គុណសម្បត្តិ ២១ប្រការ ដែលមិនអាចខ្វះបានរបស់អ្នកដឹកនាំ

តើអ្នកមានគុណសម្បត្តិក្នុងការក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យហើយឬនៅ? តើអ្នកត្រូវមានគុណសម្បត្តិអ្វីខ្លះ ដើម្បីក្លាយជាអ្នកដឹកនាំឆ្នើមម្នាក់? តើអ្នកធ្លាប់ស្រមៃអំពីអ្វី? នៅក្នុងក្ដីស្រមៃដ៏ធំធេងរបស់ តើអ្នកមើលឃើញខ្លួនឯងកំពុងធ្វើអ្វី?

តើអ្នកដឹងទេថា អ្នកមានលក្ខណសម្បត្តិ ទាក់ទាញមនុស្សឱ្យដើរតាម ដើម្បីក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ ដែលធ្វើឱ្យមានរឿងល្អៗកើតឡើង និងឈានទៅសម្រេចកិច្ចការធំៗហើយឬនៅ? ប្រសិនបើអ្នកចំណាយពេលឆ្លុះបញ្ចាំងខ្លួនឯងឱ្យស៊ីជម្រៅ តើអ្នកសម្លឹងឃើញគុណសម្បត្តិចម្បងៗ ដែលចាំបាច់ក្នុងការសម្រេចក្ដីស្រមៃដ៏ធំធេង ដែលអ្នកបានលាក់ទុកជាយូរមកហើយក្នុងខ្លួនអ្នក ដោយមិនដែលបានចែករំលែកដល់អ្នកណាម្នាក់ហើយឬនៅ? នេះជាសំណួរដែលយើងគ្រប់គ្នា ត្រូវមានសេចក្ដីក្លាហានក្នុងការសួរខ្លួនឯង និងឆ្លើយដោយស្មោះត្រង់ បើយើងចង់សម្រេចសក្ដានុពលដ៏ពិតប្រាកដរបស់យើង។ 

ឥឡូវនេះ តើអ្វីជាគម្លាតរវាងអ្នកស្ថិតនៅពេលបច្ចុប្បន្ន និងក្ដីស្រមៃទៅមុខរបស់អ្នក? ចម្លើយ គឺភាពជាអ្នកដឹកនាំ។ “អ្វីគ្រប់យ៉ាងងើបឡើង ឬធ្លាក់ចុះ គឺដោយសារតែភាពជាអ្នកដឹកនាំ” នេះគឺជាសំដីរបស់លោក ចន ម៉ាកស្ស្វែល (John C. Maxwell) ។ លោកបានបន្តថា ការគ្រាន់តែដឹងអំពីភាពជាអ្នកដឹកនាំ គឺមិនទាន់គ្រប់គ្រាន់ទេ ព្រោះថាការយល់ និងការប្រតិបត្តិផ្ទាល់អំពីភាពជាអ្នកដឹកនាំ គឺជារឿងពីរផ្សេងគ្នា។ 

តើអ្វីទៅដែលធ្វើឱ្យមនុស្សទាំងឡាយចង់ដើរតាមអ្នកដឹកនាំ? គន្លឹះក្នុងការវិវត្តខ្លួនពីបុគ្គលម្នាក់ ដែលយល់អំពីភាពជាអ្នកដឹកនាំ ទៅជាបុគ្គលម្នាក់ដែលដឹកនាំមនុស្សដោយជោគជ័យក្នុងពិភពពិតជាក់ស្ដែង គឺអត្តចរិត។ គុណសម្បត្តិនៃអត្តចរិតរបស់អ្នក បង្កឱ្យភាពជាអ្នកដឹកនាំរបស់អ្នកងើបខ្ពស់ និងរស់រវើកឡើង។ បើគុណសម្បត្តិមិនល្អ វានឹងក្លាយជាឧបសគ្គចម្បង នៃដំណើររបស់អ្នកទៅរកភាពជោគជ័យ។ 

លោក ចន ម៉ាកស្ស្វែល បានបង្ហាញគុណសម្បត្តិ ២១ប្រការ ដែលគាត់បានរកឃើញក្នុងចំណោមអ្នកជោគជ័យធំធេងទាំងឡាយ ហើយគាត់បានពន្យល់ណែនាំអំពីបុគ្គលិកលក្ខណ:ទាំងនោះនៅក្នុងសៀវភៅគុណសម្បត្តិ ២១ប្រការ ដែលមិនអាចខ្វះបានរបស់អ្នកដឹកនាំ។

ភាពជាអ្នកដឹកនាំ គឺកើតចេញពីក្នុងខ្លួន មិនមែនបានមកពីខាងក្រៅនោះទេ។ នៅពេលដែលអ្នកបានក្លាយខ្លួនជាអ្នកដឹកនាំនៅខាងក្នុងខ្លួនអ្នកហើយ អ្នកនឹងផ្ដល់ពន្លឺចេញមកក្រៅឱ្យអ្នកដទៃចង់ដើរតាម។ ប្រសិនបើ អ្នកអភិវឌ្ឍគុណសម្បត្តិទាំងនោះបាន អ្នកនឹងដឹងថា គ្មានអ្វីមួយអាចមករារាំងអ្នកមិនឱ្យសម្រចគោលដៅបាននោះទេ។ នៅក្នុងសេចក្ដីសង្ខេបនេះអ្នកនឹងបានសិក្សាអំពី អត្តចរិត ភាពទាក់ទាញមានមន្តស្នេហ៍ ការប្ដេជ្ញាចិត្ត ការប្រាស្រ័យទាក់ទង សមត្ថភាព សេចក្ដីក្លាហាន ការត្រិះរិះពិចារណា ការផ្ដោតអារម្មណ៍ ចិត្តសប្បុរស ការផ្ដួចផ្ដើមគំនិត ការស្ដាប់ ចំណង់ចំណូលចិត្ដ ឥរិយាបថវិជ្ជមាន ការដោះស្រាយបញ្ហា ទំនាក់ទំនង ការទទួលខុសត្រូវ សុវត្ថិភាព វិន័យផ្ទាល់ខ្លួន ភាពជាអ្នកបម្រើ ឱ្យគេបង្រៀនបាន និងទស្សនវិស័យ។

១.​ អត្តចរិត (Character)

អ្នកដឹកនាំម្នាក់ដោះស្រាយស្ថានការណ៍ទាំងឡាយដែលកើតឡើងក្នុងជីវិតគេយ៉ាងម៉េច ប្រាប់យើងយ៉ាងច្រើនអំពីអត្តចរិតរបស់គាត់។ វិបត្តិទាំងឡាយមិនរុញទៅកសាងអត្តចរិតទាំងស្រុងទេ ក៏ប៉ុន្តែ វានឹងបើកបង្ហាញអំពីអត្តចរិតបុគ្គលនោះ។ គ្រោះអាក្រក់ដូចជាផ្លូវបំបែកមួយ ដែលធ្វើឱ្យបុគ្គលម្នាក់ជ្រើសរើសផ្លូវមួយក្នុងចំណោមផ្លូវពីរ គឺការពង្រឹងអត្តចរិត ឬការចុះចាញ់។ រាល់ពេលដែលអ្នកដឹកនាំម្នាក់ជ្រើសរើសយកផ្លូវពង្រឹងអត្តចរិត គេនឹងក្លាយជាបុគ្គលដែលខ្លាំងជាងមុន បើទោះបីការជ្រើសរើសនោះផ្ដល់ផលអវិជ្ជមានក៏ដោយ។ ការអភិវឌ្ឍអត្តចរិតគឺជាចំណុចស្នូលនៃការអភិវឌ្ឍ មិនគ្រាន់តែ សម្រាប់អ្នកដឹកនាំនោះទេ ប៉ុន្តែសម្រាប់មនុស្សទូទៅផងដែរ។ 

សួរខ្លួនឯងមើល តើពាក្យសម្ដីនិងសកម្មភាពរបស់អ្នកស្របគ្នាដែរឬទេ? នៅពេលដែលអ្នកនិយាយថា ខ្ញុំនឹងបញ្ចប់ការងារនេះឱ្យទាន់ពេល តើអ្នកពិតជាបានធ្វើវាដែរឬទេ? នៅពេលដែលអ្នកសន្យានឹងកូនអ្នកថា អ្នកនឹងនាំគេទៅមើលកុន ឬទៅលេងសួនច្បារ តើអ្នកបានប្រកាន់ពាក្យរបស់អ្នកដែរឬទេ?​ តើមនុស្សទាំងឡាយអាចទុកចិត្តអ្នកដែរឬទេ នៅពេល ដែលអ្នកសន្យាជាមួយគេថាធ្វើអ្វីមួយ?

ដើម្បីធ្វើឱ្យអត្តចរិតរបស់អ្នកប្រសើរឡើង ចូរខិតខំប្រតិបត្តិដូចតទៅ ៖

ចូរស្វែងរកចំណុចខ្វះខាតផ្សេងៗ (Search for the Cracks)៖ សូមចំណាយពេលវេលាស្វែងរកតំបន់ដែលអ្នកនិយាយកុហកបោកប្រាស់ កំណត់ទីតាំងដែលអ្នកធ្លាប់ដើរផ្លូវកាត់ បញ្ឆោតអ្នកផ្សេង ឬធ្វើឲ្យអ្នកដទៃខូចប្រយោជន៍។

ចូររកមើលគំរូផ្សេងៗ (Look for Patterns)៖ តើអ្នកមានចំណុចខ្សោយណាមួយ ឬច្រើនទាក់ទងនឹងអត្តចរិតអ្នក ដែលវាច្រើនបង្ហាញជាបញ្ហាញឹកញាប់ឱ្យអ្នកប្រឈម។

ចូរប្រឈមមុខនឹងដំណើការនៃសកម្មភាព (Face the Music)៖ ចំណុចផ្ដើមនៃការកែប្រែអត្តចរិត គឺនៅពេលដែលអ្នកហ៊ានទទួលយក និងប្រឈមនូវចំណុចខ្សោយ ឬខ្វះខាតទាំងឡាយ ហើយហ៊ានប្រឈមដោះស្រាយជាមួយផលវិបាកទាំងឡាយកើតចេញពីសកម្មភាពកែតម្រូវទាំងនោះ។

ចូរសាងវាឡើងវិញ (Rebuild)៖ ឥឡូវនេះ អ្នកបានដឹងនៅតំបន់នៃចំណុចខ្សោយទាំងឡាយហើយ។ ចូរចាប់ផ្ដើមកសាងផែនការ ដើម្បីទប់ទល់កុំឱ្យអ្នកបង្កើតកំហុសដដែលៗឡើងវិញ។ 

២. ភាពទាក់ទាញមានមន្តស្នេហ៍ (Charisma)

មនុស្សជា​ច្រើនគិតថា មន្តស្នេហ៍ជាលក្ខណសម្បត្តិមួយដែលអាថ៌កំបាំងស្ទើរតែមិនអាចកំណត់បាន។ គេគិតថា វាកើតឡើងមកពីធម្មជាតិផ្ដល់ឱ្យពីកំណើត។ តែវាមិនមែនជាការពិតទេ មន្តស្នេហ៍បើនិយាយឲ្យចំ វាជាសមត្ថភាពទាក់ទាញ មនុស្សឱ្យយកចិត្តទុកដាក់នឹងអ្នក។ ហើយវាដូចជាលក្ខណសម្បត្តិនៃអត្តចរិតដទៃទៀតដែរ។ វាជារឿងដែលអាចអភិវឌ្ឍ ឬកសាងឡើងក្នុងខ្លួនអ្នកបាន។ ផ្លូវមួយក្នុងការធ្វើឱ្យអ្នកជាមនុស្សមានមន្តស្នេហ៍ ឬដែលអាចទាក់ទាញទឹកចិត្តមនុស្សបាន គឺការឱ្យតម្លៃលើគេខ្ពស់។ រឿងដែលល្អប្រសើរ សម្រាប់មនុស្សទាំងឡាយចង់បាន គឺការគោរពរបស់អ្នក ចំពោះតម្លៃ និងសេចក្ដីថ្លៃថ្នូររបស់គេ។ ការណ៍នេះនឹងជួយគេឱ្យគិតថា គេជាមនុស្សមានតម្លៃ ហើយជាមួយនេះ វាក៏ជួយអ្នកផងដែរ។ ​នៅពេលអ្នកឱ្យតម្លៃអ្នកដទៃ លើកទឹកចិត្តអ្នកដទៃ ជួយគេឱ្យសម្រេចដល់សក្ដានុពលរបស់គេ នោះគេនឹងគោរពស្រឡាញ់ចូលចិត្តអ្នក។ 

តើអ្នកវាយតម្លៃខ្លួនឯងបែបណាទាក់ទងនឹងមន្តស្នេហ៍របស់អ្នក? តើអ្នកដទៃចាប់អារម្មណ៍លើអ្នកដែរឬទេ? តើគេចូលចិត្តអ្នកដែរឬទេ? បើទេ ប្រហែលជាអ្នកមានឧបសគ្គមួយចំនួនដូចជា មិនជឿជាក់លើខ្លួនឯង ឆាប់ឆេវឆាវ ចង់បានភាពល្អឥតខ្ចោះ និងចូលចិត្តសម្លឹងមើលឃើញចំណុចអាក្រក់។

ដើម្បីលើកកម្ពស់មន្តស្នេហ៍របស់អ្នក ចូរប្រតិបត្តិដូចតទៅ ៖

ចូរផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់អ្នក (Change Your Focus)៖ ពេលនិយាយជាមួយអ្នកដទៃ ចូរពិនិត្យមើលថា តើការពិភាក្សាផ្ដោតលើរឿងអ្នកកម្រិតណា។ សូមស្វែងរកតុល្យភាព ហើយជម្រុញការពិភាក្សាឱ្យផ្អៀងទៅរករឿងរបស់ដៃគូពិភាក្សារបស់អ្នកឱ្យបានច្រើន។

ចូរបង្កើតចំណាប់អារម្មណ៍ល្អ (Play the First Impression Game)៖ នៅពេលដែលអ្នកបានជួបនរណាម្នាក់ជាលើកដំបូង ចូរយកចិត្តទុកដាក់បង្កើតចំណាប់អារម្មណ៍ល្អលើគេ។ សម្លឹងមើលគេជាមួយភាពវិជ្ជមាន ហើយជាពិសេស ចាត់ទុកគេជាមនុស្សមានតម្លៃម្នាក់។

ចូរចែលរំលែកខ្លួនអ្នក (Share yourself)៖ សូមដាក់គោលដៅវែងឆ្ងាយក្នុងការចែករំលែកធនធានទៅអ្នកដទៃ។ សូមគិតអំពីការបន្ថែមតម្លៃដល់មនុស្សឱ្យបាន ៥នាក់ក្នុងឆ្នាំនេះ។ ចូរផ្ដល់ធនធានផ្សេងៗ ដើម្បីជួយអ្នកដទៃឱ្យលូតលាស់ផ្នែកគំនិត ជំនាញ និងអត្តចរិត។ 

៣. ការប្ដេជ្ញាចិត្ត (commitement) 

បើអ្នកចង់ក្លាយជាអ្នកដឹកនាំដែលមានប្រសិទ្ធភាព អ្នកត្រូវតែមានការប្ដេជ្ញាចិត្ត។ ការប្ដេជ្ញាដ៏ស្មោះត្រង់ជម្រុញ និងទាក់ទាញមនុស្សដទៃ។ មនុស្សទាំងឡាយ នឹងមានជំនឿចិត្តលើអ្នក ដរាបណាអ្នកមានជំនឿចិត្តលើបុព្វហេតុរបស់អ្នក។ ដូចដែលច្បាប់នៃភាពជឿជាក់លើកឡើងអញ្ចឹងថា មនុស្សទាំងឡាយជឿជាក់លើអ្នកដឹកនាំ មុននឹងគេជឿជាក់លើទស្សនវិស័យរបស់គាត់។

ការប្ដេជ្ញាចិត្ត ចាប់ផ្ដើមពីក្នុងបេះដូងរបស់អ្នក។ ប្រសិនបើអ្នកចង់បង្កើតការផ្លាស់ប្ដូរ សម្រាប់ជីវិតអ្នកដទៃក្នុងនាមជាអ្នកដឹកនាំម្នាក់ ចូរសម្លឹងមើលក្នុងបេះដូងរបស់អ្នក តើអ្នកពិតជាមានការប្ដេជ្ញាចិត្តខ្ពស់មែនដែរឬទេ?​ រង្វាស់ពិតប្រាកដ នៃការប្ដេជ្ញាចិត្ត គឺការធ្វើសកម្មភាព។ ហើយនៅពេលណាមួយ មានតែការប្ដេជ្ញាចិត្តតែមួយមុខប៉ុណ្ណោះ ដែលអាចរុញអ្នកឱ្យបន្តដំណើរទៅមុខទៀតបាន ជាពិសេស នៅពេលស្ថានការណ៍ខ្មៅងងឹតអស់សង្ឃឹមមកដល់។

នៅពេលនិយាយអំពីការប្ដេជ្ញាចិត្ត វាមានបុគ្គលតែ៤ប្រភេទទេ គឺ គេចចេញ ចាប់យក បោះបង់ តស៊ូប្រឈមនឹងបញ្ហា។ តើអ្នកជាបុគ្គលប្រភេទណា? តើអ្នកអាចទៅដល់គោលដៅរបស់អ្នកដែរឬទេ? តើមនុស្សដែលជឿលើអ្នក ត្រៀមខ្លួនដើរ តាមអ្នកដែរឬទេ? ប្រសិនបើចម្លើយនៅលើសំណួរទាំងនេះអវិជ្ជមាន វាបង្ហាញថាអ្នកកំពុងមានបញ្ហាជាមួយការប្ដេជ្ញាចិត្តរបស់អ្នកហើយ។ 

ដើម្បីលើកកម្ពស់ការប្ដេជ្ញាចិត្តរបស់អ្នក​ ចូរធ្វើរឿងខាងក្រោមនេះ ៖

ចូរវាស់វែង (Measure It)៖ ពេលខ្លះយើងគិតថា យើងមានការប្ដេជ្ញាចិត្តលើរឿងអ្វីមួយ តែពិនិត្យមើលសកម្មភាពរបស់យើងបង្ហាញផ្សេងទៅវិញ។ ចូរចំណាយពេល២ទៅ៣ម៉ោងឆ្លុះបញ្ចាំងមើល តើអ្នកចំណាយពេលលើរឿងអ្វីខ្លះ និងចំណាយធនធានរបស់អ្នកនៅកន្លែងណា? រឿងទាំងនេះជារង្វាស់ពិតប្រាកដនៃការប្ដេជ្ញាចិត្តរបស់អ្នក។ 

ត្រូវដឹងថាអ្វីដែលមានតម្លៃក្នុងការលះបង់បូជា (Know what’s worth dying for)៖ ប្រសិនដល់ពេលមួយអ្នកដឹងថា វាមានអ្វីមួយក្នុងជីវិតអ្នក ដែលអ្នកមិនអាចបញ្ឈប់វាបាន បើទោះបីជាមានអ្វីកើតឡើងក៏ដោយ។ សូមគិតឱ្យបានច្បាស់លាស់ចំពោះរឿងនេះ ហើយសម្លឹងមើលថា តើសកម្មភាពរបស់អ្នកស្របនឹងរឿងដែលអ្នកត្រៀមបូជាដែរឬទេ?

ចូរប្រើប្រាស់ទ្រឹស្តីរបស់ អេឌីសាន់ (Use the Edison Method)៖ ប្រសិនបើការចាប់ផ្ដើមដំបូងឈានទៅរកការប្ដេជ្ញាចិត្តរបស់អ្នកនៅជាបញ្ហា សូមសាកល្បងប្រើវិធីរបស់លោក ថូម៉ាស អេឌីសាន់ (Thomas Edison)។ នៅពេលដែលលោកមានគំនិតល្អណាមួយសម្រាប់របកគំហើញថ្មី លោក អេឌីសុន នឹងធ្វើសន្និសីទកាសែត ហើយប្រកាសប្រាប់គេឱ្យដឹង។ បន្ទាប់មកគាត់ក៏ចូលទៅក្នុងបន្ទប់ពីសោធន៍របស់គាត់ ហើយស្វែងរកគំនិតថ្មីនោះឱ្យឃើញ។ នៅពេលដែលអ្នកប្រកាសផែនការរបស់អ្នកឱ្យគេដឹងជាសាធារណ: វានឹងជម្រុញអ្នកឱ្យមានការប្ដេជ្ញាចិត្តខ្ពស់ជាងមុន ដើម្បីធ្វើរឿងអ្វីមួយ។​

៤. ការប្រាស្រ័យទាក់ទង (Communication)

ជោគជ័យនៃជីវិតអាពាហ៍ពិពាហ៍ ការងារ និងការចងមិត្តរបស់អ្នកជាមួយអ្នកផ្សេង វាអាស្រ័យយ៉ាងខ្លាំងទៅលើសមត្ថភាព ក្នុងការប្រាស្រ័យទាក់ទងរបស់អ្នក។ មនុស្សទាំងឡាយនឹងមិនដើរតាមអ្នកទេ ប្រសិនបើគេមិនដឹងថាអ្នកចង់បានអ្វី ហើយអ្នកទៅណា។ អ្នកនឹងក្លាយជាអ្នកទំនាក់ទំនងក៏មានប្រសិទ្ធភាព ប្រសិនបើអ្នកចេះធ្វើឱ្យសាររបស់អ្នក ងាយយល់ ហើយយកចិត្តទុកដាក់ជាមួយមនុស្សដែលអ្នកកំពុងទាក់ទង។ នៅពេលដែលអ្នកធ្វើការប្រាស្រ័យទាក់ទង ចូរកុំភ្លេចថាគោលដៅចម្បងរបស់អ្នក គឺសកម្មភាព។ នៅពេលដែលអ្នកខំប្រឹងបញ្ជូលព័ត៌មានច្រើនពេក អ្នកកំពុងរំខានការប្រាស្រ័យទាក់ទងហើយ។ រាល់ពេលដែលអ្នកនិយាយទៅនរណាម្នាក់ សូមផ្ដល់នូវអ្វីមួយដែលធ្វើឱ្យគេមានអារម្មណ៍អ្វីមួយដែលគេចងចាំ អ្វីមួយដែលគេចង់ធ្វើសកម្មភាព។ 

ប្រសិនបើអ្នកដឹងក្នុងបេះដូងអ្នកថា ទស្សនវិស័យរបស់អ្នកល្អអស្ចារ្យណាស់ ក៏ប៉ុន្តែមនុស្សទាំងឡាយមិនទាន់ជឿជាក់ទេ ប្រហែលជាបញ្ហាប្រឈម គឺទាក់ទងនឹងសមត្ថភាពរបស់អ្នកក្នុងការប្រាស្រ័យទាក់ទងហើយមើលទៅ។

ដើម្បីធ្វើឱ្យការប្រាស្រ័យទាក់ទងរបស់អ្នកប្រសើរឡើង សូមប្រតិបត្តិដូចតទៅនេះ ៖

ចូរធ្វើឲ្យច្បាស់ងាយស្រួលស្តាប់ (Be Clear as a Bell) ចូរពិនិត្យមើលលិខិត សំបុត្រ ឬសារផ្សេងៗដែលអ្នកបានសរសេរ តើឃ្លាដែលអ្នកបានសរសេរវាខ្លីច្បាស់លាស់ ឬមួយវាក្រវេចក្រវៀនច្រើនគន្លាក់ពិបាកយល់? តើអ្នកអានអាចចាប់យកន័យដោយងាយស្រួលបាន​ ឬគេប្រើវចនានុក្រមជាច្រើនដង? តើអ្នកបានប្រើពាក្យពេចន៍ខ្ពស់ៗពិបាកយល់ ឬពាក្យពេចន៍ធម្មតាងាយយល់? សម្រាប់ការប្រាស្រ័យទាក់ទងគ្នា ភាពងាយយល់ និងភាពច្បាស់លាស់ ជាមិត្តដ៏ល្អប្រសើររបស់អ្នក។

ចូរផ្តោតការយកចិត្តរបស់អ្នកឡើងវិញ (Refocus Your Attention)៖ សូមចាប់អារម្មណ៍លើប្រធានបទ ឬសាច់រឿងពេលដែលអ្នកប្រាស្រ័យទាក់ទង។ តើអ្នកកំពុងនិយាយអំពីរឿងរបស់អ្នក ឬបញ្ហារបស់អ្នកកំពុងស្ដាប់? ប្រសិនបើអ្នកនិយាយរឿងដែលមិនទាក់ទងនឹងគេ ចូរនឹកគិតដល់តម្រូវការ សំណួរ និងក្ដីប្រាថ្នារបស់អ្នកស្ដាប់។ បើអ្នកចាប់អារម្មណ៍ថា តើអ្នកកំពុងនិយាយជាមួយនរណា នៅទីណា អ្នកនឹងក្លាយជាអ្នកពូកែប្រាស្រ័យទាក់ទង។

ចូរផ្សព្វផ្សាយសាររបស់អ្នក (Live Your Message)៖ តើមានភាពឃ្លាតគ្នាដែរឬទេ រវាងអ្វីដែលអ្នកនិយាយ និងអ្វីដែលអ្នកធ្វើ? ចូរជួបជជែកជាមួយមនុស្សដែលអ្នកទុកចិត្តមួយចំនួន ហើយសួរគាត់ថា តើអ្នកគោរពរស់នៅជាមួយគោលការណ៍ដែលអ្នកនិយាយដែរឬទេ? ចូរទទួលយកមតិយោបល់ ដោយកុំខំការពារ។ បើដឹងអំពីចំណុចខ្វះខាត ចូរខំប្រឹងប្រែងផ្លាស់ប្ដូររបៀបរស់នៅរបស់អ្នកឱ្យស្របនឹងសារ ដែលមានគោលការណ៍ និងគោលដៅរបស់អ្នក។

៥. សមត្ថភាព (Competence)

យើងគ្រប់គ្នាតែងកោតសរសើរបុគ្គលទាំងឡាយដែលបង្ហាញសមត្ថភាពខ្ពស់ ដែលគាត់អាចជាជាងចម្លាក់ដ៏ចំណាន កីឡាករល្បីលំដាប់អន្តរជាតិ ឬអ្នកដឹកនាំជំនួញដ៏ជោគជ័យ។ ប៉ុន្តែ នៅក្នុងការពិត អ្នកមិនចាំបាច់ជា Michael JordanBill Gates ទើបបានក្លាយជាបុគ្គលមានសមត្ថភាពខ្ពស់នោះទេ។ បើអ្នកចង់មានសមត្ថភាព អ្នកត្រូវខំប្រឹងប្រតិបត្តិឲ្យបានរាល់ថ្ងៃ យកចិត្តទុកដាក់កែលម្អជាប្រចាំ ខំប្រឹងធ្វើអ្វីមួយឱ្យល្អប្រណិត សម្រេចកិច្ចការឱ្យបានច្រើនជាងការរំពឹងទុក ហើយជួយជម្រុញចិត្តអ្នកដទៃ។ 

នៅពេលដែលអ្នកធ្វើអ្វីមួយ តើអ្នកខំប្រឹងអស់ពីកម្លាំងចិត្ត យកចិត្តទុកដាក់ខ្ពស់បំផុតដែរឬទេ? ឬមួយអ្នកចូលចិត្តគិតថាវាល្មមៗបានហើយ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ នៅពេលដែលអ្នកគិតអំពីមនុស្សមានសមត្ថភាព អ្នកនឹងគិតឃើញដល់មនុស្ស៣ប្រភេទ មនុស្សដែលសម្លឹងមើលដឹងថាអ្វីនឹងកើតឡើង មនុស្សដែលអាចធ្វើឱ្យអ្វីមួយកើតឡើង និងមនុស្សដែលបង្កើតអ្វីមួយ ពីព្រោះដោយសារគាត់ដឹងអំពីភាពចាំបាច់។

ដើម្បីធ្វើឱ្យសមត្ថភាពរបស់អ្នកប្រសើរឡើង ចូរប្រតិបត្តិដូចតទៅ ៖

ផ្តោតអារម្មណ៍របស់ទៅលើកិច្ចការ (Get Your Head in the Game)៖ ចូរពិនិត្យអារម្មណ៍ និងស្មារតីរបស់អ្នក តើអ្នកកំពុងងាកចេញពីកិច្ចការចម្បងរបស់អ្នកដែរឬទេ? បើអ្នកដឹងថា អ្នកកំពុងងាកចេញ សូមចាប់ផ្ដើមភ្ជាប់ខ្លួនអ្នកនឹងកិច្ចការរបស់អ្នកឡើងវិញ។ ចូរកំណត់រកប្រភពនៃបញ្ហា ដែលធ្វើឱ្យអ្នកបែកអារម្មណ៍ ហើយរៀបផែនការដើម្បីដោះស្រាយ។

កំណត់បទដ្ឋានឡើងវិញ (Redefine the Standard)៖ ប្រសិនបើអ្នកមិនអាចសម្រេចផលក្នុងកម្រិតខ្ពស់ជាទៀងទាត់ ចូរពិនិត្យនិយាម ឬស្ដង់ដាររបស់អ្នកឡើងវិញ។ តើអ្នកដាក់គោលការណ៍ទាបពេកឬក៏យ៉ាងណា? តើអ្នកចូលចិត្តធ្វើអ្វីបែបកាត់ៗ បន្លំប្រកូវដែរឬទេ? ប្រសិនបើបែបនេះមែន សូមប្រញាប់ផ្លាស់ប្ដូរ ដោយបន្ថែមការរំពឹងទុកចំពោះខ្លួនឯងឱ្យខ្ពស់ច្រើនជាងមុន។

ចូរស្វែងរកមធ្យោបាយ ចំនួន៣ ដើម្បីធ្វើឲ្យប្រសើរឡើង (Find Three Ways to Improve)៖ គ្មាននរណាមួយអាចធ្វើឱ្យខ្លួនឯងប្រសើរឡើង ដោយគ្មានក្តីប្រាថ្នាចំពោះរឿងនេះទេ។ ចូរស្វែងរកមធ្យោបាយចំនួន៣ ដើម្បីបង្កើនជំនាញឯកទេសរបស់អ្នក រួចហើយខិតខំប្រឹងប្រតិបត្តិឱ្យបានល្អប្រសើរជាងមុន។

៦.​ សេចក្ដីក្លាហាន (Courage)

លោកស្រី Eleanor Roosevelt បានឡើកឡើងថា អ្នកទទួលបានភាពខ្លាំង សេចក្ដីក្លាហាន និងភាពជឿជាក់ តាមរយ:បទពិសោធន៍ទាំងឡាយ ដែលអ្នកបានយកឈ្នះលើសេចក្ដីភ័យខ្លាចរបស់អ្នក។ អ្នកអាចនិយាយទៅកាន់ខ្លួនឯងថា ខ្ញុំបានឆ្លងកាត់គ្រោះកាចនេះហើយ។ ខ្ញុំអាចប្រឈមមុខនឹងបញ្ហាផ្សេងៗទៀត ដែលចូលមកដល់ ចំពោះមុខ។ អ្នកត្រូវហ៊ានធ្វើនូវរឿងទាំងឡាយដែលអ្នកគិតថា អ្នកមិនអាចធ្វើបាន។​

​សេចក្ដីក្លាហាន គឺការឈរលើគោលការណ៍ មិនមែនរឿងអារម្មណ៍មួយភ្លែតៗនោះទេ។ ប្រសិនបើអ្នកមិនមានសមត្ថភាពឈរលើគោលការណ៍ច្បាស់លាស់ និងមានជំនឿចិត្តធ្វើរឿងអ្វីមួយទេ អ្នកមិនអាចក្លាយជាអ្នកដឹកនាំដែលមានប្រសិទ្ធភាពទេ។ ការប្ដេជ្ញាចិត្តរបស់អ្នកដើម្បីលូតលាស់ទៅរកសក្ដានុពល ត្រូវតែធំជាងសេចក្ដីប្រាថ្នារបស់អ្នកដើម្បី បំពេញចិត្តអ្នកដទៃ។ 

អ្វីដែលអ្នកត្រូវដឹង គឺថាមនុស្សដែលមិនមានសេចក្ដីក្លាហានក្នុងការប្រថុយ និងមនុស្សដែលហ៊ានប្រថុយ គឺមានបទពិសោធន៍នៃសេចក្ដីភ័យខ្លាចដូចតែគ្នាទេក្នុងជីវិត។

ដើម្បីបង្កើតសេចក្ដីក្លាហានរបស់អ្នក ចូរប្រតិបត្តិដូចតទៅនេះ ៖

ចូរប្រឈមមុខនឹងដំណើការនៃសកម្មភាព (Face the Music) ចូរចេញទៅក្រៅ ហើយធ្វើរឿងអ្វីមួយដើម្បីបង្កើតការលូតលាស់នៃសេចក្ដីក្លាហានរបស់អ្នក​ ដូចជា លោតឆ័ត្រយោង និយាយក្នុងចំណោមមហាជន ជិះស្គីលើទឹកកក ។ល។

ចូរនិយាយទៅកាន់បុគ្គលម្នាក់នោះ (Talk to That Person)៖ មនុស្សជាច្រើនចូលចិត្តគេចចេញ មិនហ៊ានប្រឈមមុខជាមួយបុគ្គលណាម្នាក់ក្នុងជីវិត អាចជាសហការីនៅកន្លែងធ្វើការ បងប្អូន ឬប្រធានរបស់គេ។ ប្រសិនបើមានរឿងបែបនេះចំពោះអ្នក ចូរទៅរកបុគ្គលនោះ ហើយនិយាយជាមួយគាត់ក្នុងសប្ដាហ៍នេះ។

ចូរឈានជំហ៊ានយក្ស (Take a Giant Step)៖​ ប្រហែលជាអ្នកធ្លាប់មានការភ័យខ្លាចក្នុងការផ្លាស់ប្ដូរអាជីពរបស់អ្នក។ ចូរពិចារណារឿងនេះឱ្យបានល្អដិតដល់។ ប្រសិនបើការផ្លាស់ប្ដូរជារឿងត្រឹមត្រូវ ចូរចាប់ផ្ដើមធ្វើវាទៅ។

៧. ការត្រិះរិះពិចារណា (Discernment)

ការពិចារណាជាសមត្ថភាពក្នុងការស្វែងរកឫសគល់នៃបញ្ញា ហើយវាអាស្រ័យលើបញ្ញាញាណ ក៏ដូចជាការគិតមានហេតុមានផល។ ការពិចារណា គឺជាគុណសម្បត្តិមិនអាចខ្វះបានសម្រាប់អ្នកដឹកនាំដែលមានក្ដីប្រាថ្នាខ្ពស់។

មនុស្សដែលខ្វះការពិចារណា កម្រនឹងស្ថិតនៅទីតាំងត្រឹមត្រូវជាមួយពេលវេលាសមស្របណាស់។ បើទោះបីជាអ្នកដឹកនាំអស្ចារ្យមួយចំនួនមើលទៅដូចជាមានសំណាង ក្នុងក្រសែភ្នែកអ្នកសង្កេតមួយចំនួន ប៉ុន្តែវាជារឿងពិតជាក់ស្ដែង ដែលអ្នកដឹកនាំទាំងនោះ គឺជាអ្នកបង្កើតជោគវាសនាដោយខ្លួនឯង ដែលជាលទ្ឋផលនៃការគិតពិចារណារបស់គេ ដែលគេចូលចិត្តប្រើបទពិសោធន៍ និងដើរតាមបញ្ញាក្នុងសភាវគតិរបស់គេ។

តើអ្នកអាចមើឃើញឫសគល់នៃបញ្ហាលំបាកៗទាំងឡាយដោយពុំចាំបាច់មានព័ត៌មានដែរឬទេ? តើអ្នកជឿជាក់លើសភាវគតិដូចដែលអ្នកជឿលើការគិត និងបទពិសោធន៍ដែរឬទេ?

ដើម្បីពង្រឹងការត្រិះរិះពិចារណា ចូរប្រតិបត្តិដូចតទៅនេះ ៖

ចូរវិភាគលើភាពជោគជ័យពីមុនៗ (Analyze Past Successes)៖ ចូរក្រឡេកមើលបញ្ហាមួយចំនួនដែលអ្នកធ្លាប់ដោះស្រាយដោយជោគជ័យពីអតីតកាល។ តើអ្វីជាឫសគល់ចម្បង នៃបញ្ហានីមួយៗ? តើអ្វីដែលរុញអ្នកឱ្យជោគជ័យ? ប្រសិនបើអាចចាប់យកប្រភពនៃបញ្ហាបានច្បាស់លាស់ អ្នកប្រហែលជាអាចយកវាប្រើសម្រាប់ដោះស្រាយបញ្ហានាពេលអនាគតបាន។

ចូរសិក្សាលើរបៀបដែលអ្នកដទៃគិត (Learn How Others Think)៖ តើអ្នកដឹកនាំអស្ចារ្យណា ដែលអ្នកកោតសរសើរ?​ ការរៀនយល់ដឹងថា អ្នកដឹកនាំដែលចេះពិចារណាគិតយ៉ាងដូចម្តេច ធ្វើឱ្យអ្នកក្លាយជាអ្នកដឹកនាំដែលចេះពិចារណាជាងមុន។ 

ចូរស្តាប់ចិត្តគំនិតរបស់អ្នក (Listen to Your Gut)៖ ចូរសាកល្បងគិតត្រឡប់ទៅរកពេលដែលសំឡេងក្នុងខ្លួនអ្នក ឬសភាវគតិនិយាយប្រាប់អ្នក ហើយវាជាការ ត្រឹមត្រូវ។ តើអ្វីជាបទពិសោធន៍រួម នៃរឿងដែលកើតឡើង? ស្វែងរកគំរូ ឬលំនាំដែលអាចផ្ដល់ភាពស៊ីជម្រៅ ចូលទៅដឹងអំពីសមត្ថភាពនៃសភាវគតិរបស់អ្នក។ 

ការសម្រេចចិត្តមួយដែលកើតចេញពីការត្រិះរិះពិចារណា អាចនឹងផ្លាស់ប្ដូរដំណើរនៃជោគវាសនាអ្នកទាំងស្រុង។

៨. ការផ្ដោតអារម្មណ៍ (Focus)

តើអ្វីជាភាពចាំបាច់ក្នុងការផ្តោតអារម្មណ៍ ដើម្បីក្លាយជាអ្នកដឹកនាំដែលមានប្រសិទ្ធភាពម្នាក់? ចំណុចគន្លឹះ គឺកំណត់អាទិភាព និងការយកចិត្តទុកដាក់លើរឿងសំខាន់ៗជាចម្បង។ អ្នកដឹកនាំម្នាក់ដែលដឹងអំពីអាទិភាពការងាររបស់ខ្លួន តែខ្វះការយកចិត្តទុកដាក់ ដឹងថាអ្វីត្រូវធ្វើ ប៉ុន្តែមិនផ្តោតអារម្មណ៍ នឹងមិនសម្រេចលទ្ឋផលអ្វីឡើយ។ ប្រសិនបើគេមានការយកចិត្តទុកដាក់ តែមិនដឹងពីអាទិភាពការងារ គេបំពេញកិច្ចការបានច្រើន តែលទ្ធផលរបស់គេគឺមិនលូតទៅមុខទេ។ ប៉ុន្តែបើគេស្រូបយកគុណសម្បត្តិទាំងពីរប្រការ គេមានសក្ដានុពលខ្ពស់ក្នុងការសម្រេចរឿងអស្ចារ្យទាំងឡាយ។ 

ដូច្នេះសំណួរដែលមានសារសំខាន់ គឺថាតើអ្នកត្រូវប្រើប្រាស់ពេលវេលានិងថាមពលរបស់អ្នកយ៉ាងណា? សូមប្រើប្រាស់មាគ៌ាណែនាំខាងក្រោមដើម្បីជួយអ្នក ៖

  • ផ្តោត ៧០% ទៅលើភាពខ្លាំង – អ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព ដែលសម្រេចសក្ដានុពលខ្ពស់ ចំណាយពេលច្រើនយកចិត្តទុកដាក់លើរឿងដែលគាត់ពូកែ និងមានភាពប៊ិនប្រសប់ ជាជាងលើអ្វីដែលគាត់ធ្វើមិនបានល្អ។
  • ផ្តោត ២៥% ទៅលើរឿងថ្មីៗ – ការលូតលាស់ គឺស្មើនឹងការផ្លាស់ប្ដូរ។ បើអ្នកចង់ឱ្យខ្លួនប្រសើរឡើង អ្នកត្រូវខំប្រឹងផ្លាស់ប្ដូរធ្វើឱ្យខ្លួនប្រសើរឡើង។ 
  • ផ្តោត ៥% ទៅលើតំបន់នៃភាពខ្សោយ – គ្មានបុគ្គលណាមួយអាចបដិសេធទាំងស្រុងក្នុងការកែប្រែលើចំណុចខ្សោយរបស់ខ្លួនបានទេ។ តែចូរកុំចំណាយពេល និងថាមពលច្រើនទៅលើរឿងនេះ។

តើអ្នកវាយតម្លៃខ្លួនឯងបែបណាទៅលើការផ្ដោតអារម្មណ៍របស់អ្នក? តើអ្នកឱ្យតម្លៃខ្ពស់ទៅលើរឿងតូចតាចរបស់អ្នកដែរឬទេ?

ដើម្បីធ្វើឱ្យប្រសើរឡើង លើការផ្ដោតអារម្មណ៍របស់អ្នក ចូរប្រតិបត្តិដូចតទៅនេះ ៖

ចូរប្តូរទៅរកភាពខ្លាំង (Shift to Strengths)៖ កំណត់រឿង៣ ឬ ៤ប្រភេទ ដែលអ្នកបំពេញកិច្ចការបានល្អប្រសើរនៅក្នុងអាជីពការងាររបស់អ្នក។ ចូរកំណត់ផែនការក្នុងការផ្លាស់ប្ដូរដោយរុញខ្លួនអ្នកឱ្យចំណាយពេល និងថាមពល៧០ភាគរយលើភាពខ្លាំងរបស់អ្នក។

ចូររៀបចំកែប្រែចំណុចខ្សោយរបស់អ្នក (Staff Your Weaknesses)៖ កំណត់ចំណុចខ្សោយរបស់អ្នកឱ្យបាន៣ ឬ៤មុខ នៅក្នុងការងារអាជីពរបស់អ្នក រួចហើយផ្ដល់ការងារនោះឱ្យអ្នកដទៃជួយ។

ចូរបង្កើតប្រយោជន៍លើរឿងអ្វីមួយ (Create an Edge)៖ តើអ្វីដែលអ្នកត្រូវការចាំបាច់បំផុតក្នុងការធ្វើដំណើរឡើងភ្នំខ្ពស់តទៀតជាមួយភាពខ្លាំងរបស់អ្នក? សូមគិតពិចារណាឡើងវិញ តើអ្នកធ្វើរឿងនេះយ៉ាងម៉េច?

៩. ចិត្តសប្បុរស (Generosity)

គ្មានអ្វីដែលនិយាយទៅកាន់អ្នកដទៃឮជាងភាពសប្បុរសចេញពីអ្នកដឹកនាំម្នាក់ទេ។​ ភាពសប្បុរសពិតប្រាកដមិនមែន ជារឿងកើតឡើងម្ដងម្កាលទេ។​​ វាចេញពីបេះដូងហើយស្ថិតនៅជាប់រហូតជាមួយជីវិតរបស់អ្នកដឹកនាំ វាអាចជាការ បរិច្ចាគពេលវេលា លុយកាក់ ចំណេះដឹង និងទ្រព្យធនផ្សេងៗ។​ ចូរដាំបណ្ដុះគុណសម្បត្ដិសប្បុរសធម៌ នៅក្នុងជីវិតអ្នក ដោយដឹងគុណចំពោះអ្វីដែលអ្នកមាន។​ សូមកុំបណ្ដោយឱ្យក្ដីប្រាថ្នា​​ចង់បានគ្រប់គ្រងអ្នក ហើយខំប្រឹងប្រែង ប្រតិបត្ដិ​ទម្លាប់ផ្ដល់ឱ្យ ឱ្យមកសណ្ឋិតក្នុងខ្លួនអ្នក។​ 

តើអ្នកតែងតែស្វែងរកផ្លូវបន្ថែមតម្លៃដល់អ្នកដទៃដែរទេ?​ ហើយតើអ្នកផ្ដល់ពេលវេលាឱ្យទៅនរណា?​ កវីនិពន្ធ ចន ប៊ុនយ៉ាន (John Bunyan) មានប្រសាសន៍ថា “អ្នកមិនបានរស់នៅសមស្របថ្ងៃនេះទេ ប្រសិនបើអ្នកមិនបានធ្វើអ្វីមួយសម្រាប់អ្នកផ្សេង ដែលមិនអាចសងត្រឡប់អ្វីសោះដល់អ្នក។” ប្រសិនបើអ្នកមិនបានផ្ដល់ឱ្យអ្វីខ្លះទៅអ្នកដទៃក្នុងជីវិតអ្នក អ្នកប្រហែល ជាមិនមែនជាអ្នកដឹកនាំដែលមានសប្បុរសធម៌ទេ។​​ 

ដើម្បីបង្កើតនិងបង្កើនភាពសប្បុរស ចូរប្រតិបត្ដិដូចតទៅ ៖

ចូរផ្តល់អ្វីមួយដល់នរណាម្នាក (Give Something Away)៖ អ្នកមានរបស់អ្វីមួយដែលមានតម្លៃ ហើយចូរអ្នកប្រគល់វាទៅឱ្យនរណាម្នាក់ ដែលអ្នកគិតថានឹងផ្ដល់ប្រយោជន៍ដល់គេ។​

ចូរដាក់របស់អ្នកឲ្យធ្វើការ (Put Your Money to Work)៖ ប្រើប្រាស់លុយរបស់អ្នក ដើម្បីអ្វីមួយដែលធ្វើឱ្យជីវិតអ្នកស្រស់បំព្រង។ ជីវិតស្រស់បំព្រង គឺជាជីវិតមួយដែលជួយដល់អ្នកដទៃ។​

ចូរស្វែងរកនរណាម្នាក់ដើម្បីណែនាំ (Find Someone to Mentor)៖ នៅពេលអ្នកបានទៅដល់កម្រិតណាមួយនៃការដឹកនាំ របស់ដែលមានតម្លៃល្អប្រសើរមួយ គឺការប្រគល់ខ្លួនអ្នកជួយអ្នកដទៃ។

១០. ការផ្ដួចផ្ដើមគំនិត (Initiative)

អ្នកដឹកនាំត្រូវបង្ហាញការផ្ដួចផ្ដើមគំនិតដោយសម្លឹងរកឱកាស និងត្រៀមខ្លួនដើម្បីធ្វើសកម្មភាព។​ តើមានលក្ខណសម្បត្ដិអ្វីខ្លះ ដែលអ្នកដឹកនាំត្រូវមានក្នុងការបង្កើតសមិទ្ធផល? ខាងក្រោមនេះជាលក្ខណសម្បត្ដិ៤ប្រការ ៖

តើអ្នកតែងសម្លឹងរកមើលឱកាស ឬក៏រង់ចាំទុកឱ្យឱកាសរត់រកអ្នក? តើអ្នកហ៊ានបោះជំហានទៅមុខដោយជឿជាក់លើសភាវគតិល្អប្រពៃរបស់អ្នកដែរឬទេ?​ ឬមួយអ្នកនៅតែវិភាគគ្រប់ជ្រុងជ្រោយ ហើយមិនហានសម្រេចចិត្ដ?​ តើពេលណាជាពេលក្រោយគេ ដែលអ្នកបានផ្ដួចផ្ដើមធ្វើអ្វីមួយសំខាន់សម្រាប់ជីវិតអ្នក។ បើអ្នកមិនដែលបានរុញខ្លួនអ្នកឱ្យចេញពីតំបន់ងាយស្រួលមានសុវត្ថិភាព អ្នកគួរចាប់ផ្ដើមហក់ចេញជាមួយការផ្ដួចផ្ដើមគំនិតណាមួយ។ 

ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្ដួចផ្ដើមគំនិត ចូរប្រតិបត្ដិដូចតទៅ ៖

ចូរផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក (Change Your Mind-set)៖ ប្រសិនបើអ្នកខ្វះការផ្ដួចផ្ដើមគំនិត សូមទទួលស្គាល់ថា នេះជាបញ្ហាខាងក្នុងខ្លួនអ្នក មិនមែនដោយសារ អ្នកដទៃទេ។ ស្វែងរកប្រភពនៃភាពស្ទាក់ស្ទើរក្នុងខ្លួនអ្នក ហើយព្យាយាមដោះស្រាយ។ 

ចូរកុំរងចាំឲ្យឳកាសមករកអ្នក (Don’t Wait for Opportunity to Knock)៖ ពិនិត្យមើលបញ្ជីស្ដុកទ្រព្យធន ភាពខ្លាំងប៊ិនប្រសប់ និងធនធានទាំងឡាយរបស់អ្នក។ ការធ្វើបែបនេះ នឹងផ្ដល់គំនិតអ្នកឱ្យដឹងពីសក្តានុពលរបស់អ្នក។ តទៅនេះ សូមចាប់ផ្ដើមសម្លឹងមើលឱកាសជារៀងរាល់ថ្ងៃ។ តើអ្នកមើលឃើញតម្រូវការនៅកន្លែងណា? តើនរណាកំពុងស្វែងរកជំនាញដែលអ្នកមាន? 

ចូរឈានទៅជំហ៊ានបន្ទាប់ (Take the Next Step)៖ ចាប់យកឱកាសដែលអ្នកបានជួប ហើយខំប្រឹងធ្វើដំណើរឱ្យបានកាន់តែឆ្ងាយតាមដែលអាចធ្វើបាន។ សូមកុំឈប់រហូតដល់អ្នកខំប្រឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យលទ្ធផលកើតឡើង។ 

១១. ការស្ដាប់ (Listening)

លោក ភីតធឺ ដ្រាក់ឃឺ (Peter Drucker) បិតាមុខវិជ្ជាការគ្រប់គ្រងរបស់អាមេរិក​បានសន្និដ្ឋានថា ៦០% នៃបញ្ហាគ្រប់គ្រង កើតចេញពីការយល់ខុសក្នុងការប្រាស្រ័យទាក់ទង គឺកើតចេញពីការមិនចេះស្ដាប់ឱ្យបានល្អ។ មានសំឡេងជាច្រើនបន្លឺឡើង ដើម្បីឱ្យអ្នកយកចិត្ដទុកដាក់ ប៉ុន្ដែសូមចងចាំថា អ្នកមានគោលបំណងចម្បង២ចំណុចក្នុងការស្ដាប់ គឺដើម្បីភ្ជាប់ទំនាក់ទំនងល្អ និងដើម្បីរៀន។ 

តើអ្នកជាអ្នកចេះស្ដាប់ដ៏ល្អដែរឬទេ? តើពេលណាដែលអ្នកបានយកចិត្ដទុកស្ដាប់នរណាម្នាក់និយាយដោយពិតប្រាកដ? សូមកុំស្ដាប់ត្រឹមតែពាក្យ តែត្រូវយល់អំពីអារម្មណ៍ អត្ថន័យ និងសាច់រឿងស៊ីជម្រៅផង។​ 

ដើម្បីរៀនបង្កើនការស្ដាប់របស់អ្នក ចូរប្រតិបត្ដិដូចតទៅ ៖​

ចូរផ្លស់ប្តូរកាលវិភាគរបស់អ្នក (Change Your Schedule)៖ តើអ្នកបានចំណាយពេលស្ដាប់អ្នកក្រោមបង្គាប់ អតិថិជន គូប្រជែង​ និងអ្នកផ្ដល់ដំបូន្មានបានល្អដែរទេ? បើអ្នកមិនបានផ្ដល់ពេលវេលាគ្រប់គ្រាន់ក្នុងការស្ដាប់មនុស្ស៤ប្រភេទរៀបរាប់ខាងលើបានជាប់លាប់ល្អទេ អ្នកត្រូវប្ដូរកាលវិភាគរបស់អ្នក ដោយត្រូវចំណាយពេលស្ដាប់ពួកគេឱ្យបានល្អ ដោយយកចិត្ដទុកដាក់ខ្ពស់។ 

ចូរជួបនរណាមនុស្សនៅក្នុងស្ថានភាពសមរម្យរបស់ពួកគេ (Meet People on Their Turf)៖ គន្លឹះមួយដើម្បីក្លាយជាអ្នកស្ដាប់ដ៏ល្អ គឺការស្វែងយល់ដឹងអំពីប្រវត្តិរបស់មនុស្សដែលអ្នកត្រូវជួប។​ អ្នកត្រូវដឹងខ្លះៗ ថាគេជានរណាមានប្រវត្ដិបែបណា និងចំណាប់អារម្មណ៍លើអ្វី ដើម្បីអ្នកអាចភ្ជាប់ទំនាក់ទំនងបានល្អជាមួយគេ។ 

ចូរស្តាប់ដោយគិតដល់អត្ថន័យដែលគេចង់និយាយ (Listen Between the Lines)៖ នៅពេលអ្នកជួបប្រាស្រ័យទាក់ទងជាមួយនរណាម្នាក់ អ្នកប្រាកដជាយកចិត្ដទុកដាក់លើខ្លឹមសារនៃកិច្ចសន្ទនានោះ ប៉ុន្ដែសូមកុំភ្លេចផ្ទៀងផ្ទាត់ជាមួយអារម្មណ៍របស់ដៃគូសន្ទនាផង។ តើខ្លឹមសារនៃសាច់រឿងនិង​អារម្មណ៍ស៊ីគ្នាដែរឬទេ?

១២.​ ចំណង់ចំណូលចិត្ដ (Passion)

តើអ្វីដែលអាចធ្វើឱ្យបុគ្គលម្នាក់មើលទៅហាក់ដូចជាធម្មតាសោះ តែអាចសម្រេចសមិទ្ធផលអស្ចារ្យ?​ ចម្លើយ គឺចំណង់ចំណូលចិត្ដ។​ គ្មានអ្វីអាចមកជំនួសចំណង់ចំណូលចិត្ដនៅក្នុងជីវិតអ្នកដឹកនាំទេ។​ 

ចំណង់ចំណូលចិត្ដ គឺជាជំហានដំបូងក្នុងការធ្វើដំណើរទៅសម្រេចគោលដៅ។ ក្ដីប្រាថ្នារបស់អ្នកជាអ្នកកំណត់ជោគវាសនារបស់អ្នក។ សូមគិតដល់អ្នកដឹកនាំអស្ចារ្យទាំងឡាយ ហើយអ្នកនឹងភ្ងាក់ផ្អើលអំពីចំណូល​ចិត្ដរបស់គាត់ ៖​​ មហាត្ម: គន្ធី (Mahatma Gandhi) មានចំណូលចិត្ដលើសិទ្ធិមនុស្ស វីនស្តុន ឆឺឈីល (Winston Churchill) ​មានចំណូលចិត្ដលើសេរីភាព ម៉ាតីន ឡូតធឺ ឃីង (Martin Lutter King Jr.) ​មានចំណូលចិត្ដលើភាពស្មើគ្នា ប៊ីល ហ្គេតស៍ (Bill Gates)​ មានចំណូលចិត្ដលើបច្ចេកវិទ្យា។​ បុគ្គលគ្រប់រូបដែលរស់នៅលើសពីភាព ធម្មតាគឺតែងតែមានក្ដីប្រាថ្នាធំធេង។​​ 

ចំណូលចិត្ដជួយពង្រឹងអំណាចផ្លូវចិត្តរបស់អ្នក។ វាជាថាមពលជំរុញក្ដីប្រាថ្នា។ ប្រសិនបើអ្នកមានក្ដីប្រាថ្នាចង់បានអ្វីមួយ ខ្លាំងគ្រប់គ្រាន់ អ្នកនឹងរកឃើញកម្លាំងទឹកចិត្តដើម្បីសម្រេចវា។ ប្រសិនបើអ្នកដើរតាមចំណូលចិត្តរបស់អ្នក ជំនួសឱ្យ ការស្តាប់មតិយោបល់អ្នកដទៃ អ្នកនឹងក្លាយជាបុគ្គលដែលមានការប្ដេជ្ញាចិត្តខ្ពស់ និងបំពេញការងារប្រកបដោយ ប្រសិទ្ធភាព។ 

ដើម្បីបង្កើនចំណូលចិត្តរបស់អ្នក ចូរប្រតិបត្តិដូចតទៅ ៖ 

ចូរវាស់ចំណង់ចំណូលចិត្តរបស់អ្នក (Take Your Temperature)៖ តើអ្នកមានចំណូលចិត្តបែបណាចំពោះជីវិតនិងការងាររបស់អ្នក?​ តើចំណូលចិត្តនោះបង្ហាញប្រាប់អ្នកដែរទេ? អ្នកនឹងមិនមានចំណូលចិត្តខ្លាំងទេ រហូតទាល់តែអ្នកជឿថារឿងនោះធ្វើឱ្យមានការផ្លាស់ប្ដូរក្នុងជីវិតអ្នក។ 

ចូរត្រឡប់ទៅកាន់រឿងដែលអ្នកស្រឡាញ់កាលពីដំបូង (Return to Your First Love)៖ ចូរគិតត្រឡប់ទៅវិញដល់ពេលវេលាដែលអ្នកចាប់ផ្ដើមអាជីពការងារដំបូង ឬមួយនឹកគិតដល់ពេលវេលាកាលអ្នកនៅជាកុមារ។ តើអ្វីទៅដែលអ្នកចំណាយពេលជាមួយរាប់ម៉ោងដោយមិនធុញទ្រាន់ទាល់តែសោះ? 

ចូរចូលរួមជាមួយមនុស្សផ្សេងៗដោយពេញចិត្ត (Associate with People of Passion)៖ សូមសាកល្បងធ្វើឡើងវិញនូវអ្វីដែលជាភាពរីករាយរបស់អ្នក។ រួចហើយវាយតម្លៃជីវិតអ្នកនិងអាជីពរបស់អ្នក ជាមួយនឹងពន្លឺនៃក្ដីស្រឡាញ់ដែលអ្នកធ្លាប់មាន។ ចំណូលចិត្ដ គឺងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ចូរចំណាយពេលជាមួយបុគ្គលដែលរស់នៅជាមួយចំណង់ចំណូលចិត្ដខ្ពស់ ដើម្បីឱ្យគេចម្លងភាពចូលចិត្ដ ភាពពេញចិត្ដចំពោះអ្វីមួយមកដល់អ្នក។

១៣.​ ឥរិយាបថវិជ្ជមាន (Positive Attitude)

បើអ្នកមានក្ដីប្រាថ្នាចង់ក្លាយជាអ្នកដឹងនាំមានប្រសិទ្ធភាព ការកសាងឥរិយាបថវិជ្ជមាន ជារឿងសំខាន់ចាំបាច់។ វាមិនគ្រាន់តែកំណត់ភាពពេញចិត្ដរបស់អ្នកជាបុគ្គលម្នាក់ប៉ុណ្ណោះទេ តែវាមានឥទ្ធិពលខ្លាំងផងដែរ ទៅលើអ្នកដទៃដែលប្រាស្រ័យទាក់ទងជាមួយអ្នក។ 

ឥរិយាបថរបស់អ្នក គឺជាជម្រើសរបស់អ្នក។ មិនថាមានអ្វីកើតឡើងសម្រាប់អ្នកនៅថ្ងៃម្សិលមិញទេ ឥរិយាបថរបស់អ្នក គឺជាជម្រើសរបស់អ្នកថ្ងៃនេះ។​ ឥរិយាបថរបស់អ្នកកំណត់សកម្មភាពរបស់អ្នក។ អ្នកអាចធ្វើការជ្រើសរើសឥរិយាបថរបស់អ្នក ហើយអ្នកអាចផ្លាស់ប្ដូរវាបាន។ 

នៅពេលអ្នកជួបមនុស្សទាំងឡាយ តើអ្នកនិយាយប្រាប់ខ្លួនឯងថា គេកំពុងធ្វើឱ្យអ្នកអាប់ឱន? នៅពេលអ្នកជួបប្រឈមនឹងបទពិសោធន៍ថ្មីៗ តើសំឡេងក្នុងខ្លួនអ្នកប្រាប់អ្នកថា អ្នកនឹងបរាជ័យ? បើអ្នកជួបបញ្ហាបែបនេះ អ្នកកំពុងប្រឈមនឹងការមានឥរិយាបថមិនត្រឹមត្រូវហើយ។ 

ដើម្បីធ្វើឧិ្យឥរិយាបថរបស់អ្នកប្រសើរឡើង ចូរប្រតិបត្ដិដូចខាងក្រោម ៖ 

ចូរផ្តល់ចំណីគំនិត និងអារម្មណ៍របស់អ្នកឲ្យបានត្រឹមត្រូវ (Feed Yourself the Right “Food”​)៖ បើសិនជាអ្នកត្រូវបានគេបង្អត់ចំណីល្អៗ ចំណីវិជ្ជមានជាយូរមកហើយ អ្នកចាំបាច់ត្រូវផ្ដល់ចំណីដល់ខ្លួនអ្នក ឱ្យបានជាប់លាប់ ដែលជាចំណីផ្តល់ការជំរុញចិត្ត និងពង្រឹងស្មារតីរបស់អ្នក។ 

ចូរសម្រេចគោលដៅឲ្យបានជារៀងរាល់ថ្ងៃ (Achieve a Goal Every Day)៖ សូមកំណត់គោលដៅតូចៗប្រចាំថ្ងៃ ដែលអ្នកអាចសម្រេចបាន។ លំនាំនៃការសម្រេចគោលដៅជាវិជ្ជមាននឹងជួយអ្នកបង្កើតលំនាំនៃការគិតវិជ្ជមាន។ 

ចូរសរសេរវានៅលើជញ្ជាំងរបស់អ្នក (Write It on Your Wall)៖ ជាផ្នែកមួយនៃការលើកទឹកចិត្ដខ្លួនឯង គេចូលចិត្ដដាក់បណ្ណសរសើរទាំងឡាយ ដែលគេទទួលបាន ឬសុភាសិត ជម្រុញចិត្ត ឬសំបុត្រលើកទឹកចិត្ដនៅលើជញ្ជាំង ឬក្ដារខៀនដែលគេអាចមើលឃើញជាប្រចាំ។ ចូរស្វែងរកអ្វីមួយ ដែលជួយជម្រុញទឹកចិត្តរបស់អ្នក។

១៤.​ ការដោះស្រាយបញ្ហា (Problem Solving)

មិនថាស្ថិតនៅក្នុងផ្នែកណា ឬកន្លែងណាទេ ជាអ្នកដឹកនាំម្នាក់ អ្នកនឹងប្រឈមនឹងបញ្ហា។ បញ្ហាជារឿងមិនអាចជៀសបាន ដោយមូលហេតុបីយ៉ាង ៖

  • ទី១. យើងរស់នៅក្នុងពិភពលោកមួយដែលភាពស្មុគស្មាញចេះតែកើនឡើង និងមានភាព ចម្រុះ។
  • ទី២. យើងត្រូវប្រាស្រ័យទាក់ទងជាមួយមនុស្ស និង
  • ទី៣. យើងមិនអាចគ្រប់គ្រងស្ថានការណ៍ទាំងឡាយ ដែលកើតឡើងចំពោះយើង។ អ្នកដឹកនាំដែលមានសមត្ថភាពដោះស្រាយបញ្ហាតែងតែស្វាគម៍បញ្ហាមកដល់ ដោយទទួល យកការពិត​ និងព្យាយាមដោះស្រាយម្ដងមួយៗ។ គេតែងសម្លឹងមើលរូបភាពធំក្នុងការឆ្លើយតប ហើយមិនបោះបង់គោលដៅចម្បងទេ នៅពេលគេជួបឧបសគ្គម្ដងៗ។ 

ដើម្បីពង្រឹងសមត្ថភាពដោះស្រាយបញ្ហា ចូរខំប្រឹងប្រតិបត្តិដូចតទៅ ៖ 

ចូរស្វែងរកបញ្ហា (Look for Trouble)៖  ប្រសិនបើអ្នកធ្លាប់បញ្ជៀសបញ្ហា ចូរចាប់ផ្ដើមសម្លឹងរកមើលវា។ អ្នកអាចធ្វើឱ្យខ្លួនអ្នកប្រសើរឡើង តែតាមរយៈការមានបទពិសោធន៍ដោះស្រាយបញ្ហាប្រឈមទាំងឡាយប៉ុណ្ណោះ។ 

ចូរបង្កើតវិធីសាស្រ្ត (Develop a Method)៖  មនុស្សមួយចំនួនជួបប្រទះនឹងការលំបាកក្នុងការដោះស្រាយបញ្ហា ពីព្រោះគេមិនដឹងអំពីវិធីដោះស្រាយយ៉ាងម៉េច។ សូមសាកល្បងប្រើវិធី TEACH ដូចតទៅ៖

  • ពេលវេលា (Time) – ចូរចំណាយពេលវេលា ដើម្បីស្វែងយល់ពីបញ្ហាពិត។
  • ការលាតត្រដាង (Exposure) – ចូរស្វែងរកពីអ្វីដែលអ្នកដទៃបានធ្វើ។
  • ជំនួយ (Assistance) – ចូរឱ្យក្រុមរបស់អ្នកសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយ។
  • ភាពច្នៃប្រឌិត (Craetivity) – ចូរបង្កើតដំណោះស្រាយជាច្រើន។
  • ការអនុវត្ត (Hit It) – ចូរអនុវត្តដំណោះស្រាយដែលល្អបំផុត។

ចូរដាក់ខ្លួនអ្នកក្នុងចំណោមអ្នកដោះស្រាយបញ្ហា (Surround Yourself with Problem Solvers)៖ ប្រសិនបើអ្នកមិនមែនជាមនុស្សពូកែដោះស្រាយបញ្ហា ចូរស្វែងរកអ្នកពូកែដោះស្រាយបញ្ហាមកចូលក្នុងក្រុមការងារ។ គេនឹងជួយបំពេញចំណុះខ្វះខាតរបស់អ្នក​ ហើយអ្នកអាចរៀនពីគេបាន។

១៥. ទំនាក់ទំនង (Relationships)

សមត្ថភាពក្នុងការធ្វើការជាមួយមនុស្ស និងបង្កើតទំនាក់ទំនងល្អ គឺជាអ្វីដែលមិនអាចខ្វះបានសម្រាប់ការដឹកនាំប្រកបដោយប្រសិទ្ធភាព។ ជាទូទៅ មនុស្សចូលចិត្តដើរតាមជាមួយបុគ្គលណាដែលគេមានទំនាក់ទងល្អជាមួយ។ វាអាចមានបុគ្គលខ្លះមានជំនាញល្អក្នុងការធ្វើការជាមួយមនុស្ស តែមិនអាចក្លាយជាអ្នកដឹកនាំល្អ ប៉ុន្ដែគ្មានអ្នកដឹកនាំល្អ ណាដែលពុំមានសមត្ថភាពធ្វើការជាមួយមនុស្សទេ។ សូមកុំមើលស្រាលទៅលើឥទ្ធិពលនៃការកសាងទំនាក់ទំនងឱ្យសោះ។ បើជំនាញនៃទំនាក់ទំនងរបស់អ្នកខ្សោយ​ ភាពជាអ្នកដឹកនាំរបស់អ្នក នឹងងាយរងគ្រោះ។ 

ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់អ្នក ចូរប្រតិបត្តិដូចខាងក្រោម ៖ 

ចូរកែលម្អចិត្តរបស់អ្នកឲ្យប្រសើរឡើង (Improve Your Mind)៖ ប្រសិនបើសមត្ថភាពរបស់អ្នកក្នុងការយល់អំពីមនុស្សត្រូវការធ្វើឱ្យប្រសើរឡើង សូមចាប់ផ្ដើមស្វែងរក និងអានសៀវភៅទាក់ទងនឹងប្រធានបទនេះ រួចហើយចំណាយពេលរៀនសង្កេតមើលមនុស្ស និងប្រាស្រ័យទាក់ទងជាមួយគេ ដោយប្រើវិធីដែលអ្នកបានរៀនពីសៀវភៅទាំងនោះ។ 

ចូរពង្រឹងចិត្តរបស់អ្នក (Strengthen Your Heart)៖ ចូរធ្វើបញ្ជីនៃរឿងតូចៗទាំងឡាយដែលអ្នកអាចធ្វើបាន ដើម្បីបង្កើនតម្លៃដល់មិត្ដភក្ដិ និងសហការីរបស់អ្នក។ រួចហើយសាកល្បងធ្វើវាម្ដងមួយៗជារៀងរាល់ថ្ងៃ។ សូមកុំរង់ចាំរហូតដល់អ្នកមានអារម្មណ៍ថាអ្នកចូលចិត្ត ទើបបានធ្វើរឿងទាំងនេះ។ 

ចូរកែលម្អទំនាក់ទំនងដែលល្អកករ (Repair a Hurting Relationship)៖ ចូរគិតដល់ទំនាក់ទំនងយូរឆ្នាំដែលដែលមានតម្លៃសម្រាប់អ្នក ហើយបានរលាយបាត់ទៅ។ ចូរធ្វើនូវអ្វីដែលអាចធ្វើបាន ដើម្បីកែលម្អវាឡើងវិញ។

១៦. ការទទួលខុសត្រូវ (Responsibility)

អ្នកដឹកនាំល្អ មិនដែលចាប់យកសោះឡើយនូវស្មារតីជាជនរងគ្រោះ។ គេទទួលស្គាល់ថា គេជានរណា និងស្ថិតនៅទីណា ហើយតែងមានការទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់គេ​ ដោយមិនបន្ទោសឪពុកម្ដាយ ដៃគូជីវិត បងប្អូន កូនៗ រដ្ឋាភិបាល អ្នកគ្រប់គ្រង ឬសហការីទេ។​ គេតែងប្រឈមនឹងរឿងរ៉ាវទាំងឡាយដែលកើតឡើងក្នុងជីវិត ហើយព្យាយាម ដោះស្រាយ ដោយដឹងថា គេមានឱកាសដឹកនាំក្រុម ដោយសារគេអាចដោះស្រាយបញ្ហា និងធ្វើដំណើរទៅមុខបាន។  

បុគ្គលដែលចេះទទួលខុសត្រូវ តែងបំពេញកិច្ចការបានសម្រេច។ គេមានការប្ដេជ្ញាចិត្ត បំពេញកិច្ចការតាមភាពចាំបាច់របស់អង្គភាព ឬអង្គភាពដែលគេបម្រើ។ ប្រសិនបើអ្នកចង់ដឹកនាំ អ្នកត្រូវទទួលយកស្មារតីទទួលខុសត្រូវក្នុងការសម្រេចការងារ។ 

ដើម្បីពង្រឹងការទទួលខុសត្រូវរបស់អ្នក ចូរប្រតិបត្តិដូចតទៅ ៖ 

ចូរបន្តអត់ធ្មត់នៅក្នុងស្ថានភាពលំបាក (Keep Hanging in There)៖ ពេលខ្លះ ការខ្វះសមត្ថភាពសម្រេចលទ្ធផលនៅពេលមានស្ថានការណ៍លំបាក អាចដោយសារបញ្ហាខ្វះភាពស៊ូទ្រាំ។ ពេលក្រោយ នៅពេលអ្នកស្ថិតក្នុងស្ថានការណ៍ណាមួយ ដែលអ្នកមិនអាចសម្រេចកិច្ចការទាន់ពេលវេលា បរាជ័យក្នុងធុរកិច្ច ឬមិនអាចរៀបចំកម្មវិធីដូចការគ្រោងទុក សូមឈប់បន្ដិច ហើយគិតពិចារណាមើល តើត្រូវសម្រេចកិច្ចការនោះយ៉ាងដូចម្តេច។ សូមពិចារណាលើទម្លាប់ពីមុន ហើយសាកល្បងផ្ដួចផ្ដើមគំនិតថ្មី ដោយមិនបោះបង់គោលដៅដែលបានកំណត់ទុក។ ការនេះនឹងនាំឱ្យអ្នកបង្កើនការទទួលខុសត្រូវល្អក្នុងជីវិត។ 

ចូរលាងត្រដាងនូវអ្វីដែលមិនល្អគ្រប់គ្រាន់ (Admit What’s not Good Enough)៖ ប្រសិនបើអ្នកមានបញ្ហាសម្រេចកិច្ចការមិនបានល្អប្រសើរ ប្រហែលជាដោយសារអ្នកបានដាក់និយាម​ (ស្ដង់ដារ) ទាបពេក។ សូមស្វែងរកកន្លែងនៃចំណុចមិនល្អរបស់អ្នក រួចហើយធ្វើការកែតម្រូវ ដោយកំណត់និយាមឱ្យបានខ្ពស់ជាងមុន។ 

ចូរស្វែងរកឧបករណ៍ដែលប្រសើរជាងមុន (Find Better Tools)៖ នៅពេលដែលអ្នកដឹងច្បាស់ថា អ្នកបានដាក់និយាមខ្ពស់ហើយ ឥរិយាបថរបស់អ្នកក៏ល្អសមរម្យ ហើយអ្នកខំប្រឹងបំពេញការងារអស់ពីកម្លាំងកាយចិត្ដ ប៉ុន្ដែអ្នកមិនអាចសម្រេចលទ្ធផលដូចការរំពឹងទុក ដូច្នេះអ្នកគួរគិតពីការស្វែងរកឧបករណ៍ដែលល្អប្រសើរជាងមុន។ លើកកម្ពស់ជំនាញរបស់អ្នកតាមរយ: ការចូលរួមវគ្គបណ្ដុះបណ្ដាល អានសៀវភៅ ឬស្ដាប់មេរៀនជាសំឡេងផ្សេងៗ។ ស្វែងរកគ្រូបង្វឹកល្អៗ។ ចូរធ្វើអ្វីៗដែលចាំបាច់ ដើម្បីធ្វើឱ្យខ្លួនអ្នកប្រសើរឡើង។ 

១៧. សុវត្ថិភាព (Security)

អ្នកដឹកនាំដែលមានអារម្មណ៍ខ្វះសុវត្ថិភាព ពុំជឿជាក់ខ្លួនឯង គឺគ្រោះថ្នាក់ណាស់ សម្រាប់ខ្លួនគាត់ សម្រាប់អ្នកដើរតាម និងសម្រាប់អង្គភាពទាំងមូលដែលគាត់ដឹកនាំ ពីព្រោះឈរនៅទីតាំងដឹកនាំ វានឹងបង្ហាញឱ្យឃើញផលជះនៃភាពខ្វះខាតសុវត្ថិភាព។ អ្នកដឹកនាំដែលមិនជឿជាក់ខ្លួនឯងមានលក្ខណៈរួមមួយចំនួនដូចតទៅ៖

  • គាត់មិនផ្ដល់សុវត្ថិភាពដល់អ្នកដទៃ
  • គាត់ចូលចិត្តទាញប្រយោជន៍ពីមនុស្សច្រើនជាងគាត់ផ្ដល់ឱ្យគេ
  • គាត់តែងរាំងខ្ទប់សមត្ថភាពមនុស្សល្អៗ និងរាំងខ្ទប់សមត្ថភាពស្ថាប័នទាំងមូល។ 

ផ្ទុយទៅវិញ អ្នកដឹកនាំដែលមានសុវត្ថិភាពតែងជឿជាក់លើអ្នកដទៃ ពីព្រោះគាត់ជឿជាក់លើខ្លួនឯង។ គាត់មិនក្រអឺតក្រទម គាត់ដឹងអំពីភាពខ្លាំង និងចំណុចខ្សោយខ្លួនឯង ហើយគាត់គោរពខ្លួនឯង។ នៅពេលដែល បុគ្គលិករបស់គាត់បំពេញការងារបានល្អ គាត់មិនមានអារម្មណ៍ភ័យខ្លាចនិងច្រណែនសោះឡើយ។  គាត់ស្វែងរកនិង រើសមនុស្សល្អៗ ដែលមានសមត្ថភាពឱ្យមកធ្វើការជាមួយគ្នា រួចហើយពង្រឹងសមត្ថភាពពួកគេបន្ថែមដើម្បីឱ្យសម្រេចកិច្ចការបានកាន់តែច្រើន។ ហើយនៅពេលក្រុមការងាររបស់គាត់ជោគជ័យ គឺជាក្ដីរីករាយរបស់គាត់យ៉ាងខ្លាំង។ សូមកុំបណ្ដោយឱ្យអារម្មណ៍ខ្វះសុវត្ថិភាពរារាំងអ្នកក្នុងការសម្រេចសក្ដានុពលរបស់អ្នក។ 

ដើម្បីពង្រឹងសុវត្ថិភាព និងភាពជឿជាក់របស់អ្នក ចូរប្រតិបត្ដិដូចតទៅ ៖ 

ត្រូវស្គាល់ខ្លួនឯង (Know Yourself)៖  ប្រសិនបើអ្នកជាប្រភេទបុគ្គលដែលខ្វះសមត្ថភាព ដោយដឹងអំពីខ្លួនឯងពីកំណើតមក ចូរខំប្រឹងចំណាយពេល ដើម្បីស្វែងយល់អំពីខ្លួនឯង ភាពខ្លាំង ភាពខ្សោយ ជាមនុស្សអត់ធ្មត់ ឬឆេវឆាវ ។ល។​​ សូមសួរមនុស្សដែលស្គាល់អ្នកច្បាស់ ហើយឱ្យគេជួយប្រាប់អ្នកអំពីភាពខ្លាំងរបស់អ្នក៣ជំនាញ និងចំណុចខ្សោយរបស់អ្នក ៣ប្រការ រួចហើយអ្នកត្រូវចំណាយពេលឆ្លុះបញ្ចាំងខ្លួនឯងលើរឿងទាំងនេះ។ 

ចូរផ្តល់ការសរសើរ ឬទទួលស្គាល់ការចូលរួមចំណែកក្នុងការសម្រេចគោលដៅណាមួយ (Give Away the Credit)៖ ប្រសិនបើអ្នកទទួលជំនួយពីអ្នកដទៃ អ្នកត្រូវទទួលស្គាល់ការរួមចំណែករបស់គេ។ ការធ្វើបែបនេះ អ្នកនឹងជួយពង្រឹងអាជីពរបស់គេ លើកស្ទួយកម្លាំងចិត្ដដល់គេ និងជួយឱ្យស្ថាប័នទាំងមូលល្អប្រសើរឡើង។ 

ចូរស្វែងរកជំនួយ (Get Some Help)៖ ប្រសិនបើអ្នកមិនអាចយកឈ្នះលើអារម្មណ៍ខ្វះសុវត្ថិភាពដោយខ្លួនឯង ចូរស្វែងរកជំនួយដោយឈ្លាសវៃ។ ស្វែងយល់អំពីឫសគល់នៃបញ្ហា និងរកដំណោះស្រាយឱ្យបានល្អសមរម្យ ពីព្រោះវាមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដល់អ្នកប៉ុណ្ណោះទេ តែសម្រាប់បុគ្គលិករបស់អ្នកផងដែរ។

១៨. វិន័យផ្ទាល់ខ្លួន (Self-discipline)

គ្មានបុគ្គលណាមួយអាចសម្រេចជោគជ័យជាបន្ដបន្ទាប់ដោយខ្វះវិន័យផ្ទាល់ខ្លួនឡើយ។ វាជាកត្តាកំណត់ដែលជួយ ឱ្យបុគ្គលម្នាក់ឡើងទៅលើខ្ពស់បាន ហើយជាកត្តាគន្លឹះធ្វើឱ្យភាពជាអ្នកដឹកនាំរបស់គេមានភាពស្ថិតស្ថេរទៅមុនបានល្អ។ ប្រសិនបើអ្នកអាចកំណត់បានថា អ្វីជាអាទិភាពសំខាន់ចម្បងចាំបាច់ ហើយប្រតិបត្តិតាម នោះអ្នកកំពុងប្រកាន់យកវិន័យផ្ទាល់ខ្លួនបានល្អហើយ។ ការចេះគោរពតាមអាទិភាពនៃកិច្ចការ ឬករណីកិច្ចក្នុងជីវិត គឺជាខ្លឹមសារសំខាន់នៃវិន័យផ្ទាល់ខ្លួន។ 

វិន័យផ្ទាល់ខ្លួន មិនមែនជារឿងកើតឡើងម្ដងម្កាលទេ។ វាត្រូវក្លាយជារបៀបរស់នៅក្នុងជីវិតអ្នក។ ដើម្បីអភិវឌ្ឍរបៀបរស់នៅដែលមានវិន័យ កិច្ចការចម្បងមួយរបស់អ្នក គឺត្រូវប្រឈមនឹងកិច្ចខំប្រឹងប្រែងលុបបំបាត់ចោលនូវនិន្នាការគេចវេះ ឬរកលេសមិនទទួលខុសត្រូវ។ នៅពេលអ្នកត្រូវប្រឈមនឹងកិច្ចការដែលត្រូវបំពេញជាចាំបាច់ ហើយអ្នកគិតរកលេសគេចចេញ ដោយសម្លឹងរកកិច្ចការងារងាយស្រួល ជាជាងចាប់យកការលំបាក ចូរផ្លាស់ប្ដូរការគិតរបស់អ្នក ហើយទទួលយកការលំបាក ខិតខំបំពេញកិច្ចការដែលចាំបាច់ត្រូវធ្វើ។ ចូរព្យាយាមរាប់អំពីអត្ថប្រយោជន៍ក្នុងការបំពេញកិច្ចការដែលចាំបាច់ ហើយខំប្រឹងជម្នះធ្វើវាឱ្យបាន។ 

ប្រសិនបើអ្នកដឹងថា អ្នកមានភាពប៊ិនប្រសប់ ហើយអ្នកបានធ្វើសកម្មភាពជាច្រើន ប៉ុន្ដៃទទួលបានលទ្ធផលតិចតួច នោះប្រហែលជាបញ្ហាចម្បង បណ្ដាលមកពីភាពខ្វះខាតវិន័យផ្ទាល់ខ្លួនហើយ។ 

ដើម្បីពង្រឹងវិន័យផ្ទាល់ខ្លួន ចូរប្រតិបត្ដិដូចតទៅ ៖ 

ចូររៀបចំលំដាប់លំដោយអតិថិភាពរឿងសំខាន់ៗរបស់អ្នក (Sort Out Your Priorities)៖ សូមគិត ស្វែងរក២ ឬ៣ផ្នែកក្នុងជីវិតរបស់អ្នក ដែលមានសារសំខាន់ខ្លាំងសម្រាប់អ្នក រួចហើយកសាងវិន័យ ដើម្បីការរីកលូតលាស់ក្នុងផ្នែកទាំងនោះ។ 

ចូរធ្វើបញ្ជីរាយមូលហេតុ (List the Reasons)៖ ចូរកត់ត្រាទុកនូវអត្ថប្រយោជន៍ទាំងឡាយ ចេញពីការប្រតិបត្តិវិន័យផ្ទាល់ខ្លួន។ យកកំណត់ត្រានោះទុកនៅកន្លែងណាដែលអ្នកអាចមើលឃើញរាល់ថ្ងៃ។ នៅថ្ងៃណាមួយ ដែលអ្នកមិនចង់ប្រតិបត្តិវិន័យ ចូរអានកំណត់ត្រានោះឡើងវិញ។ 

ចូរកម្ចាត់លេសដោះសារទាំងឡាយចេញ (Get Rid of Excuses)៖ ចូរសរសេរនូវមូលហេតុទាំងឡាយដែលធ្វើឱ្យអ្នកមិនចង់កសាងវិន័យផា្ទល់ខ្លួន។ ហើយបើទោះបីអ្នករកឃើញហេតុផលណាមួយសមរម្យក៏ដោយ ចូរប្រឹងជម្នះធ្វើវាឱ្យបាន។ ចូរកុំបណ្ដោយខ្លួនអ្នកឱ្យហេតុផល ឬលេសណាមួយជម្រុញអ្នកឱ្យលះបង់ការកសាងវិន័យផ្ទាល់ខ្លួន។ 

១៩. ភាពជាអ្នកបម្រើ (Servanthood)

ការបម្រើមិនមែនជារឿងឋាន: តួនាទី ឬជំនាញអ្វីនោះទេ។ វាគឺជារឿងឥរិយាបថ។ អ្នកប្រហែលជាធ្លាប់ជួបមនុស្ស ដែលមានតួនាទីបម្រើ ប៉ុន្ដែមានឥរិយាបថអន់ថយទាក់ទងនឹងការបម្រើ ជាឧទាហរណ៍ មន្រ្ដីរាជការដែលមានតួនាទី ផ្ដល់សេវាសាធារណៈ តែមានសម្ដីគំរោះគំរើយ អ្នករត់តុក្នុងភោជនីយដ្ឋានដែលគ្មានភាពទន់ភ្លន់រស់រាយជាមួយភ្ងៀវ ឬក៏អ្នកលក់ទំនិញដែលនៅនិយាយទូរស័ព្ទជាមួយមិត្ដភក្តិ ដោយធ្វើមិនដឹងមិនឮជាមួយភ្ញៀវដែរចង់សួរ។ ដូចដែលអ្នកធ្លាប់មានអារម្មណ៍ឃើញបុគ្គលិកម្នាក់ មិនចង់ជួយអ្នកដទៃ អ្នកក៏អាចចាប់អារម្មណ៍សង្កេតមើលថា តើអ្នកដឹកនាំម្នាក់នោះ មានបេះដូងក្នុងការបម្រើដែរទេ។ សេចក្ដីពិតមួយ គឺថាអ្នកដឹកនាំដ៏ល្អ តែងមានចេតនាចង់បម្រើអ្នកដទៃ ជាងបម្រើខ្លួនឯង។ សញ្ញាបង្ហាញដំបូងអំពីការបម្រើ គឺទឹកចិត្ដផ្ដល់ឱកាស ផ្ដល់លទ្ធភាព ផ្ដល់ប្រយោជន៍ឱ្យអ្នកដទៃជាមុន មុននឹងយកចិត្តទុកដាក់គិតពីខ្លួនឯង។ 

តើបេះដូងរបស់អ្នកស្ថិតនៅទីណា នៅពេលដែលឱកាសនៃការបម្រើអ្នកដទៃមកដល់ចំពោះមុខ? តើអ្នកត្រូវបានជំរុញចិត្ត ជាមួយស្មារតីបម្រើអ្នកដទៃដែរទេ?​ 

ដើម្បីពង្រឹងស្មារតីបម្រើរបស់អ្នក ចូរប្រតិបត្តិដូចតទៅ ៖ 

ចូរធ្វើសកម្មភាពតូចៗ (Perform Small Acts)៖ ស្វែងរករឿងតូចៗ ដើម្បីប្រតិបត្តិក្នុងការផ្តល់ការយកចិត្តទុកដាក់របស់អ្នកបម្រើអ្នកដទៃ។ 

ចូរព្យាយាមស្វែងយល់ឲ្យបានច្រើនពេលចូលរួមកម្មវិធីផ្សេងៗ (Learn to Walk Slowly through the Crowd)៖  នៅពេលដែលអ្នកចូលរួមកម្មវិធីអ្វីមួយ សូមដាក់គោលដៅរបស់អ្នកក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ ដោយព្យាយាមស្វែងយល់ពីគេឱ្យបានច្រើន ដោយដឹងអំពីតម្រូវការ ការចង់បាន និងក្ដីប្រាថ្នារបស់គេ។ 

ចូរងើបចេញទៅធ្វើសកម្មភាព (Move into Action)៖ ប្រសិនបើឥរិយាបថនៃការបម្រើវាពុំទាន់មានក្នុងជីវិតអ្នក សូមស្វែងរកវិធីផ្លាស់ប្ដូរឱ្យបានលឿន ដោយចាប់ផ្ដើមធ្វើសកម្មភាពបម្រើអ្នកដទៃ។ សូមស្វែងរកការងារស្ម័គ្រចិត្តបម្រើនៅតាមព្រះវិហារ សមាគមន៍ផ្សេងៗ ឬអង្គការស្ម័គ្រចិត្តផ្សេងៗ។

២០. ឱ្យគេបង្រៀនបាន (Teachability)

បញ្ហាប្រឈមដ៏ចម្បងមួយរបស់អ្នកដឹកនាំ គឺការពេញចិត្តនឹងស្ថានការបច្ចុប្បន្ន ហើយមិនចង់រៀនសូត្របន្ថែម។ ជាពិសេស នៅពេលអ្នកដឹកនាំម្នាក់ទទួលជោគជ័យ និងមានឥទ្ធិពលខ្លាំងល្មមគួរសម ហើយទទួលបានការគោរពក្នុងកម្រិតមួយផង។ សំណួរមួយក្នុងខ្លួនគាត់ គឺថាហេតុអ្វីក៏គាត់ចាំបាច់ត្រូវការរៀនពីអ្នកដទៃទៀត? ចម្លើយ គឺ ការលូតលាស់បន្តរបស់អ្នកនឹងកំណត់ថា តើអ្នកទាក់ទាញមនុស្សកម្រិតណា និងប្រភេទណា ហើយការទាក់ទាញរបស់អ្នកនឹងកំណត់កម្រិតជោគជ័យនៃស្ថាប័ន សហគ្រាស ឬអង្គភាពដែលអ្នកដឹកនាំ។ 

បើអ្នកចង់ឱ្យស្ថាប័នរបស់អ្នកលូតលាស់បន្ដ អ្នកត្រូវជាអ្នកដឹកនាំដែលឱ្យគេបង្រៀនបាន។​ មនុស្សមួយចំនួនមានការយល់ច្រឡំថា​ នៅពេលគេសម្រេចគោលដៅធំមួយណាហើយ គេមិនចាំបាច់ខំប្រឹងរៀនដើម្បីលូតលាស់ទៀតទេ។ វាអាចនឹងកើតឡើងចំពោះរឿងជាច្រើន ដូចជាទទួលសញ្ញាប័ត្របានខ្ពស់មួយ សម្រេចឋាន:តួនាទីខ្ពស់មួយ ទទួលបានពានរង្វាន់អ្វីមួយ ឬសម្រេចគោលដៅហិរញ្ញវត្ថុណាមួយ។ ប៉ុន្ដែ អ្នកដឹកនាំប្រកបដោយប្រសិទ្ធិភាព មិនគិតដូច្នេះទេ។​ ថ្ងៃណាដែលគេបញ្ឈប់ការរៀនសូត្រ គឺជាថ្ងៃដែលគេបោះបង់សក្ដានុពលខ្ពស់បំផុតរបស់គេ ហើយជាមួយនេះ សក្ដានុពលរបស់ស្ថាប័នក៏ត្រូវបញ្ឈប់ដែរ។ 

ប្រសិនបើអ្នកមិនទាន់ទៅដល់ទីតាំងដែលអ្នកប្រាថ្នាក្នុងជីវិតនៅពេលនេះ បញ្ហាប្រឈមមួយប្រហែលជាមកពីអ្នកជាបុគ្គល ដែលគេបង្រៀនមិនបាន។ 

ដើម្បីក្លាយជាបុគ្គលឱ្យគេបង្រៀនបាន ចូរប្រតិបត្តិដូចតទៅ ៖ 

ចូរធ្វើការសង្កេតមើលប្រតិកម្មដែលអ្នកឆ្លើយតបនឹងកំហុសផ្សេងៗ (Observe How You React to Mistakes)៖ តើអ្នកទទួលស្គាល់កំហុសឆ្គងរបស់អ្នកដែរឬទេ? តើអ្នកធ្លាប់សូមទោសចំពោះកំហុសឆ្គងដែរឬទេ? ឬមួយអ្នកតែងតែការពារខ្លួនឯងនៅពេលប្រព្រឹត្ដខុស? ប្រសិនបើអ្នកប្រព្រឹត្តមិនល្អ ឬមិនដែលមានកំហុសទាល់តែសោះ អ្នកត្រូវធ្វើការអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សដែលគេបង្រៀនបាន។ 

ចូរសាកល្បងអ្វីថ្មីៗ (Try Something New)៖ ចូរស្វែងរកផ្លូវធ្វើអ្វីមួយថ្មីផ្សេងពីមុន ដែលអាចពង្រឹងស្មារតី បង្កើនផ្លូវចិត្ត ឬពង្រឹងកាយសម្បទារបស់អ្នក ឱ្យខ្លាំងជាងមុន។ 

ចូររៀនបន្ថែមក្នុងតំបន់នៃភាពខ្លាំងរបស់អ្នក (Learn in Your Area of Strength)៖ ចូរបន្ដរៀននៅក្នុងផ្នែក ឬតំបន់ណាដែលអ្នកបានក្លាយជាអ្នកជំនាញរួចហើយ។ វាជួយការពារអ្នក កុំឱ្យក្លាយជាបុគ្គលដែលចេះអស់ហើយ មិនត្រូវការរៀនបន្ថែមទៀត។

២១. ទស្សនវិស័យ (Vision)

ទស្សនវិស័យ គឺជាអ្វីគ្រប់យ៉ាងសម្រាប់អ្នកដឹកនាំម្នាក់។ វាជាអ្វីមួយដែលមិនអាចខ្វះបានសោះឡើយ។ ហេតុអ្វី? ពីព្រោះទស្សនវិស័យនឹងនាំមុខអ្នកដឹកនាំ។ វាបង្ហាញអំពីទិសដៅ។ វាបញ្ឆេះថាមពលនៅក្នុងខ្លួន ហើយជម្រុញឱ្យអ្នកដឹកនាំ ធ្វើដំណើរទៅមុខ។ វាក៏ជាពន្លឺផងដែរ ដែលជួយបំភ្លឺផ្លូវដល់អ្នកដើរតាមអ្នកដឹកនាំនោះ។ 

សូមបង្ហាញប្រាប់ខ្ញុំអំពីអ្នកដឹកនាំណាម្នាក់ដែលគ្មានទស្សនវិស័យ ខ្ញុំនឹងប្រាប់អ្នកអំពីអ្នកដឹកនាំដែលមិនអាចទៅណាឆ្ងាយឡើយ។ អ្នកដឹកនាំនោះអាចដើរក្នុងរង្វង់តូចមួយ ហើយមិនទៅណាឆ្ងាយពីរង្វង់នោះទេ។

បើសិនជាអ្នកសម្លឹងចូលមើលក្នុងបេះដូងនិងស្មារតីរបស់អ្នកអំពីទស្សនវិស័យណាមួយ តើអ្នកមើលឃើញអ្វី?​ 

ដើម្បីធ្វើឱ្យទស្សនវិស័យរបស់អ្នករីកលូតលាស់ ចូរប្រតិបត្តិដូចតទៅ ៖ 

ចូរវាស់វែខ្លួនអ្នក (Meausre Youself)៖ និយាយទៅកាន់ដៃគូជីវិតរបស់អ្នក មិត្ដជិតស្និទ្ធ ឬសហការីដែលទុកចិត្តបំផុត រួចហើយសួរគេថា តើគេគិតអំពីទស្សនវិស័យរបស់អ្នកយ៉ាងណាដែរ។ ប្រសិនបើគេអាចបង្ហាញច្បាស់អំពីទស្សនវិស័យរបស់អ្នក នោះអ្នកកំពុងរស់នៅជាមួយទស្សនវិស័យដ៏ច្បាស់ និងមុតមាំហើយ។ 

ចូរសរសេរវាចេញមក (Write it Down)៖ ប្រសិនបើអ្នកធ្លាប់គិតអំពីទស្សនវិស័យរបស់អ្នក ប៉ុន្ដែមិនធ្លាប់បានសរសេរកត់ត្រាទុក ចូរចំណាយពេលធ្វើរឿងនេះ។ ពេលអ្នកកត់ត្រាទុកហើយ សូមវាយតម្លៃមើល តើវាមានអត្ថន័យ និងតម្លៃសម្រាប់ជីវិតអ្នកដែរទេ។ រួចហើយ ចូរខំប្រឹងធ្វើដំណើរទៅរកវា ជាមួយនឹងអ្វីៗគ្រប់យ៉ាងដែលអ្នកមាន និងអាចធ្វើបាន។ 

ចូរធ្វើការពិនិត្យឲ្យអស់ពីចិត្ត (Do a Gut Check)៖ ប្រសិនបើអ្នកមិនដែលបានធ្វើការងារច្រើនអំពីការបង្កើតទស្សនវិស័យ ចូរចំណាយពេល ២ ឬ ៣​សប្ដាហ៍ ឬខែ ដោយរិះគិតពិចារណាអំពីរឿងនេះ។ សូមពិនិត្យមើល តើអ្វីខ្លះមានផលប៉ះពាល់លើអ្នកដល់កម្រិតបេះដូង? តើអ្វីអាចធ្វើឱ្យអ្នកស្រក់ទឹកភ្នែក? តើអ្វីដែលជម្រុញឲ្យអ្នកឱ្យមានក្ដីស្រមៃ? តើអ្វីដែលអ្នកចង់ឃើញមានការផ្លាស់ប្ដូរក្នុងពិភពលោកដែលអ្នករស់នៅ? អ្វីដែលមិនទាន់កើតឡើង តែអាចទៅរួច? 

សេចក្ដីសន្និដ្ឋាន និងដំបូន្មាន

ចូរខំប្រឹងលូតលាស់បន្ដជាអ្នកដឹកនាំម្នាក់។ ចូរខំប្រឹងយកចិត្ដទុកដាក់រៀបចំកម្មវិធីឱ្យបានទៀងទាត់ ដោយអ្នកត្រូវចំណាយពេលអានសៀវភៅ ស្ដាប់សារសំឡេងសម្រាប់សិក្សារៀនសូត្រ ចូលរួមសិក្ខាសាលា​ដែលអាចជម្រុញអ្នកឱ្យលូតលាស់ជាងមុន។ ស្វែងរកអ្នកដឹកនាំណាដែលអាចជួយផ្ដល់ប្រឹក្សាដល់អ្នក។ ផ្លូវតែមួយគត់ដែលធ្វើឱ្យអ្នក ក្លាយជាអ្នកដឹកនាំដែលគេចង់ដើរតាម គឺការបន្ដលូតលាស់ និងរៀនសូត្រអំពីភាពជាអ្នកដឹកនាំ។

ប្រភព៖ John C. Maxwell: “The 21 indispensable qualities of a leader”


អត្ថបទទាក់ទង

៤ចំណុចសំខាន់ៗ ពីលោក John C. Maxwell សម្រាប់អភិវឌ្ឍន៏ខ្លួនអ្នក

Leave a Reply

Your email address will not be published. Required fields are marked *