រៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យមានប្រសិទ្ធភាព ជាមួយនឹងគន្លឹះសំខាន់ៗទាំង៣នេះ

ចាប់តាំងពីមុន និងក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺសកលកូវីដ១៩ (COVID-19) សហគ្រិនខ្មែរយើង ជាពិសេសសហគ្រិនជំនាន់ថ្មីជាច្រើនប្រាកដជាធ្លាប់ឆ្លងកាត់ និងជួបប្រទះការលំបាកក្នុងការវិនិយោគប្រាក់ឲ្យមានប្រសិទ្ធភាព និងមានផ្លែផ្កា ស្របគ្នានេះដែរការថ្លឹងថ្លែងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងការថែរក្សាស្ថេរភាពរបរជំនួញដោយឯករាជ្យប្រាកដជាមានការលំបាកច្រើន។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗចំនួន៣ ក្នុងការរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យមានប្រសិទ្ធភាព ជាពិសេសសម្រាប់សហគ្រិនជំនាន់ថ្មី៖

១. ការយកឈ្នះលើបំណុល

ពេលខ្លះបន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ យុវជនមួយចំនួនអាចនឹងមិនទាន់ដកខ្លួនរួចពីបំណុល ឬប្រាក់កម្ចីសម្រាប់ថ្នាក់ឧត្តមសិក្សារបស់ពួកគេនៅឡើយទេ ។ ហេតុដូចនេះហើយ ទើបយុវជនមួយចំនួនមានភាពស្ទាក់ស្ទើរក្នុងការបណ្ដាក់ទុន ឬចាប់ផ្ដើមមុខជំនួញក្នុងក្តីស្រម៉ៃរបស់ពួកគេ។ យ៉ាងណាមិញ នេះមិនមែនជាបញ្ហាធំណាស់ណានោះទេ ដរាបណាអ្នកមានឆន្ទៈ គម្រោងផែនការ ការសន្សំ និងបញ្ជីថវិការឲ្យច្បាស់លាស់ នោះមុខជំនួញរបស់អ្នកនឹងមានការរីកចម្រើន ស្របពេលនេះអ្នកក៏អាចយកប្រាក់នោះទៅរំលោះបំណុលចាស់បានផងដែរ។

២. ធ្វើការបែងចែកឲដាច់នូវប្រាក់ផ្ទាល់ខ្លួន និងប្រាក់សម្រាប់វិនិយោគ

ជាទូទៅ សហគ្រិនខ្មែរយើងរមែងបែងចែកមិនដាច់រវាងប្រាក់ផ្ទាល់ខ្លួន និងសម្រាប់ជំនួញ។ ពេលខ្លះពួកគាត់យកប្រាក់ផ្ទាល់ខ្លួនទៅវិនិយោគក្នុងមុខជំនួញ ស្របគ្នានេះដែរ ពេលខ្លះ ពួកគេយកប្រាក់សម្រាប់ជំនួញមកបំពេញតម្រូវការចាយវាយផ្ទាល់ខ្លួន។ ការធ្វើបែបនេះ គឺខុសហើយថែមទាំងអាចប៉ះពាល់អនាគតរបស់អាជីវកម្មផងដែរ។ ជាការល្អអ្នកគួរបង្កើតគណនីពីរផ្សេងគ្នា មួយសម្រាប់អាជីវកម្ម និងមួយទៀតសម្រាប់ការចាយវាយផ្ទាល់ខ្លួន។

៣. ផ្ដល់ប្រាក់ខែឲខ្លួនឯង

ជាការពិតណាស់ ទោះបីអ្នកជាម្ចាស់ក្រុមហ៊ុន ឬថៅកែសហគ្រាសណាមួយក៏ដោយ ក៏អ្នកចាំបាច់ត្រូវខ្វល់ខ្វាយពីសុខទុក្ខ និងសុវត្ថិភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកដែរ។ នៅពេលដែលអ្នកក្រុមហ៊ុនរបស់អ្នកមានលំនឹង និងរកបានចំណូលសម្រាប់ទប់ទល់ការចាយវាយនានា និងប្រាក់ខែបុគ្គលិកហើយ អ្នកគួរពិចារណាដកទុកមួយចំណែកសម្រាប់ជាប្រាក់បៀវត្សន៍ប្រចាំខែផ្ទាល់ខ្លួន និងប្រាក់សន្សំសម្រាប់ពេលចូលនិវត្តន៍។


អត្ថបទទាក់ទង

សិក្សាគន្លឹះសំខាន់ៗទាំង៥នេះ ដើម្បីឱ្យ​ការវិនិយោគ​​ទទួលបាន​ភាពជោគជ័យ​

Leave a Reply

Your email address will not be published. Required fields are marked *