រឿងខ្លី៖ “ចាប និងស្រមោច” យកចេញពីរឿងពិតពីវដ្តជីវិតសត្វទាំងពីរនេះ

រឿងនេះ គឺយកចេញពីរឿងពិតពីវដ្តរបស់ជីវិតសត្វពីរក្បាល គឺសត្វចាប និងសត្វស្រមោច។ ដោយសារតែចាបមានរាងធំ វាតែងតែទៅចឹកស៊ីស្រមោចដែលជាសត្វមានរាងតូចជាងខ្លួនជាអាហារ។ ទម្លាប់ប្រចាំថ្ងៃនេះបានជាធ្វើឲ្យចាបគិតថាខ្លួនឯងអស្ចារ្យខ្លាំងណាស់ ព្រោះមិនថាខ្លួនចង់ស៊ីស្រមោចច្រើនប៉ុណ្ណា ក៏ស្រមោចខ្លួនតូចទាបមិនមានសមត្ថភាពតដៃនឹងខ្លួនបានឡើយ។

កាលតំណាលយូរៗទៅ សត្វចាបកាន់តែមានអាយុចាស់ទ្រុឌទ្រោមទៅៗរហូតដល់ថ្ងៃមួយវាបានស្លាប់។ ស្មានមិនដល់អី ហ្វូងស្រមោចដែលគួរតែជាចំណីរបស់ចាបកាលដែលវានៅរស់បានមករោមជិតស៊ីសត្វចាប់នោះអស់គ្មានសល់។

សាច់រឿងនេះខ្លីខ្លាំងណាស់ ប៉ុន្តែន័យបង្កប់របស់វា គឺមានន័យជ្រៅបំផុត ព្រោះវាអាចញ៉ាំងអោយមនុស្សភ្លឺភ្នែក ចំពោះរឿងដែលអាចកើតឡើងនៅពេលអនាគត។ ដោយសារតែពុំមាននរណាម្នាក់ដឹងថា នៅថ្ងៃអនាគតនឹងមានរឿងអ្វីកើតឡើងនោះទេ ហេតុដូច្នេះហើយទើបគេតែងបង្រៀនមនុស្សឲ្យមានការប្រុងប្រយ័ត្នជាមួយទង្វើរបស់ខ្លួន ក្រែងលោហ៍វាអាចធ្វើប៉ះពាល់ដល់ខ្លួនវិញនៅថ្ងៃក្រោយ។

មនុស្សម្នាក់ៗសុទ្ធតែមានពេលវេលា ឳកាស និងវាសនាផ្សេងៗគ្នា។ មនុស្សដែលអ្នកធ្លាប់មើលងាយថ្ងៃនេះ អាចជាមនុស្សតែមួយដែលអ្នកត្រូវអោនលំទោនដាក់នៅថ្ងៃក្រោយ ដូច្នេះប្រសិនជាអ្នកក្រអើតក្រទមនៅថ្ងៃនេះ អ្នកនឹងអាចធ្វើឲ្យបាត់បង់ប្រយោជន៍របស់ខ្លួននៅថ្ងៃក្រោយ។

អញ្ចឹងហើយដើម្បីធ្វើជាមនុស្សម្នាក់ប្រកបដោយគុណធម៌ អ្នកត្រូវចេះឲ្យតម្លៃអ្នកដទៃ ដោយបង្រៀនចិត្តរបស់ខ្លួនឲ្យចេះគិតថា រឿងអ្វីក៏អាចកើតមានឡើងដែរ ដូច្នេះមុនពេលស្តាយក្រោយអ្វីមួយ អ្នកគួរធ្វើល្អឲ្យបានច្រើនវិញល្អជាង។


អត្ថបទទាក់ទង

រឿងខ្លី៖ “ឆ្កែព្រៃ និងក្បាលខ្មោច” ផ្តល់ជាគតិថា អំណាចមិនមែននៅស្ថិតស្ថេរជារៀងរហូតទេ ពេលមានអំណាច គួរ​តែខំធ្វើ​ល្អឲ្យបា​នច្រើន

 

Leave a Reply