តើកំហុសឆ្គងអ្វីខ្លះដែលធ្វើឲ្យបុគ្គលិកមិនចូលចិត្តផ្នែកធនធានមនុស្ស (HR)?

ការគ្រប់គ្រងធនធានមនុស្ស (Human Resource Management – HRM) គឺជាដំណើរការនៃការធ្វើផែនការ ការជ្រើសរើស ការវាយតម្លៃ និងការផ្តល់នូវសំណងដល់និយោជិតម្នាក់ៗដែលបានបម្រើការងារក្នុងអង្គភាព ស្ថាប័ន​ ឬដើម្បីសម្រេចបាននូវគោលបំណងរបស់អង្គភាព ឬស្ថាប័នប្រកប ដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។

ធនធានមនុស្ស (HR) សំដៅទៅលើបុគ្គលិកលក្ខណៈមនុស្សដែលមានចំណេះដឹង សមត្ថភាព (ទាំងកម្លាំងកាយ និងកម្លាំងប្រាជ្ញា) បទពិសោធន៍ ភាពវៃឆ្លាត ការច្នៃប្រតិដ្ឋ និងមានសីលធម៌រស់នៅល្អក្នុងសង្គម ហើយជាសមាសភាគដ៍សំខាន់បំផុតរបស់អង្គភាព។ ទោះបីជានៅក្នុងអង្គភាពមួយមានធនធានហិរញ្ញវត្ថុខ្លាំង សម្ភារៈប្រើប្រាស់គ្រប់គ្រាន់ ព្រមទាំងបច្ចេកទេសទំនើបៗយ៉ាងណាក៍ដោយ បើគ្មានធនធានមនុស្សទេ នោះដំណើរការរបស់អង្គភាព មិនអាចប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពដែរ ព្រោះថាមានតែមនុស្សទេទើបមានសមត្ថភាពប្រើប្រាស់ធនធានទាំងនោះឱ្យអស់ពីលទ្ធភាពបាន។

ផ្នែកធនធានមនុស្ស មានតួនាទីសំខាន់នៅក្នុងអង្គភាព ប៉ុន្តែអ្វីដែលជាបញ្ហា គឺថាផ្នែកនេះត្រូវបានបុគ្គលិកជាច្រើនមានការមិនចូលចិត្ត ស្អប់ និងមិនចង់សហការជាមួយ។ ហេតុអ្វីបានជាមានបញ្ហានេះកើតឡើង? ខាងក្រោមនេះជាចម្លើយ៖

១. កំហុសឆ្គងរបស់ផ្នែកធនធានមនុស្ស

  • ផ្តោតតែការដឹកនាំធ្វើប្រតិបត្តិការ ជាជាងផ្ដោតលើការលើកគុណតម្លៃក្រុមការងារ
  • គ្មានចំណេះដឹងគ្រប់គ្រាន់លើផ្នែកហិរញ្ញវត្ថុ ផ្នែករដ្ឋបាល ផ្នែកបច្ចេកវិទ្យា និងចំណេះដឹងផ្នែកគ្រប់គ្រងធនធានមនុស្ស
  • គ្មានជំនាញឈ្វេងយល់ពីសមត្ថភាព ទេពកោសល្យរបស់ក្រុមការងារ
  • គ្មានសមត្ថភាពប្រើប្រាស់ធនធានមនុស្សបានត្រឹមត្រូវ ដើម្បីបង្កើនផលិតភាពការងារ
  • គ្មានក្បួនជ្រើសរើសបុគ្គលិក និងបណ្ដុះបណ្ដាលបុគ្គលិកថ្មី
  • គ្មានសមត្ថភាពដោះស្រាយបញ្ហា និងជំនាញបង្វឹកមនុស្ស
  • គ្មានជំនាញភាពជាអ្នកដឹកនាំ
  • គ្មានជំនាញទំនាក់ទំនងជាមួយមនុស្ស និងខ្វះខាតនូវចំណុចជាច្រើនទៀតទៅតាមអង្គភាពនីមួយៗ។

២. កំហុសឆ្គងរបស់ថ្នាក់ដឹកនាំ

  • ជ្រើសរើសមនុស្សមកកាន់ផ្នែកនេះ ដោយគ្មានភាពត្រឹមត្រូវ
  • ថ្នាក់ដឹកនាំ មិនបានបណ្ដុះបណ្ដាលជំនាញថ្មីៗពាក់ព័ន្ធនឹងភាសានិយាយបែបចិត្តសាស្រ្ត និងជំនាញផ្សេងៗទៀតដើម្បីអាចដឹកនាំមនុស្សបាន
  • គ្មានការបង្វឹកបន្ថែមលើ HR ឱ្យយល់ដឹងបន្ថែមពីច្បាប់ទម្លាប់ យល់ដឹងពីផ្នែកសំខាន់ៗ និងអ្វីដែលអង្គភាពចង់បានជាដើម

៣. ដំណោះស្រាយ

ដើម្បីធ្វើឱ្យបុគ្គលិកបញ្ឈប់ការស្អប់ផ្នែកធនធានមនុស្ស ហើយប្ដូរចិត្តមកស្រលាញ់ស្មោះស្ម័គ្រជាមួយនឹងអង្គភាព និងសហការជាមួយផ្នែកធនធានមនុស្សដោយភាពពេញចិត្ត ដូច្នេះផ្នែកធនធានមនុស្ស និងអ្នកដឹកនាំក្រុមហ៊ុនត្រូវឈប់ផ្ដោតខ្លាំងលើរឿងតូចតាច ហើយចាប់ផ្តើមសួរសំណួរធំៗដូចជា៖

  • ហេតុអ្វីបុគ្គលមានសមត្ថភាពខ្លាំងៗចង់ក្លាយជាផ្នែកមួយនៃអង្គភាពរបស់អ្នកតាំងពីដំបូង?
  • នៅពេលអ្នកឃើញបុគ្គលមានសមត្ថភាពខ្លាំងៗ តើអ្នកស្គាល់ពួកគេដែរឬទេ?
  • តើអ្នកពូកែបង្វឹកមនុស្សពីរបៀបដែលអង្គភាពដំណើរការ និងជោគជ័យដែរឬទេ?
  • តើអង្គភាពរបស់អ្នកមានដំណើរការខុសប្លែកពីដៃគូប្រកួតប្រជែងដែរឬទេ?
  • តើក្រុមការងារគួរតែមានអាកប្បកិរិយាបែបណានៅកន្លែងធ្វើការ? ហើយគួរបង្កើតភាសាចិត្តសាស្រ្តនិងវប្បធម៌រួមបែបណានៅក្នុងអង្គភាព?
  • តើគួរផ្ដោតលើយុទ្ធសាស្រ្តអ្វី ដើម្បីគ្រប់គ្រងធនធានមនុស្សឱ្យកាន់តែមានផលិតភាពការងារខ្ពស់ និងមិនងាយចាកចេញពីអង្គភាព?

អត្ថបទទាក់ទង

អ្នកជំនាញធនធានមនុស្សបែបគ្រូបង្វិកសម្រាប់អ្នកគ្រប់គ្រង

 

Leave a Reply

Your email address will not be published.