ដំណើរការទាំង ៩ ជំហាន ដើម្បីធ្វើប្រតិភូកម្មការងារប្រកបដោយប្រសិទ្ធភាព

ប្រតិភូកម្ម (ការផ្ទេរ) គឺជាសកម្មភាពដែលតែងតែកើតឡើងជាញឹកញាប់នៅក្នុងអង្គភាព ដែលជាទូទៅត្រូវបានធ្វើឡើង ពីថ្នាក់លើទៅថ្នាក់ក្រោម មានន័យថា ធ្វើការផ្ទេរពីថ្នាក់លើ មកថ្នាក់ក្រោម។

ប្រតិភូកម្មមុខងារ (Delegation of Function) គឺជាការផ្ទេរនូវមុខងារ ការទទួលខុសត្រូវ អំណាច និងឆន្ទានុសិទ្ធិ ដើម្បីគ្រប់គ្រង និងអនុវត្តមុខងារក្នុងនាមអាជ្ញាធរដែលធ្វើប្រតិភូកម្មដោយផ្អែកតាមតម្រូវការនៃការធ្វើប្រតិភូកម្មនោះ។ អាជ្ញាធរដែលបានធ្វើប្រតិភូកម្ម នៅតែរក្សាភាពជាម្ចាស់លើកិច្ចការដែលបានធ្វើប្រតិភូកម្ម។

ការធ្វើប្រតិភូកម្មការងារ (Task Delegation) គឺជាដំណើរការនៃការប្រគល់ជូននូវការទទួលខុសត្រូវ ឬសិទ្ធិអំណាចការងារ​ទៅ​​ឲ្យបុគ្គល ឬក្រុមណាមួយ ដើម្បីអនុវត្តន៍ការងារ ឬធ្វើការសម្រេចចិត្តការងារ ក្នុងពេលវេលាកំណត់ជាក់លាក់មួយ។ ដើម្បីធ្វើឲ្យការផ្ទេរការងារ ឬអំណាចនេះមានប្រសិទ្ធភាព អ្នកគួរតែពិចារណាទៅលើវិធីសាស្រ្ត ឬដំណើរការទាំង៩ ជំហានដូចខាងក្រោម៖

១. កំណត់ការងារដែលត្រូវផ្ទេរ

មិនមែនគ្រប់ការងារទាំងអស់សុទ្ធតែត្រូវការផ្ទេរឲ្យថ្នាក់ក្រោមនោះទេ គឺយើងត្រូវជ្រើសរើសយកការងារណាខ្លះដែលគួរផ្ទេរឲ្យអ្នកដទៃ ហើយការងារណាខ្លះដែលគួរតែធ្វើខ្លួនឯង។

២. ជ្រើសរើសបុគ្គល ឬក្រុមដែលត្រូវទទួល

មិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលការងារពីអ្នកបានឡើយ។ ដូចនេះ អ្នកត្រូវតែស្វែងរក និងកំណត់ឲ្យបានច្បាស់ថា បុគ្គលណា ឬក្រុមណាដែលអាចទទួលខុសត្រូវការងារ និងធ្វើវាបានសម្រេចលទ្ធផលល្អ។ ត្រង់ចំនុចនេះ អ្នកត្រូវតែស្គាល់ឲ្យបានច្បាស់ពីការងារ និងមនុស្សដែលត្រូវទទួល ពោលគឺទំហំ ឬប្រភេទការងារ ជាមួយសមត្ថភាព ឬឆនៈរបស់មនុស្ស។

៣. វាយតម្លៃសមត្ថភាព និងបណ្តុះបណ្តាលបន្ថែម

ក្នុងករណីចាំបាច់អ្នកត្រូវតែវាយតម្លៃសមត្ថភាព​​ពួកគេបន្ថែម តើគេយល់ និងមានសមត្ថភាពធ្វើការងារនោះបានកម្រិតណា។ លើសពីនោះ បើត្រូវធ្វើការបណ្តុះបណ្តាល ឬណែនាំបន្ថែម សូមផ្តល់ឲ្យពួកគេ។​

៤. ប្រាប់ពីមូលហេតុដែលយើងផ្ទេរឲ្យគេ

កុំទាន់ឲ្យគេឆ្ងល់ ឬសួរអ្នកថា “ហេតុអ្វីបានជាអ្នកផ្ទេរការងារនោះឲ្យគេ?” អ្នកត្រូវតែប្រាប់គេមុន ដើម្បីបង្ហាញពីតម្លាភាព និងសុឆន្ទៈពិតប្រាកដរបស់អ្នក។ មូលហេតុមានច្រើន ដែលអ្នកត្រូវប្រាប់ទៅពួកគេ ដូចជា អ្នកត្រូវរវល់ អ្នកមានការងារច្រើនក្នុងពេលតែមួយ ឬពិសេសចង់ឲ្យគេចេះការងារនោះ ជាដើម។

៥. បង្ហាញពីលទ្ធផលដែលអ្នកចង់បាន

ដោយសារគេមិនមែនជារូបអ្នក ហើយដោយសារការងារនោះអាចមិនមែនជាការងាររបស់ពួកគេ ដូចនេះអ្នកចាំបាច់ត្រូវប្រាប់ពីលទ្ធផលដែលអ្នកចង់បាន។ ពេលគេដឹងច្បាស់ថាលទ្ធផលកម្រិតណាដែលអ្នកចង់បានហើយ គេនឹងខិតខំប្រឹងប្រែង និងធ្វើឲ្យសម្រេចតាមកម្រិតនោះដែរ ជាជាងទុកឲ្យគេធ្វើដោយមិនបានប្រាប់។

៦.​ លៃលកធនធានដែលត្រូវការ

ត្រូវដឹងថា សម្រាប់កិច្ចការដែលយើងត្រូវផ្ទេរឲ្យគេនោះ ត្រូវការធនធានផ្សេងៗ ដើម្បីធ្វើឲ្យសម្រេចដែរឬទេ ដូចជាថវិកា ជាដើម។

៧. កំណត់ពេលវេលាដែលត្រូវបញ្ចប់ការងារ

បើមិនបានកំណត់ពេលវេលាដើម្បីសម្រេចការងារនេះ នោះគឺជាកំហុសឆ្គងដ៏ធំបំផុត សម្រាប់ការធ្វើប្រតិភូកម្មការងារ។ ទាំងអ្នកផ្ទេរឲ្យ និងអ្នកទទួល ចាំបាច់ត្រូវតែយល់ព្រមជាមួយគ្នា នូវកាលបរិច្ឆេទច្បាស់លាស់ តើថ្ងៃណា ឬម៉ោងណាដែលអ្នកចង់បានលទ្ធផល ឬថ្ងៃណាម៉ោងណាដែលអ្នកអាចធ្វើការងារនោះបានសម្រេច។

៨. ការទំនាក់ទំនង និងគាំទ្រ

ដរាបណាការងារមិនទាន់បានសម្រេច ដរាបនោះអ្នកមិនអាចនៅស្ងៀម ដោយទុកឲ្យពួកគេធ្វើការងារនោះតែម្នាក់ឯង ឬឯកឯងនោះទេ។ ត្រូវឧស្សាហ៍សួរទៅកាន់អ្នកដែលទទួលការងារនោះថា តើការងារនោះដល់ណាហើយ? ត្រូវការជំនួយទេ? មានអីឲ្យខ្ញុំជួយទេ? ទោះបីគេមិនសួរអ្នក ក៏អ្នកត្រូវតែសួរគេដែរ។ ត្រូវបារម្ភពីការងារនោះ ពីព្រោះការងារនោះជាការទទួលខុសត្រូវរបស់អ្នកដែរ។ ចូរចងចាំថា “ផ្ទេរ មិនមែនបោះចោលនោះទេ!”។​

៩. លទ្ធផល

ដល់ពេលកំណត់ អ្នកត្រូវតែសួររកលទ្ធផលការងារនោះ ឬទទួលយកការងារនោះមកវិញ។ ត្រូវវាយតម្លៃលើលទ្ធផលដែលពួកគេបានធ្វើ ហើយត្រូវចេះអរគុណ កោតសរសើរ និងផ្តល់យោបល់បន្ថែមក្នុងករណីគេមានចំនុចខ្វះខាត។


អត្ថបទទាក់ទង

តើការពិគ្រោះយោបល់ផ្នែកគ្រប់គ្រង (Management Consulting) គឺជាអ្វី?

Leave a Reply

Your email address will not be published. Required fields are marked *