រឿងខ្លី៖ ផ្លែស្វាយ ៥ ផ្លែ

ក្នុងថ្នាក់រៀនមុខវិជ្ជាគណិតវិទ្យា អ្នកគ្រូបានសួរទៅសិស្សប្រុសអាយុ៦ឆ្នាំម្នាក់ “អាណាវ! បើខ្ញុំឲ្យប្អូនផ្លែស្វាយ២ផ្លែ ហើយថែមស្វាយ២ផ្លែទៀត តើប្អូនមានផ្លែស្វាយប៉ុន្មាន?”

អាណាវឆ្លើយថា “មាន៥ផ្លែ”។ អ្នកគ្រូធ្វើមុខងឿងឆ្ងល់ ហើយព្យាយាមសួរម្តងទៀតដោយពន្យល់យ៉ាងលម្អិត និងកាយវិការផង ហើយសួរម្តងទៀត ហើយអាណាវនៅតែឆ្លើយថា “៥ផ្លែ” ដដែល។ ឮបែបនេះ អ្នកគ្រូអន់ចិត្តយ៉ាងខ្លាំង ហើយព្យាយាមសួរម្តងទៀតតាមឧទាហរណ៍ផ្សេង។ “អាណាវ! បើខ្ញុំឲ្យផ្លែស្រ្តប៊ឺរី២ផ្លែ ហើយថែម២ផ្លែទៀត តើប្អូនមានផ្លែស្រ្តប៊ឺរីប៉ុន្មាន?” អាណាវឆ្លើយថា “មាន៤ផ្លែ”។ អ្នកគ្រូហាក់សប្បាយចិត្តជាមួយចម្លើយនេះ។

អ្នកគ្រូបានប្រាប់ទៅអាណាវថាការបូកលេខរបស់ប្អូន គឺត្រឹមត្រូវ ហើយក៏ចាប់ផ្តើមសួរសំណួរម្តងទៀត “បើខ្ញុំឲ្យប្អូនផ្លែស្វាយ២ផ្លែ ហើយថែមស្វាយ២ផ្លែទៀត តើប្អូនមានផ្លែស្វាយប៉ុន្មាន?” អាណាវ ឆ្លើយថា “៥ផ្លែ”។ ឮបែបនេះ អ្នកគ្រូ ក៏បន្លឺសម្លេងដោយក្តីងឿងឆ្ងល់ “ហេតុអ្វីបានជាផ្លែស្រ្តប៊ឺរី២ បូកផ្លែស្រ្តប៊ឺរី២ ស្មើ៤ ហើយផ្លែស្វាយ២ ថែមផ្លែស្វាយ២ ស្មើ៥?” អាណាវឆ្លើយថា “បាទអ្នកគ្រូ! ពីព្រោះខ្ញុំមានផ្លែស្វាយ១ រួចហើយ ក្នុងកាបូបរបស់ខ្ញុំ”។

តាមរយៈរឿងនេះ តើអ្នកណាត្រឹមត្រូវ? អ្នកណាខុស? អ្នកគ្រូមិនខុសទេ ពីព្រោះ ២បូក២ គឺស្មើ៤ ហើយអាណាវក៏មិនខុសដែរ ពីព្រោះ ២បូក២ ហើយបូក១ទៀត ក្នុងកាបូប គឺស្មើ៥។

នេះ គឺជាមូលហេតុនៃជម្លោះមួយចំនួនដែលកើតមានឡើង ដោយសារចន្លោះនៃភាពត្រឹមត្រូវរវាង “បច្ចេកទេស – Techinical” និង “ការអនុវត្តន៍ជាក់ស្តែង – Practical”។ អ្នកគ្រូ គឺត្រឹមត្រូវក្នុងន័យ​បច្ចេកទេស ដែលយើងមើលឃើញជាក់ស្តែងតែម្តង។ ចំណែក អាណាវ គឺត្រឹមត្រូវក្នុងន័យអនុវត្តន៍​ជាក់ស្តែង ដែលមានន័យថា អ្វីដែលមើលមិនឃើញ ឬកើតឡើងក្រោយភាពជាក់ស្តែងនោះទៀត។ ភាពត្រឹមត្រូវ​​ក្នុងន័យអនុវត្តន៍ជាក់ស្តែង គឺមានន័យថា មើលឃើញផ្លែស្វាយមួយទៀតដែលលាក់ទុក​ក្នុងកាបូប។

ដូចនេះយើងត្រូវដឹងថា ជម្លោះជាច្រើន កើតឡើងដោយមូលហេតុនៃចន្លោះរវាងភាពត្រឹមត្រូវក្នុងន័យ​បច្ចេកទេស និងភាពត្រឹមត្រូវក្នុងន័យអនុវត្តន៍ជាក់ស្តែង។ ក្នុងគ្រួសារមួយ នៅពេលប្តី ឬប្រពន្ធរបស់អ្នក ឈប់ស្រឡាញ់អ្នក អ្នកតែងតែខឹង ដោយនេះគឺជាភាពត្រឹមត្រូវតាមបច្ចេកទេស ប៉ុន្តែអ្នកប្រហែលជាភ្លេច​គិតពីភាពត្រឹមត្រូវដែលលាក់ពីក្រោយ “ហេតុអ្វីបានជាប្តីប្រពន្ធរបស់អ្នកលែងស្រឡាញញ់អ្នក?” កូនរបស់អ្នកដូចគ្នា ដែលអ្នកតែងតែខឹងច្រឡោតថា “ហេតុអ្វីបានជាកូនមិនស្តាប់អ្នក?” ប៉ុន្តែ អ្នកមិនបាន​ស្វែងរកឲ្យឃើញនូវផ្លែស្វាយដែលលាក់ ថា “ហេតុអ្វីបានជាកូនមិនស្តាប់អ្នក? ហេតុអ្វីបានជា​វា​មានអាកប្បកិរិយាបែបនោះ?” ទាំងអស់នេះ គឺដោយសារអ្នកមិនទាន់បានស្គាល់និយមន័យ ឬចែក​​ឲ្យ​បាន​ច្បាស់រវាងភាពត្រឹមត្រូវទាំងពីរនេះ។ ទោះបីយ៉ាងណា សូមកុំទាន់វិនិច្ឆ័យ! សូមចូលឲ្យជ្រៅទៅក្នុង​​ទៅដល់ភាពពិតដែលនៅពីក្រោយថែមទៀត ដែលវានឹងជួយអ្នកយ៉ាងច្រើន ដើម្បីស្វែងយល់អំពីមនុស្ស​ជុំវិញខ្លួន និងអាចជួយដោះស្រាយបញ្ហាបានយ៉ាងច្រើន។

ដកស្រង់ពី៖ ឆានែល Gaur Gopal Das លើ YouTube


អត្ថបទទាក់ទង

រឿងខ្លី៖ ដោះបំណុល

 

Leave a Reply

Your email address will not be published. Required fields are marked *