ដើម្បីសម្រេចភាពជោគជ័យនៅក្នុងជីវិត សូមកុំភ្លេចគន្លឹះសំខាន់ៗចំនួន៥នេះ
ភាពជោគជ័យក្នុងជីវិត គឺជាសេចក្តីប៉ងប្រាថ្នារបស់មនុស្សគ្រប់រូប។ យ៉ាងណាមិញ ដើម្បីសម្រេចភាពជោគជ័យនៅក្នុងជីវិតរបស់អ្នក សូមកុំភ្លេចគន្លឹះសំខាន់ៗចំនួន៥ខាងក្រោមនេះ៖
១. កំណត់គោលដៅក្នុងជីវិតរបស់អ្នក
អ្នកត្រូវកំណត់គោលដៅជីវិតឱ្យបានជាក់លាក់ទៅតាមចំណង់ចំណូលចិត្ត ទេព្យកោសល្យ ចំណេះដឹង ជំនាញ ធនធាន និងតាមសមត្ថភាពដែលខ្លួនឯងមាន។
២. ជឿជាក់លើខ្លួនឯងថាអាចធ្វើបាន
អ្នកគប្បីត្រូវមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯង ហើយជឿជាក់ថាគោលដៅដែលខ្លួនបានកំណត់នឹងអាចទទួលបានជោគជ័យនៅថ្ងៃណាមួយ។ តើអ្នកដឹងទេ! ជំនឿជាកម្លាំងជំរុញទឹកចិត្តដែលធ្វើឱ្យអ្នកខិតខំព្យាយាមអនុវត្តតាមគោលដៅដែលអ្នកបានកំណត់។
៣. ធ្វើការរៀបចំផែនការសកម្មភាព
អ្នកត្រូវរៀបចំផែនការសកម្មភាពលម្អិតជាដំណាក់កាលនីមួយៗឲ្យបានច្បាស់លាស់ ដោយចេះបែងចែកថាសកម្មភាពណាត្រូវធ្វើមុន និងធ្វើក្រោយ ជាពិសេសត្រូវគិតពីហានិភ័យដែលអាចនឹងកើតឡើង ហើយរកដំណោះស្រាយ ដើម្បីការពារឧបសគ្គទាំងនោះ។
៤. អនុវត្តសកម្មភាព
អ្នកត្រូវចាប់ផ្តើមអនុវត្តទៅតាមផែនការសកម្មភាពនីមួយៗ ប្រកបដោយសេចក្តីព្យាយាម ខិតខំតស៊ូ អត់ធ្មត់ ជម្នះលើខ្លួនឯង តាំងចិត្តឱ្យបានមុតមាំដោយមិនរុញរា និងសម្លឹងមើលទៅគោលដៅដែលអ្នកបានកំណត់ទុកជានិច្ច។
៥. ឆ្លុះបញ្ចាំងពីសកម្មភាពដែលបានអនុវត្ត
អ្នកត្រូវធ្វើការឆ្លុះបញ្ចាំងពីសកម្មភាពនីមួយៗដែលអ្នកបានអនុវត្ត ថាតើសកម្មភាពនោះអាចធ្វើឱ្យអ្នកមានការរីកចម្រើន ឬមានការផ្លាស់ប្តូរជាវិជ្ជមាន ឬក៏អាចធ្វើឱ្យសម្រេចគោលដៅក្នុងជីវិតរបស់អ្នកដែរឬទេ។ ប្រសិនបើមិនអាចសម្រេចគោលដៅទេ ឬជួបនឹងឧបសគ្គ ត្រូវរកដោះស្រាយ និងរកវិធីសាស្ត្រផ្សេងជាដើម ដើម្បីធានាថា ឧបសគ្គទាំងឡាយដែលបានជួបត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធិភាព។
អត្ថបទទាក់ទង
ល្អណាស់