មធ្យោបាយចំនួន ៥ ដើម្បីផ្លាស់​​ប្ដូរ​ខ្លួន​ជា​មនុស្ស​ឱន​ដាក់​គ្រាប់ អ្នក​ផង​ស្រលាញ់តែ​មិន​មើល​ងាយ

មនុស្សដែលកើតនៅក្នុងពិភពលោកនេះចម្រុះទៅដោយពណ៌សម្បុរអាក្រក់ ល្អ ខ្មៅ ស ទាប ខ្ពស់ និងមានអត្ថចរិតផ្សេងៗពីគ្នា ខ្លះល្អ​ ខ្លះអាក្រក់ រីឯខ្លះទៀតព្រហើន​កោងកាច ក្អេងក្អាង លើកតម្កើងខ្លួនឯងហួសហេតុ ថែមទាំងធ្វើឲ្យគេស្អប់ ព្រមទាំងបាត់បង់តម្លៃទៀតផង។ រីឯបុគ្គលខ្លះទៀត ចេះសម្របខ្លួនដាក់ខ្លួន ស្គាល់កាលៈទេសៈ ហើយថែមទាំងចេះគោរពចាស់ទុំ គ្រូបាអាចារ្យ ឬក៏រៀមច្បងផងដែរ ទីបំផុតក៏មានអ្នកស្រឡាញ់រាប់អានគោរពចូលចិត្តច្រើនយ៉ាងណាមិញគេសង្កេតឃើញថា មនុស្សទាំងអស់ទោះបីជាអាក្រក់យ៉ាងណាក៏អាចអប់រំបានដែរ។ ដោយហេតុផលដូច្នេះហើយ ទើបដូនតាខ្មែរបង្កើតជាសុភាសិតមួយឡើងយ៉ាងដូច្នេះថា “ងើយស្កក ឱនដាក់គ្រាប់” ។

ជាក់ស្តែង គ្មាន​នរណា​ចង់​ឲ្យ​ខ្លួន​ឯង​ត្រូវ​គេ​សម្លឹងថា​ជា​មនុស្ស​ពូកែ​អួត ឈ្លក់​វង្វេង​នឹង​ខ្លួន​ឯង​ឡើយ ព្រោះ​មនុស្ស​បែប​នេះ​នឹង​គ្មានអ្នក​ណា​ចង់​រាប់​អាន​។ ប៉ុន្តែ​បើ​ធ្វើ​ខ្លួន​ផ្ទុយ​ពី​ហ្នឹង​ទាំង​ស្រុង​ នោះអ្នកជា​មនុស្ស​ដែល​ឆាប់​ចុះ​ញ៉ម​អ្នក​ដទៃ​ងាយ​ៗ គេ​ថា​អ្វី​ក៏​តាមដោយ​សារ​ចង់​ឲ្យ​គេ​មើល​ឃើញ​ថា​ជា​មនុស្ស​ដាក់​ខ្លួន នោះ​ក៏​បែរ​ត្រូវ​គេ​​គិត​ថា​ទន់​ខ្សោយ មិន​រឹង​មាំ គ្មាន​ជំហរ​ខ្លួន​ឯង ។ល។ ដូច្នេះ​ហើយបើ​ចង់​ក្លាយ​ជា​មនុស្ស​ដែល​មាន​ចរិត​ដាក់​ខ្លួន​ឱន​លំទោន ប៉ុន្តែ​មិន​ទន់​ជ្រាយ ហើយ​អ្នក​ណា​ៗ​ក៏​ស្រលាញ់​នោះ សូម​សាក​ល្បង​វិធី ៥​ ខាង​ក្រោម​នេះ៖

១. មិន​​រើស​អើង​ការងារ​តូច​តាច

នៅ​ពេល​ដែល​អ្នក​ធ្វើ​ការងារ​ដែល​មិន​មែន​ជា​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​​ឯង ដូច​ជាជួយ​កូន​ចៅ​​ត្រួត​ពិនិត្យ​បញ្ជី​ផ្សេង​ៗ ជួយ​កូន​ចៅ​លើក​អីវ៉ាន់ ឬ​អំពើ​ល្អ​តូច​តាច​ផ្សេង​ៗ​ដោយ​ការ​ពេញ​ចិត្ត នោះវា​​ក៏​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​ជា​មនុស្ស​មិន​ប្រកាន់​ខ្លួន។ នៅ​ពេល​ដែល​អ្នក​ព្រម​លះបង់​ខ្លួន​ឯង​ដើម្បី​ប្រយោជន៍​អ្នក​ដទៃ ឬ​ប្រយោជន៍​រួម នោះ​អ្នក​ដទៃ​នឹង​អាច​ជ្រួតជ្រាប​នូវ​​ទឹក​ចិត្ត​​របស់​អ្នក។

២. ពេល​ខុស​ក៏​ព្រម​ទទួល​ស្គាល់​កំហុស​ដោយ​ពេញ​ចិត្ត

ពាក្យ​សម្ដី​ដែល​មាន​ឥទ្ធិពល​ដល់​ចិត្ត​មនុស្ស​ជាង​ពាក្យ “សរសើរ” គឺ​ពាក្យ “សុំទោស” នេះ​ហើយ។ នៅ​ពេល​អ្នក​ធ្វើ​ខុស អ្នក​ត្រូវ​និយាយ​សុំ​ទោស​ដោយ​ចេញ​ពី​ចិត្ត មិន​មែន​ក្នុង​ន័យ​​បញ្ជោះបន្សោក ហើយ​ត្រូវ​​មាន​ការ​ភ្ញាក់​រឮក​មិន​ប្រព្រឹត្ត​ខុស​ឆ្គង​ម្ដង​ហើយ​ម្ដង​ទៀត។

៣. កុំ​ធ្វើ​ខ្លួន​ជា​មនុស្ស​ដែល​ដឹង​គ្រប់​រឿង

ភាគ​ច្រើន ការ​ខំ​​ធ្វើ​ខ្លួន​ជា​មនុស្ស​ឆ្លាត មិន​បាន​​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​គួរ​ឲ្យ​​ស្រលាញ់​ឡើយ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ឲ្យ​អ្នក​ធ្វើ​ខ្លួន​ជា​ល្ងង់​នោះ​ទេ គ្រាន់​តែ​ថា​ប្រសិន​បើ​អ្នក​មិន​ដឹង​ចម្លើយ​ណា​មួយ​ប្រាកដ​ទេ សូម​កុំ​​ប្រឌិត​ចម្លើយ​នោះ​ដោយ​ខ្លួន​ឯង គួរ​ឆ្លើយ​ត្រង់​ៗ​ថា “មិន​ដឹង” វិញ។

៤. ចេះ​​សើច​​ខ្លួន​ឯងនៅ​ពេល​ធ្វើ​អ្វី​ខុស

នៅ​ពេល​មាន​កំហុស មនុស្ស​ភាគ​ច្រើន​នឹង​បន្ទោស​ខ្លួន​ឯង ហើយ​អ្នក​ខ្លះ​ក៏​បន្ទោស​អ្នក​ដទៃ​​ទាំង​ងងឹត​ងងុល។ ប៉ុន្តែ​បើ​អ្នក​ចង់​ក្លាយ​ខ្លួន​ជា​មនុស្ស​ចេះ​ដាក់​ខ្លួន​នោះ នៅ​ពេល​ធ្វើ​អ្វី​ខុស សូម​កុំ​ធ្វើ​ខ្លួន​ដូច​ជា​ភ្ញាក់​ផ្អើល ឬ​ធ្វើ​ដូច​ជា​រឿង​មិន​ដែល​កើត​ឡើង តែ​គួរ​ញញឹម និង​សើច​​ឲ្យ​កំហុស​ខ្លួន​ឯង​វិញ។ ការ​ចេះ​សើច​ខ្លួន​ឯង​ គឺ​ជា​វិធី​ដ៏​អស្ចារ្យ​ដែល​អាច​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ចូល​ចិត្ត​អ្នក ព្រោះ​នៅ​ពេល​អ្នក​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​មិន​បាន​​តឹងតែង​ចំពោះ​ខ្លួន​ឯង​ខ្លាំង​ពេក វា​នឹង​​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ថា​អ្នក​ជា​មនុស្ស​ដែល​នៅ​ក្បែរ​ហើយ​ស្រណុក​ចិត្ត។

៥. ឲ្យ​តម្លៃ​មនុស្ស​គ្រប់​គ្នា

មាន​ន័យ​ថា អ្នក​ត្រូវ​ផ្ដល់​កិត្តិយស​ឲ្យ​អ្នក​គ្រប់​គ្នា បើ​ទោះ​បី​ជា​អ្នក​មិន​ត្រូវ​ការ​អ្វី​ពី​គេ​​ក៏​ដោយ។ ​បើ​ទោះ​បី​ការ​រាប់​អាន​មនុស្ស​ដែល​មាន​ប្រយោជន៍​ល្អ​ៗ​ឲ្យ​យើង នឹង​ជួយ​ឲ្យ​យើង​មាន​ជីវិត​ប្រសើរ ឬ​ធ្វើ​ការ​បាន​កាន់​តែ​រលូន​ក្ដី ប៉ុន្តែ​អ្នក​អាច​នឹង​ត្រូវ​ហត់​ចិត្ត គ្មាន​ក្ដី​សុខ ហើយ​ក៏​អាច​បាត់បង់​មិត្តភាព​ និង​ការ​ចង​ចាំ​ល្អ​ៗ​ជាមួយ​មនុស្ស​ដទៃ​ទៀត​ដែរ។ ត្រូវ​ចាំ​ថា អ្នក​ដទៃ​នឹង​សរសើរ និង​ផ្ដល់​កិត្តិយស​ដល់​អ្នក​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ល្អ និង​ធ្វើ​​ឲ្យ​ពួក​គេ​យល់​ថា​ពួក​គេ​មាន​តម្លៃ​ប៉ុណ្ណោះ។

ប្រភព៖ rugyim


អត្ថបទទាក់ទង

រឿងជីវិតផ្ទាល់ខ្លួនចំនួន ៥ ដែលអ្នកមិនគួរនិយាយប្រាប់អ្នកដទៃ

 

Leave a Reply

Your email address will not be published.