មធ្យោបាយសំខាន់ៗចំនួន ៥ ក្នុងការយកចិត្តមនុស្ស
និយាយពីរឿងសិល្បៈលួងលោម អ្នកយល់ថា ប្រហែលជាមានរឿងចម្លែកអ្វី ដូចជាមានបញ្ហាមន្តអាគមគាថាអ្វីអាថ៌កំបាំងច្រើន មិនងាយទៅលួងលោមគេបាន ពីព្រោះមនុស្សយើងចេះដឹងមានការរៀនសូត្រច្រើន មិនងាយទៅលួងលោមគេបានដោយងាយទេ… ។ល។ ការយល់បែបនេះវាសមរម្យហើយ ហើយរឹតតែសមរម្យទៅទៀត ចំពោះមនុស្សល្ងង់ គេមិនអាចទៅលួងលោមបានដោយងាយដែរ។ ប៉ុន្តែ ដែលហៅថាសិល្បៈលួងលោមនោះ គឺជាវិធីផ្គាប់ផ្គន់មនុស្សទៅតាមកាលៈទេសៈ។ សិល្បៈលួងលោម គឺជាវិធីលួងលោម ពោលគឺជាមធ្យោបាយធ្វើឱ្យមនុស្សត្រូវចិត្ត អនុលោមទៅតាមមនុស្សចេះ មនុស្សល្ងង់ ក្មេង ឬចាស់ ជាតិសាសន៍នេះ ជាតិសាសន៍នោះ ។ល។
កុំចាំបាច់ទៅនិយាយអ្វីឱ្យវែងឆ្ងាយ គ្រាន់តែឱ្យរបស់អ្វីទៅមនុស្សម្នាក់ក៏មានសិល្បៈដែរ …. ត្រូវឱ្យរបស់ណាដែលគេចូលចិត្ត… ឱ្យត្រូវស្របតាមពេលវេលា… ឱ្យតិច ឬច្រើន… ត្រូវសួរអ្នកជិតខាងអំពីចំណុចខ្សោយ និងចំណូលចិត្តរបស់មនុស្សដែលយើងត្រូវឱ្យ… ។ល។
ខាងក្រោមនេះ គឺជាមធ្យោបាយចំនួន ៥ ក្នុងការយកចិត្តមនុស្ស៖
១. ដាច់ខាតកុំជជែកយកឈ្នះចាញ់
ការប្រកែកយកឈ្នះមិនអាចជួយអ្វីដល់អ្នកបានច្រើនទេ។ អ្នកជជែកឈ្នះគេតើគេព្រមកែគំនិតរបស់គេមកស្របនឹងអ្នកវិញទេ? ទេ! គេចាញ់ គេបាក់មុខ ទោះជាគំនិតរបស់អ្នកល្អក៏ដោយក៏គេនៅតែមិនទទួលយកគំនិតរបស់ អ្នកដែរ។ ចូររកវិធីផ្សេងដើម្បីអូសទាញគេឲ្យយល់តាមយើងជាជាងជជែកយកឈ្នះ។
២. កុំវែកញែកថាគេខុសឲ្យសោះ
តាមធម្មតាមនុស្សយើងចូលចិត្តផ្លាស់ប្តូរគំនិតខ្លួនចោលដោយគ្មាន ស្តាយស្រណោះ តែបើមាននរណាម្នាក់ថាគំនិតរបស់យើងខុស ក៏ស្រាប់តែប្រកាន់ខ្ជាប់មិនបោះបង់គំនិតចោលទៅវិញ។ សារជាតិរបស់មនុស្សទូទៅ គឺមានគំនិតអញនិយម អញជាធំ ចង់ឲ្យគេគោរព។ ប្រសិនបើយើងឃើញថាគំនិតរបស់បុគ្គលនោះខុស ហើយយើងចង់កែប្រែយើងគួររកវិធីនិយាយកុំឲ្យគេយល់ថាយើងថា គំនិតគេខុស។ ឧទាហរណ៍យើងអាចនិយាយថា ខ្ញុំមិនហ៊ានថាយោបល់លោក ខុសទេ! ហើយខ្ញុំក៏មិនហ៊ានថាយោបល់ខ្ញុំត្រូវដែរ… ពីព្រោះខ្ញុំធ្លាប់ភាន់ច្រឡំច្រើនលើកមកហើយ បើខ្ញុំយល់ខុសខ្ញុំនឹងកែប្រែជាក្រោយ ប៉ុន្តែក្នុងរឿងនេះយើងគួរពិចារណា… ។ អ្នកកវីឈ្មោះល្បី ម្នាក់និយាយថា៖ “បង្រៀនគេតែកុំឲ្យមានឫកពារជាអ្នកបង្រៀនគេ។ ពន្យល់រឿងថ្មីមួយ តែធ្វើឫកហាក់ដូចជាយើងរំលឹករឿងចាស់មួយដែលគេភ្លេច” ។
៣. វិធានរបស់សូក្រាត
កាលណាចង់ឲ្យគេជឿតាមអ្នក ជាបឋមអ្នកត្រូវលើកយកតែរឿងណាដែលគេមានទស្សនៈស្របគ្នានឹងអ្នក។ ម្យ៉ាងទៀតត្រូវខិតខំឆ្កឹះកកាយយកចំណុចណាដែលគេចូលចិត្តដូចគ្នា តែយើងត្រូវចេះនិយាយបង្វែរបន្តិចម្តងៗទៅរកវត្ថុបំណងដែលយើងចង់ បាន។ ត្រូវខិតខំនិយាយបែបណាឲ្យអ្នកស្តាប់ឆ្លើយថា៖ “ត្រូវហើយ” “ពិតមែន” ។
៤. ទុកឲ្យគេនិយាយឲ្យអស់ចិត្ត
អ្នកខ្លះព្រោះតែចង់ឲ្យគេស្របតាមយោបល់ខ្លួនក៏និយាយកាត់គេ ទទឹងទទែង ធ្វើឲ្យភាគីម្ខាងទៀតទៅជាខឹងសម្បា។ មនុស្សម្នាក់ដែលខឹង ទោះបីជាគំនិតយើងល្អយ៉ាងណាក៏ដោយក៏គេមិនទទួលស្គាល់ដែរ។ មនុស្សខឹងហាក់ដូចជាមានអ្វីម្យ៉ាងតឹងណែនក្នុងទ្រូង លុះបាននិយាយចេញអស់ក៏បានធូក្លាយជាធម្មតាវិញ ដូចពាក្យគេថា និយាយឲ្យធូពោះ។ យើងត្រូវទុកឲ្យគេនិយាយឲ្យអស់សាច់រឿង ទើបយើងអាចដឹងរឿងរ៉ាវពេញលេញ និងរកវិធីនិយាយឲ្យត្រូវចំនុចចិត្ត។
៥. បើមានកំហុសយើងត្រូវសារភាពភ្លាម
កាលណាមានកំហុស យើងត្រូវស្មោះត្រង់ក្លាហានទទួលសារភាពភ្លាមៗ នោះអ្នកដែលសៅហ្មងនឹងយើងក៏ស្រាកស្រាន្តចិត្តលែងសូវខឹង ឬលែងខឹងនឹងយើងទៅតាមនោះដែរ។ កាលណាគេលែងខឹង យើងងាយស្រួលនឹងនិយាយគ្នា។
សរុបមកវិញ សិល្បៈលួងលោម គឺជាមធ្យោបាយយកចិត្តមនុស្ស ធ្វើឲ្យគេត្រូវចិត្ត ធ្វើឲ្យគេចូលចិត្ត។ ដើម្បីនឹងយកចិត្តគេបាន យើងត្រូវយល់ពីចិត្តសាស្ត្រមនុស្ស។ អ្នកណាក៏ដូចអ្នកណាដែរ តែងចង់ឲ្យគេគោរព ចង់ឲ្យគេយល់ថាខ្លួនសំខាន់ តែងគិតថាគំនិតខ្លួនត្រឹមត្រូវ។
ដកស្រង់ចេញពីសៀវភៅ សិល្បៈលួងលោម ដោយ ហ៊ុន គឹមស៊ា ឆ្នាំ១៩៧៤
អត្ថបទទាក់ទង