ប្រវត្តិសែនលោកខែនៃទេវកថាចិន (Chinese Mid-Autumn Festival)

បុណ្យ​សែន​ព្រះ​ខែ​នេះ​ក៏​មាន​រឿង​ព្រេង​តំណាល​តៗ​គ្នា​ច្រើន​ជំនាន់ និង​មាន​ប្រភព​រឿង​ខុស​គ្នា​ផង​ដែរ។

ក្នុង​ចំណោម​នោះ​មាន​ដូច​ជា​រឿង​ព្រេង​បែប​ប្រវត្តិ​សាស្រ្ត​មួយ​តំណាល​ថា កាល​នៅ​ចុង​រជ្ជកាល យន់ ចន្លោះ ឆ្នាំ​១២៧១ ដល់ ឆ្នាំ​១៣៦៨ នៃ​គ្រិស្ត​សករាជ ប្រទេស​ចិន ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​ជន​ជាតិ​ម៉ុងហ្គោលី ហើយ​ជន​ជាតិ ហាន មាន​បំណង​ចង់​ផ្តួល​រំលំ​របប​នេះ តែ​ពួក​គេ​គ្មាន​មធ្យោបាយ​ផ្សព្វ​ផ្សាយ​ដំណឹង​បះបោរ​ដល់​ក្រុម​ជន​ជាតិ ហាន របស់​ខ្លួន​ឡើយ។

លុះ​ថ្ងៃ​មួយ​មេទ័ព​ជាតិ ហាន ឈ្មោះ លីវ ប៉ក់វិន បាន​នឹក​រក​វិធី​ផ្តល់​ដំណឹង​តាម​រយៈ​ការ​បង្កប់​សារ​សម្ងាត់​ក្នុង​នំ​ព្រះ​ខែ​នេះ ដើម្បី​ចែក​ដំណឹង​បះបោរ​ដល់​ក្រុម​ទ័ព​នានា​នៅ​ពេល​យប់​ក្នុង​ការ​ផ្តួល​រំលំ​ជន​ជាតិ ម៉ុងហ្គោលី រហូត​បាន​សម្រេច។ ចាប់​ពេល​នោះ​មក​នំ​ព្រះ​ខែ​ ត្រូវ​គេ​ធ្វើ​ដើម្បី​សែន​រាល់​ឆ្នាំ នា​ពេល​រាត្រី​ព្រះ​ចន្ទ​ពេញ​បូណ៌មី​ ដើម្បី​រំឭក​ដល់​ថ្ងៃ​ធ្វើ​ការ​បះបោរ​ផ្តួល​ជន​ជាតិ ម៉ុងហ្គោលី នេះ​ឯង។

ទាក់​ទិន​នឹង​ប្រវត្តិ​រឿង​នំ​សែន​ព្រះ​ខែ​នេះ​ផង​ដែរ ក៏មាន​រឿង​ព្រេង​មួយ​ផ្សេង​ទៀត​ដែល​តំណាល​ថា៖

“កាល​ដើម​ឡើយ​នៅ​លើ​ចក្កវាឡ​យើង​នេះ​មាន​ព្រះ​អាទិត្យ​ចំនួន​ដប់​ភព ដែល​បាន​បញ្ចេញ​ពន្លឺ​យ៉ាង​ក្តៅ​ធ្វើ​ឲ្យ​ប្រជាជន​មិន​អាច​ទ្រាំ​បាន។ 

កាល​នោះ​មាន​បុរស​ក្លាហាន និង​ពូកែ​ខាង​វិជ្ជា​បាញ់​ធ្នូ​សិល្ប៍​ឈ្មោះ ហ៊ូវ អ៊ី បាន​ប្រើ​ធ្នូ​ទិព្វ ដែល​អាច​បាញ់​ចេញ​ផ្លែ​ធ្នូ​ចំនួន ៩ ក្នុង​ពេល​តែ​មួយ ដើម្បី​កម្ចាត់​ចោល​ភព​ព្រះ​អាទិត្យ ៩ នោះ​ចេញ​ដោយ​បន្សល់​ទុក​តែ​មួយ​ភព​ប៉ុណ្ណោះ។

ក្រោយ​មក​លោក ហ៊ូវ អ៊ី ក៏​ត្រូវ​គេ​លើក​ធ្វើ​ជា​ស្តេច​ផែន​ដី ខណៈ​ព្រះអង្គ​ក៏​មាន​ថ្នាំ​ទិព្វ​អាច​រក្សា​ជីវិត​អមតៈ​បាន និង​មាន​ប្រពន្ធ​ដ៏​ស្រស់​ស្អាត​ឈ្មោះ​ព្រះ​នាង ឆាង អឺ (Chang’e)។ វេលា​យប់​មួយ​ស្វាមី​មិន​នៅ​ហើយ​ផ្តាំ​ព្រះ​នាង​ឲ្យ​មើល​ថែទាំ​ថ្នាំ​ទិព្វ​យ៉ាង​ប្រុង​ប្រយ័ត្ន ក៏​មាន​ចោរ​មួយ​ក្រុម​បាន​នាំ​គ្នា​មក​លួច។ ដោយ​ហេតុ​ខ្លាច​បាត់​ថ្នាំ​ទិព្វ​នោះ ព្រះ​នាង ឆាង អ៊ើរ បាន​លេប​វា​ចូល​ក្នុង​ពោះ។

លុះ​ដល់​ពេល​រាត្រី​ព្រះ​ចន្ទ​ពេញ​បូណ៌មី​ក្នុង​ខែ ទី៨ តាម​ចន្ទគតិ​ចិន ស្រាប់​តែ​ព្រះ​នាង​បាន​ហោះ​ហើរ​ទៅ​លើ​មេឃ និង​ក្លាយ​ជា​ទេពធីតា​មួយ​អង្គ។

ពេល​ស្តេច ហ៊ូវ អ៊ី ត្រឡប់​មក​វិញ មិន​ឃើញ​មហេសី និង​ឮ​ថា ព្រះនាង​បាន​ក្លាយ​ជា​ទេពធីតា។ នា​ពេល​រាត្រី​ព្រះ​ចន្ទ​ពេញ​បូណ៌មី​ខែ​ខាង​លើ​នោះ​បាន​មក​ដល់ ស្តេច ហ៊ូវ អ៊ី មាន​ការ​នឹក​អាល័យ​មហេសី និង​បាន​បញ្ជា​ឲ្យ​បរិពារ​ខ្លួន​រៀបចំ​នំ​នែក​នានា​ ជា​ចំណី​អាហារ​ចូល​ចិត្ត​របស់​មហេសី​កាល​នៅ​រួម​រស់​ជាមួយ​គ្នា​រាល់​ឆ្នាំ​ រួម​មាន​នំ​ព្រះ​ខែ​ជាដើម។”

មូលហេតុ​នេះ​ហើយ​ទើប​មាន​ទំនៀម​ទម្លាប់​សែន​នំ​ព្រះ​ខែ​ត​រៀង​មក…។

One thought on “ប្រវត្តិសែនលោកខែនៃទេវកថាចិន (Chinese Mid-Autumn Festival)

Leave a Reply

Your email address will not be published. Required fields are marked *