អនុវត្តវិធីសាស្រ្តចម្បងៗ ៣ នេះដើម្បីទាក់ទាញអតិថិជនថ្មី

នៅក្នុងមុខជំនួញ ​ ក្រុមហ៊ុននីមួយៗតែងតែមានយុទ្ធសាស្រ្ត យុទ្ធវិធីផ្សេងៗគ្នាក្នុងការទាក់ទាញអតិថិជនថ្មីឲ្យបានច្រើន ដើម្បីបង្កើននូវប្រាក់ចំណូលនៅក្នុងការធ្វើអាជីវកម្ម។ ហើយដូចដែលអ្នកគ្រប់គ្រងអាជីវកម្មទាំងអស់បានដឹងហើយថា អតិថិជនថ្មី គឺមានសារៈសំខាន់ណាស់ ដើម្បីធ្វើអោយអាជីវកម្មរីកលូតលាស់ឆាប់រហ័ស និងរក្សាការប្រកួតប្រជែងខ្ពស់។ ទោះបីជាផលិតផល ឬសេវាកម្មរបស់អ្នកល្អឥតខ្ចោះប៉ុណ្ណាក៏ដោយ ប្រសិនបើអតិថិជនមិនបានដឹងទេនោះ អាជីវកម្មរបស់អ្នកក៏មិនមានភាពប្រសើរឡើងដែរ។

ខាងក្រោមនេះជាវិធីសាស្រ្តចម្បងៗចំនួន ៣ ដើម្បីទាក់ទាញអតិថិជនថ្មីៗ៖

១.​​ ផ្តោតលើការផ្ដល់សារទៅអតិថិជនរបស់អ្នក ជាពិសេសនៅលើបណ្ដាញផ្សព្វផ្សាយសង្គម

ការផ្ដល់សារទៅកាន់អតិថិជនរបស់អ្នក គួរតែមានការយល់ចិត្ត និងធ្វើឱ្យសាររបស់អ្នកមានលក្ខណៈយកចិត្តទុកដាក់ចំពោះអតិថិជនរបស់អ្នក។ អ្នកអាចធ្វើរឿងទាំងនេះបានតាមរយៈការឆ្លើយតបភ្លាមៗនូវសំណួរ ឬបញ្ហាផ្សេងៗ រួមទាំងសកម្មភាពមួយចំនួន ដូចជាការប្រឹក្សាយោបល់ បម្រើសេវាកម្មរហ័សទាន់ចិត្ត ការគោរពដោយភាពទន់ភ្លន់ និង​ការផ្ដល់ ឬណែនាំនូវផលិតផលល្អៗទៅកាន់ពួកគេ តែដាច់ខាតអ្នកមិនត្រូវផ្តល់ចម្លើយទាំងកំហឹង គំហុក និងគម្រោះគម្រើយទៅកាន់ភ្ញៀវរបស់អ្នកឡើយ។ សារដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះអតិថិជននឹងជួយរក្សាទំនាក់ទំនងល្អជាមួយអតិថិជនដែលមានស្រាប់ អាចនាំអតិថិជនចាស់ត្រឡប់មកវិញ និងទាក់ទាញអតិថិជនថ្មីៗទៀត។

លើសពីនេះទៅទៀត ភាពស្មោះត្រង់ គឺជាអ្វីដែលអតិថិជនពេញចិត្ត និងត្រូវការ​ពីក្រុមហ៊ុន។ បើសិនជាអ្នកស្មោះត្រង់ និងអតិថិជន នោះអតិថិជននិងស្មោះត្រង់នឹងអ្នកវិញជាក់ជាពុំខាន ពេលខ្លះអតិថិជនអាចជួយរកអតិថិជន ឬផ្សព្វផ្សាយ​នូវផលិតផលរបស់យើងក៏ថាបាន ដែលជាហេតុធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកសុះសាយឡើងៗ។ ហើយបើទោះបីជាអតិថិជននៅក្នុងទីផ្សារគោលដៅរបស់អ្នក មិនបានទិញផលិតផល ឬសេវាកម្មរបស់អ្នកក៏ដោយ តែអ្នកអាចផ្សព្វផ្សាយអំពីយីហោរបស់អ្នក ហើយចាប់ផ្តើមកសាងទំនាក់ទំនងល្អជាមួយពួកគេសម្រាប់ថ្ងៃអនាគត។ 

២​.​ កំណត់អត្តសញ្ញាណអតិថិជន និងស្វែងរកទីផ្សារគោលដៅរបស់អ្នក

ក្នុងការស្វែងរកទីផ្សារគោលដៅរបស់អ្នក គឺតម្រូវឱ្យអ្នកសួរ និងឆ្លើយសំណួរជាច្រើនទៅកាន់ខ្លួនឯង ដើម្បីបង្រួមទីផ្សារ និងកំណត់អត្តសញ្ញាណអតិថិជនរបស់អ្នក។ការកំណត់អត្តសញ្ញាណអតិថិជន គឺជាទម្រង់នៃការកំណត់ប្រភេទអតិថិជនដែលអ្នកចង់ទាក់ទាញ។ អាជីវកម្មរបស់អ្នក អាចមានប្រភេទអ្នកទិញជាច្រើនប្រភេទខុសៗគ្នា ហើយម្នាក់ៗត្រូវការបច្ចេកទេសទីផ្សារផ្សេងៗគ្នា។ អ្នកគួរយល់ដឹងថា​ តើអ្នកណាដែលត្រូវការផលិតផលរបស់អ្នក? ហេតុអ្វី? តើអ្វីជម្រុញពួកគេ? តើផលិតផលអ្នកអាចដោះស្រាយបញ្ហាអ្វីខ្លះសម្រាប់ពួកគេ ឬអ្នកផ្តល់ជូនអ្វីខ្លះដើម្បីបំពេញសេចក្តីត្រូវការរបស់គេ? តើអតិថិជនរបស់អ្នករស់នៅទីណា? តើពួកគេប្រើទូរស័ព្ទដៃដែរឬទេ? តើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមណាដែលពួកគេប្រើ? តើទំព័រប្រភេទណាដែលពួកគេតាមដាន? 

អ្នកអាចស្វែងយល់ពីអតិថិជនគោលដៅរបស់អ្នកតាមរយៈការសួរសំណួរទាំងនេះ។​ សព្វថ្ងៃនេះ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាកន្លែងសម្រាប់ស្វែងរកអតិថិជនសក្តានុពល។ តាមរយៈការស្រាវជ្រាវរបស់គេហទំព័រ Global Web Index បង្ហាញថាអតិថិជននៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងអត្រាខ្ពស់ជាងឆ្នាំមុន ៨០% ។ Facebook មានអ្នកប្រើប្រាស់ចំនួន ១០៥ លាននាក់បន្ថែមទៀតនៅឆ្នាំ ២០២០ ហើយនៅសហរដ្ឋអាមេរិកមានចំនួន ៥,៧ លាននាក់។ ចំនួនអ្នកមើល YouTube កើនឡើង ៩៨% ហើយជាទូទៅមានចំនួន ៣,៨ ពាន់លាននាក់សកម្មលើបណ្តាញសង្គម។

៣. ការផ្សាយពាណិជ្ជកម្មដោយការនិយាយតៗគ្នា

ការណែនាំពីមាត់មួយទៅមាត់មួយ គឺជាការផ្សព្វផ្សាយដ៏ល្អបំផុត ពីព្រោះថាឥឡូវនេះ​អតិថិជន មានភាពវាងវៃ និងយល់ដឹងច្រើនពីការធ្វើទីផ្សារ និងការផ្សាយពាណិជ្ជកម្មរបស់់អាជីវកម្មណាមួយ ដោយពួកគេដឹងថាម្ចាស់អាជីវកម្មនោះ បានចំណាយថវិកា និងវិធីសាស្រ្តជាច្រើនដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យទិញផលិតផល ឬសេវាកម្ម។ ពួកគេដឹងថា រូបភាពត្រូវបានកែលម្អ និងធ្វើឱ្យប្រសើរឡើងដើម្បីទាក់ទាញពួកគេ ហើយពួកគេដឹងថាពួកគេនឹងបានឃើញផលិតផល ឬសេវាកម្មនោះ លុះត្រាតែការព្រមព្រៀងទិញ ត្រូវបានធ្វើរួច។ នេះបានធ្វើឱ្យអតិថិជនប្រយ័ត្នប្រយែងចំពោះការផ្សព្វផ្សាយរបស់អាជីវកម្ម។ ម្យ៉ាងវិញទៀតពួកគេកាន់តែបន្ថែមការគិតពិចារណាទៅនឹងការអះអាងដែលបានធ្វើនៅក្នុងការផ្សាយពាណិជ្ជកម្មថា គួរឲ្យទុកចិត្តកម្រិតណា។

ទោះជាយ៉ាងណាក៏ដោយ ការមានការណែនាំពីមិត្ត ឬអតិថិជនណាមួយដែលធ្លាប់បានប្រើប្រាស់ សេវាកម្មនោះនឹងជួយបង្កើនការជឿទុកចិត្តរបស់ពួកគេ។ ដូច្នេះទើបមនុស្សជាច្រើនស្នើសុំយោបល់ សម្រាប់ផលិតផល ឬសេវាកម្មជាក់លាក់ដាក់បង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីការជឿទុកចិត្តរបស់ពួកគេ។ អាជីវកម្មមួយដែលអាចទទួលបានមតិយោបល់ល្អៗពីអតិថិជនច្រើននោះ នឹងធ្វើឲ្យអាជីវកម្មរបស់ពួកគេទទួលបានការជឿទុកចិត្តពីអតិថិជនច្រើនដូចគ្នា។

ប៉ុន្តែ វិធីតែមួយគត់ដើម្បីពង្រឹង និងការធ្វើឲ្យការផ្សព្វផ្សាយតៗគ្នារបស់អ្នកមានភាពប្រសើរឡើង គឺត្រូវធានាថាអតិថិជនរបស់អ្នករីករាយនឹងសេវាកម្ម ឬផលិតផលរបស់អ្នកផ្ដល់ជូន។ អតិថិជនដែលមានបទពិសោធល្អៗ ឬបទពិសោធន៍អាក្រក់ជាមួយផលិតផលណាមួយ ជាញឹកញាប់ ពួកគេនឹងផ្សព្វផ្សាយអំពីវានៅលើបណ្តាញសង្គម ឬប្រាប់ទៅដល់មិត្តភក្តិរបស់ពួកគេ។ ប៉ុន្តែ សេវាកម្មដែលមានការពេញចិត្តពីអតិថិជន រមែងតែងតែមិនបានលើកមកពិភាក្សានោះឡើយ។ 

ដូចនេះ អ្នកត្រូវផ្ដល់អ្វីដែលល្អបំផុតទៅតាមដែលអ្នកអាចធ្វើបាន និងផ្ដល់ការគោរព និងការយកចិត្តទុកដាក់លើអតិថិជនរបស់អ្នកឲ្យបានដិតដល់ ដូចពាក្យថា “ចូរប្រតិបត្តិចំពោះអ្នកដទៃឲ្យដូចដែលអ្នកចង់ឲ្យគេធ្វើដាក់អ្នក។” ​អតិថិជនដែលពេញចិត្តជាមួយនឹងអាជីវកម្មរបស់អ្នក នឹងត្រឡប់មកវិញម្តងហើយម្តងទៀត ហើយពួកគេនឹងនាំអតិថិជនថ្មីមកជាមួយផងដែរ។

ដើម្បីទទួលបានអត្ថប្រយោជន៍ពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមការនិយាយតៗគ្នារបស់អតិថិជន​ អ្នកអាចផ្តល់នូវការលើកទឹកចិត្ត ឬរង្វាន់សម្រាប់ការផ្សព្វផ្សាយរបស់ពួកគេ។ ការបង្កើតកម្មវិធីស្មោះត្រង់ អាចជួយធ្វើឱ្យអតិថិជនចាស់របស់អ្នករំភើបអំពីអាជីវកម្មរបស់អ្នក ហើយផ្សព្វផ្សាយប្រាប់អ្នកដទៃ។ រង្វាន់ ឬការលើកទឹកចិត្ត គួរតែមានទំហំធំល្មមដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជនចាស់របស់អ្នក ហើយជម្រុញឱ្យពួកគេធ្វើសកម្មភាពជំនួសអ្នក។ វាគឺជាគោលការណ៍ ឈ្នះ – ឈ្នះ ដែលមិនត្រឹមតែនាំមកនូវអតិថិជនថ្មីដល់អាជីវកម្មរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំណុចមួយដែលបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកទៅកាន់អតិថិជនដែលមានផលល្អសម្រាប់ការបង្កើតទំនាក់ទំនងល្អជាមួយអតិថិជនរបស់អ្នក នោះអ្នកនឹងទទួលបានមកវិញនូវមតិវិជ្ជមានដែលនឹងធ្វើឲ្យអាជីវកម្មរបស់អ្នករីកចម្រើន។


អត្ថបទទាក់ទង

យុទ្ធសាស្ត្រទីផ្សារសំខាន់ៗចំនួន ៤ ដែលក្រុមហ៊ុនភាគច្រើនកំពុងប្រើប្រាស់

One thought on “អនុវត្តវិធីសាស្រ្តចម្បងៗ ៣ នេះដើម្បីទាក់ទាញអតិថិជនថ្មី

Leave a Reply