យុទ្ឋសាស្រ្តទាំង ៤ នៃ Ansoff Matrix សម្រាប់ធ្វើយុទ្ឋសាស្រ្តទីផ្សារ
Ansoff Matrix ត្រូវបានបង្កើតឡើងដោយគណិតវិទូ និងជាអ្នកគ្រប់គ្រងអាជីវកម្មម្នាក់ឈ្មោះ H. Igor Ansoff និងត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីអាជីវកម្មហាវឺដ (Harvard Business Review) ក្នុងឆ្នាំ ១៩៥៧។
ម៉ាទ្រីសនេះ គឺជាគំរូមួយដែលពិតជាមានសារៈសំខាន់ណាស់សម្រាប់ការធ្វើយុទ្ធសាស្រ្តទីផ្សារ។ វាត្រូវបានគេយកទៅប្រើប្រាស់ដើម្បីស្វែងរកមើលឱកាសក្នុងការបង្កើនប្រាក់ចំណូលសម្រាប់អាជីវកម្ម ក៏ដូចជាប្រើក្នុងការវិភាគ និងរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីឲ្យក្រុមហ៊ុនកាន់តែរីកចម្រើន។
យុទ្ធសាស្ត្រទាំងបួននៃ Ansoff Matrix មានដូចជា៖
១. យុទ្ធសាស្ត្រទន្ទ្រានទីផ្សារ (𝐌𝐚𝐫𝐤𝐞𝐭 𝐏𝐞𝐧𝐞𝐭𝐫𝐚𝐭𝐢𝐨𝐧)
យុទ្ធសាស្ត្រទន្ទ្រានទីផ្សារ គឺជាការបង្កើនការលក់ផលិតផលដែលមានស្រាប់ នៅក្នុងទីផ្សារដែលមានស្រាប់។ គោលដៅសំខាន់នៃយុទ្ធសាស្ត្រនេះគឺ ដើម្បីបង្កើនទំហំទីផ្សាររបស់ខ្លួនឲ្យកាន់តែធំ ហើយក្រុមហ៊ុនអាចធ្វើវាឡើងបានតាមរយៈ ៖
- ការបញ្ចុះតម្លៃ ដើម្បីទាក់ទាញអតិថិជន
- ការបង្កើនការផ្សព្វផ្សាយ និងបង្កើនបណ្ដាញចែកចាយ
- ការទិញដៃគូប្រកួតប្រជែងដែលស្ថិតនៅក្នុងទីផ្សារជាមួយគ្នា ។ល។
ឧទាហរណ៍៖ ក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់ ផ្គត់ផ្គង់ទីផ្សារតែមួយ និងប្រើយុទ្ធសាស្រ្តជ្រៀតចូលទីផ្សារដោយផ្តល់តម្លៃណែនាំ និងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយនិងចែកចាយ។
២. យុទ្ធសាស្ត្រអភិវឌ្ឍផលិតផល (𝐏𝐫𝐨𝐝𝐮𝐜𝐭 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭)
យុទ្ធសាស្ត្រអភិវឌ្ឍផលិតផល គឺជាការបង្កើតផលិតផលថ្មី ហើយលក់នៅក្នុងទីផ្សារដែលមានស្រាប់។ ក្រុមហ៊ុនអាចធ្វើវាឡើងបានតាមរយៈ ៖
- ការវិនិយោគទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) ដើម្បីអភិវឌ្ឍផលិតផលមួយថ្មី និងឆ្លើយតបនឹងទីផ្សារដែលមានស្រាប់
- ការទិញផលិតផលរបស់ដៃគូប្រកួតប្រជែង និងការរួមបញ្ចូលធនធានគ្នាដើម្បីបង្កើតផលិតផលថ្មីមួយដែលល្អប្រសើរជាងមុន ។ល។
ឧទាហរណ៍៖ ក្រុមហ៊ុនផលិតរថយន្ត កំពុងបង្កើតរថយន្តអគ្គិសនី ដើម្បីឆ្លើយតបនឹងតម្រូវការផ្លាស់ប្តូរទីផ្សារដែលមានស្រាប់របស់ពួកគេ។ អ្នកប្រើប្រាស់ទីផ្សារបច្ចុប្បន្ននៅក្នុងទីផ្សាររថយន្ត កំពុងតែមានការយល់ដឹងពីបរិស្ថាន។
៣. យុទ្ធសាស្ត្រអភិវឌ្ឍទីផ្សារ (𝐌𝐚𝐫𝐤𝐞𝐭 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭)
យុទ្ធសាស្ត្រអភិវឌ្ឍទីផ្សារ គឺជាការយកផលិតផលដែលមានស្រាប់ ទៅលក់នៅក្នុងទីផ្សារថ្មី។ ក្រុមហ៊ុនអាចធ្វើវាឡើងបានតាមរយៈ ៖
- កំណត់ទីផ្សារលក់ ទៅទីតាំងភូមិសាស្ត្រថ្មី
- ការបង្កើតបណ្ដាញចែកចាយថ្មី (ពីការលក់ផ្ទាល់ ទៅជាការលក់លើប្រព័ន្ធអ៊ីនធឺណិត) ។ល។
ឧទាហរណ៍៖ ក្រុមហ៊ុនលក់សម្ភារៈកីឡា ដូចជា Nike និង Addidas ថ្មីៗនេះបានចូលទីផ្សារប្រទេសចិនសម្រាប់ការពង្រីកខ្លួន។ ក្រុមហ៊ុនទាំងពីរ កំពុងផ្តល់ផលិតផលតែមួយដល់ប្រជាជនថ្មី។
៤. យុទ្ធសាស្ត្រពិពិត្តកម្ម (𝐃𝐢𝐯𝐞𝐫𝐬𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧)
យុទ្ធសាស្ត្រពិពិត្តកម្ម គឺជាការបង្កើនការលក់ ដោយបង្កើតផលិតផលថ្មី ហើយលក់នៅក្នុងទីផ្សារថ្មី។ វាជាយុទ្ធសាស្ត្រដែលមានហានិភ័យជាងគេ ព្រោះវាចាំបាច់ត្រូវការការអភិវឌ្ឍទាំងផ្នែកផលិតផល និងផ្នែកទីផ្សារ។ ក្រុមហ៊ុនអាចធ្វើវាឡើងបានតាមរយៈ ៖
- ពិពិធកម្មដែលមានភាពពាក់ព័ន្ធ (Related Diversification)៖ ការបង្កើតផលិតផល ឬសេវាកម្មថ្មីមួយ ដែលមានភាពពាក់ព័ន្ធទៅនឹងអាជីវកម្មបច្ចុប្បន្ន។
- ពិពិធកម្មដែលមិនមានភាពពាក់ព័ន្ធ (Unrelated Diversification)៖ ការបង្កើតផលិតផល ឬសេវាកម្មថ្មីមួយ ដែលមិនមានភាពពាក់ព័ន្ធ នឹងអាជីវកម្មបច្ចុប្បន្នទាល់តែសោះ។
ឧទាហរណ៍៖ អ្នកផលិតស្បែកជើងស្បែកដែលចាប់ផ្តើមផលិតទូរស័ព្ទ កំពុងអនុវត្តយុទ្ធសាស្ត្រធ្វើពិពិធកម្មដែលមិនទាក់ទងគ្នា។
សម្រួលពី៖ What is the Ansoff Matrix?, Corporate Finance Institute
អត្ថបទទាក់ទង
ប្រូម៉ូសិន ៤ ប្រភេទដែលជាស្នូលនៃយុទ្ធសាស្ត្រទីផ្សារសម្រាប់បង្កើនការយល់ដឹងអំពីការលក់ផលិតផល ឬសេវាកម្ម