រឿងសំខាន់ៗទាំង ៧ ដែលអ្នកត្រូវឆ្លុះបញ្ចាំង ដើម្បីធ្វេីឱ្យជីវិតអ្នកកាន់តែមានសុភមង្គល

 

ចូរមើលទៅជីវិតរបស់អ្នក តើអ្នកពេញចិត្តនឹងជីវិតដែលអ្នកកំពុងរស់នៅទេ? នេះជាការលើកឡើងរបស់ បប ម៉ាឡៃ (Bob Marley)។ ការស្កប់ស្កល់ និងការមានអារម្មណ៍ពេញចិត្ត គឺជាអ្វីដែលយើងទាំងអស់គ្នាចង់បាន។ សុភមង្គល គឺជារឿងដ៏សំខាន់ក្នុងជីវិត។ ដូច្នេះសូមសួរខ្លួនឯងថា តើខ្ញុំពិតជាពេញចិត្តនឹងជីវិតរបស់ខ្ញុំដែរឬទេ? ប្រសិនបើចម្លើយថាទេ វាជាពេលវេលា ដើម្បីពិនិត្យមេីលឡើងវិញ និងធ្វេីការផ្លាស់ប្តូរ។ សូមព្យាយាមរកពេលវេលា ដើម្បីឆ្លុះបញ្ចាំងអំពីរឿងមួយចំនួនដូចខាងក្រោម៖

១. រស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់អ្នក

មានតែអ្នកទេដែលដឹងពីអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្ត ចូរកុំឱ្យនរណាម្នាក់មកកំណត់ជីវិតរបស់អ្នក ដើរតាមផ្លូវដែលអ្នកចង់បាន ដោយមិនភ័យខ្លាចត្រូវបានគេរិះគន់។ សូមប្រាកដថា គ្រួសាររបស់អ្នក មិត្តភក្តិ មានសារៈសំខាន់ណាស់ ហើយវាជារឿងដ៏ល្អ ប្រសិនបើអ្នកអាចសុំដំបូន្មានពីពួកគេ នៅពេលអ្នកត្រូវការ ប៉ុន្តែវានៅតែជាអ្នក ដែលត្រូវធ្វេីការសម្រេចចិត្ត ថាតើគួរយកដំបូន្មាននោះ ឬអត់។ មនុស្សគ្រប់រូបមានជីវិតតែមួយប៉ុណ្ណោះ ដូច្នេះចូរចាំថា រស់នៅជីវិតតាមរបៀបដែលអ្នកចង់រស់នៅ។

២. ពិនិត្យឡើងវិញនូវទំនាក់ទំនងដែលអ្នកមាន

អ្នកគួរពិចារណាលើទំនាក់ទំនងក្នុងជីវិត។ តើពួកគេទាក់ទងនឹងអ្នកយ៉ាងដូចម្តេចនៅក្នុងជីវិតប្រចាំថ្ងៃ? តើអ្នកណាចង់ឃើញអ្នកជោគជ័យ? តើនរណាជាអ្នកបំផុសគំនិតអ្នក? តើនរណាធ្វើឱ្យអ្នកសប្បាយចិត្ត? ហើយគិតពីវិធីផ្សេងទៀត។ តើនរណាជាអ្នកទាញអ្នកចុះ? តើនរណាធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អអំពីខ្លួនអ្នក ឬមានឥទ្ធិពលអវិជ្ជមានលើជីវិតរបស់អ្នក? ត្រូវស្មោះត្រង់ជាមួយខ្លួនឯងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន នៅឱ្យឆ្ងាយពីមនុស្សដែលបំផ្លាញថាមពលរបស់អ្នក។ ចូលចំណោម ជាមួយមនុស្សដែលមានឥរិយាបថវិជ្ជមាន និងមនុស្សដែលធ្វើឱ្យអ្នកសប្បាយចិត្ត ដេីម្បីបង្កើនគុណភាពនៃជីវិតរបស់អ្នក។

៣. យល់ដឹងកាន់តែច្រើនកាន់តែល្អ

ភាពតានតឹង គឺភាគច្រើនមកពីការយល់ច្រឡំ។ ការអភិវឌ្ឍន៍សមត្ថភាពដែលអាចមើលឃើញពីទស្សនវិស័យរបស់អ្នកដទៃដោយមិនលម្អៀង គឺជាអំណោយមួយដែលមនុស្សតិចណាស់មាន ប៉ុន្តែវាមានតម្លៃបំផុត។ នៅពេលសន្ទនា ឬស្តាប់ដោយគ្មានការវិនិច្ឆ័យ ហើយបេីកចិត្តឱ្យទូលាយ។ នេះនឹងជួយឱ្យអ្នកមានមិត្តច្រើន។ សមត្ថភាពក្នុងការមើលឃើញពីទស្សនវិស័យរបស់អ្នកដទៃ នឹងអនុញ្ញាតឱ្យអ្នកសិក្សាបន្ថែម ហើយគិតបានច្រើនថែមទៀតផង។

៤. កុំខ្លាចក្នុងការចំណាយពេលសម្រាប់ខ្លួនឯង

វាជារឿងធម្មតាទេដែលមនុស្សនឹងធុញទ្រាន់នៅពេលពួកគេរវល់ខ្លាំង។ អ្នកមិនគួរអនុញ្ញាតឱ្យខ្លួនឯងទទួលបានការធុញដូច្នេះទេ ដោយអ្នកគ្រាន់តែរៀនសង្កេតមេីលខ្លួនឯង ថាខ្លួនឯងជិតធុញទ្រាន់ឬនៅ ប្រសិនបេីដល់ហេីយ ចូរសម្រាកមួយភ្លែតសិន។ សូមកុំខ្មាសអៀនក្នុងការសុំឈប់សម្រាក។ ត្រូវដឹងថា សុខភាពផ្លូវចិត្តរបស់អ្នក គឺ សំខាន់ដូចជាសុខភាពរាងកាយរបស់អ្នកដែរ។

៥. ផ្តោតលើភាពវិជ្ជមាន

មនុស្សយេីងងាយនឹងធ្លាក់ចូលក្នុងអន្ទាក់អវិជ្ជមានណាស់ ដូចជាការព្រួយបារម្ភច្រើនអំពីអ្វីមួយ កំហុសដែលបានកេីតឡេីង ។ល។ ហើយការព្រួយបារម្ភទាំងនេះ បានធ្វើឱ្យយើងមានការភ័យខ្លាច។ ចូរព្យាយាមគិតអំពីរឿងល្អៗ មិនថាមានបញ្ហាអ្វីនោះទេ ឬតាមរយៈអ្វីនោះទេ ព្យាយាមបង្ខំខ្លួនឯងឱ្យគិតអំពីអ្វីដែលល្អៗ។ នេះនឹងនាំឱ្យមានទស្សនវិស័យវិជ្ជមានទៅលើជីវិត និងឥរិយាបថវិជ្ជមានបន្ថែមទៀតក្នុងរយៈពេលវែង។

៦.  ស្វែងរកអ្វីដែលអាចជួយកាត់បន្ថយភាពតានតឹង

ចូរគិតពីវិធីងាយស្រួលបំផុត ដើម្បីកាត់បន្ថយភាពភាពតានតឹងរបស់អ្នក។ មិនថាលេងហ្គីតា ហាត់ប្រាណ ឬ ធ្វេីអ្វីក៏ដោយ អ្នកត្រូវរកចំណង់ចំណូលចិត្តដែលអាចធ្វេីឱ្យអ្នកស្ងប់ចិត្ត ហើយផ្តល់ឱ្យអ្នកនូវអារម្មណ៍ដែលមានសេរីភាព។ ចូររកពេលវេលាទំនេរ ដោយដកចេញពីកាលវិភាគដ៏មមាញឹករបស់អ្នក ដើម្បីអនុវត្តសកម្មភាពបំបាត់ស្ត្រេសរបស់អ្នកឱ្យបានទៀងទាត់។

៧. ទទួលខុសត្រូវចំពោះសកម្មភាពរបស់អ្នក

នៅពេលអ្នកធ្វើឱ្យមានកំហុស ហើយធ្លាក់ក្នុងស្ថានភាពពិបាក វាជាការងាយស្រួលក្នុងការចង្អុលម្រាមដៃ និងបន្ទោសមនុស្សអ្នកដទៃ ចំពោះកំហុសរបស់អ្នក ប៉ុន្តែវាមិនមែនជាវីធីដោះស្រាយបញ្ហានោះទេ។ ចូរព្យាយាមផ្តោតលើអ្វីដែលអាចដោះស្រាយបាន ទទួលខុសត្រូវចំពោះសកម្មភាពផ្ទាល់ខ្លួនរបស់អ្នក ហើយបន្ទាប់មក ពិនិត្យស្ថានភាពនោះ។ ចូរគ្រប់គ្រងអ្វីៗដែលអ្នកអាចធ្វើបាន ហើយព្រលែងអ្វីដែលអ្នកមិនអាចគ្រប់គ្រងបាន។ ចូរធ្វេីការផ្លាស់ប្តូរទៅជាវិជ្ជមានតាមដែលអ្នកអាចធ្វេីបាន មិនថាស្ថិតនៅក្នុងអាជីវកម្ម ឬ ជីវិតផ្ទាល់ខ្លួននោះទេ។

ខ្ញុំត្រឡប់ទៅមើលជីវិតរបស់ខ្ញុំវិញ ដូចជាការងារដ៏ល្អមួយ វាបានបញ្ចប់ហើយ ហើយខ្ញុំពេញចិត្តនឹងវា។ Grandma Moses

សម្រួលពី៖ 7 Ways to Lead a More Satisfying Life by by on Success (


អត្ថបទទាក់ទង

គន្លឹះសាមញ្ញៗចំនួន ៦ ជួយអ្នកឲ្យជំនះឧបសគ្គក្នុងជីវិត

 

Leave a Reply

Your email address will not be published. Required fields are marked *