ក្បួនសំខាន់ៗចំនួន ៥ ដើម្បីផ្សព្វផ្សាយផលិតផល ឬស្លាកសញ្ញាប្រកបដោយប្រសិទ្ឋភាព
នៅក្នុងវិស័យធុរកិច្ចអាជីវកម្មទាំងឡាយ មិនអាចចៀសផុតពីការផ្សព្វផ្សាយបានឡើយ បើទោះបីជាផលិតផល ឬសេវាកម្មរបស់អ្នកមានគុណភាពល្អយ៉ាងណាក៏ដោយ។ ការផ្សព្វផ្សាយ មានន័យថា ជាការផ្តល់ដំណឹង ឬប្រាប់ដល់អតិថិជនពីអ្វីដែលអ្នកមាន ជាពិសេស គឺធ្វើឲ្យគេស្គាល់ថាអ្នកលក់ផលិតផល ឬបម្រើសេវាកម្មអ្វីខ្លះ។
ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗចំនួន ៥ ដើម្បីផ្សព្វផ្សាយផលិតផល ឬស្លាកសញ្ញាប្រកបដោយប្រសិទ្ឋភាព៖
១. ត្រូវប្រាកដថាអ្នកបានរៀបចំអ្វីៗទាំងអស់ក្នុងដៃ
គ្រប់កញ្ចប់ផលិតផលដែលត្រូវផ្សព្វផ្សាយត្រូវបែងចែកនិងរៀបចំឱ្យបានគ្រប់ចំនួនទៅតាមគោលដៅរបស់អតិថិជន។ ប្រសិនបើអ្នកសរសេរលិខិត សារលើគេហទំព័រ ឬសារបោះពុម្ពផ្សព្វផ្សាយ អ្នកគួរតែដាក់ចំណងជើងឱ្យបានទាក់ទាញដើម្បីធ្វើឱ្យមនុស្សចង់អានបន្ត។ អ្នកក៏ប្រហែលត្រូវមានកម្រងសំណួរ និងចម្លើយដែលអតិថិជនសួរជាញឹកញាប់ ការណែនាំពិសេសអំពីការប្រើប្រាស់ផលិតផល និងសម្រង់សំដីពោលសសើររបស់អតិថិល្បីឈ្មោះ រូបថត ឬតារាងសង្ខេបព័ត៌មានអំពីផលិតផល។
២. ភាពទាក់ទាញនឹងធ្វើឱ្យអ្នកលេចធ្លោជាងគេ
គ្មាននរណាម្នាក់ទៅប្រឹងអានសារដែលមិនទាក់ទាញអារម្មណ៍ទេ។ សព្វថ្ងៃនេះមនុស្សយើងទទួលការរំខានច្រើនណាស់ ដូច្នេះចំណាប់អារម្មណ៍របស់មនុស្សកាន់តែខ្លីទៅៗ។ ប្រសិនបើអ្នកចង់បង្កើតឥទ្ធិពលលើឥរិយាបថរបស់មនុស្ស អ្នកត្រូវតែទាញចំណាប់អារម្មណ៍របស់មនុស្សឱ្យយូរដើម្បីឱ្យគេទទួលសារផ្សព្វផ្សាយរបស់អ្នកឱ្យបានចប់ចុងចប់ដើម។ ឧទាហរណ៍ជាក់ស្តែង ប្រសិនបើអ្នកផ្ញើសារលើក្រដាស អ្នកគួរតែរកស្រោមសំបុត្រណាដែលមានពណ៌ស្រស់ ឬសរសេរពាក្យពេចន៍ដែលខ្លីតែធ្វើឱ្យអ្នកដែលបានឃើញហើយចងចាំនិងឆ្ងល់ចង់ដឹងបន្ថែម។ ហើយប្រសិនបើអ្នកផ្សព្វផ្សាយតាមអ៊ីនថឺណិត អ្នកអាចប្រើប្រាស់ចំណងជើង ឬរូបភាពឱ្យទាក់ទាញបំផុត។
៣. ស្គាល់ផលិតផលរបស់អ្នក
ដើម្បីលក់អ្វីម្យ៉ាង អ្នកត្រូវតែបង្កើតជំនាញខាងបកស្រាយលម្អិតអំពីផលិតផលនោះ។ នៅត្រង់ចំណុចនេះ អ្នកផ្សព្វផ្សាយខ្លះយល់ច្រឡំថា គេគ្រាន់តែអង្គុយនៅចំពោះមុខក្រដាសស ឬកុំព្យូទ័រមួយដើម្បីចាំទទួលភ្ញៀវជាការស្រេច។ អ្វីៗដែលអ្នកត្រូវដឹងគឺគ្រប់ដំណាក់កាលទាំងអស់នៃការបង្កើតផលិតផលដែលអ្នកកំពុងតែផ្សព្វផ្សាយនោះ។ ដូច្នេះហើយ មិនខ្វល់ថាអ្នកកំពុងតែលក់ផលិតផលអ្វីទេ ត្រូវចាប់ផ្តើមប្រមូលព័ត៌មានទាំងអស់ទាក់ទងនឹងផលិតផលនោះមករក្សាទុកក្នុងខួរក្បាលរួចព្យាយាមពន្យល់ក្នុងរបៀបសាមញ្ញបំផុត។
៤. ស្គាល់មនុស្សដែលអ្នកចង់លក់ផលិតផលទៅឱ្យ
ទិដ្ឋភាពមួយទៀតនៃការបង្កើតសារផ្សព្វផ្សាយពាណិជ្ជកម្មដោយជោគជ័យគឺត្រូវស្គាល់ចំណង់ចំណូលចិត្ត តម្រូវការ និងចំណាប់អារម្មណ៍ ព្រមទាំងភាសារបស់មនុស្សដែលអ្នកកំពុងតែព្យាយាមបញ្ជូនសារនោះទៅឱ្យ ឬលក់ផលិតផលទៅឱ្យ។ ប្រសិនបើអតិថិជនអ្នកជាមនុស្សប្រុសវ័យជំទង់ អ្នកប្រហែលត្រូវរកភាសា និងរបៀបនិយាយឱ្យខុសពីអតិថិជនដែលជាមនុស្សស្រី។ ដើម្បីមានជំនាញបែបនេះ អ្នកត្រូវតែសិក្សា និងស្គាល់ឱ្យច្បាស់នូវវប្បធម៌របស់អថិតិជន។ បើចាំបាច់ត្រូវចំណាយពេលទៅមើលកុនដែលពួកគេមើល អានទស្សនាវដ្តី ឬសៀវភៅដែលពួកគេអាន។
៥. អ្វីៗទាំងអស់អាស្រ័យលើអតិថិជន
ពិតហើយថាអ្នកមានចំណាប់អារម្មណ៍ក្នុងផលិតផលរបស់អ្នក និងមានបេសកកម្មក្នុងការពន្យល់អតិថិជនរបស់អ្នក។ ប៉ុន្តែអ្នកក៏គួរតែដឹងថា អតិថិជនរបស់អ្នកចូលចិត្តអ្វីនិងចង់បានអ្វីដែរ។ មានន័យថាដើម្បីជោគជ័យ អ្នកត្រូវតែចាប់អារម្មណ៍នឹងអ្វីៗគ្រប់យ៉ាងដែលអតិថិជនរបស់អ្នកចាប់អារម្មណ៍ដែរ។ គោលដៅនៃការផ្សព្វផ្សាយរបស់អ្នកមិនមែនធ្វើឱ្យអតិថិជនស្ញប់ស្ញែងនឹងវោហាសាស្រ្តរបស់អ្នកទេ ប៉ុន្តែគឺការទាក់ទាញអតិថិជនឱ្យចាប់អារម្មណ៍លើផលិតផលដែលអ្នកកំពុងតែលក់។ ដូច្នេះអ្នកត្រូវតែរក្សាតុល្យភាពរវាងការពោលអួតផលិតផលដែលអ្នកកំពុងតែលក់នឹងរឿងរ៉ាវគ្រប់យ៉ាងដែលទាក់ទងនឹងតម្រូវការរបស់អតិថិជន។
ជារួមមកវិញ មិនខ្វល់ថា អ្នកប្រើប្រាស់សារផ្សព្វផ្សាយពាណិជ្ជកម្មដូចម្តេចទេ ហើយក៏មិនខ្វល់ថាអ្នកប្រើប្រាស់វិធីសាស្រ្តបែបណាដើម្បផ្សព្វផ្សាយពាណិជ្ជកម្ម អ្នកគួរតែដឹងថា មានគោលការណ៍គ្រឹះនៃការផ្សព្វផ្សាយដែលអ្នកអាចប្រើប្រាស់ដើម្បីធ្វើឱ្យប្រាកដថា អ្នកកំពុងតែធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយគន្លឹះខាងលើនេះអាចឲ្យអ្នកសិក្សា និងសាកល្បងអនុវត្តបាន។
អត្ថបទទាក់ទង