តើរវាងការខិតខំប្រឹងប្រែង ឬ ទេពកោសល្យពីធម្មជាតិ មួយណាល្អជាង?

ការពិត ភាពជោគជ័យ មិនអាចកំណត់បានត្រឹមតែមួយឃ្លា ឬមួយប្រយោគទេ។ ផ្ទុយទៅវិញ វាត្រូវបានបង្កើតឡើងដោយគ្រឿងផ្សំជីវិតជាច្រើន ហើយនិយមន័យពិត គឺអាស្រ័យលើបុគ្គលម្នាក់ៗជាអ្នកកំណត់នោះឯង។ ចុះតើដើម្បីជោគជ័យ រវាងការខិតខំប្រឹងប្រែង ឬ ទេពកោសល្យពីធម្មជាតិ មួយណាល្អជាង?

ខណៈពេលដែលមនុស្សមួយចំនួនមានភាពវៃឆ្លាតពីកំណើតមក មនុស្សមួយចំនួនទៀតមិនមានអំណោយទានបែបនេះនោះទេ។ មនុស្សដែលមានទេពកោសល្យពីកំណើតតែងត្រូវបានគេកោតស្ញប់ស្ញែងចំពោះសមត្ថភាពរបស់ពួកគេ​ក្នុងការចាប់យកអ្វីមួយបានយ៉ាងលឿនរឺការសម្រេចបានអ្វីមួយយ៉ាងងាយ។ ដោយឡែក មនុស្សមួយចំនួនទៀតត្រូវខិតខំប្រឺងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានលទ្ធផលដូចគ្នានោះ។ ប៉ុន្ដែ តើរវាងកត្ដាទាំងពីរនេះ មួយណាដែលមានភាពល្អប្រសើរជាង?

ជាក់ស្ដែង ទេពកោសល្យពីធម្មជាតិ អាចធ្វើឲ្យបុគ្គលម្នាក់មានសមត្ថភាពខ្ពស់ក្នុងការសម្រេចគោលដៅរបស់ពួកគេ ប៉ុន្ដែ ប្រសិនបើគ្មានការខិតខំ ហើយអង្គុយរងចាំលទ្ធផលល្អមករកខ្លួន មនុស្សដែលមានការខិតខំតស៊ូប្រាកដជាអាចយកឈ្នះបាន។

ជាក់ស្ដែង បុគ្គលល្បីល្បាញមួយចំនួនអាចមានថ្ងៃនេះក៏ដោយសារតែការខិតខំប្រឹងប្រែងរបស់ពួកគេ ដូចជាលោក វ៉លត៍ ឌីសនី (Walt Disney) ជាដើម ដែលត្រូវបានបណ្ដេញចេញដោយក្រុមហ៊ុនកាសែតមួយ និងត្រូវបានស្ដីបន្ទោសឲ្យថា “គ្មានគំនិតថ្មីៗ” និង “ខ្វះគំនិតច្នៃប្រឌិត”។

គួរបញ្ជាក់ផងដែរ ការប្រើពាក្យឆ្លាតរឺមិនឆ្លាតនេះអាចជាជម្រើសមិនល្អមួយ។ នៅពេលដែលត្រូវបានគេសរសើរ មនុស្សដែលឆ្លាតអាចនឹងមានមោទនភាពចំពោះខ្លួនឯង ហើយអាចនឹងមានការធ្វេសប្រហែសច្រើន ដោយពួកគេគិតថា ពួកគេនឹងសម្រេចវាបានដោយមិនចាំបាច់ខំប្រឹង។

មនុស្សមួយចំនួនទៀតដែលត្រូវបានគេថាឲ្យមិនសូវឆ្លាត អាចនឹងមានការបាក់ទឹកចិត្ត ឬអាចបោះបង់ចោលក្ដីស្រមៃរបស់ពួកគេក៏ថាបាន។

ដូច្នេះហើយ អ្នកមិនគួរប្រើ ហើយក៏កុំគិតពីសម្ដីទាំងនោះច្រើនពេក។ មិនថាអ្នកឆ្លាតរឺមិនសូវឆ្លាតក៏ដោយ អ្នកគួរចងចាំថា ការខិតខំតស៊ូ និងមិនចុះចាញ់ដោយងាយ ជាកត្តាដ៏សំខាន់មួយដែលអាចជួយអ្នកដើរទៅដល់គោលដៅដែលអ្នកចង់បាន។

សម្រួលពី៖ Lifehack


អត្ថបទទាក់ទង

កត្តាធំៗ ៣ សំខាន់បំផុត ដែលជារឿយៗបានធ្វើឲ្យមនុស្សផ្លាស់ប្តូរ

Leave a Reply

Your email address will not be published.