ជីវិត និងស្នាដៃរបស់អ្នកគណិតសាស្ត្រ ហ្កាសប៉ាត ម៉ុង
ហ្គាប៉ាត ម៉ុង (Gaspard Monge) ជាអ្នកគណិតសាស្ត្រ ជាបិតាបង្កើតចេញនូវមុខវិជ្ជា រេខាគណិតពិពណ៌នា។ លោកជាកូនក្នុង ត្រកូលអ្នកក្រ។ ដោយគ្មានមធ្យោបាយសម្រាប់ឲ្យកូនបន្តការសិក្សានៅសាលាឲ្យបានខ្ពស់ថែមទៀត ឪពុករបស់លោកបានរិះរកមធ្យោបាយផ្ញើកូនលោកឲ្យរៀននៅវិទ្យាស្ថានបច្ចេកទេសយោធា។ ដោយមានស្នាដៃល្អក្នុងពេលសិក្សា ទើបពេលប្រឡងចេញពីសាលា លោកត្រូវបានវិទ្យាស្ថានឃាត់ទុកឲ្យលោកធ្វើជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថាននេះ។
បណ្ដាវណ្ណកម្មរបស់ ហ្គាប៉ាត ម៉ុង ដែលត្រូវបានប្រកាសក្នុងចន្លោះឆ្នាំ១៧៧០‑១៧៨០ បានបើកចេញនូវដំណាក់កាលថ្មីនៃការរីកចម្រើនរបស់រេខាគណិតពិពណ៌នា និងរេខាគណិតវិភាគ។ លោកជាអ្នកបណ្ដុះបណ្ដាលនូវអ្នកបច្ចេកទេសដ៏ល្បីល្បាញជាច្រើនរូប ក្នុងចំណោមនោះមាន សាឌីកាកណូ ផងដែរ។
ម៉ាស៊ីនបូមទឹកពន្លត់អគ្គីភ័យ
កាលអាយុ ១៤ឆ្នាំ ហ្គាប៉ាត ម៉ុង បានបង្ហាញឲ្យឃើញនូវទេពកោសល្យពិសេសខាងបច្ចេកទេស។ កុមាររូបនេះ បានធ្វើដោយខ្លួនឯងនូវម៉ាស៊ីនបូមទឹកមួយគ្រឿងសម្រាប់ ពន្លត់អគ្គីភ័យដែលអាចបាញ់ទឹកឡើងដល់កម្ពស់ ១០ម៉ែត្រ។ ថ្ងៃមួយ ហ្គាប៉ាត ម៉ុង រួមនឹងមិត្តភក្តិមួយចំនួន កំពុងប្រឡែងលេងជាមួយម៉ាស៊ីនបូមទឹក គាប់ជួនពេលនោះ មានវិស្វករម្នាក់ដើរកាត់។ គាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងនឹងរចនាសម្ព័ន្ធដ៏ល្អរបស់ម៉ាស៊ីនបូមទឹកនេះ ហើយគាត់កាន់តែស្រឡាំងកាំងថែមទៀត ពេលឃើញអ្នកច្នៃប្រតិដ្ឋវា គឺជាកុមារម្នាក់។ ប្អូនឯងរៀនមកពីណា គោលការណ៍របស់ម៉ាស៊ីនបូមទឹកនេះ? កុមារអេះអុញ រៀនមកពីណាឬ? ទេ? ខ្ញុំគ្រាន់តែពិចារណាដោយខ្លួនឯង ខ្ញុំខំប្រឹងធ្វើយ៉ាងណាឲ្យវាគ្រាន់តែងាយស្រួល ហើយសមស្របបំផុតប៉ុណ្ណោះ។ បន្ទាប់មក វិស្វករនេះក៏យល់ភ្លាមនូវទេពកោសល្យដ៏ប្រពៃនេះ គាត់ខំដើរទៅដល់ផ្ទះ ហ្គាប៉ាត ម៉ុង ដោយស្នើឲ្យឪពុកម្ដាយរបស់ ហ្គាប៉ាត ម៉ុង ត្រូវតែបញ្ជូនកុមារបូមទឹកនេះឲ្យចូលរៀននៅវិទ្យាស្ថានបច្ចេកទេស។
បណ្ដាកល្យាណមិត្ត
ក្នុងឆ្នាំដែលនៅសិក្សានេះដែរ ហ្គាប៉ាត ម៉ុង បានគូរផែនទីទីក្រុងយ៉ាងត្រឹមត្រូវឥតខ្ចោះ។ សូម្បីតែអ្នកឯកទេស ក៏ត្រូវតែកោតសរសើរពេលដែលបានមើលផ្ទាំងគំនូរផែនទីដ៏ស្មុគ្រស្មាញនេះ។ ពូកែមែន! ទាល់តែមានអ្នកជួយឯង ទើបឯងធ្វើបាននូវកិច្ចការដ៏ល្អិតល្អន់នេះមែនទេ? កុមារញញឹម បាទមែនហើយ! មានមិត្តពីរនាក់ទៀតដែលនៅតែជួយខ្ញុំជាដរាបនោះ គឺហត្ថាទាំងគូ និងទឹកចិត្តអំណត់ព្យាយាម។
ភាពល្អប្រណីតនៃការបង្កើតថ្មី
មានម្ដងនោះ ពេលនៅរៀនក្នុងសាលាបច្ចេកទេសយោធា គេបានដាក់លំហាត់មួយយ៉ាងពិបាកឲ្យ ហ្គាប៉ាត ម៉ុង ដោះស្រាយ។ ប៉ុន្តែជាការស្មានមិនដល់ យុវសិស្សរូបនេះ រកឃើញចម្លើយក្នុងរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ។
បណ្ដាលោកគ្រូមិនពេញចិត្តនឹងលទ្ធផលនោះឡើយ ម៉ុង បើសិនជាប្អូនចង់ឲ្យជំហានបោះទៅមុខកាន់តែរឹងមាំថែមទៀត ប្អូនត្រូវតែហាត់ចិត្តអំណត់ធ្វើលំហាត់ កុំប្រថុយប្រថានផ្សងព្រេងសំណាងដូចនេះទៀតណា៎! ។ ហ្គាប៉ាត ម៉ុង សំដែងការងឿងឆ្ងល់ ជម្រាបប្រសាសន៍លោកគ្រូ គឺប្អូនបានខិតខំធ្វើលំហាត់ដោយខ្លួនឯង ប្អូនឥតមានផ្សងសំណាងអ្វីផងទេបាទ។ អូ៎ យើងខ្ញុំមិនអាចជឿថាប្អូនឯងធ្វើលំហាត់នេះបានរួចរាល់ក្នុងរយៈពេលតែកន្លះម៉ោងនេះទេ ព្រោះថាគ្រាន់តែរឿងរៀបឯកតាលេចក៏ត្រូវចំណាយពេលយ៉ាងហោចណាស់ក៏ ២ដង នៃរយៈកាលធ្វើនោះដែរហើយ។ យុវសិស្សយើងបង្ខំចិត្តត្រូវតែធ្វើការអធិប្បាយឡើងវិញនូវរបៀបធ្វើរបស់ខ្លួន។ ការពិត នេះជាវិធីថ្មីតែម្ដង ៖ វិធីរេខាគណិតពិពណ៌នា សម្រាប់ស្រាយបំភ្លឺបណ្ដាវិធីលំដាប់គណិតដ៏ស្មុគស្មាញ។ បណ្ដាគ្រូបង្រៀនត្រូវជជែកដេញដោលគ្នាយ៉ាងយូរ ពីវិធីថ្មីដែល ហ្គាប៉ាត ម៉ុង ទើបនឹងនឹកចេញ ហើយនៅទីបំផុតត្រូវទទួលស្គាល់ថា វិធីថ្មីនោះពិតជាត្រឹមត្រូវ។ នោះជាមូលដ្ឋានដំបូងបង្អស់នៃមុខវិជ្ជារេខាគណិតពិពណ៌នា។
ការសម្ងាត់របស់ប្រទេសជាតិ
នៅពេលដែលមុខវិជ្ជារេខាគណិតសាស្ត្រពិពណ៌នាដែល ហ្គាប៉ាត ម៉ុង បានបង្កើតឡើងទើបនឹងបានការទទួលស្គាល់ រដ្ឋាភិបាលបារាំង ក៏បានចាត់ទុកនោះជាការសម្ងាត់មួយរបស់ប្រទេសជាតិ។ ពីព្រោះថា ផ្អែកតាមរេខាគណិតពិពណ៌នា គេអាចគិតគូររកឃើញបន្ទាត់បាញ់បានយ៉ាងចំគោលដៅ។ ជាការពិត ប្រការនេះផ្ទុយពីគោលបំណងរបស់អ្នកប្រាជ្ញ។ ក្នុងរយៈពេលរាប់សិបឆ្នាំ តាំងពីពេលបានក្លាយជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យមក ហ្គាប៉ាត ម៉ុង តែងតែតស៊ូជានិច្ចចំពោះការផ្សព្វផ្សាយវិទ្យសាស្ត្រថ្មីនេះ។ ពីព្រោះថា រេខាគណិតពិពណ៌នា ពុំត្រឹមតែមានប្រយោជន៍ចំពោះយោធាប៉ុណ្ណោះទេ គឺនៅថែមទាំងមានឥទ្ធិពលយ៉ាងធំធេងក្នុងវិស័យវិទ្យាសាស្ត្រដទៃទៀត។
នៅទីបំផុត រដ្ឋាភិបាលបារាំង បានយល់ព្រមស្របតាម ហើយ ៣០ឆ្នាំ ក្រោយមក វណ្ណកម្មដំបូងបង្អស់ស្ដីពីរេខាគណិតពិពណ៌នាថ្មី ត្រូវបានបោះពុម្ពផ្សាយ។