ក្បួនសំខាន់ៗចំនួន ៥ ដើម្បីផ្សព្វផ្សាយផលិតផល ឬស្លាកសញ្ញាប្រកបដោយប្រសិទ្ឋភាព

នៅក្នុង​វិស័យ​ធុរកិច្ច​អាជីវកម្ម​ទាំងឡាយ​ មិន​អាច​ចៀស​ផុត​ពី​ការ​ផ្សព្វផ្សាយ​បាន​ឡើយ​ បើទោះ​បី​ជាផលិតផល ​ឬ​​សេវា​កម្ម​របស់​អ្នក​មាន​គុណភាព​ល្អ​យ៉ាងណា​ក៏ដោយ​។​​ ការផ្សព្វផ្សាយ​ មានន័យថា​ ជាការ​ផ្តល់ដំណឹង ​ឬ​ប្រាប់​ដល់​អតិថិជន​ពីអ្វី​ដែលអ្នកមាន ​ជាពិសេស​ គឺ​ធ្វើ​ឲ្យ​គេស្គាល់​ថា​អ្នកលក់ផលិតផល​ ឬ​បម្រើ​សេវាកម្ម​អ្វីខ្លះ។​

ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗចំនួន ៥ ដើម្បីផ្សព្វផ្សាយផលិតផល ឬស្លាកសញ្ញាប្រកបដោយប្រសិទ្ឋភាព៖ 

១. ត្រូវប្រាកដថាអ្នកបានរៀបចំអ្វីៗទាំងអស់ក្នុងដៃ

គ្រប់កញ្ចប់ផលិតផល​ដែលត្រូវផ្សព្វផ្សាយត្រូវបែង​ចែកនិងរៀបចំឱ្យបាន​គ្រប់ចំនួនទៅតាម​គោលដៅរបស់​អតិថិជន។ ប្រសិនបើអ្នក​សរសេរលិខិត សារលើ​គេហទំព័រ ឬសារ​បោះពុម្ពផ្សព្វផ្សាយ អ្នកគួរតែដាក់​ចំណងជើងឱ្យបាន​ទាក់ទាញ​ដើម្បី​ធ្វើឱ្យមនុស្សចង់​អានបន្ត។ អ្នកក៏ប្រហែល​ត្រូវ​មាន​​កម្រង​សំណួរ និងចម្លើយដែល​អតិថិជន​សួរជាញឹកញាប់ ការណែនាំ​ពិសេសអំពីការ​​ប្រើ​ប្រាស់​​ផលិតផល និងសម្រង់​សំដីពោលសសើរ​របស់អតិថិ​ល្បីឈ្មោះ​ រូបថត ឬតារាង​សង្ខេប​ព័ត៌​មាន​​អំពីផលិតផល។

២. ភាពទាក់ទាញនឹងធ្វើឱ្យអ្នកលេចធ្លោជាងគេ

គ្មាននរណាម្នាក់​ទៅប្រឹងអានសារ​ដែលមិនទាក់ទាញ​អារម្មណ៍ទេ។ សព្វថ្ងៃនេះ​មនុស្សយើង​​ទទួល​ការរំខាន​ច្រើនណាស់ ដូច្នេះចំណាប់​អារម្មណ៍របស់​មនុស្សកាន់​តែខ្លីទៅៗ។ ប្រសិន​បើអ្នក​ចង់​បង្កើតឥទ្ធិពល​លើឥរិយាបថ​របស់មនុស្ស អ្នកត្រូវតែ​ទាញចំណាប់អារម្មណ៍​របស់មនុស្សឱ្យ​យូរដើម្បីឱ្យ​គេទទួលសារ​ផ្សព្វផ្សាយ​របស់អ្នកឱ្យ​បានចប់ចុងចប់​ដើម។ ឧទាហរណ៍​ជាក់ស្តែង ប្រសិន​បើអ្នកផ្ញើសារ​លើក្រដាស អ្នកគួរតែ​រកស្រោមសំបុត្រណា​ដែលមានពណ៌​ស្រស់ ឬសរ​សេរពាក្យ​ពេចន៍ដែលខ្លីតែ​ធ្វើឱ្យអ្នកដែលបាន​ឃើញហើយចងចាំ​និងឆ្ងល់ចង់​ដឹងបន្ថែម។ ហើយ​ប្រសិន​បើអ្នកផ្សព្វផ្សាយតាម​អ៊ីនថឺណិត អ្នកអាចប្រើប្រាស់​ចំណងជើង ឬរូបភាព​​ឱ្យទាក់ទាញ​​បំផុត។

៣. ស្គាល់ផលិតផលរបស់អ្នក

ដើម្បីលក់​អ្វីម្យ៉ាង អ្នកត្រូវតែបង្កើតជំនាញ​ខាងបកស្រាយលម្អិត​អំពីផលិតផល​នោះ។ នៅត្រង់​​ចំណុចនេះ អ្នកផ្សព្វផ្សាយខ្លះ​យល់ច្រឡំថា គេគ្រាន់តែអង្គុយ​នៅចំពោះ​មុខក្រដាសស ឬកុំព្យូទ័រ​​មួយ​ដើម្បី​ចាំ​ទទួលភ្ញៀវ​ជាការស្រេច។ អ្វីៗដែលអ្នក​ត្រូវដឹងគឺ​គ្រប់ដំណាក់កាល​​ទាំងអស់​នៃការ​បង្កើតផលិតផល​ដែលអ្នកកំពុងតែ​ផ្សព្វផ្សាយនោះ​។ ដូច្នេះ​ហើយ មិនខ្វល់ថា​អ្នកកំពុង​តែលក់​ផលិតផល​អ្វីទេ ត្រូវចាប់ផ្តើមប្រមូលព័ត៌មាន​ទាំងអស់ទាក់ទង​នឹងផលិតផល​នោះមករក្សាទុក​ក្នុង​ខួរក្បាល​រួចព្យាយាមពន្យល់​ក្នុងរបៀបសាមញ្ញ​បំផុត។

៤. ស្គាល់មនុស្សដែលអ្នកចង់លក់ផលិតផលទៅឱ្យ

ទិដ្ឋភាពមួយ​ទៀតនៃការបង្កើតសារ​ផ្សព្វផ្សាយពាណិជ្ជកម្មដោយ​ជោគជ័យ​គឺត្រូវស្គាល់​ចំណង់​ចំណូលចិត្ត តម្រូវការ​ និងចំណាប់​អារម្មណ៍ ព្រមទាំង​ភាសារបស់​មនុស្សដែលអ្នក​កំពុង​តែព្យា​យាម​​បញ្ជូនសារនោះ​ទៅឱ្យ ឬលក់ផលិតផល​ទៅឱ្យ។ ប្រសិន​បើអតិថិជន​​អ្នកជា​មនុស្សប្រុស​​វ័យជំទង់ អ្នកប្រហែល​ត្រូវរកភាសា និងរបៀបនិយាយ​ឱ្យខុសពីអតិថិជន​ដែលជា​មនុស្សស្រី។ ដើម្បីមាន​ជំនាញបែបនេះ អ្នកត្រូវតែសិក្សា និងស្គាល់ឱ្យច្បាស់​នូវវប្បធម៌​របស់អថិតិជន​។ បើ​ចាំ​បាច់ត្រូវចំណាយ​ពេលទៅមើលកុន​ដែលពួក​គេមើល អាន​ទស្សនាវដ្តី ឬសៀវភៅ​​ដែល​ពួកគេ​អាន។

៥. អ្វីៗទាំងអស់អាស្រ័យលើអតិថិជន

ពិតហើយថា​អ្នកមានចំណាប់អារម្មណ៍​ក្នុងផលិតផលរបស់អ្នក និងមានបេសកកម្ម​ក្នុងការពន្យល់​អតិថិជនរបស់អ្នក។ ប៉ុន្តែអ្នកក៏គួរ​តែដឹងថា អតិថិជនរបស់​អ្នកចូលចិត្តអ្វី​និងចង់បានអ្វីដែរ។ មាន​ន័យថា​ដើម្បីជោគជ័យ អ្នកត្រូវ​តែចាប់​អារម្មណ៍​នឹងអ្វីៗគ្រប់យ៉ាង​ដែលអតិថិជន​​របស់អ្នក​ចាប់​​អារម្មណ៍​ដែរ។ គោលដៅ​នៃការផ្សព្វផ្សាយ​របស់អ្នកមិនមែន​ធ្វើឱ្យអតិថិជន​​ស្ញប់ស្ញែង​នឹង​វោហា​សាស្រ្ត​របស់អ្នក​ទេ ប៉ុន្តែគឺការទាក់ទាញ​អតិថិជនឱ្យ​ចាប់អារម្មណ៍​លើផលិតផល​ដែល​អ្នកកំពុង​​តែលក់។ ដូច្នេះអ្នក​ត្រូវតែរក្សាតុល្យភាព​រវាងការពោល​អួតផលិតផល​ដែលអ្នក​កំពុងតែលក់​​នឹង​រឿងរ៉ាវគ្រប់យ៉ាង​ដែលទាក់ទង​នឹងតម្រូវការ​របស់​អតិថិជន។

ជារួមមកវិញ មិនខ្វល់ថា អ្នក​ប្រើប្រាស់សារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដូចម្តេច​ទេ ហើយ​ក៏មិនខ្វល់​ថាអ្នកប្រើប្រាស់​​វិធីសាស្រ្ត​បែបណាដើម្ប​ផ្សព្វផ្សាយពាណិជ្ជ​កម្ម​ អ្នកគួរតែ​ដឹងថា មានគោលការណ៍​គ្រឹះនៃ​ការ​ផ្សព្វ​ផ្សា​យ​ដែលអ្នក​អាចប្រើប្រាស់​ដើម្បីធ្វើឱ្យ​ប្រាកដថា អ្នកកំពុង​តែធ្វើការប្រកប​​ដោយ​ប្រសិទ្ធភាព​​ខ្ពស់ ហើយគន្លឹះខាងលើនេះអាចឲ្យអ្នកសិក្សា និងសាកល្បងអនុវត្តបាន។


អត្ថបទទាក់ទង

អនុវត្តវិធីសាស្រ្តចម្បងៗ ៣ នេះដើម្បីទាក់ទាញអតិថិជនថ្មី

 

Leave a Reply

Your email address will not be published. Required fields are marked *