វិធីសាស្រ្តចំនួន ៤ ដើម្បីដោះស្រាយជាមួយពាក្យសម្ដីរិះគន់

ការរិះគន់ ជាទម្រង់នៃការបង្ហាញនូវការមិនយល់ស្រប មិនពេញចិត្តទៅលើកំហុស និងកង្វះខាតរបស់នរណាម្នាក់ ឬស្នាដៃណាមួយ។ និយាយឲ្យស្រួលស្តាប់ ការរិះគន់ ជាការទើសនឹងនរណាម្នាក់ ឬអ្វីមួយ ហើយនៅស្ងៀមមិនបាន ក៏សម្តែងវាចេញមកក្រៅ។ ការរិះគន់​ អាចកើតឡើងចំពោះគ្រប់រឿងរ៉ាវតាមទម្រង់ខុសៗគ្នា។

កើតមកជាមនុស្ស យើងមិនអាចគេចផុតពីការរិះគន់នោះទេ មិនថាយើងល្អយ៉ាងណា ឬអាក្រក់ប៉ុនណា ក៏នៅតែមានមនុស្សស្វែងរកកន្លែងរិះគន់យើងដែរ។ ពាក្យរិះគន់ អាចធ្វើឲ្យយើងទន់ខ្សោយទៅតាមស្ថានភាព បើយើងមិនចេះដោះស្រាយ ហើយធ្វើឲ្យយើងកាន់តែរឹងមាំ បើយើងចេះគ្រប់គ្រងវា។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដើម្បីដោះស្រាយជាមួយពាក្យសម្តីរិះគន់៖

១. កុំប្រតិកម្មលឿនពេក ហើយស្ដាប់

ការប្រតិកម្មលឿន បង្ហាញអំពីភាពទន់ខ្សោយនៃការគ្រប់គ្រងផ្នែកអារម្មណ៍របស់យើង។ ដូច្នេះសូមកុំប្រតិកម្មលឿនពេក ប៉ុន្តែត្រូវស្ដាប់សិន ហើយបែងចែកប្រភេទនៃការរិះគន់។ ការរិះគន់ខ្លះ អាចជាការត្រឹមត្រូវ ហើយការរិះគន់ខ្លះ គ្រាន់តែជាការរិះគន់ឲ្យតែបានរិះគន់ប៉ុណ្ណោះ។

២. ស្វែងយល់អំពីបញ្ហា

នេះជាដំណាក់កាលមួយដែលស្វែងយល់ថា តើការរិះគន់នេះត្រឹមត្រូវដែរឬអត់។ បើអ្នកជឿថា អ្វីដែលអ្នកកំពុងតែធ្វើត្រឹមត្រូវ អ្នកត្រូវរក្សាជំហឲ្យបានរឹងប៉ឹង កុំទោរទន់ទៅតាមការរិះគន់ ប៉ុន្តែផ្ទុយទៅវិញ បើអ្នកជឿថា អ្នកពិតជាបានធ្វើខុសតាមការិះគន់ពិតមែន អ្នកត្រូវសារភាពកំហុស ហើយកែប្រែ។

៣. ពន្យល់នូវមូលហេតុដែលអ្នកធ្វើ ប៉ុន្តែកុំយកលេស

ពេលខ្លះ វាជាការល្អដែលមានគេរិះគន់អ្នក ព្រោះវាជាការសាកល្បងអ្នកនូវអ្វីដែលអ្នកជឿ ដើម្បីជួយអ្នកឲ្យកាន់តែរឹងមាំជាងមុន ហើយឈរមាំលើមូលហេតុរបស់អ្នក។ បើអ្នកជឿថាអ្វីដែលអ្នកធ្វើពិតជាត្រឹមត្រូវ អ្នកត្រូវតែរៀបចំពន្យល់អំពីមូលហេតុ នឹងដើមចមនៃបញ្ហាឲ្យបានច្បាស់លាស់។ មនុស្សភាគច្រើនដែលរិះគន់យើង ព្រោះគេមិនយល់អំពីយើង។

៤. ជ្រើសរើសដោះស្រាយ ឬជ្រើសរើសមិនខ្វល់ខ្វាយ

ការរិះគន់ខ្លះ តម្រូវឲ្យយើងដោះស្រាយ ជាពិសេសគឺការធ្វើការជាក្រុម ព្រោះបើយើងមិនដោះស្រាយ វាអាចសម្លាប់ភាពរួបរួមក្នុងក្រុមរបស់យើង ប៉ុន្តែមានការរិះគន់ខ្លះដែលយើងមិនត្រូវខ្វល់ ព្រោះការស្ដាប់ពាក្យរិះគន់ទាំងនោះគឺឥតប្រយោជន៍។ សូមចាំថា មនុស្សខ្លះ គ្មានដំណោះស្រាយស្អីនោះទេ គឺចាំតែរិះគន់។ មូលហេតុតែមួយគត់ដែលអ្នកត្រូវប្រឈមមុខ លុះត្រាតែការរិះគន់នោះវាប៉ះពាល់ដល់ដំណើរការការងាររបស់អ្នក។


អត្ថបទទាក់ទង

វិធីសាស្ត្រ​ ៧​ យ៉ាង​ ដើម្បី​ទទួល​បាន​ការ​គោរព​ស្រឡាញ់ពី​អ្នក​ដទៃ

Leave a Reply

Your email address will not be published. Required fields are marked *