វិធីសាស្រ្តក្នុងការដឹកនាំជាមួយនឹងបុគ្គលិក ៤ ប្រភេទធំៗ

អ្នកដឹកនាំ គឺជាបុគ្គលដែលបានគេប្រគល់​តួនាទី​ ឬត្រូវបានគេទទួលស្គាល់​ និងតែងតាំង​ឲ្យ​ធ្វើ​ជាមេក្រុម អ្នកបង្គាប់​បញ្ជា អ្នកសម្រេចចិត្ត អ្នកផ្តល់​គំនិតយោបល់​ ឬចាត់​ចែងការងាររបស់​ក្រុម អង្គភាព សហគមន៍ ប្រទេស​ ជាដើម ។ល។ ដែលមានតួនាទីសំខាន់​ក្នុងការបំផុសទឹកចិត្ត ជួយឲ្យមនុស្សធ្វើការកាន់​តែមានប្រសិទ្ធិភាពខ្ពស់ ​ដើម្បីជាប្រយោជន៍រួមរបស់​សមាជិកទាំងអស់​គ្នា។

មិនថានៅក្នុងក្រុមហ៊ុន ស្ថាប័ន ឬអង្គការណាមួយនោះទេ អ្នកដឹកនាំ គឺជាធាតុដ៏សំខាន់បំផុតក្នុងការនាំក្រុមហ៊ុន​ ឬស្ថាប័នឆ្ពោះទៅកាន់់ជោគជ័យ។ ក្នុងពេលតែមួយនេះដែរ ប្រសិនបើអ្នកដឹកនាំមិនល្អក៏អាចបង្អាក់ភាពជោគជ័យរបស់ក្រុមហ៊ុនបានផងដែរ។ ហេតុដូច្នេះហើយទើបថ្នាក់ដឹកនាំនីមួយៗ ត្រូវមានតួនាទីខ្ពស់ក្នុងការគ្រប់គ្រងក្រុមហ៊ុនអោយបានល្អ។ បែបផែននៃការគ្រប់គ្រងរបស់អ្នកដឹកនាំ គឺមិនដូចគ្នាទាំងអស់នោះទេ អ្នកខ្លះក៏សិក្សាពីរបៀបនៃការដឹកនាំពីអ្នកដទៃ ពីសៀវភៅ ឬអ្នកខ្លះទៀតក៏ចេះច្នៃយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងដោយខ្លួនឯង។ 

ប៉ុន្តែការក្លាយជាអ្នក​ដឹកនាំ​ដ៏​ល្អ​មួយ​រូប មិនមែន​ជា​អ្វី​ដែល​ងាយស្រួល​នឹង​សម្រេច​បាន​នោះ​ទេ។ អ្នក​ដឹកនាំ​ដែល​ល្អ​នឹង​ផលិត ​និង​បណ្ដុះ​នូវ​អ្នក​ដឹកនាំ​ដែល​ល្អ​ជាង​ខ្លួន​បន្ត​បន្ទាប់ៗ​ទៀត មិនមែន​ធ្វើ​ខ្លួន​ជា​អ្នក​ពូកែ​លើស​គេ​រហូត​នោះ​ទេ។

  • ការងារ ជាអ្នកបង្រៀនមនុស្ស
  • មនុស្ស គឺជាអ្នកបង្កើតបញ្ហា ហើយក៏ត្រូវតែជាអ្នកដោះស្រាយបញ្ហា
  • ការដឹកនាំជួបបញ្ហា គឺជាឱកាសក្នុងការអភិវឌ្ឍន៍ខ្លួន
  • ភាពបរាជ័យ វាគឺជាមេរៀនដ៏ល្អ
  • ភាពជោគជ័យ គឺជាឱសថ
  • ការដោះស្រាយតម្រូវការបុគ្គលិក គឺជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ
  • ការបំពេញតម្រូវការអតិថិជន គឺគោលដៅរបស់ស្ថាប័ន។

ក្នុងតួនាទីជាអ្នកដឹកនាំម្នាក់ ត្រូវយល់ឱ្យបានច្បាស់អំពីរបៀប ឬវិធីសាស្រ្តក្នុងការដឹកនាំ (Leadership Style) ដើម្បីជំរុញផលិតភាពការងារ និងធានាបាននិរន្តរភាពអាជីវកម្ម។ ជាទូទៅ បុគ្គលិកត្រូវបានបែងចែកជា ៤ ប្រភេទធំៗ ហើយប្រភេទនីមួយៗត្រូវការរបៀបនៃការដឹកនាំផ្សេងៗគ្នា៖

  • ប្រភេទលេខ១៖ បុគ្គលិកហាត់រៀនការងារដំបូង (Apprentice)
  • ប្រភេទលេខ២៖ បុគ្គលិកកំពុងមានការអភិវឌ្ឍន៍ (Developing)
  • ប្រភេទលេខ៣៖ បុគ្គលិកមានជំនាញ (Skilled)
  • ប្រភេទលេខ៤៖ បុគ្គលិកឯកទេស (Expert)

តើអ្នកដឹកនាំត្រូវប្រើប្រាស់វិធីសាស្រ្តក្នុងការដឹកនាំ (Leadership Style) បែបណា?

  • របៀបនៃការដឹកនាំបែបចង្អុលបង្ហាញផ្ទាល់ (Directing Style)៖ ច្រើនប្រើជាមួយបុគ្គលិកប្រភេទលេខ១ (បុគ្គលិកហាត់រៀនការងារដំបូង) ដែលតម្រូវឱ្យអ្នកដឹកនាំត្រូវបង្ហាញអំពីជំហាននិមួយៗ និងប្រាប់វិធីអនុវត្តជាក់ស្តែងដល់បុគ្គលិកក្រោមឱវាទ។
  • របៀបនៃការដឹកនាំបែបប្រគល់ភារកិច្ច (Delegating Style)៖ ច្រើនប្រើជាមួយបុគ្គលិកប្រភេទលេខ២ (បុគ្គលិកកំពុងមានការអភិវឌ្ឍន៍) ពីព្រោះបុគ្គលិកហាក់ដូចជាមានការយល់ដឹងច្រើន ហើយអាចធ្វើដោយខ្លួនឯងបានខ្លះ ដូច្នេះអ្នកដឹកនាំត្រូវប្រើវិធីសាស្រ្តបែបប្រគល់ភារកិច្ចឱ្យធ្វើជំនួស ប៉ុន្តែត្រូវនៅចាំជួយពីក្រោយជានិច្ច។
  • របៀបនៃការដឹកនាំបែបបង្វឹកអ្នកមានជំនាញ (Coaching Style)៖ ច្រើនប្រើជាមួយបុគ្គលិកប្រភេទលេខ៣ (បុគ្គលិកមានជំនាញ) ដោយសារតែបុគ្គលិកបានឆ្លងកាត់បទពិសោធន៍ការងារជាក់ស្តែងច្រើនឆ្នាំ ដូច្នេះពួកគេចង់បង្ហាញថាគេអាចធ្វើបានដោយខ្លួនឯង ហ៊ានប្រឈមជាមួយការលំបាកគ្រប់បែបយ៉ាង អ្វីដែលអ្នកដឹកនាំអាចធ្វើបានជាមួយបុគ្គលិកប្រភេទនេះ គឺផ្តល់ការណែនាំបន្ថែមខ្លះទៀត ហើយបញ្ជាក់ប្រាប់ពួកគេថា អ្នកអាចធ្វើវាបានពីព្រោះវាជាជំនាញរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកត្រូវការគំនិតយោបល់បន្ថែម នៅមានពួកយើងនៅចាំជួយ។
  • របៀបនៃការដឹកនាំបែបប្រគល់សិទ្ធិអំណាច (Empowering Style)៖ ច្រើនប្រើជាមួយបុគ្គលិកប្រភេទលេខ៤ (បុគ្គលិកឯកទេស) ដោយហេតុថាការអនុវត្តន៍ការងារដ៏ដែលៗជាច្រើនឆ្នាំរហូតមក ធ្វើឱ្យពួកគេមានទំនុកចិត្ត និងមានភាពជឿជាក់លើខ្លួនឯង បានដឹងយ៉ាងច្បាស់អំពីកក្តានាំឱ្យមានភាពជោគជ័យនិងភាពបរាជ័យ ដូច្នេះអ្វីដែលអ្នកដឹកនាំចាំបាច់ត្រូវធ្វើគឺការជំរុញនិងលើកទឹកចិត្ត ហើយបង្ហាញនូវការគាំទ្រពេញទំហឹង ជួយគូរវាសគោលដៅដែលត្រូវទៅ និងប្រាប់ពួកគេថារាល់បញ្ហាធំៗទាំងឡាយដែលពិបាកដោះស្រាយអាចស្នើយោបល់បានគ្រប់ពេល។

បញ្ហាដែលច្រើនកើតឡើងពេលអនុវត្តការងារ នៅត្រង់ការកំណត់ប្រភេទបុគ្គលិកមិនបានច្បាស់លាស់ពីសំណាក់អ្នកដឹកនាំ និងការប្រើប្រាស់វិធីសាស្រ្តខុសជាមួយប្រភេទបុគ្គលិកនិមួយៗ។ បញ្ហាប្រឈមួយទៀតកើតឡើង នៅពេលដែលបុគ្គលិកម្នាក់ៗមានការយល់ច្រឡំអំពីសមត្ថភាពពិតប្រាកដរបស់ខ្លួន ដោយយល់ថាខ្លួនមានបទពិសោធន៍និងជំនាញច្បាស់លាស់ ដែលអាចជាបុគ្គលិកប្រភេទលេខ៣ ចុះហេតុអ្វីបានជាអ្នក ដឹកនាំរបស់ខ្លួន (មេផ្ទាល់) មិនសូវមានទំនុកចិត្តថាអាចធ្វើបាន? 

សេចក្តីសន្និដ្ឋាន៖ ការកំណត់សមត្ថភាពរបស់បុគ្គលិកក្រោមឱវាទមិនច្បាស់លាស់ គឺជាឧបសគ្គដ៏ធំរបស់មេដឹកនាំម្នាក់ៗ ហើយអាចឈានដល់ការប្រើប្រាស់បុគ្គលិកខុសជំនាញ ផលិតភាពការងារធ្លាក់ចុះ និងបង្កើតប្រព័ន្ធការងារដែលពុំមានតម្លាភាព។ អ្វីដែលអ្នកដឹកនាំគ្រប់រូបចាំបាច់ត្រូវធ្វើ នោះគឺស្គាល់បុគ្គលិកម្នាក់ៗឱ្យបានច្បាស់ ដឹងអំពីសមត្ថភាពបំពេញការងារ អត្តចរិក និងសវតា ហើយប្រើវិធីសាស្រ្តក្នុងការដឹកនាំ (Leadership Style) ឱ្យត្រូវជាមួយប្រភេទបុគ្គលិកនីមួយៗ។


អត្ថបទទាក់ទង

លក្ខណៈសម្បត្តិល្អ ១០ យ៉ាងដែលអ្នកដឹកនាំត្រូវធ្វើ ដើម្បីជួយក្រុមការងារកាន់តែរីកចម្រើន

 

Leave a Reply

Your email address will not be published. Required fields are marked *