មិត្តរួមអាជីព ៦ ប្រភេទដែលអ្នកគួរតែយល់ដឹងជាមុន

ជាធម្មតា ក្នុងកន្លែងការងារនីមួយៗ តែងតែជួបមនុស្សគ្រប់ប្រភេទ ទាំងល្អទាំងអាក្រក់ ដែលអ្នកមិនធ្លាប់ស្គាល់។ មានមិត្តល្អអាចចាត់ទុកថាសំណាងក៏ថាបាន ព្រោះយើងក៏មិនចាំបាច់មានសម្ពាធបន្ថែមពីលើការងារទៀត។ យ៉ាងណាមិញ ខាងក្រោមនេះ ជាប្រភេទមិត្តភក្កិរួមអាជីពមួយចំនួន ដែលអ្នកគួរតែជៀសវាង និងយល់ដឹងជាមុន៖

១. មនុស្សពូកែស៊ីត្រាវ (និយាយដើម)

នៅកន្លែងធ្វើការតែងតែមានការនិយាយគ្នា ឬជជែកគ្នាលេងជារឿងធម្មតានោះទេ តែក៏មិនមែននិយាយអ្វីដែលហួសហេតុពេកដែរ។ មិត្តរួមការងារដែលអ្នកគួរតែចៀសឱ្យឆ្ងាយនោះ គឺបុគ្គលដែលចូលចិត្តសួរនាំជីកប្ញសជីកគល់រឿងរបស់អ្នកដទៃ ថែមទាំងពូកែនិយាយដើមគេផងដែរ ដែលការនិយាយដើមគេនោះ ទោះពិត ឬមិនពិតក៏ជារឿងដែលមិនសមគួរនឹងនិយាយដែរ ព្រោះជាចរិតមិនល្អ ថែមទាំងខ្ជះខ្ជាយពេលវេលាទៀតផង។

ដូច្នេះប្រសិនជាអ្នកមានមិត្តរួមការងារប្រភេទនេះ អ្នកគួរតែនៅឱ្យឆ្ងាយ និងចៀសវាង កុំនិយាយអ្វីច្រើនជាមួយពួកគេឱ្យសោះ ព្រោះចរិតមនុស្សបែបនេះអាចនឹងយករឿងយើងទៅនិយាយផ្សព្វផ្សាយបន្តទៀត ឬអាចចាក់រុកអ្នកផ្សេងទៀតនិយាយដើមយើងទៀតផង។ មនុស្សបែបនេះគេហៅថា មនុស្សឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ នៅជាមួយយើងនិយាយដើមគេ នៅជាមួយគេនិយាយដើមយើង។

២. តាមដានបំណាំអ្នក

ប្រសិនបើមានមនុស្សប្រភេទនេះធ្វើការរួមជាមួយអ្នក វាជារឿងមួយដែលអ្នកគួរតែព្យាយាមធ្វើអ្វីឲ្យត្រឹមត្រូវ ពីព្រោះគេចាំតែបង្ខូចឈ្មោះនៅពេលអ្នកភ្លេចខ្លួនតែប៉ុណ្ណោះ។ ជាពិសេស គេតែងតែតាមដានរាល់សកម្មភាពរបស់អ្នក បន្ទាប់មកយកទៅរាយការណ៏ឲ្យចាហ្វាយនាយ ដើម្បីឲ្យស្ពប់អ្នក ឬអាចឲ្យអ្នកចេញពីការងារបាន។

៣. ទម្លាក់កំហុសមកអ្នករហូត

នៅពេលមានរឿងអ្វីមួយ នាង ឬក៏គាត់តែងតែទម្លាក់កំហុសមកលើអ្នក ទោះជាអ្នកមិនបានធ្វើក៏ដោយ។ នេះហើយជាប្រភេទមនុស្សដែលគួរតែប្រយ័ត្ន ពីព្រោះមនុស្សបែបនេះនឹងបំផ្លាញអ្នក ឬក៏ធ្វើឲ្យអ្នកបាត់បង់ការងារនៅថ្ងៃណាមួយ។

៤. ដើរតួជាចិត្តល្អមុខអ្នកដទៃ

មានមនុស្សខ្លះចង់ឲ្យគេគិតថាខ្លួនល្អ តែងតែដើរតួជាមនុស្សត្រឹមត្រូវ សុខចិត្តទទួលកំហុសទាំងអស់ ធ្វើកំសត់នៅមុខអ្នកគ្រប់គ្នា។ ឧទាហរណ៏ ប្រសិនអ្នកមានបញ្ហាជាមួយមនុស្សប្រភេទនេះ គឺគេសុខចិត្តទទួលថាគេខុស ឬក៏គេដើរតួជាយំនៅមុខអ្នកដទៃឲ្យគ្រប់គ្នាគិតថាគេល្អ និងអ្នកជាមនុស្សអាក្រក់។

៥. មនុស្សអែបអប

ភាគច្រើន អ្នកតែងតែជួបមនុស្សប្រភេទនេះហើយ គឺពូកែអែបអបចាហ្វាយនាយ ដូចជាអញ្ចើញគាត់ទៅពិសារបាយជាច្រើនដង យកចិត្តចាហ្វាយនាយគ្រប់ពេល។ វាជាសញ្ញាមួយឲ្យអ្នកដឹងថា ជាមនុស្សយកចិត្តចាហ្វាយនាយ និងអែបអប ដើម្បីយកគុណសម្បត្តិខ្លួនឯង។

៦. មនុស្សអត់ប្រយោជន៍

មនុស្សបែបនេះ គឺជាមនុស្សដែលខ្ជិល ធ្វើការមិនច្បាស់លាស់ មានលេសច្រើន និងគ្មានទំនួលខុសត្រូវនៅក្នុងការងារជាដើម។ នៅក្នុងការងារគេអាចជាមនុស្សដែលមិនសូវជាប្រឹងប្រែង ឬខ្វល់ពីការងារប៉ុន្មាននោះទេ ថែមទាំងបណ្តោយឱ្យការងារជិតដល់ពេលកំណត់ទើបស្ទុះស្ទាធ្វើទៀតផង ដោយមានលេសមិនចេះចប់មិនចេះហើយ។

ដូច្នេះបើជួបមិត្តរួមការងារបែបនេះ ហើយចៀសធ្វើការជាមួយគ្នាមិនបាន អ្នកត្រូវចេះកំណត់ពេលវេលា និងទុកពេលគ្រប់គ្រាន់ក្នុងការធ្វើការងារឱ្យបានច្បាស់លាស់បំផុត។ ហើយប្រសិនជាគេធ្វើមិនទាន់នោះជារឿងរបស់គេ ហើយគេក៏ជាអ្នកដែលទទួលខុសត្រូវលើការយឺតយ៉ាវនេះដែរ

នេះជាប្រភេទមនុស្សទាំង៦ ដែលអ្នកគួរតែប្រយ័ត្នក្នុងកន្លែងធ្វើការរបស់អ្នក ប្រសិនមានមនុស្សបែបនេះ អ្នកព្យាយាមនៅឲ្យឆ្ងាយ ប្រសើរជាងយកគេធ្វើជាមិត្តរួមការងាររបស់អ្នក។


អត្ថបទទាក់ទង

សញ្ញា​ណចំនួន ១១ ដែលបង្ហាញ​ថាអ្នក​គឺជា​បុគ្គលិក​គំរូ​ល្អ​មួយ​រូប

 

Leave a Reply

Your email address will not be published. Required fields are marked *