រឿងខ្លី៖ បុរសមកពីឋានព្រះអង្គារ នារីមកពីឋានព្រះសុក្រ

កាលពីព្រេងនាយ​ ពេលបុរសរស់នៅលើឋានព្រះអង្គារ សម្លឹងមើលទៅលើមេឃដោយកែវឆ្លុះ​ គេបានឃើញ​នារីលើឋានព្រះសុក្រ ក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍នាងភ្លាម។  បន្ទាប់មក​ បុរសនោះក៏ប្រញាប់ផលិតយានអាវកាសជិះសំដៅទៅរកឋានព្រះសុក្រជាបន្ទាន់។ 

កញ្ញាឋានព្រះសុក្រ​ ក៏ចេញមកទទួលស្វាគមន៍កំលោះពីឋានព្រះអង្គារដោយក្តីសោមនស្ស។ នាងតែងទន្ទឹមរង់ចាំជានិច្ចថាថ្ងៃនេះនឹងមកដល់។  នាងត្រៀមខ្លួនរួចជាស្រេច​ ដើម្បីទទួលសេចក្តីស្នេហាដែលខ្លួនមិនធ្លាប់ស្គាល់មកពីមុន។

សេចក្ដីស្នេហារវាងបុរសពីឋានព្រះអង្គារ និងនារីលើឋានព្រះសុក្របានក្លាយជារឿងដ៏អស្ចារ្យមួយ។ គេទាំងពីរមានសេចក្ដីសុខរួមគ្នា ធ្វើសកម្មភាពផ្សេងៗ និងចែករំលែករឿងរ៉ាវគ្រប់យ៉ាងជាមួយគ្នា។ តែទោះបីគេទាំងពីរមកពីពិភពពីរផ្សេងគ្នាក៏ដោយ ក៏ពួកគេទាំងពីរព្រមទទួលយកភាពខុសប្លែករបស់ភាគីម្នាក់ទៀតបានដែរ។ គេទាំងពីរត្រូវចំណាយពេលជាច្រើន ដើម្បីរៀនទទួលយកនូវភាពខុសប្លែករបស់ភាគីនីមួយៗមិនថាជាសេចក្ដីត្រូវការ ចំណង់ចំណូលចិត្តអាកប្បកិរិយាដែលមិនដូចគ្នា។ ពួកគេទាំងពីរស់នៅជាមួយគ្នាដោយសេចក្ដីស្រឡាញ់ និងការយល់ចិត្តគ្នាជាអស់រយ:ពេលជាច្រើនឆ្នាំ។

នៅថ្ងៃមួយ ពួកគេក៏សម្រេចចិត្តផ្លាស់ទីមករស់នៅលើភពថ្មីមួយទៀតហៅថា “ផែនដី” ។ ពីដំបូងអ្វីៗគ្រប់យ៉ាងក៏ដូចជាប្រព្រឹត្តិទៅតាមធម្មតា និងពោរពេញទៅដោយសេចក្ដីសុខ តែមជ្ឈដ្ឋាននៅភពផែនដីបានធ្វើឲ្យពួកគេទាំងពីរប្រែប្រួល។ នៅព្រឹកថ្ងៃមួយ ពេលភ្ញាក់ពីដំណេក ពួកគេក៏លែងចងចាំរឿងរ៉ាវពីអតីតកាលទាំងអស់។ ពួកគេមិនដឹងថា ពួកគេមកពីភពពីរផ្សេងគ្នានិងមានអ្វីៗជាច្រើនយ៉ាងដែលខុសប្លែកពីគ្នានោះទេ។ ចាប់តាំងពីថ្ងៃនោះមករឿងរ៉ាវដែលពួកគេទាំងពីរបានរៀនសូត្រពីគ្នាទៅវិញទៅមកកាលពីមុនក៏ត្រូវលុបចេញពីការចងចាំទាំងអស់។ ភាពចម្រូងចម្រាស់ទាំងឡាយក៏ចាប់ផ្ដើមកើតមានតាំងពីពេលនោះមក។

សង្ខេបចេញពីសៀវភៅ៖ បុរសមកពីឋានព្រះអង្គារ នារីមកពីឋានព្រះសុក្រ ដោយ ម៉ាញ ប៊ុក (លោកអ្នកអាចស្វែងរកសៀវភៅនេះបានជាភាសាខ្មែរ និងអង់គ្លេសបានដូចខាងក្រោម)


អត្ថបទទាក់ទង

ប្រវត្តិសែនលោកខែនៃទេវកថាចិន (Chinese Mid-Autumn Festival)

Leave a Reply

Your email address will not be published. Required fields are marked *