ចូហានស៍ ខេផ្លើរ អ្នកប្រាជ្ញជនជាតិអាល្លឺម៉ង់ដ៏ល្បីល្បាញមួយរូប ក្នុងការរុករកនូវអាថ៌កំបាំងទាំងឡាយក្នុងទីអវកាស
ចូហានស៍ ខេផ្លើរ (Johannes Kepler, 1571-1630) ជាអ្នកប្រាជ្ញជនជាតិអាល្លឺម៉ង់ដ៏ល្បីល្បាញមួយរូប។ មួយជីវិតរបស់លោកបានផ្សារភ្ជាប់ទៅនឹងការរុករកនូវអាថ៌កំបាំងទាំងឡាយក្នុងទីអវកាស។ ឈ្មោះរបស់លោកត្រូវបានប្រើសម្រាប់ហៅ ច្បាប់៣ ស្ដីពីការធ្វើចលនារបស់បណ្ដាពិភពដែលជាការត្រៀមសម្រាប់ឲ្យកំណើតច្បាប់ទំនាញផែនដីរបស់ញូវតុន ។ ប្រការមួយគួរឲ្យស្ងើចសរសើរ គឺ ខេផ្លើរ បានសម្រេចនូវសំណង់វិទ្យាសាស្ត្រដ៏ធំធេងក្នុងលក្ខណៈដ៏លំបាក ដូចជាការខ្វះខាតសម្ភារៈ ហើយខាងស្មារតី ក៏លោកត្រូវរងនូវការឈឺចាប់យ៉ាងច្រើនណាស់ដែរ។ កាល់ម៉ាក់ ធ្លាប់បានវាយតម្លៃកេផ្លើរថា “វីរបុរសមួយរូបដែលលោកស្រលាញ់ពេញចិត្ត” ។
ខេផ្លើរ ក៏ត្រូវបានគេវាយតម្លៃថា ជាអ្នកគណិតសាស្ត្រដ៏មានទេពកោសល្យ ជាឥដ្ឋមួយដុំដំបូងបង្អស់ដែលគេបានដាក់សម្រាប់ការត្រៀមឲ្យកំណើតនៃក្បួនលំហាត់គណនាអនុគមន៍ដ៏ទំនើប។
បុព្វជិតមិនគ្រប់លក្ខណៈ
ខេផ្លើរ បានបង្ហាញឲ្យឃើញនូវទេពកោសល្យគណិតសាស្ត្រតាំងពីលោកនៅវ័យក្មេងម្ល៉េះ។ តែដោយសារមកពីឪពុកម្ដាយរបស់លោកក្រពេក មិនអាចឲ្យកូនទៅរៀនបាន ម៉្លោះហើយលោកក៏ត្រូវបង្ខំចិត្តពឹងផ្អែកលើវិទ្យាស្ថានពូជសាសន៍ ដើម្បីជួយមើលការខុសត្រូវដល់ការរៀនសូត្ររបស់កូន។
ខេផ្លើរ ត្រូវបានវិទ្យាស្ថានពូជសាសន៍ ឲ្យសិក្សាខាងផ្នែកមហាវិទ្យាល័យ ទូយប៊ីនហ្គេន ក្នុងបំណងបណ្ដុះបណ្ដាលឲ្យក្លាយទៅជាបព្វជិត។ ខេផ្លើរ រៀនយ៉ាងពូកែ ក៏ប៉ុន្តែក្រៅពីការប្រឡងបញ្ចប់ឆ្នាំសិក្សា គណៈមេប្រយោគបានឯកភាពគ្នាថា លោកមិនគ្រប់លក្ខណៈសម្បត្តិជាបុព្វជិតឡើយ។ ដោយហេតុផលយ៉ាងសាមញ្ញ គឺ ខេផ្លើរ ជក់ចិត្តនឹងការអានសៀវភៅរបស់ នីកូឡា ប៉ែតនិក (តារាវិទូជនជាតិប៉ូឡូញ ឆ្នាំ១៤៧៣‑១៥៤៣) ដែលនិយាយអំពីការវិលរបស់ភព (តាមទស្សនៈពីបុរាណ បណ្ដាភពដូចជា ព្រះអាទិត្យ ផ្កាយ សុទ្ធសឹងវិលជុំវិញផែនដី) ឬពីទ្រឹស្ដីបិសាច ដែលបានគូសបញ្ជាក់ថា ផែនដីធ្វើចលនាវិលជុំវិញព្រះអាទិត្យ។ ឯតាមធម៌សាសនាគ្រឹះស្ថានបាននិយាយថា ផែនដីជាមណ្ឌលនៃពិភពលោក។
សាស្ត្រាចារ្យម្នាក់ដ៏ពូកែ ប៉ុន្តែគ្មានការធ្វើ
បន្ទាប់ពីការប្រឡងជាប់កម្មសិក្សានៅមហាវិទ្យាល័យ ខេផ្លើរ ត្រូវបានចាត់ឲ្យធ្វើជាសាស្ត្រាចារ្យនៅវិទ្យាល័យ ក្រាស (ប៉ែកខាងត្បូងអូទ្រីស)។ ទាំងសិស្ស ទាំងមជ្ឈដ្ឋានគ្រូបង្រៀននៅមហាវិទ្យាល័យនេះទុកចិត្ត និងស្រលាញ់រាប់អានលោកសាស្ត្រាចារ្យវ័យក្មេងខេផ្លើរណាស់។ លោកខេផ្លើរ ថ្វីបើមានរាងស្គមទន់ខ្សោយ ក៏ប៉ុន្តែគាត់មានស្មារតីព្យាយាម និងខ្លាំងពូកែណាស់។ គ្រប់មេរៀនដែលលោកបង្រៀន គឺច្បាស់លាស់ ព្រោះថាលោកចូលចិត្តរៀនសូត្រ និងចូលចិត្តស្រាវជ្រាវវិទ្យាសាស្ត្រណាស់។ ក្នុងរយៈពេលតែ ៤ឆ្នាំ ដែលបំពេញការងារនៅក្រាស ខេផ្លើរ បានប្រកាសនូវស្នាដៃធំៗ ដូចជា សៀវភៅប្រវត្តិសាស្ត្រឆ្នាំ១៥៩៤ ក្នុងនោះមានទាំងផ្នែកស្ទង់មើលកម្រិតសីតុណ្ហភាព និងសៀវភៅប្រជុំវិញ្ញាសាស្រាវជ្រាវពីលំហអវកាស (១៥៩៧)។ ក៏ប៉ុន្តែ រហូតមកដល់ឆ្នាំ១៥៩៩ ពុំមានសាលាណាមួយនៅ ក្រាស ហ៊ានអញ្ជើញលោកគ្រូ ខេផ្លើរ មកបង្រៀនទៀតឡើយ។ ក្នុងការប្រជែងដណ្ដើមគ្នារវាងបក្សសាសនាចាស់ និងបក្សសាសនាថ្មី ខេផ្លើរ ត្រូវគេមានមន្ទិលសង្ស័យថាចូលរួមក្នុងសកម្មភាពប្រឆាំងនឹងសមាគមសាសនាក្រាស។ លោកសាស្ត្រាចារ្យដ៏ពូកែនោះត្រូវបាត់បង់ការងារធ្វើ ហើយទទួលរងនូវការគំរាមកំហែងទៀតផង។ លោកក៏ត្រូវបង្ខំចិត្តត្រូវនាំគ្រួសាររត់គេចខ្លួន។
គ្រូទស្សន៍ទាយដោយបង្ខំចិត្ត
ចាប់ពីឆ្នាំ១៦០១ ខេផ្លើរ ត្រូវបានព្រះមហាក្សត្រអូទ្រីស តែងតាំងឲ្យធ្វើជាអ្នកគណិតសាស្ត្ររបស់ព្រះរាជា ទទួលបន្ទុកស្ថានីយតារាសាស្ត្រប្រាក (ប្រទេសអូទ្រីសនៅសតវត្សទី១៧ រួមមានទាំងប្រទេសឆេកូស្លូវ៉ាគី)។ អ្នកគណិតសាស្ត្ររូបនេះ អាចធ្វើការតាមចំណង់ចិត្ត ក៏ប៉ុន្តែបែរជាត្រូវខ្វះខាតលក្ខណៈដ៏សំខាន់មួយ គឺព្រះរាជាពុំមានប្រាក់សម្រាប់បៀវត្សឲ្យខេផ្លើរ ឡើយ ព្រោះសង្គ្រាមដែលអូសបន្លាយជាមួយបណ្ដាប្រទេសនានាបានបង្ហិនបង្រីងសម្ងួតថវិការបស់ប្រទេសព្រះអង្គទៅហើយ។ ពីរបីឆ្នាំជាប់គ្នា ខេផ្លើរ មិនទទួលបានបៀវត្សមួយកាក់មួយសេនណាទាំងអស់។ ដើម្បីអាចនឹងរស់បន្តដង្ហើម បន្តការស្រាវជ្រាវវិទ្យាសាស្ត្រ ខេផ្លើរ បង្ខំចិត្តត្រូវធ្វើជាគ្រូទស្សន៍ទាយជោគតារាឲ្យអស់លោកនាម៉ឺនមន្ត្រីក្នុងព្រះរាជវង្ស (សម័យនោះគេជឿថា វាសនារបស់មនុស្សម្នាក់ៗសុទ្ធសឹងមានទាក់ទងដល់ចលនារបស់ផ្កាយទាំងឡាយនៅលើមេឃ។ ក្បួនជោគតារា គឺជាក្បួនសម្រាប់ទស្សន៍ទាយវាសនារបស់មនុស្សតាមផ្កាយលើមេឃ)។ ខេផ្លើរ បានកត់សម្គាល់ដោយភាពល្វីងជូរចត់ថា “ក្បួនជោគតារាដ៏ផ្ដេសផ្ដាសនោះ បានចិញ្ចឹមបំប៉ននូវបណ្ដាស្នាដៃវិទ្យាសាស្ត្រដ៏បរិសុទ្ធរបស់ខ្ញុំ។”
បរិមាណកិច្ចការដ៏ធំសម្បើម
ច្បាប់ ខេផ្លើរ ថ្លែងយ៉ាងសាមញ្ញថា ៖
- ពិភពលោកទាំងអស់សុទ្ធសឹងធ្វើចលនាវិលជុំវិញព្រះអាទិត្យ តាមគោលចររាងអេលីបដែលមានព្រះអាទិត្យជាចំណុចមួយក្នុងចំណុចរួមពីរ។
- បណ្ដាផ្ទៃក្រឡាដែលបង្កឡើងដោយកាំវិកទ័ររបស់ភពនីមួយៗ សមាមាត្រជាមួយនឹងថេរវេលាចលនារបស់វា។
- ការ រេ របស់ថេរវេលាវិល នៃភពជុំវិញព្រះអាទិត្យសមាមាត្រជាមួយគីប នៃចម្ងាយមធ្យមរបស់វាទៅកាន់ព្រះអាទិត្យ។
មនុស្សតិចណាស់ដែលបានដឹងថា ឃ្លាអក្សរដ៏ខ្លីនេះ គឺជាលទ្ធផលនៃបរិមាណការងារដ៏ធំធេង។ ច្បាប់២ដំបូង ដែលកេប្ល៉ែរបានរកឃើញក្រោយពីការធ្វើពលីកម្ម៥ឆ្នាំយ៉ាងតានតឹង ដោយត្រូវធ្វើលេខរាប់លានតួ ដែលកត់ត្រាបានពីតារាសាស្ត្ររបស់តារាវិទូ ទីខូប្រាហេ (តារាវិទូជាតិដាណឺម៉ាក ១៥៤៦‑១៦០១) បន្សល់ទុកមក។ ចំណែក ច្បាប់ទី៣ លោកត្រូវចំណាយពលីកម្មចំនួន ៩ឆ្នាំ យ៉ាងនឿយហត់ គឺលោកត្រូវធ្វើការសង្កេតមើលបណ្ដើរ កត់ត្រាតួលេខតារាសាស្ត្របណ្ដើរ ដោយត្រូវកែសម្រួល និងគិតលេខបណ្ដើរ។
ពេលឆ្លងកាត់លើវាសនាអភ័ព្វ
ខេផ្លើរ កើតមកហាក់ទុកខ្លួនលោក សម្រាប់រងទទួលនូវការសាកល្បងនឹងពេលវេលា។ វាសនាអភ័ព្វតែងតែសង្កត់ធ្ងន់មកលើស្មាទាំងគូរបស់លោក។ ប្រពន្ធស្លាប់ កូនស្លាប់ ម្ដាយត្រូវជាប់គុក ដោយការចោទប្រកាន់ថាធ្វើធ្មប់។ ខេផ្លើរ ត្រូវរស់យ៉ាងវេទនា ដើម្បីរំដោះជីវិតម្ដាយពីទុក្ខទោស ហើយខ្លួនលោកក៏តែងតែត្រូវរងទទួលនូវការចោទប្រកាន់ថា ធ្វើការផ្សព្វផ្សាយនូវទ្រស្ដីបិសាចរបស់ នីកូឡាស កូពើនិក (Nicolas Copernic) ។ ក៏ប៉ុន្តែ ខេផ្លើរ បានពុះពារឆ្លងកាត់គ្រប់ការលំបាក គ្រប់ឧបសគ្គដោយក្លាហានអង់អាច។ ច្បាប់ទី៣ របស់ខេផ្លើរ ដែលបានរកឃើញក្នុងអំឡុងពេល១១ឆ្នាំ គឺជាពេលដែលគ្រួសាររបស់លោកត្រូវជួបវាសនាអាក្រក់ខ្លាំងក្លាបំផុត។
ខេផ្លើរ បានដកដង្ហើមចុងក្រោយបំផុតក្នុងដំណើរដោយរទេះសេះមួយពីទីក្រុងលីន្ស ទៅកាន់រេហ្គេន្សបួ។ក្នុងហោប៉ៅរបស់លោកនៅពេលនោះ មានប្រាក់តែ ២២អេវី ជិតស្មើនឹងមួយកាក់ ប៉ុន្តែធ្វើឲ្យលោកពោរពេញដោយមោទនភាព៖ “ខ្លួនខ្ញុំជិតបានវាស់ដីហើយ ក៏ប៉ុន្តែខ្ញុំធ្លាប់បានវាស់ផ្ទៃមេឃរួចហើយដែរ! រូបកាយខ្ញុំជិតនឹងបានកប់បាត់ក្នុងជម្រៅដីដ៏ត្រជាក់ ក៏ប៉ុន្តែព្រលឹងរបស់ខ្ញុំធ្លាប់បានហោះហើរសព្វផ្ទៃមេឃ។”
រស់នៅដោយក្ដីសង្ឃឹម
ដោយម្ដាយត្រូវរងនូវការចោទប្រកាន់ថាជាយាយធ្មប់ ហើយសាមីខ្លួនលោកខេផ្លើរ ក៏ជាអ្នកធ្លាប់ពង្រីកនូវទ្រឹស្ដីកូពើនិក នៅឆ្នាំ១៦២៦ ពួកអ្នកវង្វេងសាសនានៅលីន្ស បានសម្រុកចូលវាយកម្ទេចផ្ទះលោក ហើយគំរាមកំហែងធ្វើបាបដល់អ្នកប្រាជ្ញរូបនេះទៀតផង។
មិត្តភក្ដិជាច្រើនរូប បានតឿនឲ្យខេផ្លើរភៀសខ្លួនទៅនៅអ៊ីតាលី។ គេបានអះអាងថា ទេពកោសល្យរបស់លោកនឹងបានគេប្រើប្រាស់ បើលោកយល់ព្រមប្រកាសចោលទ្រឹស្ដីកូពើនិក។ ខេផ្លើរ ប្រកែកដាច់អហង្ការចំពោះយោបល់ទាំងនេះ ទោះបីជាជីវភាពគ្រួសាររបស់លោកនៅពេលនោះទីទ័លក្រយ៉ាងខ្លាំងក្ដី។ គេបានព្រួយបារម្ភជួសលោក មិនដឹងតើលោកនឹងរស់នៅដោយរបៀបណា តែខេផ្លើរបាននិយាយដោយមោទនៈថា៖ “ខ្ញុំនឹងរស់នៅដោយក្ដីសង្ឃឹមជានិច្ច!”
ដកស្រង់ និងសម្រួលចេញពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ
អត្ថបទទាក់ទង