៤ ជំហ៊ានសំខាន់ៗ ដើម្បីបង្កើនទីផ្សាររបស់លោកអ្នក

ជាទូទៅ​​ មុននឹង​សហគ្រិន​បើក​អាជីវកម្ម​ ពួកគាត់​តែងតែ​មាន​ផែនការ​អាជីវកម្ម​ច្បាស់លាស់​។ ប៉ុន្តែ​ពួកគាត់​ភាគច្រើន​ ភ្លេច​ថា​ផែនការ​​ទីផ្សារ​ក៏​សំខាន់​ផងដែរ​ ដើម្បី​ជួយ​ពួកគាត់​រក្សា​អតិថិជន​និង​បង្កើន​ការលក់​របស់​ពួកគាត់​។ ទីផ្សារ គឺជាសកម្មភាព ឬអាជីវកម្មនៃការផ្សព្វផ្សាយ និងលក់ផលិតផល ឬសេវាកម្មរួមទាំងការស្រាវជ្រាវទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ អ្នកត្រូវការទីផ្សារ ពីព្រោះបើគ្មានវាទេ អាជីវកម្មរបស់អ្នកអាចផ្តល់ជូននូវផលិតផល ឬសេវាកម្មល្អបំផុតមែន ប៉ុន្តែគ្មានអតិថិជនគោលដៅណាមួយរបស់អ្នកបានដឹងទេ។ ការធ្វើទីផ្សារល្អ គឺអាចជួយឲ្យអតិថិជនយល់ពីមូលហេតុថាហេតុអ្វីបានជាផលិតផលរបស់អ្នកប្រសើរជាងគូរប្រកួតរបស់អ្នក។ បន្ថែមពីនេះ​ផែនការ​ទីផ្សារ​ គឺជា​យុទ្ធសាស្រ្ត​ដែល​រួម​បញ្ចូល​ទាំង​តម្លៃ​លេខ ភាពជាក់ស្តែង និង​វត្ថុ​បំណង​ច្បាស់លាស់​ហើយ​ជួយឲ្យ​អ្នក​មាន​យុទ្ធសាស្រ្ត​ច្បាស់លាស់​ក្នុងការ​សម្រេច​​ផែនការលក់​ដែល​អ្នកបា​ន​កំណត់​ផងដែរ។

ខាងក្រោម​នេះ​ គឺជាជំហាន​សំខាន់​ៗ​ដែល​អ្នក​អាច​សាកល្បងបាន​៖

ជំហាន​ទី​១៖ ស្វែងយល់​ពី​ស្ថានភាព​នៃ​អាជីវកម្ម​របស់អ្នក

អ្វី​ដែល​សំខាន់​ជាងគេ​ក្នុង​ដំណាក់កាល​ដំបូង អ្នក​ត្រូវ​ស្គាល់​ឲ្យ​បានច្បាស់​ពី​សេវាកម្ម​ឬ​ផលិតផល​នៃ​អាជីវកម្ម​របស់អ្នក។ បន្ទាប់មក​អ្នក​អាច​បង្ហាញ​ពី​អត្ថប្រយោជន៍​អ្វីខ្លះ​ដែលអ្នក​បានផ្តល់​ឲ្យ​អតិថិជន​ដែល​មាន​តម្លៃ​ខុសប្លែក​ពី​ដៃគូ​ប្រកួត​ប្រជែង​របស់អ្នក។ ការ​កំណត់​គោលដៅ​អតិថិជន​ឲ្យបាន​ច្បាស់លាស់​គឺ​ពិតជា​សំខាន់​។ មិនថា​អាជីវកម្ម​របស់អ្ន​ក​ស្ថិត​ក្នុង​​វិស័យ​អ្វីនោះទេ ការលក់​ផលិតផល​ឬ​ការផ្តល់​សេវាកម្ម​ត្រូវការ​ការ​ស្វែងយល់​ឲ្យច្បាស់​ពី​ទីផ្សារ។ ដូចនេះ នៅក្នុង​ផែនការ​ម៉ាឃីតធីង​តម្រូវ​ឲ្យ​អ្នក​រៀបរាប់​យ៉ាងលម្អិត​ពី​ទីផ្សារ​របស់អ្នក​ហើយ​អ្នក​ក៏​ត្រូវយល់​ឲ្យ​ច្បាស់​ពី​ភាពខុសប្លែក​ពី​ដៃគូ​ប្រកួត​ប្រជែង​របស់​អ្នក​ផងដែរ​។

អ្នក​ក៏​ត្រូវយល់​ឲ្យ​ច្បាស់​ពី​ភាពខ្លាំង ភាពខ្សោយ ឱកាស និង​ការគម្រាម​កំហែង។ ភាពខ្លាំង​និង​ភាពខ្សោយ​គឺ​ជា​កត្តា​ខាងក្នុង​នៃ​អាជីវកម្ម​របស់អ្នក​។​ ចំណែក‌​ឯ​ឱកាស​និង​ការគម្រាម​កំហែង​វិញ​គឺជា​កត្តា​ខាងក្រៅ។​

ចំពោះ​ភាពខ្លាំង អ្នក​អាច​ពិចារណា​ទៅលើ​ភាពខុសប្លែក​ពី​ដៃគូ​ប្រកួត​ប្រជែង​នៃ​ផលិតផល​ឬ​សេវាកម្ម​ដែលអ្នក​ផ្តល់ជូន​ឲ្យ​អតិថិជន។ ដូចនេះ​អ្នក​អាច​ប្រាប់​អតិថិជន​ពី​ភាពខុសប្លែក​នៃ​ផលិតផល​ ឬ​សេវាកម្ម​របស់អ្នក​និង​អត្ថ​ប្រយោជន៍​របស់វា​។​

ចំពោះ​​ភាពខ្សោយ​​វិញ​​ក្នុង​​អាជីវកម្ម អ្នក​​អាច​​គិត​ពី​​កង្វះខាត​​បុគ្គលិក​​ដែលមាន​​បទពិសោធន៍​។ ដូចនេះ​​អ្នក​​អាច​​ផ្តល់​​វគ្គ​​បំពាក់​បំប៉ន​សម្រាប់​បុគ្គលិក​ដើម្បី​​ពង្រឹង​​សមត្ថភាព​​របស់​​ពួកគាត់។

សម្រាប់​​ឱកាស​វិញ អ្នក​អាច​ពិចារណា​ទៅលើ​ការពង្រីក​ទីផ្សា​រសម្រាប់​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក។

ប៉ុន្តែ​អ្នក​ក៏​ត្រូវ​គិតពី​បញ្ហា​គម្រាម​គំហែង​ពី​ដៃគូ​ប្រកួត​ប្រជែង​របស់អ្នក​ក្នុង​ការពង្រីក​ទីផ្សារ​របស់​អ្នក​ផងដែរ។ ដូចនេះ​អ្នក​ត្រូវ​រៀបចំ​ផែនការ​សម្រាប់​បញ្ហា​ទាំងនោះ​ដើម្បី​ទប់ទល់​នឹង​ពួកគេ​។

ជំហាន​ទី​២៖ អ្នក​ត្រូវ​រៀបរាប់​ពី​អតិថិជន​គោលដៅ

ជំហាន​បន្ទាប់ អ្នក​ត្រូវ​សរសេរ​ពី​អតិថិជន​គោលដៅ​របស់អ្នក​ដោយ​រៀបរាប់​ពី​អាយុ ភេទ សមាសភាព​ក្រុមគ្រួសារ ចំណូល ទីតាំង​ភូមិសាស្រ្ត​ និង​របៀប​របប​នៃ​ការ​រស់នៅ​របស់ពួកគាត់​ជាដើម ។ បន្ទាប់មក អ្នក​ក៏​ត្រូវ​សួរ​សំណួរ​ខ្លួន​ឯង​មួយ​ចំនួនផងដែរថា តើ​អតិថិជន​របស់អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​អភិរក្ស​ឬ​ប្រកប​ដោយ​ភាពច្នៃប្រឌិត? តើ​ពួកគាត់​មាន​ភាពជា​អ្នកដឹកនាំ​ឬ​ភាព​ជា​អ្នក​ដើរ​តាមគេ? តើ​ពួកគាត់​ជា​ប្រភេទ​មនុស្ស​ប្រពៃណី​ឬ​ទាន់សម័យ? ​សំណួរ​ចុងក្រោយ​ដែល​សំខាន់​ជាងគេ​គឺ​ពួកគាត់​ទិញ​ទំនិញ​របស់​អ្នក​ញឹកញាប់​ដល់​កម្រិត​ណា​និង​មាន​ចំនួន​ប៉ុន្មាន? បើសិនជា​អាជីវកម្ម​របស់​អ្នក​បោះដុំ​វិញ អ្នក​ត្រូវ​កំណត់​អតិថិជន​គោលដៅ​របស់អ្នក​ដោយ​ពឹងផ្អែកលើ​ប្រភេទ​នៃ​អាជីវកម្ម​របស់​ពួកគាត់ តួនាទី ទំហំ​អាជីវកម្ម​​ និង​ទីតាំង​ភូមិសាស្រ្ត​នៃអាជីវកម្ម​របស់គាត់​ជាដើម។ អ្នក​ត្រូវ​ស្គាល់​ឲ្យ​ច្បាស់​ពី​អតិថិជន​គោលដៅ​របស់អ្នក​ព្រោះ​ព័ត៌មាន​ទាំងនេះ​ជា​អ្នក​នាំផ្លូវ​អ្នក​​ដើម្បី​រៀបចំ​ការផ្សព្វផ្សាយ​និង​រៀបចំ​គម្រោង​យុទ្ធសាស្រ្ត​បែបណា​ដែល​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អតិថិជន​គោលដៅ​បាន​។

ជំហាន​ទី​៣៖ កត់ត្រា​ពី​ចំណុច​គោលដៅ​នៃ​ផែនការ​ម៉ាឃីតធីង

តើ​អ្នក​ចង់​ឲ្យ​ផែនការ​ម៉ាឃីតធីង​របស់អ្នក​ជោគជ័យលើ​ចំណុច​អ្វី​ខ្លះ​?ឧទារហណ៍ អ្នក​សង្ឃឹម​ថា​ការលក់​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក​នឹង​កើនឡើង​២០%​ក្នុង​ខែក្រោយ ដូចនេះ​អ្នក​ត្រូវ​កត់ត្រា​ពី​ចំណុច​គោលដៅ​តូចៗ​​ដើម្បី​​ជោគជ័យ​លើ​ផែនការ​ធំដែល​អ្នក​បាន​កំណត់។

ជំហាន​ទី​៤៖ បង្កើត​តិចនិច​ដើម្បី​ឈាន​ដល់គោលដៅ​របស់អ្នក

សម្រាប់​ចំណុច​នេះវិញ អ្នក​ត្រូវ​រក​តិចនិច​បែបណា​ ដើម្បី​សម្រេច​​គោលដៅ​ដែល​អ្ន​កបាន​គ្រោងទុក​។​ ​អ្នក​ត្រូវ​សរសេរ​សង្ខេប​ពី​យុទ្ធសាស្រ្ត​ទីផ្សារ​របស់អ្នក។ បន្ទាប់មក​រួមបញ្ចូល​តិចនិចដែល​អ្នក​នឹង​យក​មកប្រើ​​ដើម្បី​សម្រេច​​គោលដៅ​លក់​របស់អ្នក។ ឧទារហណ៍ អ្នក​បាន​ដាក់​ផែនកា​រថា​ខែក្រោយ​ការលក់​របស់​អ្នក​នឹង​កើនឡើង ២០% ដូចនេះ​ដើម្បី​ឈាន​ដល់​គោលដៅ​នោះ អ្នក​ប្រាកដ​ជា​ត្រូវ​រក​តិចនិច​យ៉ាងណា​ដើម្បី​អាច​បង្កើន​ការលក់​របស់អ្នក។ ហេតុនេះ​អ្នក​អាច​ហ្វឹកហាត់​បុគ្គលិក​ផ្នែកលក់​មួយ​ចំនួន​ដែល​អ្នក​គិត​ថា​គាត់​មិនទាន់​មាន​សមត្ថភាព​​ពេញ​លក្ខណៈ​គ្រប់គ្រាន់​។ លើសពីនេះ អ្នក​ក៏​អាច​ចាត់ចែង​ការងារ​ឲ្យ​បុគ្គលិក​ផ្នែកលក់​ស្វែង​រក​អតិថិជន​ឬ​តាម​ការ​បញ្ចុះ​តម្លៃ​ជាដើម។

Leave a Reply

Your email address will not be published. Required fields are marked *