តិចនិកចំនួន ៧ ដើម្បីរក្សាបុគ្គលិកឆ្នើមឲ្យបានយូរអង្វែង
ជាការពិតណាស់មិនថា នៅកម្ពុជា ឬនៅបរទេសនោះទេ បុគ្គលិក គឺជាស្នូលនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន។ កាលណាក្រុមហ៊ុនសម្បូរធនធានមនុស្ស និងបុគ្គលិកឆ្នើមនោះ ប្រាកដជាមានការរីកចម្រើនខ្លាំង និងទទួលបានទិន្នផលជាបន្ដបន្ទាប់។
ក្រុមហ៊ុនខ្លះ ចង់បានបុគ្គលិកមានជំនាញ និងសមត្ថភាពបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងមានភាពគំនិតច្នៃប្រតិដ្ឋខ្ពស់ ស្របពេលដែលលក្ខន្តិកៈនៃការជួលរបស់ពួកគេចាត់ទុកបុគ្គលិកទាំងនោះត្រឹមតែជាឧបករណ៍រកចំណូល។ ជំនួសឱ្យការស្វែងរកមនុស្សថ្មីដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកជួយជ្រោមជ្រែងដំណើរការអាជីវកម្ម បណ្ដាក្រុមហ៊ុនរកស៊ីទាំងឡាយ គួរខ្នះខ្នែងក្នុងការរក្សាបុគ្គលិកពូកែៗដែលមានស្រាប់ឱ្យនៅបំពេញការងារជាមួយបន្ត។
នៅក្នុងទីផ្សារធនធានមនុស្សនៅកម្ពុជា មិនទាន់មានការប្រកួតប្រជែងខ្លាំងដូចប្រទេសអភិវឌ្ឍរួចហើយនោះទេ រីឯធនធានមនុស្សរបស់ប្រទេសយើងក៏មានកម្រិតដែរ ហេតុនេះការគ្រប់គ្រងបុគ្គលិកមានសក្ដានុពលដែលមាននៅក្នុងក្រុមហ៊ុនស្រាប់ ទើបជាប្រការដែលត្រូវយកចិត្តទុកដាក់។
ខាងក្រោមនេះ គឺជាយុទ្ឋសាស្រ្តចំនួន ៧ ដើម្បីរក្សាបុគ្គលិកឆ្នើមឲ្យបានយូរអង្វែង៖
១. បង្កើតភាពងាយស្រួលនៃរបៀបទំនាក់ទំនងក្នុងក្រុមហ៊ុន
នៅក្នុងរបររកស៊ីមួយ អតិថិជន គឺជាមនុស្សដែលគប្បីត្រូវបានផ្តល់ការយកចិត្តទុកដាក់ខ្លាំងជាងគេបំផុត ប៉ុន្តែបុគ្គលិករបស់អ្នកក៏មានតម្លៃស្មើនឹងអតិថិជនទាំងនោះដែរ។ អ្នកមិនគួររក្សាទំនាក់ទំនងបានយ៉ាងរស់រវើកជាមួយអ្នកអតិថិជនទាំងឡាយ តែបែរជាខ្សោយក្នុងការបង្កើនភាពជិតស្និតជាមួយមនុស្សរបស់អ្នកនោះទេ។ ប្រើសិនបើបុគ្គលិករបស់អ្នកមិនអាចឆ្លើយតបតាមតម្រូវការរបស់អ្នក អ្វីដែលអ្នកគួរនិយាយទៅកាន់ពួកគេដំបូង គឺមិនមែនជាការស្តីបន្ទោសបន្ថែម ប៉ុន្តែជាការពោលនូវពាក្យលើកទឹកចិត្ត និងជំរុញថា ពួកគេនឹងអាចរកវិធីដោះស្រាយបញ្ហាបាន ឬបង្កើតវាបាន។ ក្នុងនាមជាអ្នកមានអំណាចលើគេ អ្នកត្រូវតែយល់ពីអ្វីដែលជាកត្តាលើកទឹកចិត្តដល់មនុស្សថ្នាក់ក្រោមឱ្យចង់បំពេញកិច្ចការនៅក្នុងតំណែងរបស់ពួកគេបានច្រើន និងមានប្រសិទ្ធភាពខ្ពស់។
២. ពិនិត្យមើលអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនរបស់អ្នក
ចំណុចមួយទៀតទាក់ទងនឹងការថែរក្សាបុគ្គលិកល្អឱ្យធ្វើការងារជូនអ្នកបានយូរតទៅមុខ អ្នកត្រូវចេះពិនិត្យមើលសកម្មភាពប្រធានគ្រប់គ្រងតាមផ្នែកក្នុងក្រុមហ៊ុនរបស់អ្នក។ តើអ្នកធ្លាប់សួរមនុស្សដែលមិនពេញចិត្តការងាររបស់ពួកគេ និងហេតុផលដែលពួកគេលាឈប់ដែរឬទេ?
ហេតុផលមួយក្នុងចំណោមហេតុផលទាំងឡាយយដែលពួកគេនឹងលើកឡើងគឺថា បញ្ហាមិនមែនជាផលិតផល សេវាកម្ម អតិថិជន ឬមិត្តរួមក្រុមទេ តែអាចមកពីមេ ឬចៅហ្វាយក្នុងផ្នែករបស់ពួកគេផ្ទាល់តែម្តង។ ដូច្នេះ ខណៈដែលអ្នកយកពេលមកបណ្ដុះបណ្ដាលមេដឹកនាំតាមផ្នែកពីតាក់តិចដោះស្រាយបញ្ហាក្នុងតំណែងរបស់ពួកគេ អ្នកត្រូវតែរួមបញ្ចូលជំនាញទន់មួយចំនួនដែលមានប្រយោជន៍ដល់ពួកគេក្នុងដឹកនាំអ្នកក្រោមបង្គាប់ និងចេះពិនិត្យមើលសកម្មភាពរបស់ប្រធានផ្នែកទាំងនោះផ្តល់ទៅកាន់ថ្នាក់ក្រោមឱ្យបានល្អិតល្អន់។
៣. អត្ថប្រយោជន៍ ប្រាក់ខែ និងការប្រកួតប្រជែង
តាមរយៈការស្រង់មតិរបស់គេហទំព័រផ្គូរផ្គងបុគ្គលិក និងម្ចាស់ក្រុមហ៊ុន Glassdoor បានរកឃើញថាមានបុគ្គលិកជាង ៤៥% ដែលបានលាឈប់ពីកន្លែងការងារចាស់ គឺបណ្ដាលមកពីបញ្ហាប្រាក់ខែ។ ផ្ទុយទៅវិញ តើករណីនេះតែងកើតមានដោយសារតែបញ្ហាប្រាក់ខែរហូតមែនឬ?
យោងតាមការស្រង់មតិរបស់ Glassdoor ដដែល បានបង្ហាញថាបុគ្គលិកសម័យថ្មីចំនួន ២៤% និយាយថា ស្ថេរភាពផ្នែកហិរញ្ញវត្ថុ គឺជាចំណុចលើកទឹកចិត្តពួកគេឱ្យនៅធ្វើការបន្ត។ ចំណែកឯ ៥៦% ទៀតលើកឡើងថា អត្ថប្រយោជន៍មួយចំនួនដូចជា សេវាថែទាំសុខភាព និងសេវាធានារ៉ាប់រងដែលពាក់ព័ន្ធ ទើបអាចរក្សាពួកគេឱ្យនៅធ្វើការបន្តបាន។ យ៉ាងណា អ្វីដែលអ្នកផ្តល់ទៅកាន់បុគ្គលិក ចាំបាច់ត្រូវតែមានលក្ខណៈប្រកួតប្រជែង និងអាចប្រៀបធៀបជាមួយក្រុមហ៊ុនដទៃទៀតដែលរកស៉ីក្នុងវិស័យតែមួយក្នុងតំបន់របស់អ្នក និងស្របតាមស្ដង់ដារការងារ។ ប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗដែលពាក់ព័ន្ធ គឺជាធាតុសំខាន់ និងគប្បីត្រូវបានពិចារណាទាំងនិយោជិក (បុគ្គលិក) និងនិយោជក (ថៅកែ) ថាតើថៅកែគួរដំឡើងប្រាក់ខែឱ្យ ឬជ្រើសរើសអ្នកថ្មី និងថាតើបុគ្គលិកគួរបន្តបំពេញការងារឱ្យ ឬស្វែងរកកន្លែងថ្មី។
៤. មានមេដឹកនាំ ប្រសើរជាងមានចៅហ្វាយនាយ
ការជ្រើសរើសមេដឹកនាំតាមផ្នែកក៏ជាចំណែកសំខាន់ក្នុងថែរក្សាបុគ្គលិកផងដែរ ដោយហេតុថា បុគ្គលិកដែលបង្ខំចិត្តឈប់ពីការងារ អាចបណ្ដាលមកពីមេផ្នែករបស់ពួកគេជាងបញ្ហាប្រាក់ខែ។ ដល់ចំណុចនេះ អ្នកប្រហែលធ្លាប់បានយល់ហើយពីភាពខុសគ្នារវាងអ្នកដឹកនាំ (Leader) និងចៅហ្វាយនាយ (Boss)។ និយាយឱ្យខ្លី អ្នកដឹកនាំ គឺជាមនុស្សដែលចេះស្ដាប់យោបល់របស់អ្នកដទៃ ចំណែកឯចៅហ្វាយនាយតែងគិតថាខ្លួនឯងចេះគ្រប់រឿង។
ចំពោះសាជីវកម្មធំៗ ការដែលមានមេដឹកនាំតាមផ្នែករឹងមាំ ពោរពេញដោយសមត្ថភាព ចេះគោរព និងឱ្យតម្លៃដល់បុគ្គលិកក្រោមបង្គាប់ រាប់ទុកថាជាជំហានជោគជ័យសំខាន់មួយរបស់ក្រុមហ៊ុន។ បើអ្នកចង់ឱ្យបុគ្គលិកបម្រើការដល់ក្រុមហ៊ុនរបស់អ្នកបានយូរ អ្នកគួរចាត់ចែងមេដឹកនាំតាមផ្នែកដែលសមស្របសម្រាប់ពួកគេ ដោយវាយតម្លៃលើលក្ខណៈប្រាំយ៉ាងនៃអ្នកដឹកនាំ៖
- មានទិសដៅច្បាស់លាស់ទៅកាន់អនាគត
- មានសមត្ថភាពដោះស្រាយវិបត្តិដែលប្រឈម
- មានឆន្ទៈមោះមុតក្នុងផ្តល់គុណភាពការងារខ្ពស់
- មានជំនឿលើភាពសំខាន់របស់មនុស្សគ្រប់គ្នា
- ចេះបង្កើនទំនុកចិត្ត។
៥. ជួលមនុស្សឱ្យបានត្រឹមត្រូវតាំងពីចំណុចចាប់ផ្តើម
Glassdoor បានរកឃើញថា ៣៥% នៃភា្នក់ជួលនឹងជ្រើសរើសបុគ្គលិក (Recruitment Agency) មានការរំពឹងទុកថា មនុស្សដែលពួកគេបានជួលមក នឹងចាកចេញទៅវិញនៅឆ្នាំបន្ទាប់ក្រោយពីបំពេញការងារបានមួយរយៈ ដែលនេះមិនមែនជាចំណុចវិជ្ជមានសម្រាប់អង្គភាពអាជីវកម្មដែលប្រើប្រាស់បុគ្គលិកផ្នែកជួលមនុស្សទាំងនោះឡើយ។ ចំណែកឯ ៣៧% ទៀតនៃអ្នកគ្រប់គ្រងផ្នែកជួលបុគ្គលិកនិយាយថា បុគ្គលិកដែលទើបតែជួលមកថ្មីៗនឹងនៅបំពេញការងារបានយូរ ប្រសិនបើពួកគេត្រូវបានពន្យល់យ៉ាងល្អអំពីដំណើរការនៃការងារដែលពួកគេត្រូវធ្វើក្នុងអំឡុងពេលកំពុងសម្ភាសន៍។ របៀបជួលបុគ្គលិកថ្មីដែលគ្មានការរៀបចំច្បាស់លាស់ នឹងក្លាយជាមូលដ្ឋានគ្រឹះអវិជ្ជមានដល់ការធ្វើការរបស់បុគ្គលិក។
ដូច្នេះ អ្នកត្រូវប្រាកដ និងមានភាពស្មោះត្រង់អំពីអ្វីដែលអ្នករំពឹងទុកពីបុគ្គលិកដែលអ្នកជួលមកថ្មីថ្មោង។ លើសពីនេះ អ្នកក៏មិនគួរជួលមនុស្សមកដើម្បីត្រឹមតែបំពេញចន្លោះការងារនៅក្នុងក្រុមហ៊ុនរបស់អ្នកដែរ។ ភាពជាក់លាក់ គឺជាកូនសោរក្នុងការស្វែងរកនិយោជិតត្រឹមត្រូវតាមដែលអ្នកចង់បាន។
៦. បន្ថយសម្ពាធដល់បុគ្គលិក
ថ្លៃជួល និងទម្ងន់ភារកិច្ចមិនស៊ីគ្នា បណ្ដាលឱ្យមានការសម្រេចចិត្តលារលែងរបស់បុគ្គលិក។ អ្នកមិនត្រូវសង្ឃឹមបុគ្គលិកឱ្យបំពេញការងារដូចមនុស្សយន្តនោះទេ។ នៅពេលស្ថានភាពការងារ និងជីវិតរបស់បុគ្គលិកខ្វះតុល្យភាព វាគឺជាសញ្ញានៃការដាក់សម្ពាធដល់ពួកគេ ពីព្រោះប្រសិនបើបុគ្គលិកមានអារម្មណ៍ថាពួកគេកំពុងចំណាយពេលវេលាស្ទើរតែទាំងស្រុងមកធ្វើការងារជាងការកម្សាន្តសម្រាប់ជីវិត នោះនឹងធ្វើឱ្យពួកគេឆាប់ធុញទ្រាន់ចំពោះការងារ។
ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បាននឹងកំពុងស្វែងរកដំណោះស្រាយចំពោះបញ្ហាខ្វះខាតបុគ្គលិក ដែលក្នុងនោះជម្រើសដ៏មានប្រសិទ្ធិភាពដើម្បីទាក់ទាញបុគ្គលិកបន្ថែម គឺការផ្តល់ប្រាក់ខែឱ្យកាន់តែសមស្របដល់អ្នកបើកបរយន្តហោះដែលក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតពិបាកប្រកួតប្រជែង។ យ៉ាងណាមិញ តើអ្វីដែលក្រុមហ៊ុន ឬអាជីវកម្មខ្នាតតូចគួរធ្វើទេ ប្រសិនបើពួកគេស្ថិតក្នុងកាលៈទេសៈដែលកម្រិតនៃការប្រកួតប្រជែងដណ្ដើមបុគ្គលិកល្អៗកើនឡើងខ្ពស់ ទន្ទឹមនឹងកង្វះលទ្ធភាពប្រកួតប្រជែងផ្តល់ប្រាក់ខែដល់បុគ្គលិកនោះ?
៧. ធ្វើជាក្រុមហ៊ុនមួយដែលបុគ្គលិកមានមោទកភាព
វេលានេះ គឺជាសករាជថ្មីនៃសកម្មជន ដែលមនុស្សជំនាន់ថ្មីទាមទារចង់ឱ្យគ្រប់ទិដ្ឋភាពនៃជីវិតរបស់ពួកគេ គឺជាកត្តារួមចំណែកចំពោះដំណោះស្រាយ ជាជាងធ្វើជាឆ្អឹងទទឹងក។ ក្រុមហ៊ុនរបស់អ្នកក៏មិនខុសគ្នាដែរ។ វាត្រូវតែជារបស់មួយដែលស្គាល់ពីភាពវិជ្ជាមានផ្សេងទៀត ដឹងអ្វីដែលគួរពាក់ព័ន្ធ ផ្តល់ការគាំទ្រ ព្រមទាំងជាកន្លែងដែលបុគ្គលិកពេញចិត្ត និងមានមោទកភាពដែលបានមកបម្រើការឱ្យ។
ដើម្បីទទួលបានការកើតសរសើរពីបុគ្គលិក និងអាចទាក់ទាញនិយោជិតដែលជាគោលដៅរបស់ក្រុមហ៊ុន អ្នកអាចបញ្ជាឱ្យក្រុមហ៊ុនរបស់អ្នកបញ្ចេញសកម្មភាពមួយចំនួនដូចជា បង្កើតកម្មវិធីមនុស្សធម៌ គាំទ្រដល់អង្គការសង្គ្រោះមិនស្វែងរកប្រាក់កម្រៃ ផ្តល់ជំនួយដល់សហគមន៍ក្រីក្រ និងកម្មវិធីជួបជុំបុគ្គលិកទាំងអស់ក្នុងក្រុមហ៊ុនជាដើម។ និយោជិតដែលមានបំណង និងបារម្ភអំពីឥទ្ធិពលនៃជីវិតរបស់ពួកគេដែលភាយទៅដល់ពិភពខាងក្រៅ នឹងពិចារណាធ្វើការឱ្យក្រុមហ៊ុនណាដែលមានកេរ្តិ៍ឈ្មោះវិជ្ជាមាន ជាជាងគិតតែពីសារប្រយោជន៍។
ត្បិតសម័យនេះវិទ្យាសាស្ត្រជឿនលឿនខ្លាំង និងមានធនធានមនុស្សច្រើនដើម្បីឱ្យអ្នកជួល ប៉ុន្តែមនុស្សដែលធ្វើការងារដោយមិនសូវខ្វល់ពីប្រាក់ខែ ចង់ធ្វើការនៅកន្លែងមួយឱ្យជោគជ័យ និងសម្រេចទិសដៅរបស់ខ្លួនក្នុងការងារនៅមិនទាន់មានច្រើនប៉ុន្មានទេ។ យ៉ាងណាក៏ដោយ អ្នកគួរតែចាំថា បុគ្គលិករបស់អ្នកមិនមែនជាគ្រឿងយន្តដែលធ្វើការមិនចេះឈប់ និងចង់បានតែថ្លៃឈ្នួលត្រឡប់ទៅវិញនោះទេ។
អ្វីដែលផ្ទុយ គឺពួកគេក៏ចេះបារម្ភពីកន្លែងដែលពួកគេបំពេញកិច្ចឱ្យ របៀបរបបធ្វើការងារ និងមនុស្សដែលពួកគេធ្វើការជាមួយផងដែរ។ ដូច្នេះ ការថែរក្សាបុគ្គលិកឆ្នើមដែលមានស្រាប់ គឺជាជម្រើសដែលក្រុមហ៊ុនត្រូវគិតគូរមុនពេលចង់ជួលមនុស្សថ្មី។
អត្ថបទទាក់ទង
មធ្យោបាយងាយៗចំនួន ៦ ក្នុងការលើកទឹកចិត្តបុគ្គលិកដោយមិនអស់ថវិកា