តើអ្នកដឹងទេថា Amazon.com ចាប់ដំណើរការឡើងយ៉ាងដូចម្តេច?
Amazon ជាក្រុមហ៊ុនដែលលក់ និងផ្គត់ផ្គង់ទំនិញនៅលើ Online ដ៏ធំជាងគេនៅលើពិភពលោកនេះនាពេលបច្ចុប្បន្ន ដែលមានទីតាំងចំបងនៅសហរដ្ឋអាមេរិក និងមានសាខារបស់ខ្លួនជាច្រើនសាខានៅទូទាំងពិភពលោក។ លើសពីនេះ Amazon កំពុងពង្រីកសក្ដានុពលរបស់ខ្លួន ទៅលើផ្នែកបច្ចេកវិទ្យានៅលើអាកាស (Amazon Web Service) និងមានគម្រោងបាញ់បង្ហោះយានអវកាសឆ្លងភពថែមទៀតផង។ ជោគជ័យដ៏ធំធេងរបស់ Amazon គឺបានមកពីទស្សនៈវិស័យដ៏ច្បាស់លាស់ ភាពប៉ិនប្រសព្វ និងការច្នៃប្រឌិតរបស់បុគ្គលមួយរូប នោះគឺលោក Jeff Bezos ដែលមានតួនាទីជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon។
លោក Jeff Bezos បានចាប់ផ្ដើមដំណើរការការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន Amazon ពីក្នុងចំណតរថយន្ដរបស់គាត់ផ្ទាល់តែម្ដង រួមជាមួយនឹងបុគ្គលិក ពីរបីនាក់ផ្សេងទៀត ហើយគាត់ក៏បានចាប់ផ្ដើមធ្វើការអភិវឌ្ឍន៍នូវ ប្រព័ន្ធ Software សម្រាប់គ្រប់គ្រងបណ្ណាគាររបស់ខ្លួន។ បន្ទាប់មកពួកគេក៏បាន ពង្រីកប្រតិបត្តិការរបស់ខ្លួនដោយផ្លាស់ប្ដូរពីចំណតរថយន្ដ ទៅកាន់ផ្ទះថ្មីដែលមានពីរបន្ទប់ និងបំពាក់ដោយកុំព្យូទ័រ Sun Microsystems ចំនួន៣គ្រឿង ហើយជាលទ្ធផលបានបង្កើតនូវ គេហទំព័រសំរាប់ដំណើរការសាកល្បងមួយ។ ក្រោយពីបានអញ្ជើញ និងស្នើសុំ មិត្តភក្ដចំនួន ៣០០នាក់ អោយធ្វើការសាកល្បងជាមួយនឹងគេហទំព័រនោះរួចហើយ លោក Jeff Bezos បានបើកដំណើរការ គេហទំព័រ Amazon.com ដោយយកឈ្មោះតាមទន្លេដ៏ធំមួយស្ថិតក្នុងទ្វីប អាមេរិកខាងត្បូង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ១៩៩៥។
ភាពជោគជ័យក្នុងដំណាក់កាលដំបូងរបស់ក្រុមហ៊ុន គឺប្រៀបបីដូចជាដុំផ្កាយធ្លាក់ពីលើមេឃ។ ដោយមិនបានចំណាយលើការផ្សព្វផ្សាយសូម្បីតែបន្តិច ប៉ុន្តែក្រុមហ៊ុន Amazon អាចមានលទ្ធភាពលក់សៀវភៅនៅពាសពេញសហរដ្ឋអាមេរិក និងនៅក្នុងប្រទេសផ្សេងក្រៅពីសហរដ្ឋអាមេរិកចំនួន ៤៥ប្រទេស ត្រឹមរយៈពេល ៣០ថ្ងៃប៉ុណ្ណោះ។ ហើយក្នុងរយៈពេល ២ខែ តម្លៃនៃការលក់ គឺមានការកើនឡើងរហូតដល់ ២ម៉ឺនដុល្លា ក្នុងមួយសប្ដាហ៍ ដែលនេះ គឺធំធេងជាងអ្វីដែលលោក Jeff Bezos និងក្រុមការងាររបស់គាត់ធ្លាប់រំពឹងទុកជាមុនទៅទៀត។
ក្រុមហ៊ុន Amazon បានចូលខ្លួនក្នុងទីផ្សារភាគហ៊ុន ក្នុងឆ្នាំ ១៩៩៧ ហើយពេលនោះមានអ្នកវិភាគទីផ្សារជាច្រើន បានសម្ដែងនូវការព្រួយបារម្ភ ហើយបានចោទជាសំណួរឡើងថា តើ Amazon អាចមានលទ្ធភាពឈរជើងបានយូរដែរឬទេ នៅពេលដែលក្រុមហ៊ុនលក់រាយផ្សេងទៀត បាននឹងកំពុងតែចាប់ផ្ដើមដំណើរការ គេហទំព័រផ្ទាល់ខ្លួនរបស់ពួកគេដែរនោះ។ ពីរឆ្នាំក្រោយមក ក្រុមហ៊ុន Amazon មិនត្រឹមតែអាចឈរជើងបានយ៉ាងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចយកឈ្នះគូប្រជែងនានា ហើយបានក្លាយខ្លួនទៅជាក្រុមហ៊ុន E-Commerce ដែលឈានមុខគេបានថែមទៀតផង។
លោក Jeff Bezos បានបន្តធ្វើការផ្ដល់ជូនអតិថិជនរបស់ Amazon នូវផលិតផលផ្សេងៗទៀតក្រៅពីសៀវភៅ ដែលក្នុងនោះមាន ការលក់ CD និង វីដេអូ CD នៅក្នុងឆ្នាំ ១៩៩៨ ហើយក្រោយមកទៀតក៏មាន សំលៀកបំពាក់ គ្រឿងអគ្គិសនី ឧបករណ៍ក្មេងលេង និងផលិតផលជាច្រើនមុខផ្សេងទៀត តាមរយៈការសហការធ្វើជាដៃគូ ជាមួយនឹងហាងលក់រាយនានា។ ខណៈពេលដែលមានក្រុមហ៊ុន អ៊ីនធើណេត ពីទស្សវត្ស ៩០ ជាច្រើនបានដួលរលំ ក្រុមហ៊ុន Amazon មានការរីកចំរើនក្នុងការលក់ប្រចាំឆ្នាំជារៀងរាល់ឆ្នាំ ដោយហក់ពីចំនួនការលក់ក្នុងតម្លៃ $៥១០.០០០ (ប្រាំសែនមួយម៉ឺនដុល្លា) ក្នុងឆ្នាំ ១៩៩៥ ឈានដល់ $១៧ ពាន់លានដុល្លា នៅក្នុងឆ្នាំ ២០១១។
នៅក្នុងឆ្នាំ ២០០៦ ក្រុមហ៊ុន Amazon បានធ្វើការផ្ដល់ជូននូវសេវាកម្ម ទស្សនាភាពយន្ដ និងវីដេអូតាមតម្រូវការរបស់ខ្លួនដល់អតិថិជន ដែលពីដំបូងត្រូវបានគេស្គាល់ថាជាសេវាកម្ម Amazon Unbox នៅលើកម្មវិធី TiVo ហើយក្រោយមកបានកែប្រែឈ្មោះទៅជា Amazon Instant Video។ នៅក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុន Amazon បានដាក់លក់ឧបករណ៍ Kindle ដែលជាឧបករណ៍អេឡិចត្រូនិចកាន់ដៃ ប្រើសំរាប់អានសៀវភៅ (ឬហៅថា សៀវភៅអេឡិចត្រូនិច) ឧបករណ៍នេះអនុញ្ញាតិអោយអ្នកប្រើប្រាស់ អាចមានលទ្ធភាពទិញ ដោនឡូត អាន និងរក្សាទុកសៀវភៅអេឡិចត្រូនិចរបស់ខ្លួនបាន។ នៅក្នុងឆ្នាំដដែលលោក Jeff Bezos បានធ្វើការប្រកាសពីការវិនិយោគរបស់ខ្លួនក្នុងក្រុមហ៊ុន Blue Origin ស្ថិតក្នុងទីក្រុង Seattle ដែលបាននិងកំពុងធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាកាំជ្រួចឆ្លងភព ហើយក៏មានការផ្ដល់ជាសេវាកម្មធ្វើដំណើរឆ្លងភព សម្រាប់អតិថិជនដែលមានបំណងធ្វើដំណើរលើទីអវកាសដោយការបង់ប្រាក់ផងដែរ។
នៅក្នុងឆ្នាំ ២០១១ Jeff Bezos បានដាក់ក្រុមហ៊ុន Amazon ឲ្យចូលប្រកួតប្រជែងក្នុងទីផ្សារ ទូរស័ព្ទឆ្លាតវៃ និង ថេប្លេតក្រោយពីលោកបានប្រកាសនូវផលិតផល Kindle Fire។ នៅក្នុងខែកញ្ញាឆ្នាំដដែល គាត់ក៏បានប្រកាសពីថេប្លេតស៊េរីថ្មីរបស់ Amazon នោះគឺ Kindle Fire HD ដែលមានសមត្ថភាពប្រហាក់ប្រហែលនឹង iPad របស់ក្រុមហ៊ុន Apple ដែរ។ ក្រោយពេលប្រកាស Kindle Fire HD ជាសាធារណៈ លោក Jeff Bezos បានប្រាប់សារពត៌មាន ABC News យ៉ាងដូច្នេះថា៖
យើងមិនបានបង្កើតថេប្លេតដែលល្អបំផុតជាមួយនឹងតម្លៃកំណត់ណាមួយនោះទេ ប៉ុន្តែយើងមានលទ្ធភាពបង្កើតថេប្លេតដែលល្អបំផុតបានគ្រប់តម្លៃទាំងអស់។
2 thoughts on “តើអ្នកដឹងទេថា Amazon.com ចាប់ដំណើរការឡើងយ៉ាងដូចម្តេច?”