តើអ្នកដឹងទេ ​ក្រុមហ៊ុន Microsoft មានប្រវត្តិកំណើតដូចម្តេច?

BASIC កម្មវិធីដំបូង​របស់​ Microsoft

ក្រោយ​ពី​លោក Bill Gates បាន​អាន​នូវ​ការ​បោះពុម្ភ​ផ្សាយ​របស់​ទស្សនាវដ្ដី Popular Electronics ក្នុង​ខែ​មករា​ ឆ្នាំ​១៩៧៥ ដែល​បាន​ធ្វើ​ការពិពណ៌នា​អំពី​ម៉ាស៊ីន​កុំព្យូទ័រ Altair 8800 លោក​ក៏​បាន​ធ្វើ​ការ​ទំនាក់​ទំនង​ទៅ​កាន់​ក្រុមហ៊ុន Micro Instrumentation and Telemetry Systems (MITS) ដែល​ជា​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​មួយ​នេះ ដើម្បី​ប្រាប់​ថា​រូប​លោក និង​មិត្តភក្ដ​របស់​ខ្លួន​ បាន​នឹង​កំពុង​តែ​ធ្វើ​ការ​អភិវឌ្ឍន៍​កម្មវិធី​ដោយ​ប្រើ​ភាសា​កូដ​ BASIC ហើយ​អាច​មាន​លទ្ធភាព​ដំណើរ​ការ​ជាមួយ និង​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​បាន។ ក៏​ប៉ុន្តែ​ធាតុ​ពិត​រូប​លោក ហើយ​នឹង​មិត្ត​ភក្ដ​របស់​ខ្លួន​គឺ​លោក Paul Allen មិន​ទាន់​បាន​ប្រើ​ម៉ាស៊ីន Altair នេះ​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ទាន់​បាន​សរសេរ​កម្មវិធី​អ្វី​សម្រាប់​វា​នៅ​ឡើយ​ដែរ អ្វី​ដែល​រូប​លោក​ចង់​បាន​នោះ​គឺ ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​ក្រុមហ៊ុន MITS មក​លើ​ក្រុម​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ អគ្គនាយក​របស់ MITS នា​ពេល​នោះ​គឺ​លោក Ed Roberts បាន​យល់​ព្រម​ជួប​ជា​មួយ​នឹង​ក្រុម​របស់​លោក Gates ដើម្បី​មើល​ពី​បទ​បង្ហាញ​របស់​ពួកគេ។ បន្ទាប់​ពី​នោះ​ត្រឹម​តែ​ពីរបី​សប្ដាហ៍​ប៉ុណ្ណោះ លោក​ Gates និង​លោក Allen បាន​អភិវឌ្ឍន៍​បាន​សម្រេច​នូវ​កម្មវិធី ដំណើរ​ការ​ត្រាប់​តាមកុំព្យូទ័រ Altair ដែល​ដំណើរ​ការ​លើ Minicomputer និង​កម្មវិធី ​បក​ប្រែ​កូដ BASIC ដូច​ដែល​លោក​បាន​សន្យា។

បទ​បង្ហាញ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​ក្រុមហ៊ុន MITS ក្នុង​ទីក្រុង Albuquerque ហើយ​ទទួល​បាន​ផ្លែ​ផ្កា​យ៉ាង​ជោគជ័យ ជា​លទ្ធផល​លោក Gates រួម​នឹង​លោក​ Allen ទទួល​បាន​នូវ​ការ​សហការ​ពី​ក្រុមហ៊ុន​ MITS អោយ​ធ្វើ​ជា​អ្នក​ចែក​ចាយ​កម្មវិធី​បកប្រែ​ភាសា BASIC ខាង​លើ ដោយ​ខាង​ក្រុមហ៊ុន​បាន​ដាក់​ឈ្មោះ​ថា កម្មវិធី Altair BASIC។ លោក Paul Allen ត្រូវ​បាន​ជួល​អោយ​បម្រើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន MITS ចំណែក​លោក​ Gates បាន​សុំ​ច្បាប់​សំរាក​រយៈ​ពេល​យូរ​ពី​សាលា​ហាវើដ ដើម្បី​ចូល​រួម​ជា​មួយ​នឹង​លោក Allen ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​១៩៧៥។ ពួក​គេ​ទាំង​ពីរ​បាន​ដាក់​ឈ្មោះ​កិច្ច​សហប្រតិបត្តិ​ការ​របស់​ខ្លួន​ជា “Micro-Soft” ហើយ​ចាប់​ផ្ដើម​ដំណើរ​ការ​ ការិយាល័យ​ដំបូង​របស់​ខ្លួន​ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង Albuquerque ផ្ទាល់​តែ​ម្ដង។ មួយ​ឆ្នាំ​បន្ទាប់​ក្រុមហ៊ុន​របស់​ពួក​គេ​បាន​ប្ដូរ​ឈ្មោះ​ជា “Microsoft” ហើយ​នៅ​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា ឆ្នាំ​១៩៧៦ ឈ្មោះ​ Microsoft នេះ​ត្រូវ​បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៅ​ក្នុង​រដ្ឋ New Mexico។ បន្ទាប់​ពី​នោះ​មក​លោក Gates ក៏​មិន​ដែល​បាន​ត្រលប់​ទៅ​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​ នៅ​ឯ​សាលា​ហាវើដ​វិញ​ដែរ។

ក្រុមហ៊ុន Microsoft បាន​ធ្វើ​ការ​បំបែក​ខ្លួន​ចេញ​ពី​ក្រុមហ៊ុន​ MITS នៅ​ចុង​ឆ្នាំ​១៩៧៦ ហើយ​បន្ត​ធ្វើ​ការ​អភិវឌ្ឍន៍​កម្មវិធី​ផ្សេងៗ​ទៀត​ សម្រាប់​ប្រព័ន្ធ​ជាច្រើន ហើយ​នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១៩៧៩ ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទី​តាំង​ទៅ​កាន់​ ទីក្រុង Bellevue រដ្ឋ​ធានី Washington។

ការសហការ​ជាមួយ​ក្រុមហ៊ុន IBM

ក្រុមហ៊ុន​ IBM បាន​ទំនាក់​ទំនង​មក​កាន់​ក្រុមហ៊ុន Microsoft ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៨០ ដើម្បី​ធ្វើ​ការ​ពិភាក្សា​ពី​ការ​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ថ្មី​មួយ សំរាប់​បំពាក់​លើ​កុំព្យូទ័រ​តាម​ផ្ទះ ស៊េរី​ចុង​ក្រោយ​របស់​ខ្លួន​នោះ​គឺ “IBM PC”។ នៅ​ពេល​ដែល​អ្នក​តំណាង​របស់​ IBM បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​របស់​ខ្លួន​ត្រូវ​ការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ថ្មី លោក​ Gates បាន​ស្នើ​អោយ​ពួកគេ​ទាក់​ទង​ទៅ​កាន់​ក្រុមហ៊ុន Digital Research (DRI) ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ CP/M។ ក៏​ប៉ុន្តែ​កិច្ច​ពិភាក្សា​រវាង​ IBM និង DRI ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ ទើប​ IBM សំរេច​ស្នើ​អោយ​ក្រុមហ៊ុន​ Microsoft និង​លោក Gates ធ្វើ​ជាអ្នក​អភិវឌ្ឍន៍ ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ថ្មី​របស់​ខ្លួន​វិញ។ ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មកលោក​ Gates ​បាន​ស្នើ​អោយ​ IBM ប្រើ​ប្រាស់ 86-DOS (QDOS) ដែល​ជា​កម្មវិធី​ស្រដៀង​នឹង CP/M ដែរ និង​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន SCP។ ជាលទ្ធផលក្រុមហ៊ុន Microsoft បាន​ទាក់​ទង​ទៅ​កាន់​ SCP ហើយ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ធ្វើ​ជា​អ្នក​ចែក​ចាយ​ និង បន្ទាប់​មក​ទៀត​បាន​ទិញ​យក​កម្មវិធី 86-DOS ផ្ដាច់​មុខ​ពី SCP។ បន្ទាប់​ពី​បាន​ធ្វើ​ការ​កែប្រែ​មួយ​ចំនួន ក្រុមហ៊ុន​ Microsoft បាន​បញ្ចេញ​កម្មវិធី​ថ្មី​នោះ ទៅ​អោយ​ក្រុមហ៊ុន IBM ​ដោយ​ដាក់​ឈ្មោះ​ថា​ PC DOS ក្នុង​ទឹក​ប្រាក់​ទិញ​ផ្ដាច់​ប្រមាណ ៥ម៉ឺន​ដុល្លា។

ក៏​ប៉ុន្តែ​លោក​ Gates មិន​បាន​លក់​កម្មសិទ្ធ​បញ្ញា​របស់​ PC DOS ទៅ​អោយ​ IBM នោះ​ឡើយ ពីព្រោះ​គាត់​មាន​ជំនឿ​ថា​នឹង​មាន​ក្រុមហ៊ុន​ដទៃ​ ដែល​ផលិត​កុំព្យូទ័រ​ផ្សេងៗ​ទៀត ប្រាកដ​ជា​ផលិត​ម៉ាស៊ីន​កុំព្យូទ័រ​ ដោយ​យក​តម្រាប់​តាម​ IBM ជាក់​ជា​មិន​ខាន។ ​អ្វី​ដែល​គាត់​បាន​រំពឹង​ទុក​នោះ​ក៏​បាន​ក្លាយ​ទៅ​ជា​ការ​ពិត ហើយ​បន្ទាប់​ពី​នោះ ការលក់​កម្មវិធី MS-DOS បាន​ឈាន​ដល់​ចំណុច​កំពូល និង​ក្លាយ​ទៅ​ជា​កម្មវិធី​ ដែល​មាន​តម្រូវ​ការ​ខ្ពស់​បំផុត​ក្នុង​វិស័យ​កុំព្យូទ័រ​ នា​ពេល​នោះ។ ទោះ​បី​ជា​កម្មវិធី​ថ្មី​នេះ​ ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ឈ្មោះរបស់​ IBM ក្ដី​ ក៏​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បាន​ចាត់​ទុក​ថា ក្រុមហ៊ុន Microsoft ទៅ​វិញ​ទេ​ដែល​ជា​អ្នក​មាន​ឥទ្ធិពល​លើ ម៉ាស៊ីន​កុំព្យូទ័រ​នានា។ បន្ទាប់​មក​ក្នុង​ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ​១៩៨១ ក្រុមហ៊ុន​ Microsoft បាន​ធ្វើ​ការ​រៀប​ចំ​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន ហើយ​បាន​ប្រកាស​តែង​តាំង​លោក Bill Gates ឲ្យធ្វើ​ជាប្រធាន និង​ជា​អគ្គ​នាយក​ក្នុង​គណៈ​គ្រប់​គ្រង​របស់​ខ្លួន​ផង​ដែរ។

ប្រព័ន្ធ​ប្រតិបត្តិការ Windows

ក្រុមហ៊ុន​ Microsoft បាន​ដំណើរ​ការ​លក់​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Microsoft Windows ​ស៊េរី​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៥ និង​ក្នុង​ខែ​សីហា​ ឆ្នាំ​បន្ទាប់ ក្រុមហ៊ុន​ Microsoft ក៏​បាន​សហការ​គ្នា​ជា​ថ្មី​ជាមួយ​នឹង​ក្រុមហ៊ុន IBM ដើម្បី​ផលិត​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ផ្សេង​មួយ​ទៀត​ ដែល​មាន​ឈ្មោះ​ថា OS/2។ ទោះ​បី​ជា​ក្រុមហ៊ុន​ទាំង​ពីរ​ ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ថ្មី​នេះ​ក៏​ពិត​មែន ក៏​ប៉ុន្តែ​ដោយ​សារ​តែ​មាន​ទស្សនៈវិស្ស័យ និង​គំនិត​បង្កើត​ថ្មី​ដែល​មិន​ស្រប​គ្នា ការ​សហការ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​ក៏​ត្រូវ​បាន​បញ្ចប់។

 

តើអ្នកដឹងទេថា Amazon.com ចាប់​ដំណើរ​ការ​ឡើងយ៉ាងដូចម្តេច?

One thought on “តើអ្នកដឹងទេ ​ក្រុមហ៊ុន Microsoft មានប្រវត្តិកំណើតដូចម្តេច?

Leave a Reply