សកម្មភាពចំនួន ៣ ដែលជួយជំរុញគោលដៅជីវិតអ្នកឲ្យបានប្រសើរជាងមុន
តើអ្នកគួរត្រៀមខ្លួនដូចម្តេចខ្លះដើម្បីជំរុញឲ្យខ្លួនឯងឲ្យមានភាពរីកចម្រើនឡើង? ខាងក្រោមនេះជាសកម្មភាពដែលអ្នកអាចពិចារណាសម្រាប់អភិវឌ្ឍន៍ ដើម្បីរួមចំណែកដល់គោលដៅធំៗរបស់អ្នកឱ្យរីកចម្រើនទៅមុខ ព្រមទាំងបានជាប្រយោជន៍ទៅដល់សង្គមបរិស្ថានដែលអ្នករស់នៅផងដែរ៖
១. មើលថែលុយកាក់ និងវិនិយោគដោយត្រឹមត្រូវ
យើងគ្រប់គ្នាជាអ្នកដឹង និងគ្រប់គ្រងនូវប្រភពលុយដែលត្រូវចាយលើអ្វីខ្លះ ហើយការចំណាយនោះ ក៏ត្រូវសមនឹងតម្លៃដែលត្រូវចាយ មានន័យថា គួរចំណាយលើអ្វីដែលនាំឱ្យចម្រើនជាប្រយោជន៍ ជាការវិនិយោគជាការសិក្សាមុខជំនាញថ្មី ឬជាការសន្សំសម្រាប់ជាខ្ទង់ចំណាយបន្ទាន់ពេលអាសន្នជាដើម។ ដូចនេះ ការរម្លឹកខ្លួនឯងជារឿយៗលើប្រភពថវិកា ក៏ជាចំណែកមួយសម្រាប់បំពេញគោលដៅអ្នកផងដែរ ព្រោះថាសកម្មភាពបន្តបន្ទាប់នៃគោលដៅអ្នក គឺត្រូវការប្រភពថវិកាខ្លះសម្រាប់ទ្រទ្រង់។
២. លើកសរសើរក្នុងពេលវេលាលំបាកនេះ
តើអ្នកធ្លាប់សម្គាល់លើចំណុចតូចៗ ឬសមិទ្ធិផលមួយចំនួនដែលមាន គឺកើតចេញពីសកម្មភាពតូចៗប្រចាំថ្ងៃដែលបានធ្វើ ឬបង្កើតវាឡើងហើយពេលខ្លះដោយការព្យាយាម និងប្រឹងប្រែងទើបជម្នះបង្កើតចេញជារូបរាង ឬដំណើរ។ ចំណុចនេះ មានន័យថា កុំភ្លេចសរសើរប្រាប់ខ្លួនឯងពីកិច្ចការដែលអ្នកបានខំប្រឹងប្រែងធ្វើជាប្រចាំថ្ងៃ ហើយក៏មិនគួរកំណាញ់ពាក្យអរគុណ ឬពាក្យសរសើរទៅដល់អ្នក ឬក្រុមការងារដែលខិតខំបំពេញការងារ ជាពិសេសក្នុងពេលវេលាលំបាក ព្រោះថាកម្លាំងចិត្ត និងទឹកចិត្តក៏ជាផ្នែកមួយមិនអាចខ្វះបានផងដែរ សម្រាប់ការបន្តដំណើរទៅរកគោលដៅ ហើយជាពិសេស វាក៏មានឥទ្ធិពលទាក់ទងទៅវិញទៅមកផងដែរ។
៣. ចែករំលែក និងរៀនចំណេះដឹងតាមគោលការណ៍ “ក្មេងមិនអាចខ្វះ ចាស់មិនអាចអត់“
ចំណេះដឹងមានច្រើនឥតកំណត់ ពិសេសរាប់តាំងពីមនុស្សជាច្រើនដែលអ្នកបានជួបដែលពួកគេមកពីមជ្ឈដ្ឋានផ្សេងៗពីអ្នក។ ចំណុចនេះ សម្តៅដល់ការគោរព និងឱ្យតម្លៃលើមនុស្សគ្រប់គ្នាដែលអ្នកបានជួប មិនថាអាយុក្មេង ឬចាស់ទេ ព្រោះថាគំនិតថ្មីៗ និងបទពិសោធន៍ រួមគ្នានឹងជំរុញឱ្យដល់គោលដៅមួយគ្រោងទុក ហើយមានប្រសិទ្ធិភាព។ តាមរយៈចំណេះដឹង និងបទពិសោធន៍ពីមនុស្សគ្រប់គ្នាដែលបានចែករំលែកដល់អ្នកដែលរម្លឹកអ្នកឱ្យរៀនសូត្រជាប់ជាប្រចាំសម្រាប់សម្រេចក្តីប្រាថ្នាដែលអ្នកប៉ងទុក។
អត្ថបទទាក់ទង
ក្បួន “សន្សំ ៥ យ៉ាង” ដែលអាចធ្វើឲ្យជីវិតមានសេចក្តីសុខសុភមង្គល និងជំនួញមានភាពរីកចម្រើន