ហេតុអ្វីបានជាត្រូវឲ្យតម្លៃលើខ្លួនឯង?

មនុស្សមានតម្លៃ លុះត្រាណាតែខ្លួនឯងឱ្យតម្លៃលើខ្លួនឯងជាមុនសិន ទើបអ្នកដទៃគេចង់ឱ្យតម្លៃយើងតាមក្រោយ។ ចូរចាប់ផ្តើមឱ្យតម្លៃលើខ្លួនឯង មិនថាពីមុនមកអ្នកមនុស្សបែបណាក៏ដោយ ចោម្សៀត អ្នកដទៃស្តីបន្ទោស អ្នកដទៃបង្អាប់ ឬអ្នកដទៃចាត់ទុកអ្នកជាមនុស្សគ្មានតម្លៃ គ្មានប្រយោជន៍ ឬគ្មានបានការយ៉ាងណាក៏ដោយ ចាប់ពីពេលនេះតទៅអ្នកត្រូវសញ្ចឹងគិតខ្លួនឯង ប្រកបដោយសតិស្មារតីនឹងនរ។ ត្រូវគិតថា តម្លៃរបស់យើង គឺស្ថិតក្នុងខ្លួនយើង មិនមាននរណាយកមកឱ្យយើងទេ ព្រោះថាមានតែយើងនោះទេដែលអាចបង្កើតវាបាន។ យ៉ាងណា ប្រហែលជាខ្លួនយើងមិនទាន់មានតម្លៃសម្រាប់អ្នកដទៃ ទើបគេមិនឱ្យតម្លៃយើង ឬប្រហែលជាធ្វើឱ្យរំខានដល់អ្នកដទៃ ទើបគេមិនឱ្យតម្លៃយើង។

ការស្វែងយល់ពីភាពខ្លាំង និងភាពទន់ខ្សោយរបស់ខ្លួន គឺជាការវាយតម្លៃដែលសម្តែងចេញការពិតរបស់ខ្លួនដោយខ្លួនឯង និងជាការយកចិត្ដទុកដាក់ ទាំងផ្នែកចំណេះដឹង ទាំងផ្នែកសុខភាពក្នុងការច្នៃប្រតិដ្ឋ។ ការទទួលស្គាល់តម្លៃរបស់ខ្លួនក្នុងនាមជាមនុស្សមា្នក់ អាចធ្វើឱ្យយើងសប្បាយរីករាយនៅពេលដែលគេសរសើរយើង។ ការស្គាល់តម្លៃរបស់ខ្លួន គឺជាចំណេះមួយដែលកើតទ្បើងនៅពេលមនុស្សមា្នក់បានទទួលការគោរព និងការឱ្យតម្លៃពីអ្នកដទៃ។ មនុស្សស្រីប្រុសគ្រប់រូប សុទ្ធតែកើតមកជាមួយនឹងអំណាចនៃការច្នៃប្រតិដ្ឋ និងអាចធ្វើអ្វីៗតាមសមត្ថភាពរបស់ខ្លួន ហើយសមត្ថភាពនេះនឹងបញ្ជាក់ឱ្យឃើញពីឧត្ដមភាពនៃការច្នៃប្រតិដ្ឋសម្រាប់លើកតម្កើងតម្លៃ និងភាពពិតរបស់ខ្លួន។

១. និយមន័យយ

=> ការឱ្យតម្លៃខ្លួនឯងគឺសំដៅទៅលើវិធីដែលយើងគិតអំពីខ្លួនយើង ហើយនិងស្វែងយល់ពីមជ្ឈដ្ឋានខាងក្រៅផងដែរ។

=> ការឱ្យតម្លៃខ្លួនឯង គឺជាការទទួលស្គាល់នូវស្នាដៃរបស់ខ្លួនដែលធ្វើអ្វីមួយបានសម្រេច ហើយអាចធ្វើឱ្យមានមោទនៈភាពក្នុងការរស់នៅប្រចំាថ្ងៃ និងសមស្របតាមគោលការណ៍សីលធម៌ច្បាប់របស់សង្គម។

=> ការឱ្យតម្លៃខ្លួនឯង គឺជាសភាពនៃការបញ្ចេញគំនិតរាល់ថ្ងៃក្នុងជីវិត ហើយគំនិតនេះមានឥទ្ឋិពលទៅលើអ្វីទាំងឡាយ ដែលយើងបានគិត អ្វីដែលយើងនិយាយ និងអ្វីដែលយើងធ្វើ។

=> ការឱ្យតម្លៃខ្លួនឯង អាចមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ឬប្រែប្រួលស្ថានភាពផ្សេងៗគ្នា ។ វាអាចទទួលរងនូវឥទ្ឋិពលដោយរឿងរ៉ាវផ្សេងៗដែលកើតឡើងក្នុងខ្លួនយើង និងជុំវិញយើង។

  • ការឱ្យតម្លៃខ្លួនឯង ជាវិធីមួយដែលយើងដឹងអំពីខ្លួនយើង
  • របៀបដែលយើងដឹងខ្លួនឯងនេះ ជាវិធីមួយដែលធ្វើឱ្យយើងដឹងថា អ្នកដទៃមានអារម្មណ៍នឹងយើងយ៉ាងដូចម្ដេច?
  • ការអនុវត្ដរបស់យើងកាន់តែប្រសើឡើង នៅពេលដែលយើងយល់ថា ខ្លួនយើងមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់
  • ទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃ ត្រូវបានប៉ះពាល់ដោយសារតែការឱ្យតម្លៃខ្លួនឯង។

មនុស្សដែលចេះឱ្យតម្លៃខ្លួនឯង តែងតែជ្រើសរើសគោលបំណងជីវិត ដើម្បីរស់នៅប្រកបដោយ កិត្ដិយស និងសេចក្ដីថ្លៃថ្នូរ។ ដើម្បីពង្រឹងតម្លៃរបស់ខ្លួន យុវវ័យម្នាក់ៗគួរផ្លាស់ប្ដូរការ ដើរលេងបក្សពួក ផឹកស៊ី ស្រីស្រា មកទទួលការអប់រំរៀនសូត្រធ្វើឱ្យជីវិតបានប្រសើរ។

២. កត្ដាទាំងឡាយដែលធ្វើឱ្យការឱ្យតម្លៃខ្លួនឯងមានកម្រិតខ្ពស់៖

=> ខ្លួនឯង៖

  • ពង្រឹងសមត្ថភាព និងការទទួលជោគជ័យរបស់ខ្លួនឯង
  • ការសម្រេចិត្ដក្នុងការប្រព្រឹត្ដបានត្រឹមត្រូវ ដោយមានការពិចារណា
  • តស៊ូព្យាយាមក្នុងការធ្វើឱ្យបានសម្រេចនូវគោលបំណងនៃជីវិតរបស់ខ្ខួន*។

=> ការគាំទ្រពីបរិយាកាសជុំវិញខ្លួន ៖

  • គ្រួសារមានស្ថេរភាពសេដ្ឋកិច្ច ផ្ដល់ភាពកក់ក្ដៅ និងក្ដីស្រលាញ់
  • មិត្ដភ័ក្រមានការគាំទ្រ និងការផ្ដល់មតិ ឬគំរូល្អៗ
  • សង្គមមានប្រព័ន្ធអប់រំល្អ មានស្ថេរភាពនយោបាយ និងគា្មនសង្គ្រាម

៣. កត្ដាទាំងឡាយដែលធ្វើឱ្យការឱ្យតម្លៃខ្លួនឯង មានកម្រិតទាប៖

  •  ខ្វះខាតនូវការពង្រឹង ខ្វះខាតនូវការតិទៀន ដើម្បីរក្សាស្ថេរភាព
  •  អស្ថេរភាពនៃសង្គមសេដ្ឋកិច្ច
  •  ការបដិសេធន៍ការបរាជ័យ

៤. ការប្រព្រឹត្ដិដែលឆ្លុះបញ្ចាំងឱ្យឃើញការឱ្យតម្លៃខ្លួនឯងខ្ពស់៖

  • មានមោទនៈនូវអ្វីដែលគេសម្រេចបាន
  • ឯករាជ្យម្ចាស់ការក្នុងការធ្វើសកម្មភាព
  • សន្មត់ថាការទទួលខុសត្រូវងាយ
  • អត់ធន់បានចំពោះភាពទុក្ខព្រួយ
  • ប្រឹងប្រែងរកវិធីថ្មីឆ្លងកាត់ការលំបាកដោយការរីករាយ និងមានចិត្ដក្លាហានតស៊ូនឹងការងារ

៥. ការប្រព្រឹត្ដិដែលឆ្លុះបញ្ចាំងឱ្យឃើញការឱ្យតម្លៃខ្លួនឯងទាប៖

  • ជៀសវាងស្ថានភាពដែលងាយភ័យ
  • មិនគោរពទេពកោសល្យរបស់ខ្លួនឯង
  • មានអារម្មណ៏ថាមិនចូលចិត្ដនិងមិនចង់
  • បន្ទោសអ្នកដទៃចំពោះការបរាជ័យរបស់ខ្លួនឯង
  • ងាយនឹងទទួលភាពទុក្ខព្រួយ
  • មានអារម្មណ៏ថាខ្លួនគ្មានសមត្ថភាពឬអំណាច និងឆាប់បោះបង់ចោលការងារចោល

សរុបមកវិញ បុគ្គលម្នាក់ដែលមានការគិតវិជ្ជមានលើខ្លួនឯង ភាគច្រើនធ្វើការសម្រេចចិត្តប្រសើរជាងបុគ្គលដែលគិតអវិជ្ជមានពីខ្លួនឯង។ ការគិតរបស់បុគ្គលម្នាក់ៗលើខ្លួនឯង បានជះឥទ្ធិពលលើរាល់ការសម្រេចចិត្តរបស់គេ និងការដោះស្រាយលើអ្វីដែលគេនឹងអាចប្រឈម។ នេះគឺជាមូលហេតុសំខាន់ដែលយុវជនវ័យក្មេងត្រូវបង្កើតការគិតវិជ្ជមានលើរូបរាងកាយរបស់គេ ក៏ដូចជាការឱ្យតម្លៃលើខ្លួនឯងដែរ។

ការឱ្យតម្លៃលើខ្លួនឯង គឺដូចអ្វីដែលពាក្យនេះផ្ទាល់បានពណ៌នាអំពីថាតើបុគ្គលម្នាក់ឱ្យតម្លៃ និងសារៈសំខាន់លើខ្លួនឯងផ្ទាល់យ៉ាងដូចម្តេច? តើបុគ្គលម្នាក់ចូលចិត្ត ឬស្រឡាញ់ខ្លួនគេប៉ុណ្ណា? ការគោរពខ្លួនឯងបានបង្ហាញច្បាស់ថា នៅពេលដែលបុគ្គលម្នាក់មានការឱ្យតម្លៃលើខ្លួនឯងខ្ពស់ ភាពសប្បាយរីករាយ និងសុខុមាលភាពរបស់គេកាន់តែប្រសើរ ហើយការរៀនពីកំហុស និងការគេចចេញពីការខកចិត្តកាន់តែងាយស្រួល ក្នុងនោះផងដែរ ពួកគេមិនងាយនឹងបង្កើតកំហុស ឬធ្វើការសម្រេចចិត្តដែលមិនល្អនោះទេ បើប្រៀបធៀបជាមួយបុគ្គលដែលមិនសូវមានការឱ្យតម្លៃលើខ្លួនឯង។

ដូចដែលយើងបាននិយាយពីមុនមកថា បុគ្គលដែលមានការឱ្យតម្លៃលើខ្លួនឯងខ្ពស់ ជារឿយៗច្រើនតែមានការសម្រេចចិត្តបានល្អជាងបុគ្គលដែលមិនសូវមានការឱ្យតម្លៃលើខ្លួនឯង។ ពីព្រោះពួកគេឱ្យតម្លៃលើខ្លួនគេផ្ទាល់ ហើយបុគ្គលដែលមានការគោរពខ្លួនឯងខ្ពស់មានការងាយស្រួល ក្នុងការបដិសេធលើអ្វីដែលពួកគេមិនចង់ធ្វើ ឬមិនមានផាសុកភាព។ ដោយឡែកចំពោះយើង ដែលមានការឱ្យតម្លៃលើខ្លួនឯងទាប ប្រហែលជាធ្វើការយល់ព្រមដោយងាយស្រួល ពីព្រោះពួកគាត់មានអារម្មណ៍ថា ប្រសិនបើពួកគេបដិសេធក្នុងការសម្រេចចិត្ត ពួកគេនឹងបាត់បង់សេចក្តីស្រឡាញ់ពីអ្នកដទៃ។


អត្ថបទទាក់ទង

គន្លឹះ ៣ យ៉ាងដែលយើងអាចប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាប្រឈមនៅក្នុងជីវិត

Leave a Reply

Your email address will not be published. Required fields are marked *