មូលហេតុចម្បងៗចំនួន ៤ ដែលក្រុមហ៊ុនគួររៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់បុគ្គលិក

ការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ គឺជាមុខងារមួយដែលទាក់ទងនឹងសកម្មភាពរបស់អង្គភាពដែលសំដៅលើការបង្កើនសមត្ថភាពការងាររបស់បុគ្គល និងក្រុមនីមួយៗនៅក្នុងការរៀបចំរបស់អង្គភាព។ ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ អាចត្រូវបានពិពណ៌នាថាជា ដំណើរការអប់រំដែលពាក់ព័ន្ធនឹងការអភិវឌ្ឈជំនាញ គំនិត ការផ្លាស់ប្តូរអាកប្បកិរិយា និងការទទួលបានចំណេះដឹងបន្ថែមទៀត ដើម្បីបង្កើនការបំពេញការងាររបស់បុគ្គលិក។ វិស័យនេះត្រូវបានគេស្គាល់តាមរយៈឈ្មោះជាច្រើនដូចជា “ការអភិវឌ្ឍន៍ធនធានមនុស្ស” “ការអភិវឌ្ឍមូលធនមនុស្ស” និង “ការសិក្សា និងអភិវឌ្ឍន៍”។

ការបណ្តុះបណ្តាល គឺជាដំណើរការជាប្រព័ន្ឋដែលផ្លាស់ប្តូរឥរិយាបថ ការយល់ដឹង និងជំនាញរបស់និយោជិកតាមទិសដៅមួយនាំទៅដល់ការសម្រេចគោលដៅរបស់របស់អង្គភាព។ ការបណ្តុះបណ្តាល ត្រូវបានតាក់តែងដើម្បីផ្តល់ឲ្យនិយោជិកនូវសមត្ថភាពឆ្លើយតបទៅនឹងសំណូមពរការងារបច្ចុប្បន្ន។ ឯការអភិវឌ្ឈនយោជិកវិញ មានគោលដៅហួសពីការងារជាក់ស្តែងបច្ចុប្បន្ន វាផ្តោតលើទិដ្ឋភាពទៅអនាគត។ វាជាការត្រៀមលក្ខណៈសម្រាប់ពេលខាងមុខ នៅពេលដែលសហគ្រាសផ្លាស់ប្តូរ និងរីកចម្រើន។

មិនថាទីណានោះទេ ការបង្កើតវគ្គបណ្តុះបណ្តាលនៅក្នុងក្រុមហ៊ុនពិតជាមានសារៈសំខាន់ណាស់។ បើពិចារណាទៅលើប្រព័ន្ធបច្ចេកវិទ្យាថ្មី និងការពង្រឹងក្រុមហ៊ុន និយោជិតទាំងអស់គួរតែចូលរួមវគ្គបណ្តុះបណ្តាលទាំងនោះ ដើម្បីទទួលបានចំណេះដឹង ជំនាញថ្មីៗ និងពង្រឹងការអនុវត្តការងាររបស់ខ្លួនឲ្យមានលទ្ធផលល្អផងដែរ។ ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកទាំងអស់គ្នាពីសារៈសំខាន់របស់វគ្គបណ្តុះបណ្តាល និងមូលហេតុដែលក្រុមហ៊ុនគូរតែបង្កើតវាឡើងនៅក្នុងក្រុមហ៊ុន។

១. ពង្រឹងសមត្ថភាព

មិនត្រឹមតែជានិយោជិតនោះទេ អ្នកអាចលើកយកសិស្សមកធ្វើជាឧទាហរណ៏បាន ប្រសិនបើពួកគេបានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ពួកគេក៏នឹងពង្រឹងចំនេះដឹងរបស់ពួកគេបានដែរ ។ ប្រសិនបើយើងអនុវត្តវាទៅលើបុគ្គលិកដែរនោះ ពួកគេក៏នឹងពង្រឹងសមត្ថភាពការងាររបស់ពួកគេបានដូចគ្នា ។ តាមរយៈកម្មវិធីនេះបុគ្គលិកនិងទទួលបានចំណេះដឹង ជំនាញថ្មីដើម្បីអនុវត្តការងាររបស់ពួកគេអោយមានលទ្ធផលល្អផងដែរ។

២. មានការយល់ដឹងពីជំនួញបានទូលំទូលាយ

ក្នុងករណីនេះគឺសម្រាប់ក្រុមហ៊ុនអ្នកជាប្រភេទក្រុមជំនួញធំមួយ ដែលមានជំនួញតូចៗផ្សេងទៀត ។ ដូច្នេះវគ្គបណ្តុះបណ្តាលគឺជាពេលមួយដែលអ្នកអាចពិភាក្សាពីគ្រប់ជំនួញទាំងអស់ដែលក្រុមហ៊ុនរបស់អ្នកកំពុងដំនើរការ ដើម្បីស្វែងយល់អ្វីដែលថ្មីផងដែរ ។ វាជាក៏កត្តាមួយដែលធ្វើអោយក្រុមហ៊ុនមានការរីកចម្រើនដែរ នៅពេលដែលបុគ្គលិកមានការយល់ដឹងច្បាស់ពីក្រុមហ៊ុន ។

៣. ទំនាក់ទំនងល្អ

ទំនាក់ទំនងល្អនៅក្នុងក្រុមហ៊ុន ពិតជាមានសារៈសំខាន់ណាស់។ វានឹងធ្វើឲ្យបុគ្គលិកទាំងអស់មានការសហការពិភាក្សាការងារ ចែករំលែកបទពិសោធន៏ ក៏ដូចជាចំណេះដឹងការងារឲ្យគ្នាទៅវិញទៅមក ដើម្បីបំពេញចំនុចខ្វះខាត។ ដោយមានវគ្គបណ្តុះបណ្តាល នឹងធ្វើឲ្យបុគ្គលិកទាំងអស់សិក្សាជាមួយគ្នា ធ្វើឲ្យពូកគេមានទំនុកចិត្តចំពោះខ្លួនឯង ការសហការជាក្រុមបានល្អផងដែរ។

៤. ក្រុមហ៊ុនមានការរីកចម្រើន

ការបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលនៅក្នុងក្រុមហ៊ុន គឺជាគោលដៅមួយដែលធ្វើឲ្យបុគ្គលិកទាំងអស់មានគោលដៅមួយរួមគ្នា គឺភាពរីកចម្រើនរបស់ក្រុមហ៊ុន។ ដូច្នេះក្នុងពេលនោះ អ្នកអាចឲ្យគ្រប់ផ្នែកទាំងអស់នៅក្នុងក្រុមហ៊ុនបង្ហាញពីចំណាប់អារម្មណ៏ថ្មីៗរបស់ពួកគេ អ្នកក៏អាចទទួលអ្វីដែលថ្មីដើម្បីប្រាស្រ័យទាក់ទងជាមួយអតិថិជនរបស់អ្នកផងដែរ។ អ្នកក៏អាចឃើញថាបុគ្គលិករបស់អ្នកមានការរីកចម្រើនជាលំដាប់ផងដែរ ជាហេតុធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើនដូចគ្នា។

ដូច្នេះ សូមពិចារណាថា តើអ្នកគួរតែរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនៅក្នុងក្រុមហ៊ុនដែរទេ?


អត្ថបទទាក់ទង

តើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) គឺជាអ្វី?

Leave a Reply

Your email address will not be published. Required fields are marked *