រឿងខ្លី៖ ដើមឬស្សី

បើកូនមើលមិនឃើញពីលទ្ធផលក្នុងពេលខ្លីពីការព្យាយាមរបស់កូនរាប់ឆ្នាំនោះ ចូរស្រមៃមើលដើមឬស្សីរបស់ពុកនេះ កូននឹងមិនបោះបង់ទេ។

កូនប្រុស អ្នកចំការម្នាក់ បានខិតខំធ្វើការងារយ៉ាងយូរឆ្នាំប៉ុន្តែអ្វីដែលគាត់ខិតខំកន្លងមក បែរជាមិនទាន់ឃើញចេញជាលទ្ធផលល្អ គឺមានតែការខកបំណង និងបាក់ទឹកចិត្ត។ 

ថ្ងៃមួយ កូនប្រុសបានមកលេងឪពុកនៅចំការដោយទឹកមុខស្រងូតស្រងាត់។

ឪពុកអ្នកចំការ បានសួរកូនថា៖ ហ៎េ! កូនប្រុសសម្លាញ់! ហេតុអ្វីមកដល់ផ្ទះវិញ កូនបែរជាមានទឹកមុខមិនរីករាយបែបនេះ?

បុរសវ័យជំទង់ បានរៀបរាប់ប្រាប់ឳពុកពីដំណើររឿងរបស់ខ្លួន ដែលបំពេញការងារនៅទីក្រុង ដែលជួបនឹងការបរាជ័យមិនបានលទ្ធផលសមបំណងនៃការខិតខំរបស់គាត់ជាច្រើនឆ្នាំ។ ឪពុក​ឃើញទឹកមុខកូនបែបនេះក៏នាំកូនទៅដើរមើលចំការ។

ឪពុក៖ ចូរកូនស្ដាប់​ណា! ពុក​បានដាំដើមឈើពីរដើម គឺដើមឬស្សី និងដើមពោត។ ពុកដាំវាក្នុងពេលដំណាលគ្នា ដោយដាក់ជី ស្រោចទឹក ថែរថួនមិនឲ្យខ្វះចន្លោះ។ តែលទ្ធផល ដើមពោត ឆាប់លូតលាស់ក្នុងពេលខ្លី និងឆាប់បានផ្លែផ្កា។ រីឯដើមឬស្សីនេះ ៤ ឆ្នាំហើយ ទើបឃើញមានពន្លកតែបន្តិចមិនបានកន្លះម៉ែត្រផង។ តើពុកគួរគាស់វាចេញទេ?

កូនប្រុស៖ ពូជវាមិនល្អទេដឹងពុក! បានជាវាមិនលូតលាស់បែបនេះ ឬប្រហែលមកពីឬស្សីនោះ ស្អុយហើយមើលទៅ។

ឪពុកក៏នាំកូនសំណប់ចិត្តនោះ មកមើលដើមឬស្សីដែលដាំខុសគ្នា ២ឆ្នាំ ហើយក៏លើកឡើងថា៖ កូនប្រុសដឹងទេ! ឬស្សីនេះដាំប៉ុន្មានឆ្នាំ? គឺ៥ឆ្នាំ!

កូនប្រុស៖ ៥ឆ្នាំ? តែហេតុអ្វីក៏វាលូតលាស់ល្អជាងឬស្សី៤ឆ្នាំនោះ?

ឳពុក៖ ត្រូវហើយកូន! ពុកបានដាំវា៥ឆ្នាំហើយ។ កូនដឹងទេ! ពេលវាអាយុ៤ឆ្នាំ វាដូចគ្នានឹងឬស្សីដែលកូនឃើញមុននឹងអញ្ចឹង គឺវាទើបតែចេញពន្លកទេ។ តែខុសគ្នាមួយឆ្នាំ ឬស្សីនេះលូតលាស់លឿន មាំ និងមិនងាយនឹងរលំដោយសារខ្យល់ទេ។

កូន៖ តើមកពីអ្វី? ឬមកពីពូជដីខុសគ្នា ឬពុកថែទាំខុសគ្នា?

ឪពុក៖ ឬស្សីដែលមាំនេះ គឺមកពីវាខំចាក់រឹសស្កេកស្កាះក្នុងដីរាប់ឆ្នាំ ដើម្បីភាពរឹងមាំរបស់វានៅថ្ងៃមុខដែលមិនងាយនឹងរលំ ក្រោយមកទើបវាលូតលាស់ខ្ពស់បែបនេះ។ ដូចគ្នានឹងការព្យាយាមរបស់កូនដែរ បើកូនមើលមិនឃើញពីលទ្ធផលក្នុងពេលខ្លីពីការព្យាយាមរបស់កូនរាប់ឆ្នាំនោះ ចូរស្រមៃមើលដើមឬស្សីរបស់ពុកនេះ កូននឹងមិនបោះបង់ទេ។


 អត្ថបទទាក់ទង

រឿងខ្លី៖ ស្មោះត្រង់ និងពេលវេលា

 

Leave a Reply

Your email address will not be published. Required fields are marked *