កត្តាសំខាន់ៗទាំង ៧ ដើម្បីកំណត់បុគ្គលិកឆ្នើម
ការដែលមានមេដឹកនាំពូកែ ជារឿងល្អមួយ ហើយការដែលមានបុគ្គលិកឆ្នើម នោះរឹតតែអំណោយផលល្អសម្រាប់ក្រុមហ៊ុនទាំងឡាយ។ គន្លឹះមួយដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្ម គឺការស្វែងរកបាន និងជួលបុគ្គលិក “ល្អ ឬឆ្នើម” មិនមែនមនុស្សដែលយើងចូលចិត្តនោះទេ។ ការវិនិច្ឆ័យសម្គាល់បុគ្គលិកឆ្នើម តាមពិតអាចផ្អែកលើកត្តាសំខាន់ៗទាំង ៧ ចំណុចខាងក្រោមនេះ៖
១. ទេពកោសល្យ
បុគ្គលដែលមានសមត្ថភាពធម្មជាតិក្នុងការគិត ដោះស្រាយបញ្ហាក្នុងស្ថានភាពស្មុគស្មាញពេលបំពេញការងារ ពួកគេច្រើនតែជាអ្នកដែលអាចបង្កើតវិធីច្នៃប្រឌិតកែលំអស្ថានភាពការងារបានជាជាងមកបង្កបញ្ហា។ យើងត្រូវពឹងផ្អែកលើនិយោជិកដែលមានទេពកោសល្យដើម្បីជួយជំរុញអាជីវកម្មទៅមុខបើប្រតិបត្តិការ មិនលឿន យើងនឹងបរាជ័យ។
២. មានគំនិតផ្ដួចផ្ដើម
សម័យនេះទៅហើយ និយោជិកម្នាក់ៗគួរតែខិតខំធ្វើការដោយឯករាជ្យ។ និយោជិកដែលត្រូវការការត្រួតពិនិត្យ ការណែនាំ ស្ដីថា ជាប្រចាំនឹងមករារាំងល្បឿននៃផលិតកម្មនិងប្រសិទ្ធភាព។
៣. មានជំនាញដែលសមនឹងការងាររបស់ពួកគេកំពុងធ្វើ
កុំយកមកព្រោះយើងចូលចិត្ត ព្រោះឃើញចរិតល្អ ឬព្រោះគាំទ្រសម្ដីយើង។ អាចកំណត់បានថាតើបេក្ខជនមានជំនាញត្រឹមត្រូវតាមរយៈសំណួរបើកចំហនិងឆ្លើយបាននូវរាល់លំហាត់ដោះស្រាយបញ្ហាការនិងបញ្ហាប្រឈមផ្សេងទៀតក្នុងពេលសម្ភាសន៍ទេ? ប្រសិនបើនិយោជិកមិនអាចបំពេញការងារដែលពួកគេត្រូវបានជួលឲ្យធ្វើនោះ នឹងជះឥទ្ធិពលមិនល្អដល់គ្រប់គ្នាផ្សេងទៀត ដែលយើងកំពុងជួលមកធ្វើការដែរ ហើយសំខាន់បំផុតអាជីវកម្មនឹងរងផលប៉ះពាល់អវិជ្ជមាន។
៤. សុទិដ្ឋិនិយម និងឥរិយាបថវិជ្ជមាន
និយោជិត មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ យើងអាចរកឃើញពេលសម្ភាសន៍តាមរយៈសម្ដីគេ និងកាយវិការនានា។ មនុស្សមានគំនិតទុទ្ទិដ្ឋិនិយម អាចដុតក្រុមហ៊ុនយើងចោលបានដើម្បីស្ងោរពងមាន់មួយហូប។ មនុស្សដែលឃើញអ្វីក៏ជាការសម្ដែង និងមិនជឿទុកចិត្តអ្វីទាំងអស់ គាត់ត្រូវទទួលការព្យាបាលចិត្តសិន មុនពេលពេលអាចកាន់កាប់តួនាទីណាមួយបាន។
៥. សុចរិតភាព និងមានក្រមសីលធម៌ការងារ
កុំជួលឲ្យសោះមនុស្សក្បត់កន្លែងចាស់ ដើរនិយាយដើមហុយដី។ សូមយកមនុស្សមានចិត្តស្មោះត្រង់ដែលមានសីលធម៌ និងគំនិតចំហ។ កេរ្តិ៍ឈ្មោះល្អរបស់អាជីវកម្មអាចត្រូវបានបំផ្លាញត្រឹមតែមួយយប់ដោយសារតែបុគ្គលិកមិនស្មោះត្រង់ឬគ្មានសីលធម៌វិជ្ជាជីវៈ ជាពិសេសយន្តការអ៊ីនធឺណិត។ លើសពីនេះនិយោជិកដែលលេងអ៊ីនធឺណិតប្រើអារម្មណ៍ខ្លាំងនឹងបំផ្លាញរូបភាពឬស្លាកយីហោយើងបានព្រោះគំនិតអវិជ្ជមានរបស់គេលើបណ្ដាញសង្គម។
៦. ធ្វើការបានល្អជាមួយអ្នកដទៃ
បុគ្គលិកដែលមិនចុះសម្រុងព្រមទាំងខ្សោយសុជីវធម៌ទៅកាន់មនុស្សគ្រប់គ្នា ពូកែយ៉ាងណាក៏ឥតប្រយោជន៍។ ក្នុងអំឡុងពេលនៃដំណើរការសម្ភាសន៍គេនោះ សូមព្យាយាមកំណត់ថា តើនិយោជិកថ្មីដែលមានសក្ដានុពលម្នាក់ហ្នឹង មានចរិតងាយចុះសម្រុងជាមួយអ្នកដទៃដែរទេ។
៧. លទ្ធផលការងារខ្ពស់
និយោជិកល្អគួរតែជាអ្នកបំពេញការងារផ្ដោតលើលទ្ធផលខ្ពស់ចំពោះមុខការដែលបានត្រូវកំណត់ ពួកគេមិនលំៗ និងមិនរាយការណ៍យករួចខ្លួនទេ។ បុគ្គលិកប្រភេទរាយការណ៍ច្រើនព្រោះគាត់មិនសូវធ្វើការហើយខ្លាចមេដឹកនាំចាប់ថ្នាក់។
អត្ថបទទាក់ទង