រឿងខ្លី៖ “ឆ្កែព្រៃ និងក្បាលខ្មោច” ផ្តល់ជាគតិថា អំណាចមិនមែននៅស្ថិតស្ថេរជារៀងរហូតទេ ពេលមានអំណាច គួរតែខំធ្វើល្អឲ្យបានច្រើន
នៅក្នុងរឿងនិទានអ៊ីសុបមានរឿងមួយនិយាយអំពី ឆ្កែព្រៃ និងក្បាលខ្មោច ដែលតំណាលថា៖
ជាធម្មតា ឆ្កែព្រៃ តែងតែខ្លាចរអាចំពោះមនុស្ស ដែលតែងតែប្រើអាវុធមកផ្តាច់ជីវិតរបស់ខ្លួនដើម្បីយកសាច់ទៅធ្វើជាអាហារ និងព្រលះស្បែកយកទៅតុបតែងលម្អផ្ទះសម្បែងជាដើម។ ឆ្កែព្រៃមួយក្បាលនេះក៏ជួបនឹងវាសនាមិនខុសពីឆ្កែព្រៃដ៏ទៃទៀតប៉ុន្មានឡើយ។
ថ្ងៃមួយ ពេលកំពុងស្វែងរកចំណីអាហារក្នុងព្រៃក្រាស់មួយ យ៉ាងសប្បាយរីករាយក្នុងចិត្ត និងនៅមិនឆ្ងាយពីផ្ទះអ្នកភូមិប៉ុន្មាននោះ វាក៏ក្រឡេកឃើញគំនរក្បាលខ្មោចមួយចំនួននៅរាយប៉ាយពាសពេញដី ដែលហាក់ដូចជាពុំមាននរណាចាប់អារម្មណ៍អ្វីទាល់តែសោះ។
ឆ្កែព្រៃ ងាកឆ្វេង ងាកស្តាំ ក្រែងលោមានហេតុអ្វីមិនស្រួល តែក៏ពុំមានសញ្ញាណាមួយគួរអោយព្រួយបារម្ភអ្វីទេ ទើបវាដើរលបៗ សំដៅទៅរកគំនរក្បាលខ្មោចនោះ ហើយក៏យកជើងវាកៀសលេងចុះឡើងៗ យ៉ាងសប្បាយរីករាយ…
“ហ៎ាស! ហ៎ាស! ហ៎ា!…ៗៗៗ”
ឆ្កែព្រៃពេញចិត្តជាខ្លាំង។ វាសើចបណ្តើរយកជើងកៀសក្បាលខ្មោចបណ្តើរ ព្រមទាំងឧទានថា…៖
“ហេះ!… ថ្ងៃមុនពួកឯងដេញបាញ់ពួកយើង!… ហ្នឹងហើយមិនថាពួកអ្នកឯងខ្លាំងពូកែប៉ុណ្ណា ឬឈ្លាសវៃអស្ចារ្យប៉ុណ្ណានោះទេ… ទីបំផុតអ្នកឯងត្រូវមកដេកស្លាប់ស្តូកស្តឹង អស់ទាំងគំនិត អស់ទាំងបញ្ញា អស់ទាំងកំលាំងពលំទាំងឡាយ… យើងអាចកោសក្បាលអ្នកឯងលេងបានម៉ាសេរី!… តើអ្នកឯងមានស្អីអួតទៀត? ម៉េចក៏មិនអួតទៀតទៅ? មានផ្លូវធ្វើស្អីយើងកើត? ហ៎ាស! ហ៎ាស! ហ៎ា!… ខ្លាំងអីទៅមនុស្សចង្រៃ!”
ឆ្កែព្រៃសើចសប្បាយអស់ចិត្ត ទើបធ្វើដំណើរចាកចេញទៅ។
រឿងនេះចង់ផ្តល់អត្ថន័យជូនមិត្តអ្នកអានសម្រាប់គិតពិចារណាថា៖
ឆ្កែព្រៃ ប្រៀបបានទៅនឹងមនុស្សស្លូតត្រង់។ ចំណែកក្បាលខ្មោច ប្រៀបបានទៅនឹងមនុស្សដែលមានអំណាចបុណ្យសក្តិខ្ពង់ខ្ពស់ ដែលតែងតែបំពារបំពានធ្វើបាបជនស្លូតត្រង់ ឬជនទន់ខ្សោយ។ ជាការពិតណាស់! ស្ទើរតែគ្រប់សង្គមទៅហើយ ដែលមនុស្សស្លូតត្រង់ទន់ខ្សោយ តែងតែត្រូវបានមនុស្សមានអំណាចបុណ្យសក្តិខ្ពង់ខ្ពស់ក្នុងសង្គមធ្វើបាប ឬជិះជាន់។ ក៏ប៉ុន្តែមនុស្សដែលមានអំណាចបុណ្យសក្តិ ដែលតែងតែជិះជាន់ និងធ្វើបាបជនស្លូតត្រង់ ឬជនទន់ខ្សោយទាំងនោះ គឺរមែងទទួលរងកម្មពៀរវិញជាពុំខាន។ នេះមានន័យថា ពេលមនុស្សប្រភេទនោះធ្លាក់បុណ្យសក្តិ ឬអស់អំណាច អស់ទ្រព្យសម្បត្តិ គឺតែងតែត្រូវបានមនុស្សទាំងពួងក្នុងសង្គមស្អប់ខ្ពើម មិនរាប់រក និងសើចចំអក ព្រោះពេលនោះបុគ្គលដែលធ្លាប់តែមានអំណាចនោះលែងមានអ្វីៗទាំងអស់ ប្រៀបបានដូចដែលក្បាលខ្មោចត្រូវសត្វឆ្កែព្រៃកៀសលេងយ៉ាងសប្បាយចិត្ត ដោយមិនអាចក្រោកមកតបតឆ្កែព្រៃវិញបានដូច្នោះដែរ។
អំណាចមិនមែននៅស្ថិតស្ថេរជារៀងរហូតទេ ថ្ងៃណាដែលខ្លួនអស់អំណាច អ្វីៗក៏នឹងផ្លាស់ប្តូរទៅវិញដែរ។ ហេតុនេះ ពេលមានអំណាច គួរតែខំធ្វើល្អឲ្យបានច្រើនដើម្បីកុំអោយមានវាសនាដូចក្បាលខ្មោចទាំងនោះ។
អត្ថបទទាក់ទង
រឿងខ្លី៖ ម្រឹត្យូវ និងអ្នកកាប់ឧស បង្កប់អត្ថន័យអំពីការស៊ូរងទុក្ខវេទនាជាជាងស្លាប់
One thought on “រឿងខ្លី៖ “ឆ្កែព្រៃ និងក្បាលខ្មោច” ផ្តល់ជាគតិថា អំណាចមិនមែននៅស្ថិតស្ថេរជារៀងរហូតទេ ពេលមានអំណាច គួរតែខំធ្វើល្អឲ្យបានច្រើន”