រឿងខ្លី៖ លា និងចង្រិត ផ្តល់អត្ថន័យសម្រាប់ពិចារណាក្នុងជីវិតនិងការងារ
យោងតាមសៀវភៅ រឿងព្រេងខ្មែរលើ ដោយ កែវ ណារុំ បោះពុម្ភឆ្នាំ២០១១ មានរឿងមួយដំណាលថា៖
ថ្ងៃមួយលាដើរទៅរកស៊ីស្លឹកឈើនៅគុម្ពោតព្រៃឆ្ងាយពីផ្ទះម្ចាស់បន្ដិច។ រំពេចនោះស្រាប់តែឮសត្វចង្រិតច្រៀង ច្រេក! ច្រេក! ដ៏ស្រួយស្រេះ។ លាឈរទ្រឹងឈប់ស៊ីស្លឹកឈើ ហើយបណ្ដែតអារម្មណ៍ស្ដាប់សំឡេងចង្រិតច្រៀង។ ស្ដាប់យូរៗទៅកាន់តែពីរោះឡើងៗ លាក៏ដើរទៅតាមរកសូរសំឡេងរបស់ចង្រិត។ ពេលបានជួបនឹងចង្រិតហើយ លាក៏សួរទៅចង្រិតថា៖
នែប្អូនចង្រិត! តើអ្នកឆីអ្វីដែរបានជាច្រៀងពីរោះម្ល៉េះ?
ចង្រិតសើច ហើយពោលតបវិញថា៖
អូ៎! វាមិនពិបាកទេ! ខ្ញុំច្រៀងពីរោះ ព្រោះរៀងរាល់ថ្ងៃខ្ញុំដើរលិឍតែទឹកសន្សើមប៉ុណ្ណោះ។
ស្ដាប់ឮហើយលាសប្បាយចិត្តណាស់ ដោយរួសរាន់ដើរចេញពីផ្ទះដើម្បីទៅរកទឹកសន្សើមដែលដក់លើស្លឹកឈើ ឬស្មៅលិឍ។ ពេលលិឍរួចហើយលាស្រែកច្រៀងភ្លាម ប៉ុន្ដែសំឡេងមិនដូចបំណងសោះ គឺនៅតែឮសូរ ហេស! ហេស! ដូចសំឡេងកំណើតដដែល។ លុះថ្ងៃបន្ទាប់ លាដើរឆ្ងាយបន្ដិចទៀត គឺទៅទីដែលមានល្បាស់លាស់ខ្ចី និងទឹកសន្សើមដក់ច្រើនជាងកន្លែងម្សិលមិញ។ លាក៏លិឍទឹកសន្សើមនោះញាប់ស្អេកដោយសេចក្ដីត្រេកអរពន់ពេក និងដោយក្ដីសង្ឃឹម ប៉ុន្ដែក្រៅពីល្បងស្រែកឲ្យអស់ទំហឹង ក៏នៅតែឮសូរ ហេស! ហេស! ដូចដើមជាដដែល។
លាមិនបោះបង់មហិច្ឆតារបស់ខ្លួនឡើយ គឺនៅតែប្រឹងតស៊ូព្យាយាមរកកន្លែងថ្មីដែលមានទឹកសន្សើមដក់ច្រើនជាមុនទៀតដើម្បីលិឍជាបន្ដ។ លាលិឍរហូតភ្លេចស៊ីស្លឹកឈើបំពេញក្រពះ យូរៗទៅលាក៏ធ្លាក់ខ្លួនស្គម។ ថ្វីបើធ្លាក់ខ្លួនស្គមរីងរៃ ហេវហត់ អស់កម្លាំងក៏ដោយក្ដី ក៏លាមិនបោះបង់មហិច្ឆតារបស់ខ្លួនដែរ គឺនៅតែបន្ដលិឍទឹកសន្សើមហើយស្រែកៗ។ លាស្រែកហើយស្រែកទៀត ស្រែករហូតដល់ក្ដីមរណៈ។
One thought on “រឿងខ្លី៖ លា និងចង្រិត ផ្តល់អត្ថន័យសម្រាប់ពិចារណាក្នុងជីវិតនិងការងារ”