គន្លឹះ ៣ យ៉ាងដែលយើងអាចប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាប្រឈមនៅក្នុងជីវិត

បញ្ហា ប័ញហា ឬ​ប៉័ញ– បា.; សំ. ( ន. ) (បញ្ហា; ប្រឝ្ន) ពាក្យ​ឬ​សេចក្ដី​ដែល​មាន​អាថ៌​កំបាំង លុះ​តែ​អ្នក​មាន​ប្រាជ្ញា​វាងវៃ​ទើប​អាច​ដឹង ឬ​លុះ​តែ​សួរ​អ្នក​ចេះ ទើប​អាច​ដឹង​ច្បាស់​បាន; ប្រស្នា, ចំណោទ : ដោះ​បញ្ហា (ប្រើ​ជា ប្រស្នា វិញ​ក៏​បាន) ។

ជីវិត សំ. បា. ( ន. ) ដំណើរ​រស់​នៅ, អាយុ : ចិញ្ចឹម​ជីវិត, រស់​នៅ​អស់​មួយ​ជីវិត ។

គ្មាននរណាម្នាក់ដែលអាចរួចផុតពីបញ្ហាប្រឈមនៅក្នុងជីវិតបានឡើយ។ ប៉ុន្តែអ្វីដែលសំខាន់គឺស្ថិតនៅត្រង់ថា នៅពេលដែលយើងប្រឈមមុខនឹងបញ្ហា យើងនឹងប្រើប្រាស់វិធីសាស្រ្តបែបណាក្នុងការដោះស្រាយវា។ នេះគឺជាគន្លឹះមួយចំនួនដែលយើងអាចប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាប្រឈមនៅក្នុងជីវិត៖

១. សម្រួលអារម្មណ៍

បញ្ហា ឧបសគ្គ ឬស្ថានភាពលំបាកច្រើនតែងធ្វើឱ្យអ្នកមានអារម្មណ៍ច្របូកច្របល់។ ជំហានដំបូងដែលអ្នកត្រូវធ្វើ គឺអ្នកត្រូវស្វែងយល់ឱ្យច្បាស់អំពីបញ្ហាដែលអ្នកកំពុងប្រឈម ដើម្បីចៀសវាងការយល់ខុស ឬការភ័ន្តច្រឡំនានា។ នៅពេលដែលយើងអាចមើលឃើញបញ្ហាបានច្បាស់ ទើបយើងអាចចាប់ផ្តើមស្វែងរកដំណោះស្រាយ និងជំហានបន្ទាប់ដែលត្រូវធ្វើ។ ដូច្នេះប្រសិនបើអ្នកកំពុងមានអារម្មណ៍ច្របូកច្របល់និងមិនច្បាស់លាស់ សូមព្យាយាមគ្រប់គ្រងអារម្មណ៍របស់អ្នកនិងមើលបញ្ហាឱ្យបានកាន់តែច្បាស់សិន។ ពេលខ្លះ អ្នកពិគ្រោះជាមួយមិត្តភក្តិ ឬភាគីទីបីដែលអ្នកអាចទុកចិត្តបានដើម្បីស្វែងយល់ពីបញ្ហារបស់អ្នកឱ្យបានកាន់តែច្បាស់។

២. ដកការគិតអវិជ្ជមានចេញ

បញ្ហាកាន់តែងាយស្រួលដោះស្រាយនៅពេលដែលយើងប្រកាន់ខ្ជាប់នូវអាកប្បកិរិយានិងវិធីសាស្រ្តវិជ្ជមាន។ នេះក៏ជាការណ៍ពិតសម្រាប់ជីវិតជាទូទៅដែរ។ អ្នកដែលផ្តោតតែលើចំណុចអវិជ្ជមាន តែងតែជួបប្រទះតែនូវផលអវិជ្ជមាន រីឯអ្នកដែលផ្តោតលើភាពវិជ្ជមាន នឹងទទួលបានតែនូវផលវិជ្ជមានដូចគ្នា។  ការស្វែងរកដំណោះស្រាយដោយប្រើប្រាស់ការគិតវិជ្ជមាន គឺជាវិធីដ៏មានប្រសិទ្ធិភាពក្នុងការដោះស្រាយនិងជម្នះឧបសគ្គនានាពេញមួយជីវិតរបស់យើង។

៣. ទទួលស្គាល់បញ្ហា និងព្យាយាមដោះស្រាយវា

យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថាការប្រឈមមុខជាមួយនឹងភាពលំបាកគឺជារឿងដ៏គួរឱ្យឈឺចាប់មួយ។ ពេលខ្លះ យើងប្រហែលជាចង់គេចវេះ ធ្វើជាមិនដឹងមិនឮពីបញ្ហាលំបាកទាំងនោះ ដើម្បីចៀសវាងពីការឈឺចាប់។ សូមចងចាំថា ការគេចវេះពីបញ្ហាមិនមែនជាដំណោះស្រាយនោះទេ ព្រោះវាបានត្រឹមតែពន្យារពេល ឬធ្វើឱ្យបញ្ហាកាន់តែរីកធំតែប៉ុណ្ណោះ។ មនុស្សជោគជ័យគឺជាមនុស្សដែលដឹងថាពួកគេត្រូវតែទទួលស្គាល់បញ្ហា និងព្យាយាមដោះស្រាយវាតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ពួកគេយល់ថា បញ្ហាទាំងអស់សុទ្ធសឹងតែមានដំណោះស្រាយខុសគ្នា ហើយបញ្ហាក៏ជាផ្នែកមួយនៃបទពិសោធន៍របស់មនុស្សយើងផងដែរ។

សម្រួលពី៖

  • វចនានុក្រម សម្តេចសង្ឃ ជួន ណាត
  • Yangolife

អត្ថបទទាក់ទង

សំណួរចម្បងៗចំនួន ៥ ដែលអ្នកត្រូវឆ្លើយ ដើម្បីតម្រង់ទិសដៅជីវិត

 

Leave a Reply

Your email address will not be published. Required fields are marked *