លក្ខណៈ​សម្បត្តិ ៧យ៉ាង ​ដែល​បុគ្គល​ជោគជ័យមាន

ផ្លូវទៅរក​ភាពជោគជ័យ​ គឺសាមញ្ញទេ។ ប្រសិន​បើអ្នក​គិត​តាម​របៀប​ដែល​មនុស្ស​ជោគជ័យ​គេគិត និង​មាន​ទម្លាប់​ដូចដែល​ពួកគេមាន នោះអត្រានៃ​ភាពដែលអ្នក​នឹង​ជោគជ័យ​នៅក្នុង​ជីវិត​មួយ​នេះមាន​ខ្ពស់​ណាស់។ មិនថាមេដឹកនាំមុខជំនួញ មេដឹកនាំនយោបាយ ឬមេដឹកនាំក្នុងវិស័យអ្វីក៏ដោយ មនុស្សដែលលេចធ្លោជាងគេក្នុងសង្គមតែងតែមានលក្ខណៈសម្បត្តិ ទាំង៧ នេះដូចគ្នាទាំងអស់៖

១. មនុស្សមាន​មហិច្ឆតា

ពួកគេមើលមក​ខ្លួន​គេ​ថា​គេអាចនឹង​ធ្វើអ្វីៗបាន ធ្វើ​ការងារដែលគេចង់​ធ្វើ​បានយ៉ាង​ល្អ។ យើង​តែង​មាន​អារម្មណ៍ហាក់​ដូចជាអន់​ជាងគេ ហើយ​នេះជាបញ្ហា​ធំមួយ ដែលអារម្មណ៍នេះ​អាចបំបាក់​កម្លាំង​ចិត្ត​យើង​ទាំង​ស្រុង​បាន។ អារម្មណ៍នេះអាច​បំបាត់​នូវ​ក្តីស្រម៉ៃរបស់​យើង ហើយ​ជួន​កាល​ទៅធ្វើ​ឱ្យ​យើង​បញ្ឈប់​អ្វីដែល​យើង​កំពុង​ធ្វើ​តែម្ដង។ មនុស្ស​ជោគជ័យ​គេមិន​ដែល​មានអារម្មណ៍​បន្តុះ​បង្អាប់​ខ្លួន​ឯង​ដោយ​គ្មាន​ហេតុ​ផលនោះទេ មិនដែល​គិត​ថា​គេមិន​អាច​ដើរទៅដល់​ចំណុចកំពូល​បាន​នោះទេ។ គេដឹង​ថា​គេអាច​នឹង​ធ្វើ​ឱ្យ​ល្អ​បំផុត​នូវ​ការងារ​របស់គេ។ អ្នក​ត្រូវ​តែ​មើល​ខ្លួន​ឯងថា​ជាមនុស្ស​ដែល​អាច​ធ្វើបាន​ល្អ​បំផុត។

២. មនុស្សមាន​ភាពក្លាហាន

មនុស្សជោគជ័យ​ប្រឈម​មុខនឹងភាពភ័យ​ខ្លាច​របស់​ពួកគេ ដែល​ភាពភ័យ​ខ្លាច​ទាំង​នោះ​ភាគច្រើន​ជាឧបសគ្គ និង​ធ្វើ​ឱ្យ​មនុស្ស​ទូទៅ​​បោះបង់។ សត្រូវ​ពីរ​ធំបំផុត​ដែល​មិនឱ្យ​យើង​ឈានទៅរក​ភាពជោគជ័យ​នោះ​គឺ ភាពភ័យខ្លាច និង​ ការមិនច្បាស់​ក្នុង​ខ្លួន។ នៅពេលដែលអ្នក​ធ្វើ​អ្វីមួយៗដដែលៗ​ វាបង្កើតចេញទៅជាទម្លាប់។ ហេតុនេះគួរ​តែបង្កើត​នូវទម្លាប់​មួយ​នៅក្នុងជីវិត​របស់អ្នក​ដែលធ្វើ​រឿង​ដែលបន្លាច​អ្នក។ បើអ្នក​ធ្វើ​អ្វីដែលអ្នក​តែងតែខ្លាច ភាពភ័យខ្លាច​នឹង​បាត់​បង់​ជាក់ជាមិនខាន។ ហេតុ​នេះប្រឈមមុខ​នឹងភាពភ័យខ្លាចរួញរារនោះ។ ការដែល​មាន​សមត្ថភាព​ប្រឈម​មុខ​ជាមួយ​នឹង​ភាពភ័យខ្លាច​ធ្វើ​ឱ្យ​អ្នក​ក្លាយ​ទៅជាមនុស្សដែល​ប្រសើរជាង​មនុស្សទូទៅ។ ប្រសិន​បើ​អ្នក​មាន​មហិច្ឆតាខ្ពស់​ និង​មាន​ភាពក្លាហាន​ប្រឈមមុខ​នឹង​ភាពភ័យខ្លាច ធ្វើ​រឿង​ដែល​អ្នក​មិនហ៊ា​ននោះ តែរឿងទាំងពីរនេះ​នឹង​ធ្វើ​ឱ្យអ្នក​អាចទទួល​ភាពជោគជ័យបាន។

៣. មនុស្សដាក់​ចិត្ត​ទៅនឹង​ការងារ

មនុស្សដែលជោគជ័យ​មិនថា​នៅលើ​វិស័យ​អីនោះទេ គេ​តែង​ដាក់ចិត្តដាក់​កាយ​ខ្ពស់​ទៅលើ​ការងារ​របស់​គេ។ គេ​ជឿលើ​ខ្លួន​ឯង គេជឿលើ​ក្រុមហ៊ុន​របស់​គេ គេ​ជឿ​លើ​ផលិតផល ឬសេវាកម្មរបស់​គេ។ គេមាន​ការជឿជាក់​ដ៏មុតមាំ ដែលធ្វើ​ឱ្យ​លទ្ធផល​ដែលគេ​ទទួលបាន​តាមដែល​គេ​ជឿ ឬក៏ប្រហាក់​ប្រហែល​រឿងដែលគេជឿនោះ។ មនុស្សដែលមិនជឿជាក់លើ​អ្វីដែលគេកំពុង​តែធ្វើ មិនដាក់​ចិត្តដាក់កាយ​រស់​នៅជីវិតមួយដែលហាក់​ដូចជា​មិនមាន​អ្វីសោះ។ ការដែលដឹង​ និង​ស្គាល់​នូវអ្វីដែលយើង​ធ្វើ​ ជា​ធាតុមួយ​នៅក្នុងជីវិតមួយនេះ ព្រោះមនុស្សដែលរស់​នៅជីវិតមួយដ៏អស្ចារ្យ​តែង​ដឹង​យ៉ាងច្បាស់លាស់​នូវអ្វីដែលគេធ្វើ។ លើសពីនេះ មេដឹកនាំទាំងអស់មានព្យាយាមលើសលប់ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។ គេមានសមត្ថភាពពុះពារឆ្ពោះទៅមុខដើម្បីសម្រេចឱ្យបានកិច្ចការដែលមនុស្សដទៃមិនចង់ធ្វើ ឬមិនអាចធ្វើបាន។ បើទោះជាសំបកក្រៅមើលទៅឃើញថាគេយកពេលខ្លះដើម្បីសម្រាក ក៏ធាតុពិតគេកំពុងតែគិតរកវិធីទៅមុខឱ្យដល់គោលដៅដែរ។

៤. មនុស្សដែលរៀនពេញមួយជីវិត

អ្នកដែលសម្រេច​នូវ​ជោគជ័យ​ក្នុងជីវិត​ដឹង​ច្បាស់ណាស់ថា បើ​គេ​មិនបន្តអភិវឌ្ឍខ្លួនទេ គេនឹង​មិនទៅណាឆ្ងាយ​ទៀតនោះទេ។ ពួកគេ​អានសៀវភៅ អានអត្ថបទ ស្រាវជ្រាវ រៀន​វគ្គខ្លីៗបន្ថែម។ ពួកគេមិនឈប់រៀន​ជាដាច់​ខាត! បុគ្គលជោគជ័យបំផុត គឺជាអ្នករៀនមិនឈប់ពេញមួយជីវិត។ គេមានចរិតចង់ចេះចង់ដឹងរឿងរ៉ាវ ស្ថានការ និងមនុស្សជុំវិញខ្លួនគេ។ ពេលខ្លះការចង់ចេះចង់ដឹងរបស់គេមិនចាំបាច់តែត្រូវមានប្រយោជន៍ចំពោះគម្រោង ឬពាណិជ្ជកម្មដែលគេកំពុងតែធ្វើនោះទេ។ គេតែងតែប្រកាន់របៀបគិតថា ហេតុអ្វីមិនអាចទៅរួច? ចុះបើធ្វើបែបនេះវិញ លទ្ធផលនឹងទៅជាយ៉ាងណា?  ហេតុនេះអ្នកត្រូវអានសៀវភៅ អានអត្ថបទ ស្រាវជ្រាវ​នូវអ្វីដែលអ្នក​ឆ្ងល់ ចុះឈ្មោះរៀន​វគ្គខ្លីៗ ជំនាញនេះជំនាញនោះដែលអ្នក​ចូលចិត្ត និង​បន្តរៀនពេញមួយជីវិត!

៥. មនុស្សមានទំនួលខុសត្រូវខ្ពស់

ទំនួល​ខុសត្រូវ​ជារឿង​មួយដែល​គ្រប់​បុគ្គឡជោគជ័យ​សុទ្ធតែមាន។ ពួកគេមាន​ទំនួលខុសត្រូវ​លើ​ខ្លួន​ឯង​ខ្ពស់។ អ្នក​ធ្វើការឱ្យ​ខ្លួន​ឯង ហើយ​កំហុស​ធំបំផុត គឺ​យើង​គិត​ថា​ ធ្វើ​ការឱ្យ​គេ។ អ្នក​ដែលបើក​ប្រាក់​ខែ​ឱ្យ​យើង​ថ្ងៃ​ណាមួយ​អាចនឹង​ផ្លាស់ប្ដូរ ការងាររបស់​យើង​ថ្ងៃ​ណាមួយ​អាច​នឹង​បាត់​បង់ ប៉ុន្តែ​យើង​នៅតែជាយើង​ដដែល។ នៅពេលដែល​យើង​ចាប់​ផ្ដើម​ទទួល​នូវទំនួល​ខុសត្រូវ​ខ្ពស់​សម្រាប់​ជីវិត​របស់ខ្លួន​ឯង​ហើយ យើង​នឹង​ចាប់ផ្ដើម​មាន​ការរីកចម្រើន​ និង​សម្រេច​បាន​នូវលទ្ធផលដ៏សមប្រកប។ សូមចាំថា យើង​គ្រប់​គ្នាមាន​ជីវិត​មួយ​ មាន​ឱកាស​មួយ។ វា​ពឹង​ផ្អែក​ទៅលើ​ថា​នរណាជាអ្នកចាប់​យក​ឱកាស​មួយនោះ។ ចូរខិតខំប្រឹង​ធ្វើការ និង​ប្ដេជ្ញាចិត្តខ្ពស់​ចំពោះការងារ​ ដែលធ្វើ​ឱ្យ​ក្តៅស្រម៉ៃយើង​ក្លាយជាការពិត។

៦. មានសេចក្តីថ្លៃថ្នូរ

មនុស្សយើងគ្រប់គ្នាសុទ្ធតែធ្លាប់ឃើញ ឬស្គាល់មនុស្សជោគជ័យដែលមានចរិតថ្លៃថ្នូរ។ ភាគច្រើន មនុស្សមិនជោគជ័យជាបុគ្គលដែលមានចរិតរឡេះរឡោះ។ ការពិតគឺដៃគូពាណិជ្ជកម្មក្តី វិនិយោគិនក្តី អតិថិជនក្តីសុទ្ធតែចង់ទាក់ទងជាមួយបុគ្គលដែលមានសេចក្តីថ្លៃថ្នូរ និងមិនក្រឡិចក្រឡុច។ និយាយឱ្យខ្លីគឺចរិយាមារយាទជារឿងសំខាន់ណាស់ ទោះជាអ្នកឈានឡើងដល់កម្រិតណាក៏ដោយ។

៧. មានអ្នកផ្តល់ប្រឹក្សាដែលមានសមត្ថភាព

មេរៀនធំបំផុតមួយក្នុងជីវិត គឺក្រុមការងារអាចសម្រេចចិត្តបានល្អជាងបុគ្គលម្នាក់ៗ។ មនុស្សជោគជ័យទាំងអស់សុទ្ធតែមានក្រុមការងារ​ដែលមានសមត្ថភាពចាំផ្តល់ប្រឹក្សា ជំនាញ បទពិសោធន៍ និងគំនិតដើម្បីជួយឱ្យគេអាចសម្រេចចិត្តបានល្អបំផុត។ ទីប្រឹក្សាទាំងនេះក៏អាចជួយតម្រង់ទិសនៅពេលមេដឹកនាំដើរខុសផ្លូវ។


អត្ថបទទាក់ទង

ចរិត ទាំង៩ ដែលបុគ្គលជោគជ័យបានកែប្រែចេញ

 

Leave a Reply

Your email address will not be published. Required fields are marked *