ចំណុចសំខាន់ៗចំនួន ៤ ដើម្បីដឹងពីសុខភាពហិរញ្ញវត្ថុក្រុមហ៊ុនមួយ

របាយការណ៍ហិរញ្ញវត្ថុ គឺជាទិន្នន័យដែលត្រូវបានគេកត់ត្រារាល់សកម្មភាពដោះដូរ និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយ នៅក្នុងកាលបរិច្ឆេទជាក់លាក់។ ជាទូទៅ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានធ្វើសវនកម្ម (សើរើដើម្បីពិនិត្យមើលបញ្ជីគណនេយ្យ) ដោយភ្នាក់ងាររដ្ឋាភិបាល សវនករ និងក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីបញ្ជាក់ភាពស្មោះត្រង់ចំពោះការបង់ពន្ធជូនរដ្ឋ ដៃគូជំនួញ ឬម្ចាស់ភាគហ៊ុន។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានគណនីធំៗចំនួន ៤ រួមមាន៖

  • របាយការណ៍ប្រាក់ចំណេញ គឺជាការពណ៌នា និងទូទាត់រវាងប្រាក់ចំណូល និងចំណាយរបស់អាជីវកម្មមួយ ដើម្បីរកលទ្ធផលចំណេញ ឬខាត នៅក្នុងរយៈពេលជាក់លាក់ណាមួយនៃប្រតិបត្តិការអាជីវកម្មនោះ។
  • របាយការណ៍មូលធនម្ចាស់ គឺជាការពន្យល់អំពីការប្រែប្រួលនៃមូលធន ដោយសារឥទ្ធិពលពីរបាយការណ៍ចំណេញ (ឬខាត) និងពីការវិនិយោគចូល និងការដកប្រាក់ចេញណាមួយរបស់ម្ចាស់អាជីវកម្ម នៅក្នុងអំឡុងពេលជាក់លាក់ណាមួយ។
  • របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ឬតារាងតុល្យការ គឺជាការពណ៌នាអំពីស្ថានភាពហិរញ្ញវត្ថុរបស់អាជីវកម្មទាំងមូល ដោយរួមមានទ្រព្យសម្បត្តិ បំណុល និងមូលធនម្ចាស់ នៅក្នុងអំឡុងពេលជាក់លាក់ណាមួយ។
  • របាយការណ៍ចលនា ឬរំហូរសាច់ប្រាក់ គឺជាការកំណត់អត្តសញ្ញាណរំហូរសាច់ប្រាក់ចូល និងរំហូរសាច់ប្រាក់ចេញ នៅក្នុងរយៈពេលជាក់លាក់ណាមួយ។

នៅពេលវាយតម្លៃភាគហ៊ុន អ្នកវិនិយោគ តែងតែស្វែងរកការវាស់វែង និងប្រៀបធៀបដោយមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីដឹងពីចំណុចចពិសេស និងឱកាសនៅក្នុងក្រុមហ៊ុននោះ។

ដើម្បីវាយតម្លៃឲ្យបានត្រឹមត្រូវទៅលើសុខភាពហិរញ្ញវត្ថុ និងនិរន្តរភាពយូរអង្វែងរបស់ក្រុមហ៊ុន ចំណុចហិរញ្ញវត្ថុទាំង៤ នេះ គឺជាអ្វីសំខាន់ដែលអ្នកត្រូវយកមកពិចារណា។

១. ភាពងាយក្នុរការបម្លែងជាសាច់ប្រាក់​ (Liquidity)

Liquidity គឺជាចំនួនសាច់ប្រាក់ និងជាទ្រព្យសកម្មដែលអាចងាយស្រួលប្តូរទៅជាសាច់ប្រាក់បានដែលក្រុមហ៊ុនមាន ដើម្បីគ្រប់គ្រងកាតព្វកិច្ចបំណុលរយៈពេលខ្លីរបស់ខ្លួន។ មុនពេលក្រុមហ៊ុនអាចរីកចម្រើនក្នុងរយៈពេលវែងបាន នោះជាដំបូងក្រុមហ៊ុននោះត្រូវតែអាចរស់ដោះស្រាយបញ្ហាក្នុងរយៈពេលខ្លីបានជាមុនសិន។

២. សធនភាព (Solvency)

ស្រដៀងទៅនឹង Liquidity ដែរ Solvency គឺជាសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចបំណុលរបស់ខ្លួនជាប្រចាំ។ សមាមាត្រសធនភាព គឺជាការគណនាបំណុលរយៈពេលវែងរបស់ក្រុមហ៊ុន ធៀបទៅនឹងទ្រព្យសម្បត្តិ ឬភាគហ៊ុនរបស់ខ្លួន។

៣. ប្រសិទ្ធភាពប្រតិបត្តិការ

ប្រសិទ្ធភាពប្រតិបត្តិការរបស់ក្រុមហ៊ុន គឺជាគន្លឹះក្នុងការទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។ ប្រាក់ចំណេញប្រតិបត្តិការ (Operating Margin) គឺជាសូចនាករដ៏ល្អបំផុតនៃប្រសិទ្ធភាពប្រតិបត្តិការ ដែលវាមិនត្រឹមតែបង្ហាញពីប្រាក់ចំណេញប្រតិបត្តិការជាមូលដ្ឋានរបស់ក្រុមហ៊ុនបន្ទាប់ពីកាត់ថ្លៃដើមអថេរនៃការផលិត និងធ្វើទីផ្សារផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុននោះទេ វាថែមទាំងអាចផ្តល់នូវការចង្អុលបង្ហាញថាតើការគ្រប់គ្រងរបស់ក្រុមហ៊ុនអាចគ្រប់គ្រងថ្លៃដើមល្អកម្រិតណាផងដែរ។

៤. ផលចំណេញ

ខណៈចំណុចទាំង៣ខាងលើសុទ្ធតែជាកត្តាសំខាន់ដែលអ្នកត្រូវពិចារណាក្នុងការវាយតម្លៃក្រុមហ៊ុន ប៉ុន្តែចំណុចសំខាន់ដែលនៅតែជាមូលដ្ឋានសំខាន់របស់ក្រុមហ៊ុន គឺប្រាក់ចំណេញសុទ្ធ។ ក្រុមហ៊ុនមួយចំនួន អាចរស់នៅបានជាច្រើនឆ្នាំ ដោយមិនទទួលបានប្រាក់ចំណេញប្រតិបត្តិការនោះដោយការទទួលយកបំណុល ឬស្វែងរកវិនិយោគិនបន្ថែម ប៉ុន្តែដើម្បីរស់បានយូរបន្តទៅមុខរហូត នោះក្រុមហ៊ុនត្រូវតែទទួលបាន និងអាចរក្សាប្រាក់ចំណេញបាន។

Leave a Reply

Your email address will not be published.