រឿងខ្លី៖ រីករាយនឹងការងារ

ការងារទីមួយ របស់សំណាងដែលបានបញ្ចប់ការសិក្សា គឺធ្វើជាជំនួយការរដ្ឋបាល។ មុខតំណែងនេះ ភាគច្រើន គឺសុទ្ធតែជានារី ហើយសំណាងក្នុងនាមជាមនុស្សប្រុសម្នាក់ ចំពោះការប្រាស្រ័យទាក់ទង សុទ្ធតែជាមួយមនុស្សស្រីបែបនេះ ពិតជាមិនស្រណុកចិត្តទេ។

ថ្ងៃធ្វើការទីមួយ គេបានផុសស្តេតថឺសថា “គេធ្វើការក្នុងមុខតំណែងនេះ គឺខុសហើយ តើគេគួរតែពិចារណាមើលថាគួរប្តូរការងារឬអត់?” តែមិត្តភក្តិដែលនៅក្បែរខ្លួនគេបានពន្យល់គេថា កុំលាឈប់អី ពីព្រោះសង្គមបច្ចុប្បន្ននេះ ការរកការងារដូចជារកគូស្រករអ៊ីចឹង មិនប្រាកដថាអាចរកបានការងារបានល្អជាងនេះទេ។

សំណាង ក៏បានសញ្ចឹងគិត ហើយសួរខ្លួនឯងថា “តើធ្វើយ៉ាងម៉េចទៅ? ធ្វើការងារទាំងមុខក្រញ៉ូវរាល់ថ្ងៃ ក៏មិនមែនជាមធ្យោបាយល្អដែរ។ សំណាង គឺជាមនុស្សម្នាក់ដែលចេះគិតវែងឆ្ងាយ គេយល់ថារីករាយក៏មួយថ្ងៃ មិនរីករាយក៏មួយថ្ងៃដែរ ចាំបាច់នាំយកអារម្មណ៍អវិជ្ជមានទៅធ្វើការធ្វើអី គួរតែសម្រួលអារម្មណ៍វិញល្អជាង ពង្រឹងស្មារតី ទៅសហការជាមួយមិត្តរួមការងារវិញល្អជាង។

ជាក់ស្តែងណាស់ នេះបានបញ្ជាក់ថា គំនិតរបស់គេ គឺត្រឹមត្រូវ នៅពេលដែលគេបានយកស្នាមញញឹមទៅកាន់មិត្តរួមការងាររបស់គេ ក្រុមការងារក៏យកនូវទឹកចិត្តល្អបរិសុទ្ធរបស់ខ្លួនសម្ដែងចេញមកដែរ មិនត្រឹមតែបានផ្តល់នូវយោបល់ដ៏មានតម្លៃដល់គេនោះទេ នៅក្នុងជីវិតក៏មានការលើកទឹកចិត្តបន្ថែមដល់គេដែរ។ ជាធម្មតាបើការងាររបស់គេមានភាពមមាញឹកខ្លាំងនោះ មិត្តរួមការងារតែងតែជួយរំលែកការងារដែលពួកនាងអាចធ្វើបានជាមួយនឹងសំណាង។

ដោយសារតែត្រូវបានភាពយកចិត្តទុកដាក់ និងការរាប់អានដ៏ល្អ ផ្តល់ដល់រូបគេបែបនេះហើយ នៅក្នុងចិត្តរបស់សំណាងបានស្រលាញ់ក្រុមហ៊ុននេះខ្លាំងណាស់ និងចូលចិត្តការងារនេះខ្លាំងណាស់ដែរ។ បែបនេះ ចិត្តអារម្មណ៍របស់គេបានបង្វិលមកជាល្អវិញ សូម្បីតែការគិត និងកិច្ចការរបស់គេប្រៀបធៀបនឹងកាលពីមុន គឺរហ័សរហួន ហើយការងាររដ្ឋបាលដែលរឿងតូចតាចច្រើនលែងធ្វើឱ្យគេមានអារម្មណ៍ថាធុញទ្រាន់ទៀតហើយ ការងាររបស់គេធ្វើបានល្អ មិនដល់មួយឆ្នាំផង នាយកក្រុមហ៊ុនបានឱ្យគេធ្វើជាជំនួយរបស់ខ្លួន។

ខុងហ្វូចឺ ធ្លាប់និយាយថា ៖ “អ្នកដែលចេះរៀនសូត្រប្រៀបមិនស្មើនឹងមនុស្សដែលចូលចិត្តរៀនសូត្រឡើយ ហើយមនុស្សដែលចូលចិត្តរៀនសូត្រ ប្រៀបមិនស្មើនឹងមនុស្សដែលយកភាពរៀនសូត្រមកធ្វើជាភាពរីករាយរបស់ខ្លួនដែរ។” តាមពិតទៅ សំណាងគឺជា “បុគ្គលដែលរីករាយ” ដែលគួរយកគំរូតាមម្នាក់ គេបានយកការងារចាត់ទុកជាភាពរីករាយម្យ៉ាង។

តាមពិតទៅ នៅក្នុងការងារស្វែងរកភាពរីករាយ មិនមែនថាគ្មានផ្លូវត្រូវដើរនោះទេ ឱ្យតែពួកយើងមានចិត្ត បង្ខំចិត្តបន្តបោះជំហានទៅមុខ ភាពរីករាយតែងតែនៅក្បែរខ្លួនជានិច្ច។

ជំហានទីមួយដែលស្វែងរកភាពរីករាយនៅក្នុងការងារ ដំបូងឡើយគប្បី គឺមានចិត្តសុទិដ្ឋនិយម និងចិត្តដឹងគុណជាមុនសិន ប្រឹងប្រែងទៅបង្កើតទស្សនៈការងារដែលវិជ្ជមានមួយ។ ជឿជាក់ថានៅពេលដែលមនុស្សម្នាក់កំពុងធ្វើការងារដែលខ្លួនចូលចិត្ត គឺមិនសូវជាមានភាពនឿយហត់នោះទេ ដូច្នេះ ពួកយើងត្រូវតែនាំយកទឹកចិត្តដឹងគុណទៅស្រលាញ់ការងាររបស់ខ្លួន។

ក្រៅពីនេះ ភាពខ្នះខ្នែងនៅក្នុងការងារក៏មិនអាចខ្វះបានដែរ មនុស្សដែលចាត់ទុកការងារ គឺជាបង្វិចដ៏ធំ មិនត្រឹមតែមិនអាចរកភាពរីករាយនៅក្នុងនោះទេ ផ្ទុយទៅវិញអាចក្លាយទៅជាទាសកររបស់ការងារទៀតផង។ ពេលធ្វើការគួរគប្បីរៀនសូត្រតាមលោកហ្លីតុន (Hilton) ទោះជាមួយជីវិតរបស់លោកជាអ្នកលាងបង្គន់ ក៏ត្រូវស្បថថាធ្វើជាអ្នកលាងបង្គន់ដែលល្បីឈ្មោះម្នាក់នៅក្នុងអាជីពនេះដែរ។

មនុស្សដែលជោគជ័យនៅក្នុងវិស័យការងារ គឺមើលសំខាន់ និងរីករាយចំពោះការងារ វាប្រៀបដូចជាកញ្ចក់ដែលមិនចេះប្រឡាក់ធូលី យើងសើចទៅកាន់វា វាក៏សើចត្រលប់មកកាន់យើងដោយស្នាមញញឹមវិញដូចគ្នា។


អត្ថបទទាក់ទង

រឿងខ្លី៖ មាន់គក និងដុំពេជ្រ

Leave a Reply

Your email address will not be published.