ដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់បុគ្គលិក
ដើម្បីអាចរៀបចំតារាងការងារត្រូវតាមកម្លាំង និងសមត្ថភាពរបស់បុគ្គលិក អ្នកគ្រប់គ្រងត្រូវចាំបាច់ដឹងពីសមត្ថភាពរបស់បុគ្គលិកម្នាក់ៗជាមុនសិន។ លោក Peter Drucker បានលើកឡើងថា នៅក្នុងអង្គភាពមួយតែងមានរឿង៣យ៉ាងកើតមានឡើងជានិច្ច៖
- ទី១ គឺការប៉ះទង្គិចគ្នា មិនថាពាក្យសម្ដី ឬកាយវិការ
- ទី២ គឺការយល់ច្រឡំ
- ទី៣ គឺការធ្វើការមិនបានល្អ។
ដូច្នេះ គ្រប់អ្វីៗទាំងអស់សុទ្ធតែត្រូវការភាពជាអ្នកដឹកនាំ។ មូលហេតុសំខាន់ដែលនាំឲ្យកើតមានឡើងនូវរឿងទាំង៣នេះ គឺដោយសារតែអ្នកគ្រប់គ្រងមិនបានដឹងពីសមត្ថភាព និងទេពកោសល្យរបស់បុគ្គលិកម្នាក់ៗ។ ការចេះតែប្រើបុគ្គលិកទាំងមិនដឹងពីជំនាញ រួមទាំងចំណុចខ្លាំង និងខ្សោយរបស់ពួកគេ វាជាការខាតបង់ដ៏ធំរបស់អង្គភាព។ មានពេលខ្លះវាអាចក្លាយជាបញ្ហាទៀតផង។ ការចេះប្រើប្រាស់មនុស្សឲ្យត្រូវតាមសមត្ថភាព និងទេពកោសល្យ វាជាជំនាញរបស់អ្នកគ្រប់គ្រង។ ប្រសិនបើ ពួកគេមិនអាចយល់ពីរបៀបប្រើប្រាស់មនុស្សនេះ នោះការរីកចម្រើននឹងគ្មាន តែអ្វីដែលមានគឺបញ្ហាដែលកើតឡើងមិនចេះចប់។