តើការវិភាគការងារគឺជាអ្វី?

ការវិភាគការងារ (Job Analysis)

ការវិភាគការងារ តម្រូវឲ្យមានការអង្កេតសកម្មភាពការងារជាក់ស្តែងជាមួយនឹងរបាយការណ៍­ប្រចាំថ្ងៃ ដើម្បីកំណត់លក្ខណៈនៃការងារជាក់លាក់មួយដែលឆ្លុះបញ្ចាំងឲ្យឃើញពីអត្តចរិតខាងក្នុង ភាពស្មោះត្រង់ ការទទួលខុសត្រូវ ភាពពេញចិត្តចំពោះការងារអង្គភាពបានដាក់ជូន និងភាពសកម្ម​ក្នុង​ការស្វែងរកព័ត៌មា​នដែលអង្គភាពត្រូវការ និងមានទំនាក់ទំនងល្អនៅក្នុងអង្គភាពទាំងមូល។ រឿងដែលអាច​កើតឡើងដោយសារការវិភាគការងារ គឺ៖

  • បទពិពណ៌នាការងារ (Job Description )
  • ការបញ្ជាក់ពីសមត្ថភាពការងារ (Job Specification)

ក.​ បទពិពណ៌នាការងារ (Job Description)

ការពិពណ៍នាការងារ គឺជាការពិពណ៍នាអំពីភារៈកិច្ចការទទួលខុសត្រូវលើការងាររបស់និយោជិត លក្ខខ័ណ្ឌធ្វើការងារ ហើយនិងធ្វើរបាយការណ៍ទំនាក់ទំនងផ្សេងៗដែលបានទទួលក្នុងការងារ។ ការពិពណ៍នាអំពីភារៈកិច្ចចម្បងនីមួយៗ ទិន្នផលនៃការងារនឹងត្រូវបង្ហាញនូវទំនាក់ទំនង់បរិមាណ​ផលិតផលដែលគេអាចធ្វើបាន ដូចជាការងារមានទំហំប៉ុណ្ណា? គុណភាពដូចម្តេច? ត្រូវចំណាយ​ពេលវេលាប៉ុន្មាន? ដើម្បីសម្រេចការងារទាំងនោះ។ សមាសធាតុការងារ គួរតែចុះនៅក្នុងបញ្ជី ព្រោះថាវាមានសារៈសំខាន់ណាស់ និងពេលវេលាដែលយើងបានចំណាយទៅលើភារៈកិច្ច នីមួយៗក៏យើងគួរយកចិត្តទុកដាក់ផងដែរ។

ការពិពណ័នាការងារមាន ៤ ផ្នែកសំខាន់ៗ ដូចជាអត្តសញ្ញាណ សង្ខេបទូទៅ មុខងារ និងភារៈកិច្ចសំខាន់ៗ ​និងទំនាក់ទំនង។

  • អត្តសញ្ញាណ៖ រួមមានឋានៈ ការងារ អង្គភាព និងទីកន្លែង។ កាលបរិច្ឆេទនៃកាល​វិភាគ មាន​សារៈសំខាន់ដើម្បីធ្វើឲ្យយើងដឹងពីពេលវេលាក្នុងការត្រួតពិនិត្យការពិពណ៌ការងារសម្រាប់តំណែង­ការងារនីមួយៗឡើងវិញ។
  • សង្ខេបទូទៅ៖ សេចក្តីសង្ខេបអំពីទំនួលខុសត្រូវទូទៅ និងធាតុនានាដែលធ្វើការងារ​នោះ​ខុសប្លែកការងារដទៃ។ ផ្នែកនេះក៏បញ្ចូលនូវលក្ខន្តិកៈដូចជា ពេញម៉ោង ក្រៅម៉ោង និងនិយោជិត​បណ្តែត និងការលើកលែង ឬមិនលើកលែង។
  • មុខងារ និងភារៈកិច្ចសំខាន់ៗ៖ រៀបរាប់នូវមុខងារ និងភារៈកិច្ចសំខាន់ៗ។ វាក៏ពិតជាមាន​ប្រយោជន៍ក្នុងការពិពណ៌នាឲ្យច្បាស់លាស់ និងជាក់លាក់អំពីករណីកិច្ចភារៈកិច្ច និងទំនួលខុសត្រូវ​ចម្បងៗ។
  • ទំនាក់ទំនង៖ កំណត់នូវទំនាក់ទំ​​នង ការត្រួតពិនិត្យ និងការរាយការណ៍សម្រាប់តំណែង​ការងារ។

ខ. ការបញ្ជាក់ពីសមត្ថភាពការងារ (Job Specification)

ការបញ្ជាក់ពីសមត្ថភាពការងារ គឺជាការកំណត់នូវលក្ខណៈសម្បត្តិដែលអាចទទួលយកបាន ជាអប្បបរិមាដែលនិយោជិតគួរតែមានដើម្បីធ្វើការងារឲ្យបានគ្រប់គ្រាន់។ ព័ត៌មានដែលយើងអាច ទទួលបានក្នុងការបញ្ជាក់ពីសមត្ថភាពការងារ ជាធម្មតាវាតែងតែងមាន ៣ ប្រភេទដូចខាងក្រោម៖

  • តម្រូវការឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាទូទៅដូចជាបទពិសោធន៍ និងការបណ្តុះ­បណ្តាលនៅក្នុងអង្គភាពអាជីវកម្ម ឬអង្គភាពផ្សេងៗទៀត។
  • ការតម្រូវឲ្យមានផ្នែកអប់រំចំណេះដឹងទូទៅ សាលាមធ្យមសិក្សា មហាវិទ្យាល័យ ឬសាលា​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
  • ចំណេះដឹង ជំនាញ បទពិសោធន៍ សមត្ថភាព ការបញ្ជាក់ពីសមត្ថភាពការងារ គួរតែបញ្ចូល​នូវ​លក្ខណៈសម្បត្តិទាំងឡាយដែលទាក់ទងនឹងការធ្វើការងារដែលអាចទទួលយកបានតែប៉ុណ្ណោះ។

គុណសម្បត្តិនៃការវិភាគការងារ (Advantages of Job Analysis)

ផលប្រយោជន៍សំខាន់ៗនៃព័ត៌មានស្តីអំពីការវិភាគការងារ រួមមាន៖

  • ការកំណត់ផែនការនិយោជិត (Personnel Planning )៖ គឺដើម្បីអភិវឌ្ឍរាល់ប្រភេទ​ការងារ​របស់និយោជិត ឬកម្មករក្នុងអង្គភាពអាជីវកម្ម ក៏ដូចជាអង្គភាព ឬស្ថាប័នផ្សេងៗទៀត មិនថាផ្នែក​ឯកជន និងផ្នែកសាធារណៈ។
  • ការប្រកាសជ្រើសរើស (Personnel Recruiting)៖ គឺដើម្បីពិពណ៌នាពីកន្លែងទំនេរ និង​ផ្សព្វផ្សាយពាណិជ្ជកម្មនូវបណ្តារតួនាទីថ្មីៗ របស់អង្គភាពអាជីវកម្ម​ណាមួយក្នុងគោលបំណងជ្រើស​រើសនិយោជិតពីមជ្ឈដ្ឋានខាងក្រៅឲ្យមកបំពេញការងារ ឬតួនាទីណាមួយក្នុងអង្គភាពរបស់គេ។
  • ការជ្រើរើសយកនិយោជិត (Selection)៖ ដើម្បីកំណត់នូវជំនាញ និងសមត្ថភាពទាំងឡាយដែល​ត្រូវអនុវត្តដូចជាលក្ខណៈវិនិច្ឆ័យ ដើម្បីសម្រេចថាតើបេក្ខជនទាំងឡាយណាដែលត្រូវជ្រើសរើស​សម្រាប់បម្រើអង្គភាពរបស់គេ។
  • ការតម្រង់ទិសនិយោជិត (Orientation)៖ គឺប្រាប់និយោជិតទាំងឡាយនៅក្នុងអង្គភាព​របស់គេនូវរាល់សកម្មភាពការងារអ្វីខ្លះដែលពួកគេត្រូវធ្វើ ឬត្រូវប្រតិបត្តិ។
  • ការវាយតម្លៃនិយោជិត (Evaluation)៖ គឺជាការកំណត់នូវបទដ្ឋានការងារ និងកម្មវត្ថុធ្វើ​ការងារដែលនិយោជិតទាំងឡាយត្រូវវាយតម្លៃ។
  • ការបើកកម្រៃឲ្យនិយោជិត (Compensation)៖ គឺជាការវាយតម្លៃការងារ ហើយជួយក្នុងការ​អភិវឌ្ឍនូវរចនាសម្ព័ន្ធប្រាក់ឈ្នួល។
  • ការបណ្តុះបណ្តាលនិយោជិត (Training)៖ គឺដើម្បីគ្រោងនូវការប្រមើលពីតម្រូវការនៃ​ការបណ្តុះបណ្តាលដោយធ្វើអត្តសញ្ញាណកម្មនូវសកម្មភាពទាំងឡាយដែលនិយោជិតទាំងអស់អាច​ធ្វើបាន។
  • វិន័យ (Discipline)៖ គឺជាការធ្វើអត្តសញ្ញាណនូវបទដ្ឋានទាំងឡាយនៃការធ្វើការងារដែល​អាចយកជាការបានដែលនិយោជិតទាំងអស់ត្រូវតែអនុវត្តតាម។
  • សុវត្ថិភាព និងសុខភាពរបស់និយោជិត (Occupational Safety and Health)​៖ គឺជាការកំណត់សម្គាល់នូវ​បែបបទធ្វើការងារគ្រោះថ្នាក់ពេលបំពេញការងារក្នុងអង្គភាព ដូចនេះសកម្មភាពទាំងឡាយដែល​ប្រកបដោយគ្រោះថ្នាក់អាចត្រូវផ្លាស់ប្តូរចេញ ហើយព្រមទាំងបញ្ឈប់សកម្មភាពទាំងនោះតែម្តង។
  • ការរៀបចំការងារឡើងវិញ (Job Redesign)៖ គឺដើម្បីវិភាគនូវលក្ខណៈពិសេសរបស់ ការងារ ដែលត្រូវផ្លាស់ប្តូរក្នុងកម្លាំងរៀបចំការងារឡើងវិញ។

សៀវភៅ ការវិភាគ និងរចនាការងារ – ទំនាក់ទំនងជាវតាមរយៈលេខ ០៩៦ ២៧០ ៦៥៦៥ (តេលេក្រាម)

Leave a Reply

Your email address will not be published. Required fields are marked *