ទម្លាប់ដឹកនាំប្រចាំថ្ងៃ ៤ យ៉ាង ដែលនឹងមានឥទ្ធិពលវិជ្ជមានលើក្រុមរបស់អ្នក

កសាង​ក្រុមការងារ ស្រួល​ជាង​កសាង​ស្មារតី​ជា​ក្រុម ដែល​ត្រូវការ​អ្នកមាន​ចំណេះ​ផ្នែក​ធនធានមនុស្ស​ជាក់លាក់​ ​និង​មាន​ចរិត​មេដឹកនាំ​ល្អ​ទើប​ទៅរួច​។​ ជាទូទៅ ​គេ​សម្គាល់ការ​ដឹកនាំ​ល្អ​នី​មួយៗ អាស្រ័យ​លើ​សមត្ថភាព​ដែល​អាចធ្វើឱ្យ​មនុស្ស​ទាំងអស់​ក្រោមបង្គាប់​គាត់ ចេះ​ធ្វើការ​ស្មោះស​ជាមួយគ្នា និង​សប្បាយចិត្ត មាន​កម្លាំងចិត្ត​។​

ការបង្កើតក្រុមការងារមួយដ៏ខ្លាំងពូកែ មិនមែនជារឿងដែលអាចកើតឡើងដោយចៃដន្យនោះទេ ហើយអ្វីដែលជាស្នូលសំខាន់ក្នុងរឿងមួយនេះ គឺផ្អែកទៅលើមេក្រុម ឬអ្នកដឹកនាំក្រុម។ អ្នកដឹកនាំក្រុមដែលឆ្នើម គឺជាបុគ្គលដែលមានទម្លាប់ និងអាកប្បកិរិយាប្រចាំថ្ងៃដែលអាចបង្ហាញអោយឃើញពីគុណតម្លៃនៃការទុកចិត្ត ការលើកទឹកចិត្ត ការយល់ដឹង និងការសហការគ្នាបានយ៉ាងល្អ។ ខាងក្រោមនេះ គឺជាទម្លាប់ប្រចាំថ្ងៃ៤យ៉ាង ដែលនឹងមានឥទ្ធិពលវិជ្ជមានលើក្រុមរបស់អ្នក ទោះបីមិនមានវត្តមានអ្នកនៅតាមដានផ្ទាល់ក៏ដោយ។

១. លើកទឹកចិត្ត និងបង្កើតឱកាសសម្រាប់កូនក្រុមអ្នក

ការលើកទឹកចិត្ត នៅតែជាគោលការណ៍ចម្បងដែលក្នុងនាមជាអ្នកដឹកនាំ ត្រូវប្រកាន់ភ្ជាប់ចំពោះកូនចៅរបស់ខ្លួន។ ជាងនេះទៀតសោត អ្វីដែលកាន់តែសំខាន់អ្នកគួរបង្កើតឱកាសសម្រាប់កូនក្រុមរបស់អ្នក ដើម្បីអោយពួកគេអាចរីកធំធាត់ និងបង្កើតចំណេះដឹងគួបផ្សំនឹងសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ក្នុងករណីនេះ ប្រសិនបើមានកូនក្រុមណាមួយរបស់អ្នកចង់ចេះ ឬចង់រៀនពីជំនាញថ្មី អ្នកមិនគួរឃាត់គេទេ ផ្ទុយទៅវិញអ្នកគួរជំរុញ និងទំនុកបំរុងអោយគេសម្រេចនូវបំណងមួយនេះ។ ការដែលធ្វើបែបនេះ ត្រូវបានចាត់ទុកជាការវិនិយោគទៅលើផ្នែកធនធានមនុស្ស ហើយអ្នកដែលទទួលបានប្រយោជន៍ធំជាងគេមិនមែនជាកូនក្រុមដែលបានរៀននោះទេ តែគឺជារូបអ្នក ព្រោះគេនឹងចង់ចាំនូវទឹកចិត្តដ៏ល្អរបស់អ្នក ហើយអ្វីដែលគេចេះ គឺគេនឹងយកមកប្រតិបត្តិការងារអោយអ្នក ដោយមិនអាចជាអ្នកផ្សេងបានឡើយ។

២. ត្រូវមានតម្លាភាពក្នុងខ្លួន

អ្វីដែលមនុស្សគ្រប់គ្នាចង់បានក្នុងការធ្វើការងារក្រុមគឺភាពស្មើគ្នា ដូចនេះហើយអ្នកដឹកនាំដ៏ល្អ ជាបុគ្គលដែលផ្តល់ភាពយុត្តិធម៌ដល់មនុស្សគ្រប់គ្នានៅក្នុងក្រុម។ នៅពេលដែលមានជម្លោះកើតឡើងក្នុងក្រុម អ្នកគប្បីតាំងខ្លួនជាតុលាការដែលឈរនៅចំកណ្តាល  ហើយធ្វើការដោះស្រាយដោយមិនមានភាពលម្អៀងទៅខាងណាឡើយ។ មួយវិញទៀតអ្នកត្រូវទុកសិទ្ធិអោយកូនក្រុមបានបញ្ចេញនូវមតិយោបល់ផ្ទាល់ខ្លួនអោយបានស្មើគ្នាផង។ កុំចែករំលែកតែការយល់ដឹងរបស់អ្នក អ្នកគប្បីសុំ និងស្តាប់ពីគំនិតរបស់ពួកគេផងដែរ។ ការធ្វើបែបនេះធ្វើអោយសមាជិកក្រុមក្លាហានក្នុងការបញ្ចេញមតិយោបល់ ក៏ដូចជាមិនមានអារម្មណ៍ភ័យក្លាចក្នុងការបំពេញកិច្ចការងារ និងគោលជំហរផ្ទាល់ខ្លួន។

៣. ជាអ្នកបង្ហាញផ្លូវ និងជួយជ្រោមជ្រែង

រង្វាន់ និងការទទួលស្គាល់ ត្រូវបានផ្តល់អោយបន្ទាប់ពីទទួលបានលទ្ធផលការងារល្អ។ ក្នុងនាមជាមេក្រុម អ្នកគប្បីបង្ហាញផ្លូវ លើកទឹកចិត្ត និងផ្តល់ឱកាសដល់សមាជិកក្រុមរបស់អ្នក ដើម្បីអោយពួកគេបានបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួនអោយអស់ពីសមត្ថភាព។ វាមិនខុសអ្វីពីពេលដែលអ្នកកំពុងរៀនជិះកង់កាលពីក្មេងនោះទេ អ្នកត្រូវការជំនួយ ហើយម្តាយ ឬឪពុករបស់អ្នក គឺជាអ្នកដែលមានវត្តមាននៅទីនោះដើម្បីផ្តល់នូវកម្លាំងចិត្ត និងជំនួយនៅពីក្រោយខ្នងអ្នក រហូតអ្នកអាចធ្វើវាជោគជ័យដោយខ្លួនឯងបាន។ សមាជិកក្រុមរបស់អ្នក ទំនងមិនមែនជាកូនក្មេងទេ តែការយកចិត្តទុកដាក់ កម្លាំងចិត្ត និងទំនុកបំរុងពីថ្នាក់ដឹកនាំគឺជាថាមពលយ៉ាងសំខាន់សម្រាប់ការបោះជំហានទៅមុខរបស់ពួកគេ។

៤. ត្រូវមានវត្តមានហើយចូលរួមច្បាំងនឹងបញ្ហាជាមួយពួកគេ

អ្នកដឹកនាំ និងអ្នកគ្រប់គ្រងដែលពូកែក្នុងការដោះស្រាយបញ្ហាក្រុមរបស់ពួកគេ និងមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំ គឺជាបុគ្គលដែលដឹងច្បាស់ពីសមាជិកក្រុមរបស់ខ្លួនឯង។ មេក្រុមដែល​ល្អតែងចាត់ទុកកំហុសរបស់សមាជិកក្នុងក្រុម ជាចំណែកមួយរបស់ខ្លួន។ ឧទាហរណ៍៖ ការលក់ក្នុងខែនេះមានការធ្លាក់ចុះ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ចំណូលប្រចាំខែ ក្នុងនាមជាអ្នកដឹកនាំក្រុមអ្នកមិនបានធ្វើការបន្ទោសទាំងស្រុងទៅលើបុគ្គលណាម្នាក់ដូចជាផ្នែកលក់ ផ្នែកសេវាកម្ម ឬអ្នកទីផ្សារនោះទេ តែតែងចាត់ទុកជាកំហុសរួមដែលត្រូវរួមគ្នារកដំណោះស្រាយ ជាជាងការដាក់ទោស។ ការធ្វើបែបនេះ ជាការបង្ហាញអោយឃើញពីទំនួលខុសត្រូវ និងការយកចិត្តទុកដាក់ក្នុងភារកិច្ចការងារក្រុម ហើយអ្វីដែលអ្នកនឹងបានមកវិញគឺជាទឹកចិត្តគោរព ស្រលាញ់ និងកិច្ចខិតខំយ៉ាងខ្លាំងក្លារបស់កូនក្រុមទាំងមូល។


អត្ថបទទាក់ទង

វិធីសាស្រ្តចំនួន ៦ ដែលអាចជួយបង្កើនផលិតភាពបុគ្គលិករបស់អ្នក

Leave a Reply

Your email address will not be published. Required fields are marked *