តើអ្វីជាការប្រកាសជ្រើសរើស និងរើសយកបុគ្គលិក?

ការប្រកាសជ្រើសរើសបុគ្គលិក

វាគឺជាដំណាក់កាលដំបូងនៃការប្រតិបត្តិគ្រប់គ្រងធនធាន­មនុស្សក្នុងអង្គភាពតូច មធ្យម និងធំ ក្នុងការស្វែរកធនធានមនុស្ស ដើម្បីបំពេញការងាររបស់អង្គភាព។ អ្នក​គ្រប់គ្រងតែងតែយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយ និងវិភាគឲ្យបានល្អិតល្អន់ទៅលើការងារ តម្រូវការ ​តួនាទី និងលក្ខណៈសម្បត្តិរបស់បេក្ខភាពការងារ​ដើម្បីធ្វើយ៉ាងណាឲ្យការប្រកាសជ្រើសរើស​បុគ្គ­លិកមានប្រសិទ្ធភាព ហើយទទូលបានធនធានប្រកបដោយគុណភាព ដែលនាំឲ្យការប្រតិបត្តិមាន​ដំណើរ​ការបានល្អ មានទំនួលខុសត្រូវខ្ពស់ និងការជឿរជាក់ ព្រមទាំងទំនុកចិត្តរបស់បេក្ខជន​ការងារ ដែល​កត្តាទាំងនេះជាលក្ខណៈផ្ទាល់នៃការប្រកាសជ្រើសរើសឲ្យបានសមស្របទៅនឹងទីផ្សារពលកម្មពលបច្ចុប្បន្ន ដោយឆ្លើយតបទៅនឹងតម្រូវការរបស់អង្គភាព។

ការប្រកាសជ្រើសរើស វាអាស្រ័យយ៉ាងសំខាន់លើ​ការវិភាគការងារ ដែលក្នុងការវិភាគការងាររួមមានដូចជា៖

  • ការពិពណ៌នាការងារ (មុខងារតួនាទី ភារកិច្ច ការទទួលខុសត្រូវ សិទ្ធិអំណាច) និង
  • ការបញ្ជាក់ពីសមត្ថភាពការងារ (ចំណេះដឹង ជំនាញ សមត្ថភាព ចរិកលក្ខណៈផ្សេងៗ និងបទពិសោធន៍)

ដែលជាកត្តា​ដ៏សំខាន់ចាំបាច់ក្នុងការប្រកាស​ជ្រើសរើសបុគ្គលិកត្រូវតែអនុវត្តទៅតាមដំណាក់កាលនីមួយៗ​តាមនីតិវិធី ដើម្បីធានាទទួលបាន​បេក្ខជនការងារដែលមានសមត្ថភាពពិតប្រាកដក្នុងការបំពេញតម្រូវការដែលអ្នកគ្រប់គ្រងបានសិក្សាយ៉ាងត្រឹមត្រូវជាមុនដោយផ្អែកលើផែនការធនធានមនុស្ស។

ផែនការ ត្រូវរៀបចំដោយអ្នកគ្រប់គ្រងធន­ធានមនុស្ស ដោយពិនិត្យលើវដ្តជីវិតរបស់អង្គភាព ឬស្ថាប័ន​របស់ខ្លួន ដែលរួមមានបួនដំណាក់កាល គឺ៖

  • ចាប់​ផ្ដើម
  • ការរីកចម្រើន
  • មានស្ថេរភាព និង
  • ការផ្លាស់ប្ដូរ។

វិធីសាស្ត្រធ្វើផែនការធនធានមនុស្ស ជាទូទៅត្រូវ​ផ្អែកលើសមាសភាពសំខាន់ៗមួយចំនួនដើម្បីធ្វើ​ការត្រួតពិនិត្យ និងពិចារណាទៅលើផែនការទាំង​នេះ រួមមាន៖

  • ផែនការសម្រាប់តម្រូវការអនាគត ​
  • ផែនការសម្រាប់តុល្យភាពអនាគត
  • ផែនការសម្រាប់​ជ្រើសរើសបុគ្គលិក និង
  • ផែនការសម្រាប់​អភិវឌ្ឍបុគ្គលិក។

ជាមួយគ្នានេះដែរ ការប្រកាសជ្រើសរើស គឺ (ការប្រកាសជ្រើសរើសខាងក្នុងអង្គភាព និងកាជ្រើសរើសក្រៅពីអង្គភាព) រួមបញ្ចូលទាំងការកំណត់នូវ​ប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មប្រកាស​ជ្រើសរើស គោលដៅបេក្ខជនការងារដូចជា បណ្ដាញសង្គម ការសែតជាតិ  និងការសែតអន្តរជាតិ ដែលបេក្ខជន​ការងារតែងតែមើលញឹកញាប់ជាងគេ និងតាមប្រព័ន្ធវេបសាយ​ណាដែលគេបានប្រើប្រាស់ និងមាន​ឥទ្ធិពលបំផុត ព្រោះការផ្សព្វផ្សាយពាណិជ្ជកម្មប្រកាសជ្រើស­រើសចំគោលដៅអាចនាំមកនូវបុគ្គលិក​ដែលពោពេញទៅដោយសមត្ថភាព និងអាចឲ្យអង្គភាពសម្រេចគោលដៅ។

ការជ្រើសរើសយកបុគ្គលិក

នេះជាដំណាក់កាលបន្ទាប់ពីការប្រកាសជ្រើសរើសនៅក្នុងការគ្រប់­គ្រងធនធានមនុស្ស។ នេះជាកត្តាសំខាន់ដែលតម្រូវឲ្យអ្នកគ្រប់គ្រងធនធានមនុស្សពិចារណាយ៉ាង​យកចិត្តទុកដាក់ក្នុងការសម្រាំងយកបេក្ខជនមកបម្រើរការងារក្នុងអង្គភាពប្រកបដោយប្រសិទ្ធភាព­ខ្ពស់។ ការជ្រើសរើសយកបុគ្គលិក វាអាស្រ័យទៅលើកត្តាសំខាន់ៗមួយចំនួននៅក្នុងការប្រកាស​ជ្រើសរើសនិយោជិតទៅតាមអង្គភាព ឬក្រុមហ៊ុននីមួយៗ ដូចជា៖

  • ការបំពេញ និងពិនិត្យមើល​បែបបទដាក់ពាក្យសុំធ្វើការ
  • សម្ភាសន៍ការងារ
  • ការធ្វើតេស្ត
  • ការពិនិត្យមើលសាវតារបស់បេក្ខជន
  • ការពិនិត្យមើល​សុខភាព
  • ការសម្រេចជ្រើសរើសយក និង
  • ការសាកល្បងការងារ ជាដើម។

វិធីសាស្ត្រនេះ គឺអ្នក​គ្រប់គ្រងធនធានមនុស្សយកមកអនុវត្តក្នុងការគ្រប់គ្រងធនធានមនុស្ស ដើម្បីសម្រេចទៅតាម​គោលដៅ​របស់អង្គភាព។ ការជ្រើសរើសបុគ្គលិកល្អ វាក៏ជាផ្នែកមួយឲ្យការងារល្អដែរ ហើយការជ្រើស­រើសបុគ្គលិកមកដែលមិនមានឆន្ទៈតាមតម្រូវការរបស់អង្គភាព វាក៏ជាការខាតបង់របស់អង្គភាពដែរ។ ដើម្បីឲ្យការជ្រើសរើសយកបុគ្គលិកមានប្រសិទ្ធភាព អង្គភាពបានប្រគល់តួនាទីនេះមកខាងផ្នែកមន្រ្តីសម្រប­សម្រួលធនធានមនុស្ស និងរដ្ឋបាលជាអ្នកទទួលអនុវត្ត និងរិះរកនីតិវិធី និងការិយាល័យដែល​ពាក់ព័ន្ធ។

មុនពេលធ្វើសេចក្ដីសម្រេចចិត្តជ្រើសរើស បេក្ខជនត្រូវបានគេរៀបចំតាមរយៈការធ្វើ​សម្ភាសន៍បន្ថែមទៀតជាមួយសមាជិកបុគ្គលិកធនធានមនុស្ស គឺដើម្បីប្រមូលព័ត៌មានទាំងអស់ក្នុង​អំឡុងពេលនៃការជ្រើសរើស ហើយនឹងបញ្ជាក់នូវព័ត៌មានមិនទាន់ច្បាសលាស់ទាំងនោះ។ ការសម្ភាសនេះ​ កើតឡើងក្រោយពេលផ្នែកធនធានមនុស្សសម្រេចចិត្តជ្រើសរើសបេក្ខជន។ ជាទូទៅ នៅពេលអ្នក​គ្រប់គ្រងជ្រើសរើសមនុស្សដែលពេញចិត្តបំផុត ហើយគេគិតថាពេញចិត្តនឹង​ការងារ សម្ភាសន៍ចុង­ក្រោយមានការប្រកួតប្រជែងផ្នែកបុគ្គលិកលក្ខណៈយ៉ាងពិសេស។ ការជ្រើសរើស ត្រូវបានបែងចែក​ទៅតាមកម្រិតគ្រប់គ្រងផ្សេងៗក្នុងស្ថាប័ននីមួយៗ ដោយក្ដោបក្ដាប់នូវការបំពេញបែបបទដាក់ពាក្យ​សុំធ្វើការ ដឹកនាំធ្វើការសម្ភាសការងារ ការធ្វើតេស្ដ ការពិនិត្យមើលប្រវត្តិសវតា និងការរៀបចំសម្រាប់​ការពិនិត្យមើលលើសុខភាពជាដើម។ ដូចនេះ ការសម្ភាសចុងក្រោយ និងការសម្រេចចិត្តជ្រើស­រើសយក ជាទូទៅភារៈកិច្ចនេះត្រូវបានអ្នកគ្រប់គ្រង និងអ្នកគ្រប់គ្រងផ្នែកធនធានមនុស្ស ក្ដោបក្ដាប់គ្រប់​ជំហានទាំងអស់នៃការអនុវត្ត រហូតដល់ការសម្រេចចិត្តជ្រើសរើសចុងក្រោយនៃការជ្រើសរើស​បុគ្គលិក។


អត្ថបទទាក់ទង

តើការវិភាគការងារគឺជាអ្វី?

 

Leave a Reply

Your email address will not be published. Required fields are marked *