គន្លឹះលើកទឹកចិត្តទាំង ១០ នឹងជួយឱ្យអ្នកសម្រេចក្តីសុបិន

ការលើកទឹកចិត្ត ជាកត្តាដ៏សំខាន់មួយដែលជួយឲ្យការដឹកនាំ និងការអនុវត្តការងារទទួលបានជោគជ័យ។ លើសពីនេះទៅទៀត ការលើកទឹកចិត្ត ក៏អាចជំរុញឲ្យមនុស្សមានឆន្ទៈបំពេញការងារប្រកបដោយការផ្ដួចផ្ដើម ការទទួលខុសត្រូវ និងការតស៊ូ ដើម្បីសម្រេចបាននូវលទ្ធផលតាមគោលដៅដែលបានគ្រោងទុក។

ដើម្បីសម្រេចក្តីសុបិន អ្នកត្រូវការភាពអត់ធ្មត់ ក្លាហាន និងរឹងមាំ អ្នកត្រូវខិតខំធ្វើការច្រើនឆ្នាំ ហើយក៏ត្រូវការអ្នកលើកទឹកចិត្តផងដែរ។ បើគ្មានការលើកទឹកចិត្ត អ្នកនឹងឆាប់ខឹង ឬអាចបាត់បង់អារម្មណ៍បំពេញក្តីសុបិនរបស់អ្នក។ យើងទាំងអស់គ្នាត្រូវការការលើកទឹកចិត្តដ៏ខ្លាំងក្លាដែលជំរុញយើងឆ្ពោះទៅមុខ សូម្បីតែនៅពេលដែលយើងមានអារម្មណ៍ចង់បោះបង់ក៏ដោយ។ គន្លឹះលើកទឹកចិត្តទាំង ១០ នឹងជួយឱ្យអ្នកសម្រេចក្តីសុបិនបាន។

១. ក្ដីសុបន្តិធំ

ប្រសិនបើក្ដីសុបន្តិរបស់អ្នកមិនធ្វើអោយអ្នកមានអារម្មណ៏ថាខ្លាចទេ វាមិនមែនជាក្ដីសុបន្តិធំទេ។

គន្លឹះលើកទឹកចិត្តដំបូងសម្រាប់អ្នករាល់គ្នាគឺក្ដីសុបន្តិធំ និងកំណត់គោលដៅខ្ពស់ ។ មនុស្សជោគជ័យបំផុតនៅលើពិភពលោកបានធ្វើអ្វីដែលមនុស្សជាច្រើនគិតថាមិនអាចធ្វើទៅបាន ។ មនុស្សភាគច្រើនបានគិតថាបងប្អូនប្រុសត្រកូល រ៉ាយត៍ (Wright) ឆ្កួត នៅពេលពួកគេនិយាយថា ពួកគេនឹងរកមធ្យោបាយសម្រាប់មនុស្សក្នុងការហោះហើរ។ មនុស្សជាច្រើននិយាយថារថយន្តនឹងមិនក្លាយជាការដឹកជញ្ជូនដ៏ល្អឡើយ។ បើអ្នកមានក្ដីសង្ឃឹមតិចតូច អ្នកនឹងទទួលបានលទ្ធផលមកវិញតិចតូច ដូចអ្នកនិយាយជំរុញទឹកចិត្ត ឡេស ប្រោន (Les Brown) បាននិយាយថា៖

វាប្រសើរក្នុងការមានគោលដៅខ្ពស់ហើយបរាជ័យ ល្អជាងមានគោលដៅទាបហើយបរាជ័យ។

ការបង្កើតក្តីសុបិន និងគោលដៅតូចៗ វានឹងរារាំងអ្នកមិនឱ្យធ្វើរឿងអស្ចារ្យ វានឹងធ្វើឱ្យអ្នកគិតថា អ្នកពិតជាកំពុងធ្វើអ្វីមួយសំខាន់នៅពេលដែលអ្នកមិនបានធ្វើ។

២. ចង់ដឹងចង់ឃើញ

ចូរក្រឡេកមើលផ្កាយ ព្យាយាមយល់ពីអ្វីដែលអ្នកបានឃើញ និងឆ្ងល់អំពីអ្វីដែលធ្វើអោយពិភពលោកនេះមាន។ – ស្ទេហ្វិន ហ៊កឃីង (Stephen Hawking)

លោក ស្ទេហ្វិន ហ៊កឃីង (Stephen Hawking) ជាអ្នកជំនាញខាងវិទ្យាសាស្ត្រដ៏អស្ចារ្យបំផុតនៃសម័យកាលរបស់យើង ដែលអាចស្រាយអាថ៌កំបាំងនៃសកលលោកបាន ពីព្រោះគាត់ចង់ដឹងចង់ឃើញ។ ការចង់ដឹងចង់ឃើញរបស់គាត់លើរូបវិទ្យា និងភាពឯកវចនៈ (Singularity) បាននាំឱ្យមានទ្រឹស្តីជាច្រើន និងពង្រីកការយល់ដឹងអំពីលំហពេលវេលា និងសកលលោក។

សូមចង់ដឹងចង់ឃើញជានិច្ច នៅពេលឆ្ពោះទៅរកគោលដៅរបស់អ្នក។ ត្រូវចង់ដឹងអំពីកម្មវិធី និងបច្ចេកវិទ្យាថ្មីៗដែលនឹងជួយឱ្យការងាររបស់អ្នកកាន់តែងាយស្រួល ហើយត្រូវចង់ដឹងអំពីជំនឿផ្ទាល់ខ្លួនរបស់អ្នក ការស្មាន និងគំនិតផ្ទាល់ខ្លួនរបស់អ្នក។ តើអ្នកមានវិធីល្អជាងនេះទេ? តើអ្នកកំពុងធ្វើរឿងដោយហេតុផលត្រឹមត្រូវទេ? សូម្បីតែនៅពេលអ្នកគិតថាអ្នកស្ថិតនៅលើផ្លូវត្រូវក៏ដោយ អ្នកសុំឱ្យមនុស្សផ្សេងទៀតតស៊ូមតិជាមួយអ្នក ដូច្នេះពួកគេអាចចង់ដឹងចង់ឃើញ និងធ្វើឱ្យប្រាកដថាអ្នកបានដើរក្នុងទិសដៅត្រឹមត្រូវ។

៣. ហ៊ុំព័ទ្ធខ្លួនអ្នកជាមួយមនុស្សល្អៗ

អ្នកគឺជាមនុស្សមធ្យមក្នុងចំណោមមនុស្សប្រាំនាក់ដែលអ្នកចំណាយពេលជាមួយ។ – Jim Rohn

មនុស្សដែលនៅជុំវិញខ្លួនយើង មានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិត និងការអភិវឌ្ឍផ្ទាល់ខ្លួនរបស់យើង នេះអាចជាគន្លឹះលើកទឹកចិត្តមួយដែលត្រូវបានគេមើលរំលងពីព្រោះមនុស្សជាច្រើនតែងតែមើលខ្លួនឯង តែមិនមើលបរិស្ថានរបស់ពួកគេទេ។ តើអ្នកធ្លាប់នៅជុំវិញមនុស្សអវិជ្ជមានទេ? ហើយដើរចេញឆ្ងាយមានអារម្មណ៍អវិជ្ជមាននិងអវិជ្ជា? តើអ្នកធ្លាប់នៅជុំវិញនរណាម្នាក់ដែលមានភាពវិជ្ជមាន ហើយមានអារម្មណ៍សប្បាយរីករាយជាងមុនទេ? អ្នកគួរជៀសវាងពីរមនុស្សអវិជ្ជមាន និងនៅក្បែរមនុស្សដែលមានគំនិតវិជ្ជមាន ព្រោះមនុស្សវិជ្ជមាននឹងជំរុញឱ្យអ្នកឈានដល់កម្រិតខ្ពស់ ហើយក្លាយជាខ្លួនអ្នកផ្ទាល់។ សូមស្វែងរកមនុស្សដែលធ្វើសកម្មភាពល្អជាងមនុស្សដោះសារឥតឈប់ឈរ ដោយកសាងកុលសម្ព័ន្ធមនុស្សដែលផ្តោតលើភាពជោគជ័យ។

៤. ប្រើការបរាជ័យដើម្បីលើកទឹកចិត្តអ្នកឱ្យទទួលបានជោគជ័យ

ការបរាជ័យ គឺជាការបោះជំហានទៅមុខមួយទៀតចំពោះភាពអស្ចារ្យ – អូប្រា វីនហ្វ្រេ (Oprah Winfrey)

ការបរាជ័យ ក៏អាចជួយអ្នកអោយជោគជ័យនៅពេលក្រោយបានដែល។ ខ្ញុំមិនធ្វើសកម្មភាព ព្រោះខ្ញុំខ្លាចបរាជ័យ ខ្ញុំមិននិយាយជាមួយនារីទេ ព្រោះខ្ញុំខ្លាចការបដិសេធ ខ្ញុំមិនដាក់ពាក្យសុំការងារដែលមានប្រាក់ខែខ្ពស់នោះទេ ព្រោះខ្ញុំខ្លាចមិនទទួលបានការងារធ្វើ។

ការបរាជ័យគឺជាការជំរុញទឹកចិត្តដើម្បីសំរេចគោលដៅនិងក្តីសុបិន សូមកុំមើលការបរាជ័យជាភស្តុតាងដែលអ្នកមិនល្អគ្រប់គ្រាន់ ផ្ទុយទៅវិញក្រឡេកមើលការបរាជ័យនីមួយៗជាឱកាសដើម្បីធ្វើឱ្យអ្នកកាន់តែខិតទៅជិតគោលដៅរបស់អ្នក។

៥. ភាពខុសគ្នា

មានផ្លូវចំនួនពីរនៅក្នុងព្រៃហើយខ្ញុំនិងរើសយកផ្លូវមួយដែលមិនសូវមានអ្នកធ្វើដំណើរទៅ វានឹងធ្វើអោយមានភាពខុសគ្នាទាំងអស់ – ហ្វ្រសត៍ (Frost)

ចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០២ ក្រុមហ៊ុន Apple បានប្រើពាក្យស្លោក “គិត​បែបខុស​ពី​គេ” វាមិនត្រឹមតែជួយលើផ្លាកយីហោពួកគេទេ ប៉ុន្តែថែមទាំងកំណត់ឱ្យពួកគេប្លែកដាច់ដោយឡែកពីគូប្រជែងរបស់ពួកគេទៀតផង។ ខណៈពេលដែលក្រុមហ៊ុនផ្សេងទៀតកំពុងផ្តោតលើការរកប្រាក់ កាត់បន្ថយថ្លៃដើម និងការចម្លងការរចនាម៉ូដរបស់គូប្រជែងរបស់ខ្លួនក្រុមហ៊ុន Apple ផ្តោតលើការធ្វើអ្វីៗខុសប្លែកពីគេ។ ពួកគេសម្រេចបានតាមរយៈការបង្កើតផលិតផលល្អៗដែលផ្តល់បទពិសោធន៍ដល់អ្នកប្រើប្រាស់ ផលិតផលដែលមានលក្ខណៈច្នៃប្រតិដ្ឋ សាមញ្ញក្នុងការរចនា និងងាយស្រួលប្រើ។ តម្រូវការទាំងនេះ បានធ្វើឲ្យពួកគេទទួលបានជោគជ័យនៅក្នុងទីផ្សារបច្ចេកវិទ្យា និងទីផ្សារភាគហ៊ុន។

នេះប្រហែលជាមិនមែនជាការលើកទឹកចិត្តដែលអ្នកធ្លាប់ដឹងពីរមុនមកទេ ប៉ុន្តែកុំខ្លាចខុសពីគេ។ យើងទាំងអស់គ្នាមានលក្ខណៈខុសពីគេ កើតមកមានចំណុចខ្លាំង ចំណុចខ្សោយ អំណោយទាន និងទេពកោសល្យខុសគ្នា ហើយអ្នកអាចប្រើចំណុចទាំងនោះ ដើម្បីជំរុញអ្នកឱ្យសម្រេចក្តីសុបិនបាន។

៦. កំពូលមនុស្សជោគជ័យ

វិធីដ៏ល្អមួយដើម្បីរៀនពីការលើកទឹកចិត្ត គឺត្រូវអានសៀវភៅរបស់អ្នកដែលទទួលបានជោគជ័យ។ អ្នកអាចអានជីវប្រវត្តិ ឬសៀវភៅផ្សេងៗទៀតដែលពួកគេបានសរសេរដែលបង្ហាញពីជំហានដែលពួកគេបានធ្វើ ដើម្បីជំរុញទឹកចិត្ត សូម្បីតែនៅពេលដែលមានរឿងលំបាកចិត្ត។ ខ្ញុំពិតជាចូលចិត្តជីវប្រវត្តិ ពីព្រោះពួកគេចូលក្នុងគំនិត និងជីវិតរបស់អ្នក ពួកគេបង្ហាញពីអំណាចនៃការប្តេជ្ញាចិត្តរបស់មនុស្សនៅពេលពួកគេត្រូវប្រឈមមុខនឹងទុក្ខលំបាក ពួកគេបង្រៀនយើងពីវិធីដើម្បីផ្តួលហាងឆេងដែលមិនគួរឱ្យជឿ ដើម្បីក្លាយជាអ្នកជោគជ័យ ហើយមានជីវប្រវត្តិជាច្រើនដែលនឹងអាចលើកទឹកចិត្តអ្នក។

៧. ធ្វើសកម្មភាព

តើអ្នកធ្លាប់ចង់ធ្វើអ្វីមួយទេ ប៉ុន្តែអ្នកមិនដែលធ្វើវា? អ្នកប្រហែលជាទទួលរងពីការវិភាគខ្លាំងពេក ហើយគិតថាអ្នកត្រូវការព័ត៌មានច្រើនជាងអ្វីដែលត្រូវការដើម្បីចាប់ផ្តើមអ្វីមួយ។ មនុស្សជោគជ័យបំផុត ត្រូវបានលើកទឹកចិត្តដោយធ្វើសកម្មភាពភ្លាមៗ។ មហាសេដ្ឋីសារព័ត៌មាន ហ្គារី វេនណឺឈុក (Gary Vaynerchuck) និយាយថា៖

សហគ្រិនអស្ចារ្យបំផុតមួយចំនួននៅលើពិភពលោក មិនចាំបាច់ចាប់ផ្តើមជាមួយនឹងចក្ខុវិស័យធំដុំនោះទេ ពួកគេបានចាប់ផ្តើមជាមួយនឹងគំនិត និងសកម្មភាពមួយ។

ប្រសិនបើអ្នកមានគំនិត សូមចាប់ផ្តើមធ្វើសកម្មភាពដើម្បីឱ្យវាក្លាយជាការពិត នោះអ្នកនឹងមានដំណោះស្រាយចំពោះបញ្ហាទាំងអស់ដែលអ្នកនឹងត្រូវប្រឈមមុខ។ សូមចាប់ផ្តើមអនុវត្តគំនិត ហើយរៀនធ្វើវា ហើយសកម្មភាពកាន់តែច្រើន អ្នកនឹងជួបបញ្ហាកាន់តែច្រើន បើអ្នកជួបបញ្ហាកាន់តែច្រើនអ្នកនឹងរកឃើញដំណោះស្រាយកាន់តែច្រើន នៅពេលដែលអ្នកដោះស្រាយបញ្ហា អ្នកនឹងដឹងថាអ្នកនឹងឈានទៅរកភាពជោគជ័យបានឆាប់រហ័ស។

៨. ទទួលខុសត្រូវចំពោះជីវិតរបស់អ្នក

អ្នកត្រូវតែទទួលខុសត្រូវផ្ទាល់ខ្លួន អ្នកមិនអាចផ្លាស់ប្តូរកាលៈទេសៈ រដូវ ឬខ្យល់បានទេ ប៉ុន្តែអ្នកអាចផ្លាស់ប្តូរខ្លួនឯងបាន នោះគឺជាអ្វីដែលអ្នកត្រូវទទួលខុសត្រូវ។

វាពិបាកក្នុងការលើកទឹកចិត្ត ប្រសិនបើអ្នកជឿថា អ្នកមិនអាចគ្រប់គ្រងអ្វីដែលកើតឡើងនៅក្នុងជីវិតរបស់អ្នក។ មានរឿងជាច្រើនដែលយើងមិនអាចគ្រប់គ្រងបាន ប៉ុន្តែក៏មានរឿងជាច្រើនដែលយើងអាចគ្រប់គ្រងបានដូចជា គំនិត ជំនឿ ឥរិយាបថ និងជោគវាសនារបស់យើង។ មនុស្សដែលជឿថា ពួកគេអាចគ្រប់គ្រងជីវិតខ្លួនឯងបាន ពួកគេមានការគ្រប់គ្រងពីខាងក្នុង។ អ្នកគិតថា អ្នកមិនចាំបាច់ធ្វើការផ្លាស់ប្ដូរជីវិតរបស់អ្នកទេ នេះជាកំហុសមួយដ៏ធំមួយ។ សូមផ្តោតលើរឿងធំបំផុតដែលអ្នកអាចគ្រប់គ្រង និងផ្លាស់ប្តូរបាន៖ នៅពេលដែលអ្នកជឿថា អ្នកអាចគ្រប់គ្រងជីវិតរបស់អ្នកបាន។

៩. ជួយអ្នកដទៃ

ភាពជោគជ័យមិនមែននិយាយអំពីចំនួនប្រាក់ដែលអ្នករកបាននោះទេ វានិយាយពីភាពខុសគ្នាដែលអ្នកធ្វើក្នុងជីវិតរបស់មនុស្ស – មីឈែល អូបាម៉ា (Michelle Obama)

ហេតុផលដែលថា ប៊ីលហ្គេត (Bill Gates) ម៉ាក ឈូកឺបឺគ (Mark Zuckerberg) ម៉ាត់ ដាមុន (Matt Damon) ចច ខ្លូនី (George Clooney) អូប្រា វីនហ្វ្រេ (Oprah Winfrey) និងមនុស្សជោគជ័យជាច្រើនទៀត ចូលចិត្តជួយមនុស្សលោក ព្រោះវាធ្វើឲ្យមានអារម្មណ៏ល្អ ហើយវាធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង។ គន្លឹះលើកទឹកចិត្តដ៏ល្អបំផុតមួយ គឺជួយអ្នកដទៃ។ នៅពេលខ្ញុំចេញពីគុកបន្ទាប់ពីជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ពីបទឧក្រិដ្ឋគ្រឿងញៀន រឿងតែមួយគត់របស់ខ្ញុំដែលទទួលបាន គឺការងារល្អ រកលុយ និងជៀសផុតពីបញ្ហា។ ខ្ញុំទទួលបានការអប់រំល្អណាស់ ហើយខ្ញុំមានអាជីពល្អខាងបច្ចេកវិទ្យាអស់រយៈពេលជិតពីរទសវត្ស។ ខ្ញុំរកលុយបានច្រើន តែវាមិនបានធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់ណាទេ។ តើអ្នកធ្លាប់ទិញអ្វីមួយដែលថ្មី ហើយសប្បាយចិត្តក្នុងរយៈពេលខ្លីដែរទេ?

នោះគឺជាអារម្មណ៍របស់ខ្ញុំ នៅពេលដែលខ្ញុំទិញរថយន្ត សម្លៀកបំពាក់ ឧបករណ៍អេឡិចត្រូនិច និងសូម្បីតែផ្ទះដំបូងរបស់ខ្ញុំ។ បន្ទាប់មក អ្វីៗក៏បានប្រែប្រួល ហើយខ្ញុំចាប់ផ្តើមត្រឡប់ទៅពន្ធនាគារ ដើម្បីបង្រៀនបុរសដែលជាប់ពន្ធនាគារពីអាជីវកម្ម ការអភិវឌ្ឍផ្ទាល់ខ្លួន និងជំនាញត្រៀមការងារដែលពួកគេត្រូវការ ដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ឬទទួលបានការងារល្អនៅពេលពួកគេត្រូវបានដោះលែង។ ការជួយបុរសទាំងនេះ បានផ្តល់ឱ្យខ្ញុំនូវកម្រិតខ្ពស់បំផុតនៃសុភមង្គលដែលខ្ញុំមិនធ្លាប់មានពីមុនមក ហើយវាបានជំរុញខ្ញុំឱ្យបន្តជួយមនុស្ស និងរស់នៅក្នុងជីវិតដែលមានគោលបំណង។

ខ្ញុំមិនមែនជាមនុស្សតែម្នាក់ទេដែលមានអារម្មណ៍បែបនេះ។ នៅក្នុងព្រឹត្តិការណ៍ស្ម័គ្រចិត្តក្នុងពន្ធនាគារទាំងនេះ ខ្ញុំបានជួបនាយកប្រតិបត្តិពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅលើពិភពលោក បន្ទាប់ពីបាននិយាយជាមួយអ្នកស្ម័គ្រចិត្តផ្នែកបច្ចេកវិទ្យាជោគជ័យជាច្រើនរូប ខ្ញុំបានដឹងថា រឿងមួយដែលជំរុញពួកគេ គឺការជួយអ្នកដទៃ។

១០. ធ្វើអ្វីដែលអ្នកស្រលាញ់

ការងាររបស់អ្នកនឹងបំពេញមួយភាគធំនៃជីវិតរបស់អ្នកហើយវិធីតែមួយគត់ដែលធ្វើអោយអ្នកពេញចិត្តពិតប្រាកដគឺធ្វើអ្វីដែលអ្នកជឿថាជាការងារដ៏ល្អ ហើយវិធីតែមួយគត់ដើម្បីធ្វើកិច្ចការឲ្យល្អ ត្រូវស្រឡាញ់អ្វីដែលអ្នកធ្វើ – Steve Jobs

នៅពេលដែលអ្នកធ្វើការជាមួយមនុស្សដែលអ្នកមិនចូលចិត្ត ឬធ្វើអ្វីដែលអ្នកមិនចូលចិត្តអ្នក និងមានអារម្មណ៏ថាធុញទ្រាន់ ប្រសិនបើអ្នកមិនចូលចិត្តអ្វីដែលអ្នកធ្វើអ្នកនឹងមានការលំបាកក្នុងការដោះស្រាយនូវចំណុចអវិជ្ជមាន និងធុញទ្រាន់នៃការងារ។ នៅពេលដែលអ្នកធ្វើអ្វីមួយដែលអ្នកស្រលាញ់ អ្នកនឹងមានភាពច្នៃប្រតិដ្ឋជាងមុន និងនាំការងារល្អៗរបស់អ្នកទៅកាន់ពិភពលោក។

គំនិតចុងក្រោយ

យើងទាំងអស់គ្នាមានក្តីសុបិន ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែសម្រេចបានទេ។ នៅពេលដែលអ្នកធ្វើការឆ្ពោះទៅរកក្តីសុបិនរបស់អ្នក អ្នកនឹងជួបឧបសគ្គជាយថាហេតុ។ ក្តីសុបិនរបស់អ្នកកាន់តែធំ បញ្ហាប្រឈមកាន់តែច្រើនដែលអ្នកនឹងប្រឈមមុខ។ ពេលខ្លះ អ្នកនឹងមានអារម្មណ៏ថានឿយហត់ ប៉ុន្តែអ្នកនឹងត្រូវបន្តទៅមុខទៀត។ នៅពេលដែលអ្នកធ្វើខុស អ្នកនឹងជួបប្រទះភាពតានតឹង ការសង្ស័យខ្លួនឯង ការធ្វេសប្រហែស និងការប្រឆាំងពីមនុស្សដទៃទៀត។

មិនថារឿងលំបាកប៉ុណ្ណាក៏ដោយ អ្នកត្រូវតែបន្តទៅមុខទៀត។ ការប្រើប្រាស់គន្លឹះលើកទឹកចិត្តទាំងនេះ នឹងជំរុញឱ្យអ្នកបន្តដំណើរទៅមុខ ដូច្នេះអ្នកអាចសម្រេចក្តីសុបិនធំៗទាំងនោះបាន។


អត្ថបទទាក់ទង

គតិបណ្ឌិត ២០ ឃ្លា នឹងជួយអ្នកមានសុភមង្គលច្រើនក្នុងជីវិត

 

Leave a Reply

Your email address will not be published. Required fields are marked *