អ្នកប្រាស្រ័យទាក់ទង ៤ ប្រភេទដែលអ្នកត្រូវដឹង

និយមន័យនៃការប្រាស្រ័យទាក់ទងត្រូវបានគេផ្តល់និយមន័យស្រដៀងៗគ្នាទៅតាមបរិបទផ្សេងៗដូចជា៖

  • ការប្រាស្រ័យទាក់ទង គឺជាការធ្វើអន្តរកម្មរវាងបុគ្គម្នាក់ទៅបុគ្គលម្នាក់ទៀត ឬមនុស្សមួយក្រុម ទៅមនុស្សមួយក្រុមទៀតក្នុងការចែករំលែកចំណះដឹង បទពិសោធន៍ ឬអ្វីផ្សេងៗទៀតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ 
  • ការប្រាស្រ័យទាក់ទង គឺជាមធ្យោបាយមួយដែលធ្វើឡើងដើម្បីបញ្ជូនសារ ឬព័ត៏មាន ឬគំនិតយោបល់ផ្សេងៗទៅអ្នកដទៃ ដើម្បីឲ្យគេទទួលបានសារ ឬព័ត៏មាន និងទទួលបានមកវិញនូវការឆ្លើយតប។
  • ការប្រាស្រ័យទាក់ទង គឺជាការផ្តល់ និងទទួលព័ត៌មានពីភាគីម្ខាង ទៅភាគីម្ខាងទៀត តាមមធ្យោបាយផ្សេងៗ។

ចំពោះការប្រាស្រ័យទាក់ទងក្នុងអង្គភាព ឬស្ថាប័ន គឺជាការផ្លាស់ប្តូរព័ត៌មានគ្នាពីបុគ្គលិកម្នាក់ទៅបុគ្គលិកម្នាក់ទៀត ឬពីបុគ្គលិកក្នុងស្ថាប័នមួយ ទៅបុគ្គលិកក្នុងស្ថាប័នមួយផ្សេងៗទៀត ដើម្បីឲ្យមានការយល់ដឹងរួមគ្នាណាមួយ។ 

ការប្រាស្រ័យទាក់ទង ត្រូវតែមាន៖

  • អ្នកផ្តល់សារ ឬព័ត៏មាន
  • មធ្យោបាយបញ្ជូនសារ ឬព័ត៏មាន
  • អ្នកទទួលសារ ឬព័ត៏មាន
  • ព័ត៏មានត្រឡប់

ប្រភពព័ត៏មាន ត្រូវតែច្បាស់នូវអ្វីដែកគេចង់ធ្វើការទំនាក់ទំនងជាមួយនឹងសារ ឬព័ត៏មាន និងមធ្យោបាយទំនាក់ទំនង។

អ្នកប្រាស្រ័យទាក់ទងមានច្រើនប្រភេទ ហើយអ្នកត្រូវដឹងថា អ្នកជាប្រភេទណាមួយ ព្រោះអ្នកនឹងអាចរៀបចំបានប្រសើរជាងមុនសម្រាប់កិច្ចសន្ទនាសំខាន់ៗដោយដឹងពីអ្វីដែលជាភាពខ្លាំង និងចំណុចខ្សោយរបស់អ្នកក្នុងការប្រាស្រ័យទាក់ទង។ ខាងក្រោមនេះ គឺជាអ្នកប្រាស្រ័យទាក់ទង ៤ ប្រភេទ ហើយអ្នកអាចដឹងថាអ្នកជាអ្នកទំនាក់ទំនងប្រភេទណា៖

១. រហ័សរហួន

អ្នកអាចដឹងបានថា ខ្លួនឯងគឺជាអ្នកទំនាក់ទំនងប្រភេទរហ័សរហួនបាន បើសិនជាអ្នកប្រើប្រាស់ការទំនាក់ទំនងយ៉ាងចម្បង ដើម្បីផ្សារភ្ជាប់ជាមួយអ្នកដទៃ។ អ្នកជាបុគ្គលម្នាក់ដែលនិយាយទៅកាន់អ្នកដទៃជាមួយភាពទន់ភ្លន់ ស្ងប់អារម្មណ៍ យោគយល់ និងការយល់ចិត្តអ្នកដទៃ​ ម៉្យាងទៀតអ្នកថែមទាំងចូលចិត្តការសាងទំនាក់ទំនងថ្មីៗផងដែរ។

២. បែប​អង្គចៅក្រម

អ្នកគឺជាអ្នកទំនាក់ទំនងបែបអង្គចៅក្រម បើសិនជាអ្នកចូលចិត្តវិភាគទៅលើប្រធានបទនិងបញ្ហាអ្វីមួយ ជីករកចំណុចសំខាន់ បន្ទាប់មកបកស្រាយរឿងរ៉ាវទាំងនោះទៅកាន់អ្នកដទៃយ៉ាងល្អិតល្អន់។ ការចាប់ផ្ដើមការសន្ទនា និងការនិយាយចូលទៅកាន់ចំណុចសំខាន់ ប្រកបដោយភាពទាក់ទាញ គឺជាចំណុចខ្លាំងរបស់អ្នក។

៣. ប្រាកដប្រជា

អ្នកគឺជាអ្នកធ្វើទំនាក់ទំនងម្នាក់ដែលយល់ដឹងខុសត្រូវ និងមានភាពប្រាកដនិយម បើសិនជាអ្នកចូលចិត្តការសន្ទនាបែបបើកចំហ ហើយអ្នកដទៃមានភាពងាយស្រួលក្នុងការទាក់ទងជាមួយអ្នក។ ម៉្យាងទៀត អ្នកជាមនុស្សដែលផ្ដោតអារម្មណ៍ និងតែងនិយាយចូលទៅកាន់ចំណុចសំខាន់។

៤. បែប​សូក្រាត

អ្នកជាអ្នកធ្វើទំនាក់ទំនងប្រភេទសូក្រាត បើអ្នករកឃើញថា អ្នកពូកែដោះស្រាយបញ្ហា និងអូសទាញអ្នកដទៃតាមរយៈការផ្ដល់ជាឧទាហរណ៍។ អ្នកចូលចិត្តការជជែកដេញដោលដែលមានរយៈពេលវែង។ រីឯចំណុចខ្លាំងរបស់អ្នក គឺការយល់ដឹងពីព័ត៌មានលម្អិតបានជាក់លាក់ ហើយគំនិតរបស់អ្នកតែងត្រូវបានអ្នកដទៃឲ្យតម្លៃ។

តើអ្នកជាអ្នកទំនាក់ទំនងប្រភេទណា!?

សម្រួលពី៖ Sarah Bonander, There are 6 Types of Communicators. Which One are You?, Lifehack


Leave a Reply

Your email address will not be published. Required fields are marked *