ្ត បច្ចេកទេស…។
អ្នកដែលត្រូវជាអ្នកទទួលខុសត្រូវលើការធ្វើផែនការ៖
  • និយោជិតធ្វើផែនការ
  • ក្រុមការងារ(អ្នកដែលមានកាតព្វកិច្ចពិសេសធ្វើផែនការ)
  • គណៈកម្មាធិការនាយក
  • ប្រធាបប្រត្តិបត្តិ
  • គណៈកម្មាធិការប្រតិបត្តិ
  • លំដាប់ថ្នាក់គ្រប់គ្រង
រយៈពេលក្នុងការធ្វើផែនការមាន3គឺ៖
  • ផែនការរយៈពេលខ្លី​ Short-Term Planning (S.T.P)
  • ផែនការរយៈពេលមធ្យម Medium-Term Planning (M.T.P)
  • ផែនការរយៈពេលវែង Long-Term Planning (L.T.P)
ដំណាក់កាលនៃការកសាងផែនការយុទ្ធសាស្រ្តមាន៖
  • ការរៀបចំគោលដៅ
  • កំណត់ច្បាស់នូវទិសដៅ និងយុទ្ធសាស្រ្តបច្ចុប្បន្ន
  • ការវិភាគមជ្ឈដ្ឋាន
  • វិភាគធនធានមនុស្ស
  • ការកំណត់ឱកាស និងការគំរាមកំហែង
  • កំណត់នៃទំហំប្រែប្រួលជាយុទ្ធសាស្រ្ត
  • ការធ្វើសេចក្ដីសម្រេចជាយុទ្ធសាស្រ្ត
  • ការអនុវត្តយុទ្ធសាស្រ្ត
  • ការត្រួតពិនិត្យមើលដំណើការ
ការរៀបចំផែនការប្រត្តិបត្តិគេត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាការងារជំនួសដូចជា៖
ផែនការគម្រោង Project Plans
  • ជាគម្រោងមួយមានរយៈពេលខ្លី ឬ មធ្យមហើយកំណត់ច្បាស់ពីរយៈពេលអនុវត្ត
  • គេប្រើវាសំរាប់ធ្វើជាបទពិសោធន៍ឲ្យគម្រោងដ៏ទៃទៀត
ផែនការយថាភាពឬផែនការត្រៀមបំរុង Contingency Plans
  • ជាគម្រោងមួយសម្រាប់ការផ្លាស់ប្ដូរសេដ្ឋកិច្ច
  • វិបត្តសេដ្ឋកិច្ច និងអតិផរណា(Inflation) ។

ចុះតើអ្វីទៅជាផែនការអាជីវកម្ម?

ដើម្បីអោយអាជីវកម្មអ្នកដំណើរការទៅបានប្រកបដោយជោគជ័យ ហើយស្របតាមស្តង់ដារ និងមានភាពងាយស្រួលអ្នកគួរតែមានផែនការអាជីវកម្មសម្រាប់អាជីវកម្មអ្នក។ តើផែនការអាជីវកម្មមានលក្ខណៈដូចម្តេច ហើយមានសារសំខាន់ដូចម្តេច? ស្ពាននឹងធ្វើការសង្ខេបប្រាប់អ្នកត្រួសៗអំពីវា នៅក្នុងកថាខណ្ឌខាងក្រោមនេះ៖

ផែនការអាជីវកម្មគឺជារបាយការណ៍ដែលអ្នករៀបរាប់អំពីអាជីវកម្មរបស់អ្នកទាំងមូល វាមានធាតុចម្បងចំនួន ១០ ផ្នែកដែលមាននៅក្នុងផែនការអាជីវកម្មគឺ : ទិដ្ឋភាពទូទៅ សេចក្ដីសង្ខេបប្រតិបត្តិការ ការពិពណ៌នាទូទៅរបស់ក្រុមហ៊ុន ឱកាស ឧស្សាហកម្មនិងទីផ្សារ យុទ្ធសាស្ត្ររបស់អ្នក ក្រុមការងារ ផែនការទីផ្សារ ផែនការប្រតិបត្តិការ ផែនការហិរញ្ញវត្ថុនិងឧបសម្ព័ន្ធ។ តើនៅក្នុងធាតុទាំង១០នេះ អ្នកគួររៀបរាប់ពីអ្វីខ្លះ?

ទិដ្ឋភាពទូទៅ៖ មាតិកា ទំព័រ អ្នកត្រូវរៀបចំអោយមានរបៀបរៀបរយ។

សេចក្ដីសង្ខេបប្រតិបត្តិការ៖ អ្នកត្រូវសរសេរសង្ខេបពីប្រតិបត្តិការការលក់ដោយរបៀបណា អ្នកណាជាអតិថិជន ទំនិញរបស់អ្នកមានលក្ខណៈពិសេសអ្វីខ្លះ?អ្នកក៏គួរតែរៀបរាប់ពីដើមទុនដែលអ្នកត្រូវការចំណូលចំណាយបានពីការលក់ លំហូរសាច់ប្រាក់  ព្រមទាំងប្រាក់ទទួលបានពីការវិនិយោគអ្នកយកទៅធ្វើអ្វីបន្តទៀតជាដើម។

ការពិពណ៌នាទូទៅរបស់ក្រុមហ៊ុន៖ អ្នកត្រូវពិព័ណ៌នាពីស្ថានភាពទូទៅនៃអាជីវកម្មអ្នកដូចជា ឈ្មោះក្រុមហ៊ុន ទីតាំង ប្រភេទអាជីវកម្ម អ្នកចូលរួមហ៊ុន ចក្ខុវិស័យ បេសកកម្ម-ល-។

ឱកាស៖ ពិពណ៌នាអំពីបញ្ហាអ្វីដែលមាននៅក្នុងទីផ្សារនិងពន្យល់ហេតុផលដែលអាចអោយអ្នកចង់ចូលក្នុងទីផ្សារនេះ។ ពេលអ្នកបានរកឃើញពីបញ្ហាទីផ្សារ អ្នកនឹងដោះស្រាយវាដោយរបៀបណា? ធ្វើដូចម្ដេចខ្លះ?

ឧស្សាហកម្មនិងទីផ្សារ៖ រៀបរាប់ពីកត្តាអ្វីខ្លះដែលប៉ះពាល់ដល់ឧស្សាហកម្មដែលអ្នកនឹងដំណើរការ។ កត្តាទាំងនោះជាឧបសគ្គចំពោះការដែលអ្នកចូលផ្គត់ផ្គង់អតិថិជន​ ការផលិតផលនិងសេវាកម្ម និងការប្រកួតប្រជែងពីដៃគូអាជីវកម្មដដូចអ្នកដែររឺទេ?តើទំហំទីផ្សារមានប៉ុន្មានដែលអនុញាតអោយអ្នកចូលក្នុងទីផ្សារបានឬទេ? អ្នកគួរធ្វើការសិក្សាអោយលំអិតពីទីផ្សារ ទំនោរនៃទីផ្សារនិងអតិថិជនក្នុងទីផ្សារនេះផងដែរ។

យុទ្ធសាស្ត្ររបស់អ្នក៖ តើអ្នកមានយុទ្ធសាស្ត្រអ្វីខ្លះដើម្បីអោយអាជីវកម្មអ្នកទទួលបានជោគជ័យ? នរណាខ្លះជាដៃគូប្រកួតប្រជែងរបស់អ្នក ហើយអ្នកមានយុទ្ធសាស្ត្រអ្វីទប់ទល់នឹងគេ? តើអ្នកត្រូវធ្វើដូចម្ដេចដើម្បីទទួលបានអតិថិជនអោយពួកគេទុកចិត្តនិងប្រើប្រាស់ទំនិញនិងសេវាកម្មរបស់អ្នក?អ្នកត្រូវកត់ត្រារាល់យុទ្ធសាស្ត្រដែលអ្នកគិតសម្រាប់អាជីវកម្មមួយនេះ។

ក្រុមការងារ៖ អ្នកណាខ្លះចូលរួមក្នុងអាជីវកម្មនេះ ពួកគេមានតួនាទីនិងមុខងារអ្វីខ្លះ ការទទួលខុសត្រូវ របស់បុគ្គលនិមួយៗ និងអាចរូមបញ្ចូលទាំងរចនាសម្ព័ន្ធគ្រប់គ្រងប្រសិនបើអាជីវកម្ម ជាប្រភេទក្រុមហ៊ុន ធំដុំ។

ផែនការទីផ្សារ៖ វាជាចំណុចដែលអ្នកត្រូវព័ណ៌នាពីយុទ្ធសាស្ត្រទីផ្សារ ការកំណត់ថ្លៃសមាមាត្រនឹងថ្លៃដើម ហើយអាចចំណេញដែររឺទេ?តម្លៃប៉ុណ្ណឹងអតិថិជនទទួលយកបានដែររឺទេ?

ផែនការប្រតិបត្តិការ៖ ពន្យល់ពីប្រតិបត្តិការប្រចាំថ្ងៃរបស់អាជីវកម្ម ពិពណ៌នាអំពីវដ្តប្រតិបត្តិការដែល ពិពណ៌នា អំពីអ្វីដែលស្ថាប័ននឹងធ្វើដើម្បីផ្តល់សេវារបស់ខ្លួនឬបង្កើតនិងលក់ផលិតផលរបស់ខ្លួន របៀបដែលមុខជំនួញមានដំណើរការជាបន្តបន្ទាប់ ក៏ដូចជាតម្រូវការដើមទុននិងចំណាយទាក់ទងទៅនឹងប្រតិបត្តិការអាជីវកម្ម ប្រភពទីកន្លែងដែលផ្ដល់ជំនាញនិងសម្ភារៈចាំបាច់ទាំងអស់ ការគ្រប់គ្រងបង្កាន់ដៃ សាច់ប្រាក់និងវដ្តនៃការទូទាត់ជាសាច់ប្រាក់នៃអាជីវកម្ម។

ផែនការហិរញ្ញវត្ថុ៖ អ្នកត្រូវរៀបរាប់ពីការចំណាយចាប់ផ្តើមនិងការដាក់ទុន: ការពិពណ៌នានិងការពន្យល់ អំពីអ្វីដែលវានឹងត្រូវចំណាយដើម្បីចាប់ផ្តើមអាជីវកម្មនិងកន្លែងដែលអ្នករំពឹងថានឹងទទួលបានលុយនេះ។​ ការព្យាករណ៍ប្រាក់ចំណេញនិងការខាត 12 ខែ (ប្រចាំខែ) និង រយៈពេលបីឆ្នាំ (ត្រីមាសទៅមួយត្រីមាស)។ ការព្យាករពីលំហូរសាច់ប្រាក់រយៈពេល 12 ខែនិងលំហូរសាច់ប្រាក់រយៈពេល 3 ឆ្នាំ (ត្រីមាសទៅមួយត្រីមាស)។ តារាងតុល្យភាពដែលបានព្យាករណ៍នៅពេលចាប់ផ្តើម ឡើងនិងនៅចុង ឆ្នាំទីមួយទៅបីឆ្នាំនិងការគណនារកចំណុចរួចខ្លួនសម្រាប់អាជីវកម្មអ្នក  តើនៅខែ​ ឆ្នាំណាអ្នកនឹងរួចខ្លួន?

ឧបសម្ព័ន្ធ៖ ឧបសម្ព័ន្នមានឯកសារបន្ថែមដែលអ្នកអានផែនការអាជីវកម្មអាចសំដៅទៅលើខិត្តប័ណ្ណនិងសម្ភារៈផ្សាយពាណិជ្ជកម្ម​ ការសិក្សាពីឧស្សាហកម្ម​ ប្លង់និងផែនការ     ផែនទីនិងរូបថតទីតាំង ទស្សនាវដ្តី ឬអត្ថបទផ្សេងទៀត​​​​​​ បញ្ជីលម្អិតនៃឧបករណ៍ដែលជាកម្មសិទ្ធិឬត្រូវបានទិញ    ច្បាប់ចម្លង នៃកិច្ចសន្យានិងកិច្ចសន្យា     លិខិតផ្តល់ការគាំទ្រពីអតិថិជននាពេលអនាគត  សម្ភារផ្សេងទៀត ដែលត្រូវការដើម្បីគាំទ្រការសន្មតនៅក្នុងផែនការនេះ   សិក្សាស្រាវជ្រាវទីផ្សារ     បញ្ជីទ្រព្យសម្បត្តិដែល មាន ជាទ្រព្យធានាសម្រាប់ប្រាក់កម្ចី ការគណនាហិរញ្ញវត្ថុ និងការព្យាករណ៍លម្អិត។

ចុះហេតុអ្វីបានអ្នកត្រូវមានផែនការអាជីវកម្ម? ពីព្រោះវានឹងជួយអោយអ្នកបានយល់ពីអាជីវកម្ម របស់អ្នកកាន់តែច្បាស់ រំលឹកអ្នកនិងបង្ហាញផ្លូវដែលអ្នកត្រូវដើរ ជួយអ្នកក្នុងការស្វែងរកទុន នៅពេលអ្នក ខ្វះដើមទុន អ្នកអាចយកវាទៅបង្ហាញដល់ធនាគារដើម្បីស្នើកម្ចី ឬអ្នកអាចស្វែងរកអ្នកវិនិយោគិន អោយចូលរួមទុនជាមួយអ្នកជាដើម។ អ្នកក៏ត្រូវធ្វើការកែប្រែនឹងឧស្សាហ៍ពីនិត្យវាផងដើម្បីអោយវា នៅតែបានប្រសិទ្ធភាពសម្រាប់អាជីវកម្មអ្នក។      

ខាងក្រោមនេះជាគម្រូសង្ខេបផែនការអាជីវកម្ម នៃពាណិជ្ជកម្មអនឡាញ

១. សង្ខេបផែនការ

ស្ថានភាពបច្ចេកវិទ្យាអំណោយផល៖ ល្បឿនអិនថើណែតមានកើនឡើងជាលំដាប់ ហើយចំនួនអ្នកប្រើប្រាស់អិនថើណែតមានការកើនឡើងជាលំដាប់។

អត្តចារិកអ្នកប្រើប្រាស់៖ អ្នករស់នៅភ្នំពេញនិយមចូលចិត្តសំលៀកបំពាក់រោងចក្រ ដែល​ច្រើនអាចរកបាននៅផ្សារទួលទំពូង និងនៅតាមហាងមួយចំនួន ។ អ្នកទិញត្រូវប្រឈមនឹងបញ្ហាជាច្រើនដូចជា៖ ផ្សារទាំងនោះខ្វះចំណត, ទីកន្លែងគ្មានផាសុកភាព, មានការស្ទះចរាចរណ៍ស្ទើរគ្រប់ពេល និងជាញឹកញាប់ មានការកន្លែងបន្លំដោយប្រើទំនិញនាំចូលពី​វៀតណាម​ឬ​ចិនជាដើម។

ទីផ្សារគោលដៅ៖ ក្រុមហ៊ុន ABC គ្រោងផ្ដល់សេវាលក់សំលៀកបំពាក់អនឡាញ ដោយដាក់លក់តែទំនិញផ្ទាល់ពីរោងចក្រ ដោយផ្ទោតការយកចិត្តទុកដាក់​លើសំលៀកបំពាក់របស់យុវវ័យ។

បញ្ហាប្រឈម៖ អាជីវកម្មលក់ទំនិញអនឡាញបរាជ័យភាគច្រើន និងមួយចំនួនដែល​នៅសល់ មិនមានរីកចម្រើន ដោយសារអាជីវកម្មទាំងនោះ គ្មានគម្រូ​អាជីវកម្មល្អ, គ្មានយុទ្ធសាស្ត្រទាក់ទាញអតិថិជន, មិនអាចរក​ដំណោះស្រាយចំពោះការលំបាកក្នុងការដឹកជញ្ជូន និងការទូទាត់។

គោលដៅ៖ ក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខ ក្រុមហ៊ុន ABC នឹងសម្រេចឳ្យបាន​កេរ្តិ៍ឈ្មោះល្បី និងដណ្ដើមចំណែកទីផ្សារឳ្យបាន ៣០% នៃទំហំទីផ្សារសរុប។

១.១. បេសកកម្ម

ក្លាយជាប្រព័ន្ធលក់ទំនិញ និងយីហោនាំមុខ នៅក្នុងវិស័យលក់សំលៀកបំពាក់អនឡាញ។

១.២. គន្លឹះនៃភាពជោគជ័យ
  • បង្កើតគេហទំព័រដែលដើរលឿន និងទាន់សម័យ
  • អនុវត្តយុទ្ធសាស្ត្រទីផ្សារដែលជំរុញឳ្យមានសាកល្បង
  • ធានាលើព័ត៌មានអំពីទំនិញ ដោយមិនឳ្យមានការនិយាយលើសពីការពិត
  • ផ្ដល់សេវាអតិថិជនឳ្យរួសរាន់ ដូចជា បញ្ហាបច្ចេកទេសនិងបញ្ហាផ្សេងៗ
  • ដាក់ឳ្យដំណើរការនូវប្រព័ន្ធដឹកជញ្ជូនគម្រូថ្មី ដោយសហការជាមួយ​ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន
  • ដាក់ឳ្យដំណើរការសេវាទូទាត់អនឡាញ និងទូទាត់ពេលប្រគល់ទំនិញ ព្រមការដឹកជញ្ជូនដល់គ្រប់រាជធានី-ខេត្ត។

២. អំពីក្រុមហ៊ុន

ក្រុមហ៊ុន​ ABC ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត។

ក្រុមហ៊ុនគ្រោងលក់សំលៀកបំពាក់រោងចក្រ តាមប្រព័ន្ធអនឡាញ ដោយ​ប្រើប្រាស់នូវ៖

  • សេវាទូទាត់ឆាប់រហ័ស ងាយស្រួល និងធានាសុវត្ថិភាព
  • សេវាដឹកជញ្ជូនរហ័ស ចំណាយទាប និងមានការធានា
  • ធានាលើគុណភាពទំនិញ។
២.១. កម្មសិទ្ធិករ

លោក A និងលោកស្រី B និងលោក C គឺជាសហកម្មសិទ្ធិករនៃក្រុមហ៊ុន ABC។

២.២. ហិរញ្ញប្បទាន

តម្រូវការដើមទុន៖

  • ចំណាយដំណើរការចាប់ផ្ដើម = $11,200
  • ទ្រព្យរយៈពេលវែងដែលចាំបាច់ = $18,800
  • សាច់ប្រាក់និងទ្រព្យរយៈពេលវែងដែលចាំបាច់ = $35,000

ប្រភពដើមទុន៖

  • ទឹកប្រាក់ចូលហ៊ុនរបស់លោក A = $27,000
  • ទឹកប្រាក់ចូលហ៊ុនរបស់លោកស្រី B = $23,000
  • ទឹកប្រាក់ចូលហ៊ុនរបស់លោក C = $15,000

៣.⁣ អំពីផលិតផល

ក្រុមហ៊ុននឹងចែកចាយផលិតផលសំលៀកបំពាក់ដែលចេញពីរោងចក្រក្នុងស្រុក  សម្រាប់ការនាំចេញ។ ផលិតផលទាំងនេះ​ ត្រូវបានផលិត ដើម្បីចែកចាយតាមរយៈម៉ាកយីហោនៅបរទេស តែត្រូវបានចែកចាយក្នុងស្រុកវិញ  ដោយថាហេតុផលបច្ចេកទេសផ្សេងៗ។ ផលិតផលទាំងនេះ មានការនិយមខ្លាំង នៅក្នុងចំណោមប្រជាជនវណ្ណៈកណ្ដាលនៅកម្ពុជា។

ក្រុមហ៊ុនអាចមានចំណូលផ្សេងទៀតដូចជា ការផ្សាយពាណិជ្ជកម្ម, ការលក់ព័ត៌មាន ជាដើម។

៤. សិក្សាទីផ្សារ

តាមការប៉ាន់ស្មានរបស់ Cambodia’s Digital Statistics 2016, នៅក្នុងឆ្នាំ ២០១៦ ចំនួនអ្នកប្រើប្រាស់អ៊ិនថើណែតញឹកញាប់នៅកម្ពុជា មានចំនួនប្រហែល ៥ លាននាក់ ដែលក្នុងនោះ ៣ លាននាក់ មានអាយុមិនលើសពី ៣៤ ឆ្នាំ។

ជាមួយនឹងប្រាក់ចំណូលកើនឡើង ប្រជាជនកម្ពុជាមានទំនោរផលិតផលសំលៀកបំពាក់ដែលមានម៉ាកយីហោ កាន់តែច្រើន។

ប្រភេទទីផ្សារ

ទីផ្សារសម្រាប់ផលិតផលរបស់ក្រុមហ៊ុន គឺ៖

  • ប្រភេទទី១៖ ប្រជាជនកម្ពុជាដែលស្គាល់ម៉ាកយីហោបរទេស និងស្វែងរកការសន្សំសំចៃ លើផលិតផលប្រហាក់ប្រហែលគ្នាដែលមានក្នុងស្រុក​
  • ប្រភេទទី២៖ ប្រជាជនកម្ពុជាដែលមានលទ្ធភាពទាបជាងអតិថិជនប្រភេទខាងលើ តែមានបំណងអនុវត្តតាមគម្រូអតិថិជនប្រភេទខាងលើ។
ការប្រកួតប្រជែង

គូប្រកួតប្រជែង៖

  • ប្រព័ន្ធលក់អនឡាញធំៗដែលមានការនិយមនៅកម្ពុជាដូចជា Alibaba,​​ eBay, Amazon។ ប្រព័ន្ធទាំងនេះមានការទុកចិត្តពីអ្នកទិញក្នុងស្រុក តែមានចំណាយដឹកជញ្ជូនខ្ពស់ និងពេលវេលារង់ចាំ​យូរ។
  • គេហទំព័រលក់ទំនិញដូចជា shops.kqube.net, shop168.com, ecamshopping.com, l192.com,​ woofoo51.com, khbuy.com, ​phsar.net ដែលកំពុងដំណើរការ និងគេហទំព័រមួយចំនួនទៀតដូចជា kaymu.com.kh ដែលផ្អាកដំណើរការ។ និយាយរួម គេហទំព័រទាំងនេះ មានសកម្មភាពតិចតួចណាស់ ពីព្រោះ បរិយាកាសអាជីវកម្មអនឡាញ មិនទាន់អំណោយផល, អតិថិជនមិនទាន់ទំនុកចិត្ត ហើយក្រុមហ៊ុនគ្មានគម្រូអាជីវកម្មដែលមានលក្ខណៈទាក់ទាញគ្រប់គ្រាន់។
  • ទំព័រលក់ទំនិញ Facebook ជាច្រើនដែលដំណើរការប្រហាក់ប្រហែលនឹងគេហទំព័រខាងលើដែរ តែមានលក្ខណៈរប៉េះរប៉ោះជាង។ ទំព័រ Facebook ជាឧបករណ៍ដែលមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ តែមិនមែនជា​ហាងលក់ទំនិញល្អជាមួយនឹងទំនិញច្រើនមុខនោះទេ។
  • គេហទំព័រដំណឹងខ្លីៗដូចជា Khmer24.com, bongthom.com ដែលអនុញ្ញាតឳ្យអ្នកប្រើប្រាស់អាចផ្សព្វផ្សាយដំណឹងគ្រប់យ៉ាង  តែគ្មានការពេញនិយមសម្រាប់ការទិញលក់ទំនិញទេ។

៥. យុទ្ធសាស្ត្រអាជីវកម្ម

យុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុន គឺផ្ដោតលើ ផលិតផលមានគុណភាព, ការទាក់ទាញអតិថិជនមកសាកល្បង និងសេវាអតិថិជន។

៥.១. យុទ្ធសាស្ត្រផលិតផល

ត្រូវសម្រិតសម្រាំងយុទ្ធសាស្ត្រថ្លៃ យុទ្ធសាស្ត្រផ្សព្វផ្សាយ និងយុទ្ធសាស្ត្រ ផលិតផល ដើម្បីតម្រូវតាមអតិថិជនប្រភេទនីមួយៗ៖

  • អតិថិជនប្រភេទទី១៖⁣ ត្រូវមានផលិតផលម៉ាកល្បីខ្លះៗ, ដាក់ថ្លៃឳ្យខ្ពស់ជាងថ្លៃទំនិញដទៃ តែទាបជាងថ្លៃទំនិញដូចគ្នាដែលលក់នៅបរទេសច្រើន។
  • អតិថិជនប្រភេទទី២៖ ត្រូវមានផលិតផលល្បីមធ្យម និងមិនសូវល្បីតែ​មានម៉ាកយីហោត្រឹមត្រូវ និងដាក់ថ្លៃទាបទំនិញសម្រាប់អតិថិជន​ប្រភេទទី១ខាងលើ ព្រមទាំងផ្សព្វផ្សាយតាម Facebook ដូចគ្នា។
៥.២. យុទ្ធសាស្ត្រទាក់ទាញ
  • ការផ្សព្វផ្សាយតាម Facebook ដោយសម្រួចទៅតាមប្រភេទអតិថិជន
  • ការបញ្ចុះថ្លៃខ្លាំងប្រចាំសប្ដាហ៍ លើផលិតផល ១ ឬ ២ មុខ
  • ការផ្ដល់ជូននូវ គូប៉ុង សម្រាប់ទាក់ទាញការទិញដំបូង។
  • មិនគិតថ្លៃដឹកជញ្ជូនក្នុងរង្វង់ ១ គីឡូម៉ែត្រ ឬការទិញដំបូង។
៥.៣. សេវាអតិថិជន
  • ធានាជូនលើរយៈពេលដឹកជញ្ជូន (១ម៉ោង ក្នុងរង្វង់ ២ គីឡូម៉ែត្រ, ២ ម៉ោង ក្នុងរាជធានីភ្នំពេញ, ១ ថ្ងៃ សម្រាប់តាមខេត្ត)
  • ធានាសងប្រាក់វិញ  និងសងជំងឺចិត្ត ប្រសិនបើទំនិញមិនដូចការពណ៍នានៅក្នុងប្រព័ន្ធលក់ទំនិញរបស់ក្រុមហ៊ុន
  • ធានាលើការបាត់បង់តាមផ្លូវ
  • ការទូទាត់អាចធ្វើឡើងនៅពេលប្រគល់ទំនិញ ឬតាមរយៈបណ្ណឥណទាន ឬតាមរយៈ សេវាទូទាត់ Wing, PayPal, និង សេវាទូទាត់រហ័សផ្សេងទៀត។
៥.៤. ចំណុចមានប្រៀប

ក្រុមហ៊ុនដាក់តាំងបង្ហាញទំនិញ តាមរយៈ គេហទំព័រ ដែលងាយស្រួលមើលទាំងសម្រាប់កុំព្យូទ័រ និងទូរសព្ទស្មាតហ្វូន ដើម្បីទទួលបាន​ចំណាត់ថ្នាក់ល្អនៅក្នុង Google ព្រមទាំងមាន​កម្មវិធីទូរសព្ទបន្ថែមទៀត សម្រាប់ ប្រភេទ iPhone និង Android។ ក្រុមហ៊ុនជ្រើសរើសប្រព័ន្ធមេនិង ប្រព័ន្ធទិន្នន័យមានល្បឿនលឿន ដែលនឹងធ្វើឳ្យអ្នកប្រើប្រាស់ពេញចិត្ត។

៦. ការព្យាករណ៍អំពីការលក់

ការលក់រំពឹងនឹងមានកម្រិតទាបបំផុតក្នុងរយៈពេល ៤៥ ថ្ងៃដំបូង មុននឹងចាប់ផ្ដើមកើនឡើងជាលំដាប់ ជាមួយនឹងយុទ្ធនាការទីផ្សាររបស់ ក្រុមហ៊ុន និងឥទ្ធិពលនៃការនិយាយតគ្នា។

៧. រចនាសម្ព័ន្ធដឹកនាំក្រុមហ៊ុន

លោក A បានបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្រព័ត៌មានវិទ្យា និងមានបទពិសោធន៍រៀបចំគេហទំព័រឳ្យក្រុមហ៊ុនធំៗមួយចំនួន និងបានអភិវឌ្ឍ​កម្មវិធីទូរសព្ទស្មាតហ្វូនបានមួយចំនួន។ លោកនឹងកាន់ដំណែងជាអគ្គនាយកក្រុមហ៊ុន។

លោកស្រី B បានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងអាជីវកម្ម និងមានបទពិសោធន៍រយៈពេល៣ ឆ្នាំ នៅក្រុមហ៊ុន  XYZ ក្នងដំណែងជាអ្នក​គ្រប់គ្រងទីផ្សារ។ លោកស្រីនឹងកាន់ដំណឺងជានាយកគ្រប់គ្រងផ្នែកទីផ្សារ។

ក្រុមហ៊ុននឹងជ្រើសរើសបុគ្គលិក ៣​ នាក់បន្ថែម៖

  • ផ្នែកទិញ និងគ្រប់គ្រងស្តុក
  • ផ្នែកគ្រប់គ្រងគេហទំព័រ
  • ផ្នែកលក់ និងប្រគល់ទំនិញ។
គម្រោងថវិកាបុគ្គលិក
  YEAR 1 YEAR 2 YEAR 3
CEO $12,000 $13,200 $14,400
CFO $9,600 $10,800 $12,000
Staff $9,800 $11,760 $14,100
Total $31,400 $35,760 $40,500
 

៨. ព្យាករណ៍ហិរញ្ញវត្ថុ

៨.១. ចំណុចរួចដើម

យុទ្ធនាការទាក់ទាញអតិថិជននឹងអស់ចំណាយច្រើន ដែលនឹងធ្វើឳ្យ​ការខាតបង់ប្រចាំខែ នឹងបន្តរហូតដល់ខែទី១០ នៅឆ្នាំដំបូង។

៨.២. ព្យាករណ៍ចំណេញ-ខាត
  Year 1 Year 2 Year 3
Sales  $           100,000  $           200,000  $           250,000
CGS  $             70,000  $           140,000  $           175,000
Gross Margin  $             30,000  $             60,000  $             75,000
Payroll  $             31,400  $             35,760  $             40,500
Marketing  $             10,000  $             10,000  $             10,000
Admin  $               2,000  $               2,300  $               2,500
Depreciation  $                   500  $                   500  $                   500
Other Expenses  $               1,100  $               1,440  $               1,500
Net income  $           (15,000)  $             10,000  $             20,000
 
៨.៣. តារាងតុល្យការព្យាករណ៍
  Year 1 Year 2 Year 3
Cash  $           16,500  $         25,000  $       42,500
Inventory  $            5,000  $          7,000  $        10,000
Establishment  $            10,950  $           10,700  $         10,450
Other Assets  $             18,550  $            18,300  $          18,050
Total Assets  $           51,000  $         61,000  $        81,000
Liabilities  $          1,000  $        1,000  $        1,000
Capital Stock  $           65,000  $         65,000  $         65,000
Retained Earnings  $          (15,000)  $         (5,000)  $        15,000
Total Liabilities and Equity  $          51,000  $         61,000  $       81,000
 
៨.៤. ព្យាករណ៍លំហូរសាច់ប្រាក់
  Year 1 Year 2 Year 3
Beginning Cash  $                 65,000  $                 16,500  $                 25,000
Cash Flow from Operatiions      
Net income  $        (15,000)  $          10,000  $        20,000
Depreciation  $         500  $           500  $        500
Decrease in Inventory  $          (5,000)  $           (2,000)  $        (3,000)
Increase in Current Liabilities  $          1,000  $                           –  $                           –
Net Cash Flow from Operations  $          (18,500)  $            8,500  $        17,500
       
Cash Flow from Investing      
Purchase of equipment  $        (18,800)  $                           –  $                           –
Establishment cost  $        (11,200)  $                           –  $                           –
Net CF from Investing  $        (30,000)  $                           –    $                           –  
       
Cash Flow from Financing      
Issue of shares  $                           –  $                           –  $                           –
Net CF from Financing  $                           –    $                           –    $                           –
       
Ending Cash  $        16,500  $         25,000  $         42,500
 
៨.៥. វិភាគរ៉ាស្យូ
  YEAR 1 YEAR 2 YEAR 3 INDUSTRY PROFILE
Sales Growth 0.00% 100.00% 25.00% 7.56%
Percent of Total Assets
Inventory 9.80% 11.48% 12.35% 37.60%
Other Current Assets 0.00% 0.00% 0.00% 29.04%
Total Current Assets 42.16% 52.46% 64.81% 78.59%
Long-term Assets 57.84% 47.54% 35.19% 21.41%
TOTAL ASSETS 100.00% 100.00% 100.00% 100.00%
Current Liabilities 1.96% 1.64% 1.23% 38.50%
Long-term Liabilities 0.00% 0.00% 0.00% 19.42%
Total Liabilities 1.96% 1.64% 1.23% 57.92%
NET WORTH 98.04% 98.36% 98.77% 42.08%
Percent of Sales
Sales 100.00% 100.00% 100.00% 100.00%
Gross Margin 30.00% 30.00% 30.00% 34.85%
Admin Expenses 33.40% 19.03% 17.20% 16.95%
Advertising Expenses 10.00% 5.00% 4.00% 2.50%
Net Income -15.00% 5.00% 8.00% 1.10%
Main Ratios
Current 21.5 32 52.5 1.79
Quick 16.5 25 42.5 0.7
Debt Ratio 1.96% 1.64% 1.23% 65.04%
Return on Equity -30.00% 16.67% 25.00% 2.65%
Return on Assets -29.41% 16.39% 24.69% 7.59%

 

៩. ឧបសម្ព័ន្ធ

៩.១. ព្យាករណ៍ការលក់ប្រចាំខែ

៩.២. ព្យាករណ៍ចំណូលចំណាយប្រចាំខែ

៩.៣. ព្យាករណ៍តារាងតុល្យការប្រចាំខែ

៩.៤. ព្យាករណ៍លំហូរសាច់ប្រាក់ប្រចាំខែ

 

Leave a Reply