គតិ​សំខាន់ៗ​ចំនួន ២១ ​ពី​សៀវភៅ​សហគ្រិន​ចំណាន ឬ គ្រប់មាគ៌ា​សុទ្ធ​តែ​ក្រាល​មាស​ ដោយលោក គឹម វូឈុង​

លោក ​គឹម វូឈុង​ ជា​ប្រធាន​ស្ថាបនិក​នៃ​បណ្តុំ​សហគ្រាស ឌេវ៊ូ DAEWOO លោកបាន​និពន្ឋសៀវភៅនេះ​ឡើង​ក្នុង​គោល​បំណង​ចែក​រំលែក​បទ​ពិសោធន៍​របស់​លោក​ ដល់​យុវជន​កូរ៉េ និង​យុវជនទាំងឡាយនៅ​ក្នុង​ពិភពលោក​ទាំង​មូល។

“សហគ្រិន​ចំណាន ឬ ​គ្រប់​មាគ៌ា​សុទ្ឋ​តែ​ក្រាល​មាស” ជាសៀវភៅមួយដ៏មានខ្លឹមសារដែល ​បង្ហាញ​អំពី​គំនិតត្រិះរិះ​ពិចារណា ការវិភាគព្រឹត្តិការណ៍​បច្ចុប្បន្នមួយចំនួន​ដែល​មាន​ជាអាទិ៍ ​ឧក្រិដ្ឋកម្ម អត្ថប្រយោជន៍​នៃ​ការសិក្សា ​ការងារ និង​មុខនាទី​របស់​ស្រី្ត​នៅក្នុង​សង្គមជាតិ…។ល។ ម៉្យាងទៀត សៀវភៅ​នេះ​ក៏​បង្ហាញ​ផង​ដែរ​អំពី​របៀបរៀបចំ ​និងការ​គ្រប់គ្រងមួយដែលមាន​លក្ខណៈថ្មី​សុទ្ធសាធដែលមាន​ប្រសិទ្ឋភាព។

ប្រាកដ​ណាស់​ថា សៀវភៅ​នេះ​សម្រាប់​យុវជន​កូរ៉េមុនគេ ប៉ុន្តែ​លោក​ គឹម វូឈុង​ យល់​ថា  ទោះជានៅ​ក្នុង​ប្រទេសនីមួយៗមានកំពស់​វឌ្ឍនធម៌​ខុសប្លែក​គ្នា​ក្តី ក៏​យុវជន​តែងតែត្រូវការ​ដំបូន្មាន​ និង​អ្នក​ជួយ​ណែនាំត្រួសត្រាយបង្ហាញផ្លូវ​ដែរ។ ពួកគេ​ត្រូវការ​ភាពស្វាហាប់ និង​ថាមពល​ដើម្បី​ប្រឈម​មុខ​តទល់​នឹង​ស្ថានភាព​សម្ងាត់នៃ​ការស្វែង​រក​ជើង​មេឃ​ថ្មី។ យុវជនក៏​ត្រូវការបន្ថែម​នូវ​សេចក្តី​សង្ឃឹម និង​គោលដៅ​សម្រាប់​អនាគត។ សំខាន់​ជាង​នេះ​ទៅទៀត យុវជន​មាន​បំណង​​ពង្រីក​ទស្សនៈ​ដ៏​មាន​​ប្រយោជន៍​ ក្នុង​ករណី​ទទួល​ខុស​ត្រូវ​ដើម្បី​ធ្វើ​ឱ្យ​មាន​អនាគត និងធ្វើ​ឲ្យ​ពិភពលោក​ល្អ​ប្រសើរ។ គ្មាន​អ្វី​ដែល​ធ្វើ​ពុំ​បាន​នោះ​ទេ បើគេមានការ​ទុក​ចិត្ត ការតាំង​ចិត្តមុតមាំ និងការ​ជឿជាក់។ កាលណា​អ្នក​មាន​ការទុក​ចិត្ត និង​មាន​គំនិត​ប្រាកដ​និយម​នោះ គ្មាន​​ឧបសគ្គ​អ្វីរារាំង​ឡើយ។ មាន​ឱកាស​ច្រើន​ណាស់​ដែល​សំងំ​រង់ចាំឱ្យ​អ្នកស្វែង​រក។ យ៉ាងណាមិញ ជីវិត​បើក​ទា្វរឱ្យ៖

  • ជន​ណា​ដែល​មាន​គំនិត​ប្រាកដ​និយម
  • ជន​ណា​ដែល​មាន​ការ​ទុក​ចិត្ត និង​ជំនឿ
  • ជន​ណា​ដែល​ចេះ​ជំនះ​ឆាក​ជីវិត​យ៉ាង​ស្វាហាប់។

ខាងក្រោមនេះ គឺជាគតិ​សំខាន់ៗ​ចំនួន ២១ ​ពី​សៀវភៅ​សហគ្រិន​ចំណាន ឬ គ្រប់មាគ៌ា​សុទ្ធ​តែ​ក្រាល​មាស​ ដោយលោក គឹម វូឈុង​៖

១. ជីវិត​មាន​តម្លៃ​ណាស់​ជា​ហេតុ​មិន​គួរ​​យក​ទៅ​ប្រើ​ខ្ជះ​ខ្ជាយ អ្នក​មិន​ត្រូវ​នៅ​ស្ងៀម​គ្មាន​សកម្មភាព​ឡើយ។

២. ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​ គេ​ត្រូវ​ដើរតាម​មាគ៌ា​ដែល​ពោរ​ពេញ​ដោយ​បន្លា។

៣. ការ​ទាក់​ទង​ល្អ​ជាមួយ​នឹង​ជន​មាន​គុណសម្បត្តិ​ពិសេស​ គឺ​ជាមូល​ធន​មួយ​យ៉ាង​សំខាន់។

៤. កូន​សោរ​សម្រាប់​ឲ្យ​មាន​ការ​ទាក់​ទង​ល្អ គឺ​ការទុក​ចិត្ត​គ្នា​ទៅវិញ​ទៅ​មក ហើយ​ការ​ទុក​ចិត្ត​គ្នា​ត្រូវការ​ពេលវេលា និង​សេចក្តី​អំណត់​ច្រើន។

៥. អ្នក​ត្រូវ​ឃ្លាំមើល​ជានិច្ច​ ការ​ជឿន​លឿន​របស់​អ្នក​ ហើយ​អ្នក​ត្រូវ​ហ្វឹក​ហ្វឺន​ដើម្បី​ឲ្យ​អ្នក​រឹត​តែ​ឈ្លាស​វៃ​ រឹត​តែ​ប្រសើរ​លើសគេ។

៦. សង្គម​មនុស្ស​ជា​សៀវភៅ​មួយ​ក្បាល​ដែល​មាន​តម្លៃ​បំផុត​ ហើយ​ដែល​អាច​បង្ហាញ​មេរៀន​យ៉ាង​ច្រើន​អំពី​មនុស្ស​លោក ជាង​សៀវភៅ​ទាំង​ប៉ុន្មាន​ដែល​បាន​បោះពុម្ព​ផ្សាយ​រួច​ទៅ​ហើយ (ស័រឌី ហ្វីលីព)។

៧. មុន​អ្វី​ៗ​ទាំង​អស់​ គ្រប់​ពេលវេលា​ដែល​អ្នក​មាន​ឱកាស​ អ្នក​ត្រូវ​ធ្វើ​ដំណើរ​។ ការ​ធ្វើ​ដំណើរ​ ជា​ការ​បើក​ទ្វារ​ជើង​មេឃ​ថ្មី។

៨. កាល​ណា​អ្នក​ក្រឡេក​មើល​ជុំ​វិញ​ខ្លួន​អ្នក​ អ្នក​នឹង​ប្រទះ​ឃើញ​ថា​ វត្ថុ​ងាយ​ស្រួល​អាច​ប្រាប់​បង្ហាញ​ចំណេះ​ដឹង​យ៉ាង​ច្រើន​ ហើយ​ទី​កន្លែង​ណា​ក៏​សុទ្ធ​សឹង​ជា​សាលារៀន​នៃ​ឆាក​ជីវិត។

៩. ការ​ដែល​មាន​មិត្ត​ភក្តិ​ច្រើន​ ទុក​ដូច​ជា​យើង​រៀបចំ​មូល​ធន​ធំ​មួយ។

១០. អ្នក​ត្រូវ​មាន​សៀវភៅ​មួយ​ជាប់​ខ្លួន​ជា​និច្ច​ ព្រោះ​សៀវភៅ​អាច​ផ្តល់​បទ​ពិសោធន៍​​ ដែល​អ្នក​ពុំ​អាច​ធ្វើ​ខ្លួន​ឯង​ផ្ទាល់។

១១. យើង​សំចៃ​ពេល​វេលា​ តែ​យើង​មិន​សន្សំ​ញើស​និង​ការ​ប្រឹង​ខ្នះ​ខ្នែង​របស់​យើង​ទេ។

១២. ទោះបី​អ្នក​មាន​សកម្មភាព​ក្នុង​វិស័យ​ណា​ក៏​ដោយ អ្នក​មិន​ត្រូវ​ពេញ​ចិត្ត​នឹង​ភាព​អន់​គម្រកឡើយ។

១៣. យុវភាព​ជា​ឱកាស​មួយ​នៃ​ឆាក​ជីវិត​ដែល​អ្នក​ត្រូវបូជា​ថាម​ពល​និង​ ពេលវេលារបស់​អ្នក​ ដើម្បី​ពង្រីក​ឥទ្ធិពល​ និង​បែប​បទ​សញ្ជឹង​រិះ​គិត​ឲ្យ​រីក​ធំ​ឡើង។

១៤. អ្នក​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ជ្រួត​ជ្រាប​ដោយសកម្មភាព​ដែល​អ្នក​ធ្វើ។

១៥. គ្មាន​អ្វី​ដែល​លំបាក​ធ្វើ​មិនកើត​នោះ​ទេ គឺ​មក​ពី​ខ្វះ​ភាព​ស្វិត​ស្វាញ​ក្នុង​កិច្ច​ការ​តែ​ប៉ុណ្ណោះ​ ដែល​ធ្វើ​ឲ្យ​អ្នក​យល់​ខុស​ដូច្នេះ។

១៦. នៅ​គ្រប់​ទីកន្លែង​មាន​ឱកាស​ជា​ច្រើន​បាន​លាក់​ខ្លួន​បំពួន​អាត្មា​ ហើយ​រង់​ចាំ​ឲ្យ​អ្នក​រក​ឃើញ​ប៉ុណ្ណោះ។

១៧. ទិស​ដៅ​និង​គុណភាព​នៃ​ជីវិត​របស់​អ្នក​ បាន​ទទួល​ឥទ្ធិពល​ជា​ខ្លាំង​ពី​សំណាក់​ជន​ដែល​អ្នក​ទាក់​ទង​ជា​រៀង​រាល់​ថ្ងៃ។

១៨. បេសកកម្ម​របស់​យុវជន ​គឺ​រៀបចំ​អនាគត​ពិភព​លោក។

១៩. ពេល​ដែល​អ្នក​ឯទៀត​ចាប់​ផ្តើម​រាប់​ចំនួន​ឧបសគ្គ ខ្ញុំ​ចាប់​ផ្តើម​រាប់​ចំនួន​មធ្យោបាយ​ដែល​ធ្វើ​កើត។

២០. ជន​ដែល​មាន​ប្រាជ្ញា​ឈ្លាស​វៃ គេ​ចាប់​ផ្តើម​សម្រេច​ជ្រើស​រើស​គោល​ដៅ​ជីវិត​ជាមុន ទើប​ជ្រើស​រើស​ការងារ​តម្រូវ​តាម​ការ​សម្រេច​ចិត្ត។

២១. ទោះបី​ខ្ញុំ​ធ្វើ​អ្វី​ក៏​ដោយ​ ខ្ញុំ​តែង​ធ្វើ​យ៉ាង​ហ្មត់​ចត់​ នេះ​ជា​កូនសោ​នៃ​ជោគ​ជ័យ។

លោក ​គឹម វូឈុង​ មាន​ដើម​កំណើត​ក្រីក្រ​គ្មាន​ទ្រព្យ​ធនមែន ប៉ុន្តែលោក​មាន​ការស្រម៉ៃ មាន​គំនិតត្រិះរិះពិចារណា​ ​និងការតាំងចិត្តដ៏​​មោះមុត​ និងមានជំនឿ​ជឿជាក់ គួបផ្សំជាមួយ​គំនិត​សុទិដ្ឋនិយម ទើបលោក​​ក្លាយ​ទៅ​ជា​សហគ្រិន​ចំណាន​មួយ​រូបនៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។ សៀវភៅ​របស់​លោក ​​គឹម វូឈុង​ ជា​មេរៀន​ជីវិត​ដ៏​ល្អ​ពិតៗ​ដែល​លោក​គឹម ខូវនី អតីត​សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​ពាណិជ្ជសាស្ត្រ នៅ​ទីក្រុង​ភ្នំពេញ​​​ប្រែសម្រួល​ជា​ភាសា​ខ្មែរ បន្ទាប់​ពី​សៀវ​ភៅដ៏មានខ្លឹមសារ​នេះ​បានបក​ប្រែ​ជា​ច្រើនភាសារួចទៅហើយនៅក្នុងពិភពលោក។

ឯកសារយោង៖

១. ប៉ិច សង្វាវ៉ាន (២០១០) អត្ថបទចុះផ្សាយនៅ វិទ្យុ​បារាំង​អន្តរជាតិ​ ថ្ងៃទី១៧ មករា ២០១០ 

២. សៀវភៅ គឹម​ វុឈុង សហគ្រិន​ចំណាន  គ្រប់មាគ៌ា​សុទ្ធ​តែ​ក្រាល​មាស​


អត្ថបទទាក់ទង

សម្តីចំនួន៩ឃ្លា ពីលោក អ៊ីឡុន​ ម៉ាសក៍ (Elon Musk) ដែលអ្នកគួររៀនសូត្រ

Leave a Reply

Your email address will not be published. Required fields are marked *