រឿងខ្លី៖ ម្រឹត្យូវ​ និងអ្នក​កាប់​ឧស បង្កប់អត្ថន័យអំពីការស៊ូ​រង​ទុក្ខ​វេទនា​ជា​ជាង​ស្លាប់

រឿងម្រឹត្យូវ​ និងអ្នក​កាប់​ឧស គឺជារឿងមួយក្នុងចំណោមរឿងទាំងឡាយរបស់អ៊ីសុប (Aesop) ដែលតំណាលថា៖

មាន​បុរស​កំសត់​ទុគ៌ត​ម្នាក់ រក​ស៊ី​កាប់​ឧស​លក់។ ថ្ងៃ​មួយ​កំពុង​តែ​លី​ឧស​មួយ​បាច់ ទាំង​មែក​ទាំង​ស្លឹក​យ៉ាង​ធ្ងន់ ខ្លួន​ក៏​ចាស់ ថ្ងូរ​ផង ដើរ​ផង ខ្នង​កោងៗ ក្បាល​ងក់ៗ លើក​ជើង​បោះ​ជំហាន​ស្ទើរ​មិន​រួច គាត់​ខំ​ប្រឹង​ទៅ​ឲ្យ​ដល់​ខ្ទម​កន្រ្ទួច​រុំ​សុទ្ធ​តែ​ផ្សែង​ភ្លើង។

ដោយ​នឿយ​ព្រួយ​ពេក អស់​កម្លាំង​ស្ទើរ​ដក​ដង្ហើម​មិន​ដល់​គ្នា គាត់​ក៏​ទម្លាក់​បាច់​ឧស អង្គុយ​គិត​នឹក​ដល់​សេចក្ដី​ទុក្ខ​លំបាក​របស់​គាត់​ហើយ​ពោល​ថា៖ “អ្នក​ឯង​បាន​សេចក្ដី​សប្បាយ​យ៉ាង​ណា​ហើយ ចាប់​តាំង​ពី​អ្នក​ឯង​កើត​មក​ក្នុង​លោក​នេះ! បើ​គិត​ឲ្យ​សព្វ​ទៅ គឺ​អ្នក​ឯង​ហ្នឹង​ហើយ ដែល​ជា​មនុស្ស​កំសត់​ជាង​គេ​នៅ​លើ​ផែនដី​មូល​មួយនេះ! ជួន​កាល​ដាច់​ពេល ហើយ​មិន​ដែល​មាន​វេលា​ទំនេរ​សោះ។ ប្រពន្ធ​អ្នក​ឯង កូន​ប្រុស​ស្រី ទាហាន ពន្ធដារ​សព្វគ្រប់ មេ​បំណុល​នឹង​កំណែន​ទាំង​អស់​នេះ បន្ថែម​បង្ហើយ​នូវ​សេចក្ដី​ក្រ​មក​លើ​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​ឯង​ទៅ​ជា​មនុស្ស​លំបាក​វេទនា​មក​ដល់​សព្វ​ថ្ងៃ​នេះ។”

គិត​ឃើញ​យ៉ាង​ដូច្នេះ​ហើយ ទើប​បុរស​កំសត់​ហៅ​ម្រឹត្យូវ​មក​កាច់​យក​ឲ្យ​ស្រឡះ​ទៅ។

ម្រឹត្យូវ​មក​ភ្លាម ហើយ​សួរ​ថា៖ “ត្រូវ​ឲ្យ​វា​ធ្វើ​ដូចម្ដេច?”

បុរស​កំសត់​ឆ្លើយ​ថា៖ “យើង​ហៅ​រក​អ្នក​ឲ្យ​មក​ជួយ​លើក​ឧស​ដាក់​លើ​ស្មា​បន្តិច រួច​បង្អង់ ថយ​ចេញ​ឲ្យ​ឆាប់​ៗ​ទៅ។”

ទោះបី​យើង​ចង់​ស្លាប់​ក៏​ដោយ តែ​សេចក្ដី​ស្លាប់​មក​ដល់​ហើយ រមែង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់ ស៊ូ​រង​ទុក្ខ​វេទនា​ជា​ជាង​ស្លាប់ ហ្នឹង​ហើយ​ជា​បំណង​របស់​មនុស្ស​លោក។


អត្ថបទទាក់ទង

រឿងខ្លីនៃនិទានអ៊ីសុប៖ ទាសករ និងសត្វតោ

One thought on “រឿងខ្លី៖ ម្រឹត្យូវ​ និងអ្នក​កាប់​ឧស បង្កប់អត្ថន័យអំពីការស៊ូ​រង​ទុក្ខ​វេទនា​ជា​ជាង​ស្លាប់

Leave a Reply