គន្លឹះសំខាន់ៗចំនួន ៦ សម្រាប់គ្រប់គ្រងហិរញ្ញវត្ថុអំឡុងពេលលំបាក

​រឿង​លុយកាក់​ពិតជា​សំខាន់​ណាស់​សម្រាប់​យើង​ម្នាក់ៗ​ ​អញ្ចឹង​ហើយ​យើង​ទាំងអស់គ្នា​គួរតែ​ដឹង​ពី​វិធី​សា​ស្រ្ត​គ្រប់គ្រង​ ​និង​មើល​ថែ​វា​កុំ​ឱ្យ​វា​ពូកែ​រត់ចោល​យើង​ពេក​ ​ជាពិសេស​យុវវ័យ​ដែល​កំពុង​សិក្សា​ ​ឬ​ចូល​ធ្វើការ​ថ្មីថ្មោង​ដែល​មាន​ការចាយវាយ​ច្រើនជាង​ចំណូល​។​ ខាងក្រោមនេះជាគន្លឹះមួយចំនួនដើម្បីគ្រប់គ្រងថវិការបស់អ្នកឲ្យមានប្រសិទ្ធភាពក្នុងអំឡុងគ្រាលំបាក៖

១. វាយតម្លៃថវិកា

វាជាជំហានសំខាន់ក្នុងការដឹងពីស្ថានភាពហិរញ្ញវត្ថុ និងបញ្ហាប្រឈមបច្ចុប្បន្នរបស់អ្នក ហើយថាតើចំណូលរបស់អ្នកនៅតែទទួលបានធម្មតា ឬអត់ ក្នុងពេលប៉ុន្មានខែខាងមុខ។ ធ្វើដូចនេះ អ្នកនឹងអាចត្រៀមផែនការបន្ទាប់ ដើម្បីទប់ស្កាត់ផលប៉ះពាល់នានាទាន់ពេល។ ឧទាហរណ៍ ប្រសិនបើអ្នកដឹងមុនថាអ្នកនឹងបាត់បង់ការងារ ដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាត អ្នកគួរតែចាប់ផ្ដើមពិចារណាលើប្រភេទការងារណាមួយដែលអ្នកចង់ធ្វើបន្ត។ អ្នកក៏ត្រូវពិនិត្យលើប្រាក់បម្រុងគ្រាអាសន្នរបស់អ្នកផងដែរ ថាតើអាច​ទ្រទ្រង់បានរយៈពេលប៉ុន្មានថ្ងៃ ឬខែទៀត ប្រសិនបើមានបញ្ហាអាក្រក់ណាមួយកើតឡើងជាយថាហេតុ។ លើសពីនេះទៀត អ្នកក៏ត្រូវដឹងច្បាស់ពីចំណាយប្រចាំខែរបស់អ្នក ហើយថាតើចំណាយលើអ្វីច្រើនជាងគេ ព្រោះដើម្បីធ្វើឲ្យមានសមតុល្យជាមួយចំណូលរបស់អ្នក។

២. ពិនិត្យលើបំណុល ឬកម្ចីរបស់អ្នក

គ្រឹះស្ថានហិរញ្ញវត្ថុ មានវិធានការផ្សេងៗគ្នាក្នុងការជួយអតិថិជនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺកូវីដ១៩ ជាដើម។ ប្រសិនបើអ្នកមានកម្ចី ហើយបារម្ភថាអ្នកនឹងមិនអាចបង់ប្រចាំខែបាន ទាក់ទងទៅស្ថាប័នផ្ដល់កម្ចីភ្លាមៗ នោះពួកគេនឹងអាចប្រាប់អ្នកពីដំណោះស្រាយដែលសមស្រប។

៣. កំណត់ដំណោះស្រាយ

បន្ទាប់ពីកំណត់បញ្ហាប្រឈមតាមរយៈការវាយតម្លៃ អ្នកអាចចាប់ផ្ដើមបំផុសគំនិតរកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាជាក់លាក់នីមួយៗ។ ចូរពិនិត្យមើលបញ្ហាហិរញ្ញវត្ថុដែលធ្ងន់ធ្ងរ ដែលអ្នកអាចដោះស្រាយបាន។ បន្ទាប់មកធ្វើអាទិភាពលើបញ្ហាណាដែលសំខាន់ ដែលត្រូវដោះស្រាយមុនគេ។ ឧទាហរណ៍ អ្នកត្រូវធ្វើចិត្ត ចាប់ផ្ដើមកាត់បន្ថយចំណាយដែលមិនចាំបាច់ ដោយបង្វែរការចំណាយលើអ្វីដែលចាំបាច់ដូចជា ម្ហូបអាហារ ឬវិក័យបត្រទឹកភ្លើងជំនួសវិញ ឬបង្កើនប្រភពចំណូលបន្ថែម តាមរយៈការធ្វើការក្រៅម៉ោងជាដើម។

៤. សន្សំសំចៃលើរបស់ដែលមិនចាំបាច់

ប្រាក់ជារបស់មានតម្លៃនៅគ្រប់កាលៈទេសៈ ដូច្នេះហើយអ្នកគួរសន្សំឲ្យបានកាន់តែច្រើនកាន់តែល្អ។ ក្នុងអំឡុងគ្រាលំបាក អ្នកមិនគួរចំណាយលើរបស់ដែលពុំចាំបាច់ ដូចជាសំលៀកបំពាក់ ទូរស័ព្ទ ឬរថយន្ត ម៉ាកល្បីថ្មីៗនោះទេ ខណៈពេលដែលការធ្វើដំណើរក៏ត្រូវបានរឹតត្បិត។ ការធ្វើម្ហូបញ៉ាំនៅផ្ទះក៏អាចធ្វើឲ្យអ្នកសន្សំប្រាក់បានជាងការញ៉ាំនៅខាងក្រៅ ហើយអាហារដែលយើងធ្វើខ្លួនឯងគឺមានសុវត្ថិភាព និងធ្វើឲ្យមានសុខភាពល្អជាង។

៥. ផែនការគ្រាអាសន្ន

ប្រាក់បម្រុងគ្រាអាសន្ន មានសារសំខាន់ណាស់សម្រាប់ផលប៉ះពាល់ធ្ងន់ធ្ងរដែលមិនអាចដឹងមុន។ អ្នកគួរដកមួយចំណែកនៃប្រាក់ចំណូលរបស់អ្នកដើម្បីសន្សំប្រាក់បម្រុងនេះ។ នៅពេលមានករណីបន្ទាន់ណាមួយកើតឡើងក្នុងគ្រាលំបាក ហើយអ្នកមិនមានប្រាក់បម្រុង នោះអ្នកនឹងមានការលំបាកខ្លាំងក្នុងការរកជំនួយភ្លាមៗពីអ្នកដទៃ។

៦. ការងារបម្រុង

ប្រសិនបើមានឧបត្តិហេតុណាមួយដែលធ្វើឲ្យអ្នកបាត់បង់ចំណូល ឬការងារភ្លាមៗ អ្នកគួរតែមានផែនការត្រៀមសម្រាប់ការងាររបស់អ្នក។ វាជាវិធីដែលអ្នកអាចឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុភ្លាមៗ។ ក្នុងស្ថានភាពនេះ អ្នកអាចចាប់ផ្ដើមការងារ ឬអាជីវកម្មតាមបណ្ដាញអ៊ីនធើណិត (Online) ឬការងារក្រៅម៉ោង ដើម្បីទទួលបានប្រាក់ចំណូលទប់នឹងការចំណាយប្រចាំថ្ងៃរបស់អ្នក។


អត្ថបទទាក់ទង

តើពាក្យចំណូល ចំណេញ ចំណេញសុទ្ឋ និងថ្លៃដើម មានន័យដូចម្តេច?

 

Leave a Reply

Your email address will not be published.