អ្នកដឹកនាំនឹង​បរាជ័យ ប្រសិនបើមានចិត្តមើលងាយមើលថោក

អ្នកដឹកនាំនឹង​បរាជ័យ បើសិនគ្មានក្តីមេត្តា មានចិត្តមើលងាយ និងគ្មានការអត់ធ្មត់។ ចិត្ត​មើល​ងាយ​មើល​ថោក​ (Contempt Attack) ​អាច​កើតមាន​ឡើ​ង​ភ្លាម​ៗ ដូច​ទៅ​នឹង​ចិត្ត​ភ័យ​ខ្លាច​តក់ស្លុត​ (Panic Attack) នោះ​ដែរ។​ វាកើត​ឡើង​​យ៉ាងរហ័ស និង​អាច​​គ្រប់​គ្រង​អ្នកបាន​​​ទាំង​ស្រុង។ (សូម​អ្នក​អាន កុំទាន់​ថា​ពិបាកយល់​ សូម​អាន​បន្ត ជាពិសេស​មាន​បញ្ចូល​ករណី​សិក្សា​នៅ​ខាង​ក្រោម ​ដែលផ្តល់​ជំនួយ​ជាក់​ស្តែង​ដល់​ការ​ស្វែង​យល់​របស់​អ្នក​។)

ឧទាហរណ៍នៃ​ការ​គិត​ នៅពេល​អ្នកមានអារម្មណ៍រំជួលចិត្ត និងអារម្មណ៍ជ្រុលហួសហេតុ៖ គាត់កំពុង​ខ្ជះខ្ជាយពេលវេលារបស់ខ្ញុំ​ និងធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរបស់​ខ្ញុំ​ ហើយនឹង​​ធ្វើឱ្យក្រុមនេះ មិន​អាច​ដើរ​ទៅ​មុខ​រួច​បានទេ​។​ ពួកគាត់ទន់ខ្សោយ ខ្ជិលច្រអូស និង​មាន​ការ​គិត​ខុស។

នៅពេល​អ្នក​​ត្រូវគ្រប់​គ្រងដោយចិត្ត​មើល​ងាយមើលថោក​ (contempt attack)​ អ្នកមិនអាចផ្តោតអារម្មណ៍លើការ​ដោះ​ស្រាយបញ្ហា​​បាន​ទេ ពីព្រោះ​អ្នក​​មើលឃើញ​តែ​បញ្ហា​។ អ្នកមើល​ឃើញ​បញ្ហា គឺ​ជា​​បុគ្គល​ និង​មិនមែន​ដោយសារ​អ្វី​ដែល​បុគ្គល​នោះ​​បាន​ធ្វើ​ទេ​។

មេដឹកនាំភាគច្រើន តែង​តែ​បាន​ជួបប្រទះចិត្ត​មើល​ងាយមើលថោក (contempt attack) ជាពិសេសក្នុងពេលមានវិបត្តិ ភាព​មិន​ច្បាស់​លាស់ ឬភាពតានតឹងខ្ពស់។ អ្នកដឹកនាំ ត្រូវធ្វើ​ខ្លួន​ឲ្យ​រឹងមាំ និងអំណត់ ដើម្បីឆ្លងកាត់ពេលទាំងនេះបាន​។ យ៉ាងណាមិញ ការ​ធ្វើ​ខ្លួន​បែប​នេះ ក៏​​ធ្វើឱ្យមេដឹកនាំងាយរងគ្រោះ ពីចិត្ត​មើល​ងាយ​មើល​ថោក​ (contempt attack) ដែរ ពីព្រោះនៅពេលមេដឹក​នាំ​ភ្លេចគិត​ថា មិនមែនគ្រប់គ្នាសុទ្ធតែខ្លាំង និងអាច​អត់ធន់ដូចពួកគេទេ។

ឥលូវ​យើង​មក​មើលករណី​របស់​ CEO ម្នាក់ ដែលយើង​នឹង​ហៅគាត់​ថា ហ្គ្រេន។ គាត់​គឺ​ជា​អ្នក​ដឹកនាំស្ថាប័នហិរញ្ញវត្ថុល្បីម្នាក់។ ក្នុងកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៩ ហ្គ្រេនបង្ហាញ​ចេញ​នូវ​ភាពស្ងប់ស្ងាត់។ គាត់មាន​ការប្តេជ្ញាចិត្តក្នុងការធ្វើអ្វីក៏ដោយដើម្បីជួយស្ថាប័នរបស់នាងឆ្លង​កាត់​ពេល​វេលា​ដ៏​អាក្រក់​នេះ។

បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចបាន​បញ្ចប់​ ហ្គ្រេន មានមោទកភាពចំពោះអ្វីដែលនាងបានធ្វើ។ នាង​និយាយថា “ស្ថិតនៅក្រោមសម្ពាធ ខ្ញុំបានដក​ដង្ហើម​យឺតៗ ធ្វើការ​ដោយ​ប្រើ​យុទ្ធសាស្រ្ត ហើយធ្វើឱ្យមនុស្សគ្រប់គ្នាប្រតិបត្តិការងារ​បានយ៉ាងអស្ចារ្យ។”

នាងអាច​ទប់ទល់នឹង​សម្ពាធ ដែលអាច​វាយលុកលើមនុស្សធម្មតា។ ប៉ុន្តែ​ជាអកុសលមនុស្សជាច្រើនដែលធ្វើការឱ្យនាង បែរ​ជា​មិន​ពេញ​ចិត្តទៅ​វិញ​។ ម្នាក់ក្នុងចំណោមពួកគេ ពិពណ៌នានាងជា “ម្ចាស់​ក្សត្រី​ទឹក​កកដែល​ត្រួតត្រាទាសករ” ដែលមិនខ្វល់​ខ្វាយ​ទាក់​ទង​ជាមួយក្រុម​ការងារ​របស់នាងសោះ។ នាងគ្រប់​គ្រង​ក្រុមដោយឥតឈប់ឈរ មើល​លម្អិត ហើយចូល​កាន់​ការ​ខ្លួនឯង នៅពេលនាងមានអារម្មណ៍ថា សមាជិកនៃក្រុមរបស់នាងមិន​អាច​ធ្វើ​វា​បាន។​

ក្នុង​ការ​យល់​ឃើញ​របស់​នាង​ នាង​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​ជួយ​សង្រ្គោះ​ក្រុម​ ប៉ុន្តែ​ក្រុម​របស់​នាង​មិន​បាន​ដឹង​គុណ​នាង​​ទេ ហើយ​នាង​ក៏​មិន​យល់​ថា​មក​ពី​មូល​ហេតុអ្វី​ដែរ។ នាង​ប្រហែល​ជា​ឈ្នះ​សង្រ្គាម​វិបត្តិសេដ្ខកិច្ច​មួយ​នេះ តែ​ក្រុម​នាង​មិន​សប្បាយ​ចិត្ត​ អញ្ចឹង​មាន​ន័យថា​​​ នាង​មិន​មែន​ឈ្នះ​សង្រ្គាម​នេះ​ទាំង​ស្រុង​នោះ​ទេ។​ ដូច្នេះ​ក្រុម​ប្រឹក្សា​ភិបាល​ បាន​សម្រេច​ទាម​ទារ​ឲ្យ​នាង​ស្វែង​រក​គ្រូ​បង្វឹក​ម្នាក់​។​

ខ្ញុំ​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​របស់​ហ្រ្គេន​។ នៅ​ពេល​បាន​ជួប​គ្នា​ភ្លាម នាង​មិន​បង្អង់​យូរ​ទេ​ ហើយ​ក៏​និយាយភ្លាម​ថា “ពួក​គេ​គិត​ថា​ខ្ញុំ ​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​ការ​រៀន​សូត្រ​បន្ថែម!​ គួរ​តែ​ជា​ក្រុម​របស់​ខ្ញុំ​ទៅ​វិញ​ទេ​! ពួក​គេ​បរាជ័យណាស់​។ ពួក​គេ​ធ្វើ​ឲ្យ​ស្ថាប័ន​យើង​ទាំង​មូល​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ ហើយ​ខ្ញុំ​ត្រូវ​តែ​យក​ពួក​គេ​ចេញ​ពី​ស្ថានភាព​ច្របូក​ច្របល់​ទាំង​នោះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។”

“ពួក​គេ​ចង់​ឲ្យ​ខ្ញុំ​បើក​ចិត្ត​ជាង​នេះ? ហើយ​ពួក​គេ​ចង់​ឲ្យ​ខ្ញុំ​ទន់​ខ្សោយជាង​នេះ?”

នាង​ធ្វើ​ភ្នែក​តូច​ ហើយ​នាង​ឳន​មក​ជិត​ខ្ញុំ​ជាមួយ​នឹង​អារម្មណ៍​ឃោរឃៅ និង​ពោរពេញ​ដោយ​ការ​មើល​ងាយ​មើល​ថោក​ ហើយ​​និយាយថា “ខ្ញុំ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង”។

ហ្រ្គេន មិនមែនជាមនុស្សអាក្រក់ទេ។ នាងមានអារម្មណ៍ថា ក្រុមរបស់នាងក្បត់ បោះបង់នាងចោលនៅពេលដែលនាងត្រូវការពួកគេបំផុត ហើយឥឡូវនេះពួក​គេ​បានគំរាមកំហែងដល់ការដឹកនាំរបស់នាងទៀត​ផង​។ នាងមិន​ដែលធ្លាប់​គិត​ថា​ សមាជិកក្រុមរបស់នាង មិនមាន​ភាព​អត់ធន់ និង​ស្មារតីរឹង​មាំស្វាហាប់ដូចនាងនោះ​ទេ​។ ដោយសេចក្តីវង្វេងនឹងការពិតនេះ នាងមិនអាចទាក់ទងគ្នា​ជាមួយក្រុមដោយការយល់ចិត្តគ្នានោះទេ ហើយផ្ទុយទៅវិញ នាង​ស្មានថា ពួកគេចង់​ឲ្យ​នាងបរាជ័យ។ តាមទស្សនៈនាង ពួកគេសមនឹងទទួលការមើលងាយពី​នាង​។

ក្នុងរយៈពេលជាច្រើនទសវត្សនៃអាជីព​ជាគ្រូបង្វឹកនាយក​ប្រតិបត្តិ ខ្ញុំបានឃើញរឿង​បែប​នេះ​ម្តងហើយម្តងទៀត។ បុរសទំនងជាទទួលរងគ្រោះ​ដោយ​ចិត្ត​មើល​ងាយ​មើល​ថោក ​(contempt attack) ជាងស្ត្រី ប៉ុន្តែដូចករណីរបស់ ហ្រ្គេ​ន បានធ្វើឱ្យយើង​ឃើញ​ច្បាស់ថា មេដឹកនាំនៃភេទទាំងពីរ ងាយរងគ្រោះដូច​គ្នា​។ ហើយមិនថាស្ថានភាពបែបណា ការវាយប្រហារនៃ​ចិត្ត​នេះ ធ្វើឱ្យអ្នកដឹកនាំ សមាជិក​ក្រុម​ និងក្រុមហ៊ុនរបស់ពួកគេ ប្រឈមនឹងហានិភ័យ។ និយាយឱ្យសាមញ្ញ អ្នកដឹកនាំដែលមើលងាយក្រុម​ នឹង​បង្ក​គ្រោះថ្នាក់។

​ប៉ុន្មាន​ឆ្នាំ​មុន​ ខ្ញុំ​បានចូល​រួម​​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ ​នៅ​ឯ​មន្ទីរពេទ្យ​ Maudsley Royal Hospital នៅក្នុង​ទីក្រុង​ឡុង​ អំពី​ការ​សិក្សា​មួយ​ដែល​យើង​ឲ្យ​ឈ្មោះ​ថា “កម្រិត​នៃ​ការ​បញ្ចេញ​អារម្មណ៍”។ ការ​ស្រាវជ្រាវ​​ បាន​ធ្វើ​ឲ្យ​ពួក​យើង​​តក់​ស្លុត​ជា​ខ្លាំង។ ការ​រក​ឃើញ​បាន​បង្ហាញ​ថា​ អ្នក​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ឬ​បែក​ខ្ញែក​ស្មារតី អាចលាប់​ជម្ងឺឡើងវិញដូច​ទៅ​នឹង​ការ​មិនបាន​ទទួល​ការ​ព្យាបាល​សោះ​ នៅ​ពេល​ពួកគេ​ឮ​សម្លេងរិះគន់ ឬ​មើល​ងាយ​ដោយសមាជិកគ្រួសារ។

ក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកត្រូវទទួលស្គាល់ថា ការមើលងាយរបស់អ្នក អាចមានឥទ្ធិពលយ៉ាងណាទៅលើមនុស្សដែលអ្នកកំពុងធ្វើការជាមួយ។ អ្នកមើលរំលងរឿងនេះនឹង​បង្ករ​ជា​គ្រោះថ្នាក់។ ជាសំណាងល្អ អ្នកអាចហ្វឹកហាត់ខ្លួនអ្នកឱ្យប្រុងប្រយ័ត្ននឹងសញ្ញានៃការវាយ​ប្រហារ​របស់​ចិត្ត​មើល​ងាយ​មើល​ថោក ​(contempt attack)។ អ្នកអាចរម្ងាប់អារម្មណ៍​ខ្លួន​ឯងបាន​ទាន់​ពេល​ ដោយ​ការ​​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ៗ។

ការយល់ដឹងពី​អារម្មណ៍​ខ្លួន​ឯង​ គឺជាគន្លឹះ។

សញ្ញាដំបូងមួយនៃការជិតមកដល់របស់ចិត្ត​មើល​ងាយ​មើល​ថោក​ (contempt attack) គឺថាអ្នកចាប់​ផ្តើមធ្វើ​ភ្នែក​​វិល​ចុះ​ឡើង​។ មួយចំណុច​ទៀត គឺអ្នក​ចាប់ផ្តើម​បន្តុះ​បង្អាប់នរណាម្នាក់​នៅ​ក្នុង​ចិត្ត (“មនុស្សអត់​បាន​ការ”)។ តើ​អ្នក​ទទួល​បាន​អារម្មណ៍​ថា​ អ្នក​កំពុង​សម្តែង​សេចក្តី​មើលងាយ​ចំពោះ​អ្នក​ដទៃ​ទេ​? តើ​អ្នក​គិត​ថា​ អ្នក​ពូកែ​អស្ចារ្យ​ជាង​ពួក​គេ​ដែរឬ​ទេ? ឬ​ក៏​បន្ទោស​ពួកគេចំពោះ​ចំណុច​ខ្សោយ​ដែល​គេ​មាន?

ប្រសិនបើអ្នកមិន​បាន​បង្កើតតំបន់សុវត្ថិភាពផ្លូវចិត្តសម្រាប់ខ្លួន​អ្នក​ និង​បុគ្គលិក​អ្នក​ទេ​ អ្នកនឹងបាត់បង់ប្រសិទ្ធភាពក្នុងនាមជាអ្នកដឹកនាំម្នាក់​។ ចូរ​កុំបណ្តោយ​ឲ្យ​ អារម្មណ៍​មួយឆាវ ​​គ្រប់គ្រងសកម្មភាពរបស់អ្នក។ នៅពេលដែលអ្នកដឹង​ថា វាជិតមកដល់ ការ​បញ្ឈប់​វា​ឲ្យ​ទាន់​ពេល​វេលា​ ត្រូវ​តែ​ជា​គោលដៅ​តែ​មួយ​គត់​របស់​អ្នក។ បន្ទាប់ពីអ្នកបានដោះស្រាយអាកប្បកិរិយាផ្ទាល់ខ្លួនរបស់អ្នកហើយ អ្នកអាចចាប់ផ្តើមគិតម្តងទៀតអំពីអាកប្បកិរិយារបស់​អ្នក​ដទៃ​។

ឥលូវ​យើង​មក​មើល​ករណី​របស់អតិថិជនខ្ញុំម្នាក់ទៀត។ ខ្ញុំនឹងហៅគាត់ថា ចន ។

ចន​ គឺ​ជា​​ CEO នៅ​ក្រុម​ហ៊ុន​ហ្វាម៉ាខ្នាត​​យក្ស​មួ​យ​។ ចាប់​តាំង​ពីពិភព​លោក​ត្រូវ​បាន​​​កូវីត១៩ វាយ​លុក ចន ​កាន់​តែ​មាន​ភាព​ស្វាហាប់​ក្នុង​ការងារ​របស់​គាត់​។​ គាត់បាន​មើល​វាពីជ្រុង​មួយ​ផ្សេង​ពី​អ្នក​ឯទៀត។​ ដូចអ្វីដែលគាត់បានរៀបរាប់មកខ្ញុំកាលពីពេលថ្មីៗនេះ “វា​គួរឲ្យខ្លាចណាស់ ហើយយើងកំពុងរត់​ប្រណាំងជាមួ​យ​នឹងពេលវេលាសម្រាប់ការ​ស្វែង​រក​បាន​វ៉ាក់សាំង ប៉ុន្តែឪពុកម្តាយ និងជីដូនជីតារបស់យើង មានបញ្ហាអាក្រក់ជាងនេះទៅទៀតនៅក្នុងសង្គ្រាមលោកលើកទី ២។”

ចន បានបន្ដរៀបរាប់អំពីក្រុមរបស់គាត់។ គាត់បាននិយាយថា“ ពួក​គេ​ខ្លះអស្ចារ្យណាស់។ ពួក​គេ​បានបោះជំហានទៅមុខ ហើយមិនមែនតែងតែជាអ្វីដែលអ្នករំពឹងទុកនោះទេ។ ស្ទើរ​មិនគួរឱ្យជឿ! ប៉ុន្តែអ្នកផ្សេងទៀត? ពួកគេគ្មានសកម្មភាពសោះ​។ តើពួកគេកំពុងធ្វើអ្វីទៅ? កំពុង​អង្គុយនៅលើដៃមែន​ទេ​? ”

ចន មើល​ងាយ​ និង​ធ្វើ​​ភ្នែកវិលចុះ​ឡើង ​ហើយនិយាយថា “ក្រុម​ខ្ញុំ​ម្នាក់ឈ្មោះ​ ខេវិន – ខ្ញុំមិនយល់សោះ​។ គាត់ឆ្លេឆ្លា និង​ភ័យ​ខ្លាច​​ខ្លាំង​​មែន​ទែន​។ គាត់ត្រូវតែ​បំពេញ​ការងារ​របស់​គាត់​ មិនមែន​លាក់ខ្លួននៅផ្ទះទេ។”

ខ្ញុំមាន​ការ​រំជួលចិត្ត ពេល​ខ្ញុំកំពុង​ស្តាប់​ ចន ​និយាយ​។ អាកប្បកិរិយារបស់គាត់ ធ្វើ​ឲ្យ​ខ្ញុំ​តក់​ស្លុត​ចិត្ត។​ គាត់គឺ​​ជាមេដឹកនាំដែល​គ្រប់គ្នា​ស្រឡាញ់ ដែល​ពូកែ​សហការ និងចេះយល់ចិត្តកូន​ក្រុម​ ប៉ុន្តែភ្លាមៗនោះ គាត់ប្រែ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ក្រអឺតក្រទម និងនិយាយ​​រិះគន់​អ្នក​ដទៃ​។ ហើយខ្ញុំបានឮសម្លេងនៃការមើលងាយមើល​ថោក​នៅ​ក្នុង​សម្តី​របស់គាត់។ តើគាត់អាច​ប្រែ​ជា​ឥតមេត្តា​បែប​នេះ​បានយ៉ាងដូចម្តេច? ខ្ញុំក៏បាននឹក​ឃើញ​ពី ហ្រ្គេន​ ហើយ​ខ្ញុំ​យល់​បាន​ភ្លាម​អំពី​មូល​ហេតុ។​ ចន ​គឺ​ជា​អតីតមន្រ្តីយោធា ហើយដូចគ្នា​នឹង​ ហ្រ្គេ​ន ដែរ​ គឺពួក​គាត់មិនងាយ​នឹង​ភ័យខ្លាចទេ។

ខ្ញុំសួរថា “ចន តើលោកចាំពីអ្វីដែលលោកចូលចិត្តធ្វើនៅអាយុ ២០ឆ្នាំ​ ទេ?”

គាត់មើលមកខ្ញុំដោយ​ងឿង​ឆ្ងល់។

“ពេល​នៅក្នុងយោធា តើលោក​មិនជិះឧទ្ធម្ភាគចក្រ ដើម្បីភាពសប្បាយរីករាយទេឬ? ហើយរាល់ពេលដែលលោក​ហោះឡើង តើលោក​មិនត្រូវប្រឈមនឹងសេចក្តីស្លាប់ និងយកឈ្នះការភ័យខ្លាចរបស់លោក​ទេឬ?”

ចន ​ងក់ក្បាល។

“រាប់រយដងដែលលោកអង្គុយ​លើ​កៅអីនោះ វា​ធ្វើ​ឲ្យ​លោកលែង​ខ្លាច​គ្រោះថ្នាក់។ វាបាន​បណ្តុះប្រព័ន្ធភាព​ស៊ាំ​​នឹងការភ័យខ្លាចក្នុង​ចិត្តគំនិតរបស់​លោក​​​។ ហើយលោក​ចូល​ចិត្ត​បែប​ហ្នឹង​មែនទេ?”

គាត់សារភាពថា៖ “មែនហើយ! ខ្ញុំធ្លាប់​ជិះឧទ្ធម្ភាគចក្រ​ ឆ្លងកាត់ព្រៃ​ ដើម្បីសប្បាយមែន។”

ខ្ញុំបានប្រាប់គាត់ថា “នេះហើយ គឺ​ជា​ចំណង​នៃបញ្ហា​​​​។ លោកបានអភិវឌ្ឍឆ្អឹងខ្នងដែល​ធ្វើ​អំពី​ដែកថែប។ មានមនុស្សតិចណាស់ ដែលមានមាន​ចិត្ត​អត់​ធ្មត់​ខ្លាំង​ជាងលោក។ ហើយវាមានន័យថា ក្នុង​ក្រុម​លោក លោក​​មិនមែនជាមនុស្ស​ធម្មតាទេ។ ចំណែក​ ខេរិន​ គេ​គឺមនុស្ស​ធម្មតា​ម្នាក់​។ លោក​មិនអាចវាស់អាកប្បកិរិយារបស់គាត់ ដោយ​អាកប្បកិរិយា​របស់​លោក​បានទេ។”

ចន គឺជាអ្នកគិតរហ័សម្នាក់​ ហើយវាបានចំណាយពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដើម្បីឲ្យ​គាត់​យល់​។​

ចន និយាយថា “ត្រូវហើយ​!” “ចង្រៃមែន​! ខ្ញុំមិន​ធ្លាប់​គិត​វា​ក្នុង​ផ្លូវ​នេះ​ពី​មុន​មក​ទេ​។ មិនសមខ្ញុំ​ធ្វើ​បែប​ហ្នឹងដាក់​ ខេវិន​​​ ទេ។ សំណាង​ហើយ​ដែលខ្ញុំមិនបានហៅ​គាត់មក​ជួប​កាលពីម្សិលមិញ។”

“ចុះ​ឥលូវ?”

“ខ្ញុំនឹង​ធ្វើ​ខ្លួន​ឲ្យមាន​ចិត្ត​មេត្តា​ជាង​មុន​។”

នៅក្នុងអាជីព​គ្រូជាបង្វឹក ខ្ញុំបានឃើញថា អ្នកដឹកនាំអាចចាត់វិធានមួយ​ចំនួន​ ដើម្បី​ចៀសវាង​ពីចិត្ត​មើល​ងាយ​មើល​ថោក​ (contempt attack ) ដូច​ខាង​ក្រោម​៖

  • ប្រសិនបើអ្នកជាមេដឹកនាំខ្លាំង និងពូកែម្នាក់ដូចជា ចន សូម​​ទទួលស្គាល់ថា អ្នកជាមនុស្សមិនធម្មតា ហើយមិនត្រូវថ្កោលទោសអ្នកដទៃ ដោយផ្អែកលើខ្លួនអ្នកឡើយ។ ផ្ទុយទៅវិញ ចូរ​ក្រឡេក​មើល​ទៅ​លើ​បទពិសោធន៍កន្លងមក​ ដែលបានច្នៃអ្នកឲ្យ​រឹងមាំ។ រួច​ហើយ​ប្រើ​ការ​គិត​បែប​នោះ ​មើល​ទៅ​លើ​អ្នក​ដទៃ​ដែល​មិន​បាន​ទទួល​ឱកាស​បំពាក់​បំប៉ន​ដូច​ជា​រូប​អ្នក​។​ ចូរបង្វែរ​ថាម​ពល​នៃ​ការ​គិត​​ “តើ​គាត់ធ្វើ​ការ​យ៉ាង​មិច​ហ្នឹង?” ទៅ​ប្រើ​ដើម្បី​បង្កើត​​បរិយាកាស​​មួយ ​ដើ​ម្បី​ជួយ​ក្រុម​អ្នក​ឲ្យ​រឹង​មាំ​ឡើង។ សូម​កុំ​វាយ​តម្លៃថា ​ពួក​គេ​មិន​បាន​ការ​​​លឿន​ពេក។ អ្នក​មិន​បាន​ដឹង​ ថា​តើ​ពួក​គេ​កំពុង​​ជួប​រឿង​អ្វី​ខ្លះ​​មក​នោះ​ទេ​។​ ហើយ​ ហ្សែន ក៏​ជា​កត្តារួម​ចំណែក​​ម្យ៉ាងផង​ដែរ​ ​ដែល​​អ្នក​គឺ​ជា​អ្នកសព្វ​ថ្ងៃ ហើយ​មិន​មាន​នរណា​ម្នាក់​អាច​ជ្រើសរើស ឬ​កំណត់​ហ្សែន​របស់​ខ្លួន​​បាន​នោះ​ទេ​​​។
  • ចូរ​រំឮក​ខ្លួនឯងអំពី​អ្វីដែលអ្នកបាន​ស្គាល់​អំពី​បុគ្គល​ម្នាក់​ និង​ចៀសវាង​មើល​ទៅ​គាត់​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់​លាក់​ណា​មួយ។​ ប្រសិនបើអ្នកឃើញថា ខ្លួនអ្នកកំពុង​មើលងាយគាត់​ ចូរ​ព្យាយាម​រំឮក​រឿងបីយ៉ាងអំពី​គាត់​ដែលអ្នកគោរព។ តើគាត់​មាន​គុណសម្បត្តិ​សំខាន់ៗ​អ្វី​ខ្លះ​ មក​កាន់​អ្នក ឬស្ថាប័ន​អ្នក​? តើនៅពេលណាដែលគាត់​បានពលី​ជួយ​អ្នក ឬនរណាម្នាក់នៅក្នុងក្រុមរបស់អ្នក? ប្រសិនបើអ្នកគិត​មិន​ឃើញ​អ្វី​ទេ ចិត្តរបស់​អ្នកប្រហែលជាតានតឹងពេក​ក្នុងការគិត​​ឲ្យ​បាន​ត្រឹម​ត្រូវ​ ឬអ្នកត្រូវបង្វែរការចាប់អារម្មណ៍មកលើខ្លួនអ្នកវិញ។ ប្រសិនមនុស្ស​ម្នាក់​នេះ​ ពិតជាមិនសាកសម​​នៅ​ក្នុង​ក្រុមរបស់អ្នក តើ​ហេតុអ្វីបាន​ជា​គាត់​នៅតែនៅ? វាមិនមែនជាកំហុសរបស់គាត់ទេ ដែល​អ្នកជ្រើសរើសរ​គាត់ចូល​ក្នុង​ក្រុម។​
  • ការយល់ចិត្តយល់​ថ្លើម កើត​មាន ​​លុះ​ត្រា​តែ​មាន​​ក្តី​មេត្តា​ករុណា​​។ ចូរ​ដើរឆ្លង​ស្ពានទៅកាន់​កន្លែងដែលមនុស្សម្នាក់ទៀតកំពុង​ឈរ ហើយ​ព្យាយាមមើលពិភពលោកពីទស្សនៈរបស់ពួកគេ ហើយបន្ទាប់មកជួយពួកគេឱ្យមើលឃើញទស្សនៈ​របស់អ្នកវិញ​។ នោះហើយជាអ្វីដែល ហ្គ្រេន​ បានធ្វើ។ នៅពេល​​​ជួបគ្នា​​ម្តងនោះ​ ខ្ញុំ​បានឃើញថា នាងកាន់សៀវភៅកត់ត្រា​ស្បែកពណ៌​ខ្មៅមួយ​ ហើយ​នៅ​ខាង​ក្នុង​មាន​បញ្ជីឈ្មោះដ៏​វែង។ ប្រហែលពាក់កណ្តាលនៃឈ្មោះ​ មានសញ្ញាធីក។ នាងនិយាយថា “ខារ៉ូល នាង​នឹងមានមោទកភាពចំពោះខ្ញុំ។ កាលពីពេលមុន យើងបាននិយាយអំពីការចាប់ផ្តើមសន្ទនារបស់ខ្ញុំជាមួយក្រុម​ការងារ ដើម្បីយល់ពីពួកគេកាន់តែច្បាស់។ ដូច្នេះខ្ញុំបានធ្វើបញ្ជីឈ្មោះ​មួយ ហើយចាប់ផ្តើមអនុវត្ត​វា។ វាជាយុទ្ធនាការនៃ​ការ​បង្ហាញ​ក្តី​មេត្តា​ករុណា​របស់ខ្ញុំ ហើយវាអស្ចារ្យណាស់។ ពួកគេមិនដូច​នឹង​អ្វីដែលខ្ញុំបានគិតនោះទេ។ ពួកគេពូកែ​ និងគួរឱ្យចាប់អារម្មណ៍។ ឥឡូវនេះខ្ញុំយល់ហើយ។”
  • ជាចុងក្រោយ ដើម្បីបង្កើតផលដែលអ្នកចង់បាន សូមសួរខ្លួនឯងនូវសំណួរទាំងនេះ “តើខ្ញុំចង់ក្លាយជានរណាឥឡូវនេះ?” “តើខ្ញុំកំពុងធ្វើតាមតម្លៃរបស់ខ្ញុំទេ?” សួរខ្លួនឯងប្រហែល ៣០ ដងក្នុង​ថ្ងៃនេះ។ ហើយបន្ទាប់មក ធ្វើវាម្តងទៀតនៅថ្ងៃស្អែក។

ប្រភព៖ Havard Business Review (www.hbr.org)


អត្ថបទទាក់ទង

គន្លឹះទាំង ៩ ដើម្បីក្លាយជាអ្នកដឹកនាំល្អប្រសើរម្នាក់

 

Leave a Reply

Your email address will not be published. Required fields are marked *