វិធីសាស្រ្តចំនួន ៨ ដែលអ្នកអាចធ្វើការសាកល្បងមនុស្សម្នាក់ទៅលើអត្តចរិត និងភាពស្មោះត្រង់របស់គាត់

ការសាកល្បង គឺពិតជាសំខាន់ ព្រោះយើងបើគ្មានការសាកល្បង វាអាចផ្ដល់ផលអាក្រក់ណាស់សម្រាប់យើងនៅថ្ងៃខាងមុខ។ ការសាកល្បង ជួយឲ្យយើងដឹងថាតើមនុស្សណាស្មោះត្រង់ ឬមនុស្សណាអាចទទួលខុសត្រូវលើកិច្ចការដែលយើងដាក់ឲ្យធ្វើដែរឬទេ?​ ការសាកល្បង ជួយយើងឲ្យស្គាល់ពីការពិត និងការកុហកទាំងឡាយក្នុងមនុស្ស។

កាលណាយើងនិយាយការសាកល្បង គឺមានច្រើនចំណុច។ យើងសាកល្បងទៅលើ៖

  • ភាពស្មោះត្រង់
  • អត្តចរិត
  • ភាពជាអ្នកដឹកនាំ
  • ភាពឆ្លាតវៃ និងប្រាជ្ញារបស់មនុស្សដើម្បីដោះស្រាយបញ្ហា
  • ទំនាក់ទំនងក្នុងគ្រួសារ និងការងារ
  • សុខភាពផ្លូវកាយ

ទោះបីជាមានច្រើនយ៉ាងណាក៏ដោយ អ្វីដែលយើងត្រូវផ្ដោតជាងគេ គឺការសាកល្បងលើអត្តចរិត និងភាពស្មោះត្រង់ ព្រោះវាមានភាពសំខាន់បំផុត។ មូលហេតុដែលវាសំខាន់បំផុត ព្រោះវាប៉ះពាល់គ្រប់ផ្នែកនៃជីវិតរបស់មនុស្ស។ ខាងក្រោមនេះជារបៀបដែលយើងធ្វើការសាកល្បងមនុស្សម្នាក់ទៅលើអត្តចរិត និងភាពស្មោះត្រង់របស់គាត់៖

១. ប្រើប្រាស់កត្តាលុយ

លុយជាឧបករណ៍ដើម្បីសាកល្បងថាតើមនុស្សម្នាក់ស្មោះត្រង់ឬទេ? មានអំណួតឬទេ? លោភលន់ឬទេ? មានចិត្តមេត្តាករុណាឬទេ? ជាធម្មតាយើងប្រើប្រាស់លុយជាឧបករណ៍មួយដើម្បីតេស្តភាពស្មោះត្រង់របស់មនុស្ស មុនពេលឲ្យមនុស្សនោះចូលកាន់តំណែងសំខាន់ណាមួយ។ យើងចាំមើលថាតើមនុស្សម្នាក់លោភលន់ចង់បានតែលុយ ឬចង់ធ្វើអ្វីដែលមានតម្លៃក្នុងជីវិត? ចងចាំថា មនុស្សដែលចង់ធ្វើអ្វីដែលសំខាន់ ហើយមានតម្លៃមួយជីវិតមិនគិតតែពីលុយនោះទេ គឺគេមានគុណតម្លៃស្នូលក្នុងជីវិតរបស់ខ្លួន។

២. ប្រើប្រាស់កិច្ចការ

របៀបមួយទៀត គឺយើងដាក់កិច្ចការឲ្យគាត់ធ្វើ ហើយយើងចាំមើលថាតើគាត់ស្មោះត្រង់នឹងកិច្ចការនោះឬទេ? តើគាត់មានទំនួលខុសត្រូវល្អដែរឬទេ? សូមចងចាំថា គុណភាពនៃកិច្ចការ គឺអាស្រ័យលើលទ្ធផលនៃកិច្ចការដែលគាត់បានធ្វើ។

៣. ប្រើប្រាស់បញ្ហា

យើងប្រើប្រាស់បញ្ហា (ពេលខ្លះយើងបង្កើតបញ្ហា) ដើម្បីតេស្តសាកល្បងមនុស្សម្នាក់ថាតើគាត់ឆ្លើយតបយ៉ាងណានៅពេលបញ្ហាកើតឡើង តើគាត់ស្មោះត្រង់ឬទេ? តើគាត់អត់ធ្មត់ឬទេ?​ តើគាត់មានលេសច្រើនឬទេ? តើគាត់មានភាពរអ៊ូរទាំច្រើនឬទេ? បើគ្មានបញ្ហាទេ យើងក៏មិនដឹងថាតើនរណាជាមនុស្សដែលស៊ូទ្រាំខ្លាំងដែរ ដូចជាមាសសុទ្ធ បើមិនដាក់វាទៅក្នុងភ្លើង យើងប្រាកដជាមិនដឹងច្បាស់ ១០០% នោះទេ ថាវាជាមាសសុទ្ធនោះ។​ បញ្ហាជាឧបករណ៍ដើម្បីជួយមនុស្សឲ្យរីកចម្រើន ហើយក៏ជាឧបរណ៍ដើម្បីចម្រាញ់មនុស្សដែរ។​

៤. ប្រើប្រាស់រង្វាន់

តើមនុស្សនឹងប្រតិកម្មយ៉ាងណានៅពេលគេទទួលបានរង្វាន់? តើគេស្កប់ចិត្ត ហើយលែងរីកចម្រើន? តើគេមានអំណួត ហើយមើលងាយទៅកាន់អ្នកចាញ់? ហើយតើគេមានអត្តចរិតយ៉ាងម៉េចសម្រាប់មនុស្សដែលចាញ់ ឬមនុស្សដែលមិនទទួលបានរង្វាន់?

៥. ប្រើប្រាស់កត្តាអវត្តមាន

អវត្តមាន គឺកើតឡើងនៅពេលគ្មានយើងនៅជាមួយ។ យើងប្រើប្រាស់កត្តាអវត្តមានរបស់យើង ដើម្បីដឹងថាមនុស្សម្នាក់ពិតជាស្មោះត្រង់នឹងយើងឬទេ? ហើយថាតើគេធ្វើអ្វីខ្លះពេលគ្មានយើង? តើគេមានអត្តចរិតដូចពីមុនឬទេ? តើនឹងមានអ្វីផ្លាស់ប្ដូរខ្លះពេលយើងមិននៅ?

៦. ប្រើប្រាស់ពាក្យសម្ដីដែលប្រកបដោយប្រាជ្ញា

ស្លាប់ ឬរស់ ព្រោះពាក្យសម្ដី ហើយយើងតែងតែទទួលផលនូវអ្វីដែលយើងនិយាយនោះ។ បើនិយាយដោយប្រើប្រាជ្ញា តើគាត់ហ្នឹងប្រតិកម្មយ៉ាងណា? យើងប្រើប្រាស់ពាក្យសម្ដីរបស់យើងដើម្បីដឹងថាតើមនុស្សម្នាក់ពូកែគិតឬទេ ឬមួយក៏គ្រាន់តែស្ដាប់ហើយយល់ព្រមដោយគ្មានមតិយោបល់? តើគាត់ត្រចៀកសរ ឆាប់ជឿយើងដោយគ្មានការពិចារណាឬទេ? តើគាត់និយាយពីក្រោយខ្នងឬទេ?

៧.​ ប្រើប្រាស់ពេលវេលា

យើងបង្កើតប្រព័ន្ធពេលវេលា ហើយអង្គេតមើលអំពីរបៀបដែលគាត់ប្រើប្រាស់ពេលវេលា។ តើគាត់ជាមនុស្សដែលចាំសិនឬទេ? តើគាត់ជាមនុស្សតម្អក់ ឬស្ពឹកស្រពន់និងកិច្ចការរបស់គាត់ឬទេ?

៨. ប្រើប្រាស់គុណតម្លៃស្នូល

មនុស្សគ្រប់គ្នាមានតម្លៃស្នូលរបស់ខ្លួន។ មនុស្សខ្លះយកគ្រួសារជាតម្លៃស្នូល រីឯអ្នកខ្លះទៀតយកការសិក្សាជាតម្លៃស្នូល។ នៅពេលដែលយើងឲ្យគាត់ធ្វើកិច្ចការណាមួយដែលប៉ះពាល់ដល់គុណតម្លៃស្នូលរបស់គាត់ តើគាត់ព្រមធ្វើដែរឬទេ។ មនុស្សខ្លះសុខចិត្តលះបង់គ្រួសារ ដើម្បីមាសប្រាក់ និងអំណាច។ អញ្ចឹងហើយបានជាយើងត្រូវប្រុងប្រយ័ត្ន។ កុំជ្រើសរើសមនុស្សណាដែលសុខចិត្តជ្រើសរើសធ្វើកិច្ចការរបស់យើង ហើយបំបាត់គុណតម្លៃស្នូលរបស់ខ្លួន។​


អត្ថបទទាក់ទង

យុទ្ឋសាស្រ្តចំនួន ៣ ដើម្បីជួយមនុស្សម្នាក់ឲ្យរីកចម្រើន

Leave a Reply

Your email address will not be published. Required fields are marked *